« នីហ្វៃទី ១ ១៦–១៧ ៖ ការធ្វើសកម្មភាពដោយសេចក្ដីជំនឿក្នុងស្ថានភាពលំបាក » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ១៦–១៧ ៖ ការធ្វើសកម្មភាពដោយសេចក្ដីជំនឿក្នុងស្ថានភាពលំបាក » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ១៦–១៧
ការធ្វើសកម្មភាពដោយសេចក្តីជំនឿក្នុងស្ថានភាពលំបាក
សូមគិតអំពីឧបសគ្គដែលលីហៃ និងគ្រួសាររបស់លោកបានជួបបន្ទាប់ពីចាកចេញពីក្រុងយេរូសាឡិម និងពេលដែលរស់នៅក្នុងទីរហោស្ថាន ។ របៀបដែលនីហ្វៃមានប្រតិកម្មចំពោះឧបសគ្គរបស់លោក ផ្តល់ឲ្យយើងនូវឧទាហរណ៍មួយអំពីរបៀបឆ្លើយតបទៅនឹងការសាកល្បងផ្ទាល់ខ្លួនក្នុងជីវិតរបស់យើង ។ មេរៀននេះអាចជួយអ្នករៀនពីរបៀបប្រៀបធៀបបទព្រះគម្ពីរទៅនឹងខ្លួនអ្នក ហើយប្រឈមមុខនឹងឧបសគ្គដោយសេចក្ដីជំនឿ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការស្វែងរកអត្ថន័យក្នុងព្រះគម្ពីរ
សូមស្រមៃគិតថា មានបុគ្គលម្នាក់ចែកចាយជាមួយអ្នកថា ពួកគេគិតថា ការចំណាយពេលក្នុងការអានព្រះគម្ពីរគឺគ្មានតម្លៃទេ ។ ពួកគេមានអារម្មណ៍ថា បទគម្ពីរគ្មានប្រយោជន៍ខ្លាំងសម្រាប់ឧបសគ្គ និងបញ្ហានៅសម័យយើងនោះទេ ។
-
តើអ្នកអាចឆ្លើយតបយ៉ាងណាចំពោះការព្រួយបារម្ភរបស់ពួកគេ ?
សូមសញ្ជឹងគិតលើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក និងតម្លៃ និងការប្រើប្រាស់ព្រះគម្ពីរនៅក្នុងជីវិតរបស់អ្នក ។ សូមពិចារណាអំពីឧបសគ្គក្នុងការធ្វើឲ្យបទគម្ពីរមានអត្ថន័យ និងអ្វីដែលបានជួយអ្នកឲ្យយកឈ្នះលើឧបសគ្គទាំងនេះ ។
ដើម្បីជួយបងប្អូនរបស់លោកឲ្យរៀន និងប្រើព្រះគម្ពីរនៅក្នុងសម័យរបស់ពួកគេ ព្យាការីនីហ្វៃបានបង្រៀនមេរៀនដ៏មានតម្លៃមួយ ដែលអាចជួយយើងក្នុងការសិក្សាព្រះគម្ពីររបស់យើងផងដែរ ។
សូមអាន នីហ្វៃទី ១ ១៩:២៣ ដោយរកមើលអ្វីដែលនីហ្វៃបានបង្រៀន ។
-
តើអ្នកនឹងពណ៌នាតាមពាក្យសម្ដីរបស់អ្នកយ៉ាងណាអំពីសេចក្ដីពិតដែលនីហ្វៃកំពុងបង្រៀន ?
ការប្រៀបធៀបបទព្រះគម្ពីរទៅនឹងខ្លួនយើង
សេចក្តីពិតមួយដែលអ្នកប្រហែលជាបានរកឃើញពីខគម្ពីរនេះគឺថា នៅពេលយើងប្រៀបធៀបបទព្រះគម្ពីរទៅនឹងខ្លួនយើង នោះយើងនឹងរៀន ហើយទទួលបានប្រយោជន៍ពីព្រះគម្ពីរទាំងនោះ ។
-
តើអ្នកដឹងអ្វីខ្លះអំពីការប្រៀបធៀបបទព្រះគម្ពីរ ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះជាមួយនឹងការប្រៀបធៀបបទព្រះគម្ពីរ ?
-
យោងទៅតាម ខទី ២៣ តើនីហ្វៃមានគោលបំណងអ្វីក្នុងការអាន និងប្រៀបធៀបពាក្យរបស់អេសាយ ?
-
តើការប្រៀបធៀបបទព្រះគម្ពីរអាចជួយអ្នកឲ្យស្គាល់ និងជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែពេញលេញដោយរបៀបណា ?
ការប្រៀបធៀបបទព្រះគម្ពីរមានន័យថា ជាការបង្កើតទំនាក់ទំនងនៃអ្វីដែលបានកត់ត្រានៅក្នុងបទគម្ពីរទាំងនោះទៅនឹងជីវិតរបស់យើងផ្ទាល់ ។
ដំណើរការខាងក្រោមអាចជួយអ្នកក្នុងការខិតខំរបស់អ្នក ដើម្បីប្រៀបធៀបបទព្រះគម្ពីរទៅនឹងជីវិតរបស់អ្នក ។ សូមកត់ត្រាជំហានទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។
-
ធ្វើការប្រៀបធៀបទៅនឹងជីវិតរបស់អ្នក ។
-
ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។
-
កំណត់ការអនុវត្តផ្ទាល់ខ្លួន ។
នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសអនុវត្តការប្រៀបធៀបបទព្រះគម្ពីរទៅនឹងជីវិតរបស់អ្នក នៅពេលអ្នកសិក្សាព្រឹត្តិការណ៍មួយចំនួនដែលបានកើតឡើងជាមួយនឹងគ្រួសាររបស់លីហៃនៅទីរហោស្ថាន ។
នីហ្វៃធ្វើបាក់ធ្នូរបស់លោក
ជំហានទី ១ ៖ ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ
សូមអនុវត្តជំហាននេះដោយសិក្សា នីហ្វៃទី ១ ១៦:១៧–២៥, ៣០–៣២ និងស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។ ព័ត៌មានលម្អិតទាំងនេះអាចរួមមានទាំង មនុស្ស ទីកន្លែង វត្ថុ សកម្មភាព ឬព្រឹត្តិការណ៍នានា ។ អ្នកក៏ប្រហែលជាចង់មើល « The Lord Guides Lehi’s Journey » ដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ៥:៣៣ ដល់នាទីទី ១៦:១៨ ជាផ្នែកមួយនៃការសិក្សារបស់អ្នក ។
-
តើអ្នកបានរកឃើញព័ត៌មានលម្អិតសំខាន់ៗអ្វីខ្លះ ?
ព័ត៌មានលម្អិតដែលអ្នកប្រហែលជាបានកត់សម្គាល់ឃើញរួមមាន នីហ្វៃបានធ្វើបាក់ធ្នូរបស់លោក ការរអ៊ូរទាំពីលីហៃ លេមិន លេមយួល និងកូនប្រុសរបស់អ៊ីសម៉ាអែល នីហ្វៃធ្វើធ្នូថ្មី ហើយនីហ្វៃបានទៅរកឪពុករបស់លោកសូមការណែនាំអំពីការទៅរកអាហារ ។
ជំហានទី ២៖ ធ្វើការប្រៀបធៀបទៅនឹងជីវិតរបស់អ្នក
សូមគិតអំពីទិដ្ឋភាពនៃជីវិតរបស់អ្នកដែលទាក់ទងនឹងព័ត៌មានលម្អិតដែលអ្នកបានរកឃើញនៅក្នុងជំហានមុន ។ សំណួរខាងក្រោមអាចជួយអ្នកធ្វើកិច្ចការនេះ ៖
-
តើស្ថានភាពអ្វីខ្លះក្នុងជីវិតរបស់ខ្ញុំ ដូចទៅនឹងស្ថានភាពនៅក្នុងខគម្ពីរទាំងនេះ ?
អ្នកប្រហែលជាបានប្រៀបធៀបនីហ្វៃដែលធ្វើបាក់ធ្នូរបស់លោក ទៅនឹងការលំបាកដែលមិនបានរំពឹងទុកនៅក្នុងជីវិតរបស់អ្នក ។ អ្នកក៏ប្រហែលជាបានប្រៀបធៀបពាក្យ និងសកម្មភាពរបស់នីហ្វៃ និងសមាជិកគ្រួសាររបស់លោកទៅនឹងប្រតិកម្មរបស់មនុស្ស នៅពេលប្រឈមមុខនឹងស្ថានភាពលំបាកៗ ។
ជំហានទី ៣ ៖ ស្វែងយល់ពីមេរៀនដ៏មានតម្លៃ
សូមគិតអំពីអ្វីដែលអ្នករៀនពីបទគម្ពីរដែលអាចអនុវត្តចំពោះអ្នក ។ អ្នកក៏ប្រហែលជាគិតអំពីអ្វីដែលអ្នករៀនអំពីព្រះអង្គសង្គ្រោះដែរ ។
-
តើមេរៀនអ្វីខ្លះដែលអ្នករៀនពីដំណើររឿងនៃការបាក់ និងជួសជុលធ្នូរបស់នីហ្វៃ ដែលអាចអនុវត្តចំពោះជីវិតរបស់អ្នក ?
-
តើដំណើររឿងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
សេចក្តីពិតមួយដែលអ្នកប្រហែលជាបានរកឃើញពីដំណើររឿងនេះគឺថា ប្រសិនបើយើងដាក់ការខិតខំរបស់យើងផ្ទាល់ ហើយស្វែងរកការដឹកនាំរបស់ព្រះអម្ចាស់ នោះទ្រង់នឹងជួយយើងឆ្លងកាត់ការលំបាក ។
ជំហានទី ៤ ៖ កំណត់ការអនុវត្តផ្ទាល់ខ្លួន
-
កំណត់ការអនុវត្តផ្ទាល់ខ្លួនដោយសញ្ជឹងគិតពីជីវិតផ្ទាល់ខ្លួនរបស់អ្នក ។
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចអនុវត្តសេចក្ដីពិតនេះក្នុងជីវិតរបស់អ្នកបាន ?
ក្នុងចំណោមរបៀបជាច្រើនដើម្បីអនុវត្តសេចក្តីពិតនេះ អ្នកអាចពិចារណាពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់នីហ្វៃ នៅពេលអ្នកជួបប្រទះនឹងបញ្ហាដែលមិនបានរំពឹងទុក ឬមានអារម្មណ៍ថាជាប់គាំងក្នុងជីវិត ។ ជាជាងការរអ៊ូរទាំ ឬមិនធ្វើអ្វីសោះ នោះអ្នកអាចផ្តួចផ្តើមគំនិត ហើយបន្តដំណើរទៅមុខដោយសេចក្តីជំនឿ និងទំនុកចិត្តថា ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក ។
-
តើការធ្វើតាមគំរូការសិក្សានេះបានជួយអ្នករកឃើញអត្ថន័យក្នុងដំណើររឿងបទគម្ពីរនេះយ៉ាងដូចម្ដេច ?
នីហ្វៃត្រូវបានបញ្ជាឲ្យសង់សំពៅ
បន្ទាប់ពីបានធ្វើដំណើរក្នុងទីរហោស្ថានអស់រយៈពេលប្រាំបីឆ្នាំ លីហៃ និងក្រុមគ្រួសាររបស់លោកបានមកដល់ដែនដីមួយនៅមាត់សមុទ្រ ដែលគេដាក់ឈ្មោះថា បរិបូណ៌ ដោយសារមានផ្លែឈើ និងទឹកឃ្មុំដ៏បរិបូរនៅទីនោះ ( សូមមើល នីហ្វៃទី ១ ១៧:៤–៦ ) ។
សូមអាន នីហ្វៃទី ១ ១៧:៥–២០, ៤៨–៥៥; នីហ្វៃទី ១ ១៨:១–៤ ហើយប្រើជំហានទាំងបួនខាងលើ ដើម្បីជួយអ្នកប្រៀបធៀបដំណើររឿងនេះទៅនឹងជីវិតរបស់អ្នក ។ អ្នកក៏អាចមើលវីដេអូ « The Lord Commands Nephi to Build a Ship » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ១២:០៧ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអនុញ្ញាតឲ្យព្រះវិញ្ញាណដឹកនាំគំនិត និងការសិក្សារបស់អ្នក ។ សូមផ្អាកជាញឹកញាប់ដើម្បីគិតអំពីរបៀបនៃអ្វីដែលអ្នកកំពុងរៀន អាចត្រូវបានប្រៀបធៀបទៅនឹងស្ថានភាពជាក់លាក់នៅក្នុងជីវិតរបស់អ្នក ។ សូមកត់ត្រាចំណាប់អារម្មណ៍ដែលអ្នកទទួលបាន ។