« នីហ្វៃទី ១ ១៩–២២ ៖ ‹ គេនឹងភ្លេចបាន ប៉ុន្តែយើងមិនដែលភ្លេចអ្នកឡើយ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ១៩–២២ ៖ ‹ គេនឹងភ្លេចបាន ប៉ុន្តែយើងមិនដែលភ្លេចអ្នកឡើយ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលមនុស្សសំខាន់សម្រាប់អ្នកចងចាំអ្នក ? ពេលបង្រៀនអំពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំនៃអ៊ីស្រាអែល នីហ្វៃបានប្រើការព្យាករណ៍របស់អេសាយ ដើម្បីបង្ហាញថា ព្រះអម្ចាស់នឹងមិនភ្លេចវង្សអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយនោះឡើយ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះអ្នក និងមនុស្សទាំងអស់ និងបំណងប្រាថ្នារបស់ទ្រង់ក្នុងការប្រមូលផ្តុំអ្នកទៅរកទ្រង់ ។
ការអញ្ជើញសិស្សឲ្យចែកចាយ ។ សូមស្វែងរកពេលវេលានៅក្នុងមេរៀន នៅពេលដែលអ្នកអាចជំរុញសិស្សឲ្យពិចារណាពីអារម្មណ៍របស់ពួកគេអំពីអ្វីមួយ ហើយបន្ទាប់មកសូមឲ្យពួកគេចែកចាយអារម្មណ៍របស់ពួកគេ ឬសរសេរពីអារម្មណ៍របស់ពួកគេ រួចចែកចាយ ។ ការផ្តល់ឱកាសដល់សិស្សក្នុងការបញ្ចេញគំនិត និងអារម្មណ៍ដោយផ្ទាល់មាត់ អាចជួយពួកគេឲ្យមានទំនុកចិត្តកាន់តែខ្លាំងក្នុងការបង្ហាញទីបន្ទាល់ ។
ការរៀបចំសិស្ស ៖ សូមពិចារណាពីការសូមសិស្សឲ្យមកដោយត្រៀមខ្លួនដើម្បីចែកចាយពាក្យពីរ ឬបីម៉ាត់ ដែលពួកគេនឹងប្រើដើម្បីពិពណ៌នាអំពីព្រះទ័យរបស់ព្រះយេស៊ូវគ្រីស្ទចំពោះពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះយើង
សូមពិចារណាពីការចាប់ផ្តើមថ្នាក់ដោយការច្រៀងចម្រៀងមួយបទទាក់ទងនឹងសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវគ្រីស្ទមានចំពោះយើង ដូចជា « I Know That My Savior Loves Me » ( music.ChurchofJesusChrist.org ) ។ សិស្សអាចទទួលបានការអញ្ជើញឲ្យចែកចាយពាក្យ ឬឃ្លាពីបទចម្រៀងដែលពួកគេចាប់អារម្មណ៍ ។
មានពេលខ្លះដែលយើងម្នាក់ៗអាចទទួលស្គាល់ និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងជីវិតរបស់យើង ប៉ុន្តែពេលខ្លះទៀត យើងប្រហែលជាមិនទទួលស្គាល់វាទាល់តែសោះ ។ សូមស្រមៃថាអ្នកកំពុងនិយាយជាមួយមិត្តម្នាក់ដែលប្រាប់អ្នកថា នាងមិនប្រាកដថាព្រះស្រឡាញ់នាងទេ ។
តើអ្នកអាចចែកចាយអ្វីពីបទគម្ពីរដែលអាចជួយមិត្តរបស់អ្នក ?
តើបទពិសោធន៍អ្វីខ្លះដែលអ្នកអាចចែកចាយជាមួយមិត្តរបស់អ្នក អំពីរបៀបដែលអ្នកបានស្គាល់ និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមផ្តល់ឲ្យសិស្សនូវពេលវេលាខ្លះនៅក្នុងថ្នាក់ដើម្បីធ្វើកិច្ចការខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យកត់ត្រាគំនិត ឬសំណួរខ្លះរបស់ពួកគេ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ហើយរកមើលចម្លើយអំឡុងមេរៀន ។
សូមពិចារណាពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នក រួមទាំងសំណួរ ឬកង្វល់ទាំងឡាយដែលអ្នកប្រហែលជាមាន ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ និងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក ។
នីហ្វៃបង្រៀនអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះយើង
នៅក្នុង នីហ្វៃទី ១ ១៩ នីហ្វៃបានព្យាករអំពីព្រះជន្ម និងបេសកកម្មនាពេលអនាគតរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន នីហ្វៃទី ១ ១៩:៧–១០ ដោយរកមើលនូវអ្វីដែលនីហ្វៃបានបង្រៀនអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទត្រូវបានគេប្រព្រឹត្តមកលើទ្រង់ ក្នុងអំឡុងពេលដែលទ្រង់គង់នៅលើផែនដី និងមូលហេតុដែលទ្រង់ស្ម័គ្រព្រះទ័យទទួលការប្រព្រឹត្តិដូច្នោះ ។
តើមានពាក្យ ឬឃ្លាអ្វីដែលអ្នកចាប់អារម្មណ៍ពីខគម្ពីរទាំងនេះ ? ហេតុអ្វី ?
តើការយល់ពីការបង្រៀននៅក្នុងខគម្ពីរទាំងនេះអាចជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
សូមសង្ខេបកថាខណ្ឌខាងក្រោម ឬអញ្ជើញសិស្សម្នាក់ឲ្យចែកចាយវាជាមួយសិស្សក្នុងថ្នាក់រៀន ។
បន្ទាប់ពីបានកត់ត្រាការព្យាករណ៍ផ្ទាល់ខ្លួនអំពីព្រះយេស៊ូវគ្រីស្ទ នីហ្វៃបានចែកចាយការព្យាករណ៍ពីព្យាការីអេសាយមកពីព្រះគម្ពីរសញ្ញាចាស់អំពីការខ្ចាត់ខ្ចាយ និងការប្រមូលផ្ដុំនៃអ៊ីស្រាអែល ។ ការព្យាករណ៍ទាំងនេះមានសារៈសំខាន់ចំពោះនីហ្វៃ និងក្រុមគ្រួសាររបស់លោក ដែលបានខ្ចាត់ខ្ចាយចេញពីទឹកដីកំណើតរបស់ពួកលោកពីក្រុងយេរូសាឡិម ដោយសារអំពើទុច្ចរិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ។ ការព្យាករណ៍របស់អេសាយបានបង្ហាញថា ប្រជាជនអ៊ីស្រាអែលជាច្រើននឹងទទួលអារម្មណ៍ថា ព្រះអម្ចាស់បំភ្លេចពួកគេដែលស្ថិតក្នុងស្ថានភាពខ្ចាត់ខ្ចាយ ។
សូមអាន នីហ្វៃទី ១ ២១:១៤–១៦ ហើយរកមើលព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់អស់អ្នក ដែលមានអារម្មណ៍ថាទ្រង់បានបំភ្លេចពួកគេ ។
ប្រសិនបើសិស្សត្រូវការជំនួយជាមួយឃ្លា « អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច » ( នីហ្វៃទី ១ ២១:១៦ ) នោះអ្នកអាចពន្យល់ថា ឃ្លានេះបង្ហាញថាព្រះអម្ចាស់តែងតែមើលថែ និងការពាររាស្ដ្ររបស់ទ្រង់ ។
តើអ្នកឃើញសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះសម្ដែងឲ្យឃើញក្នុងខគម្ពីរទាំងនេះដោយរបៀបណា ?
តើអ្វីទៅជាសេចក្ដីពិតដែលអ្នកអាចនិយាយអំពីព្រះយេស៊ូវគ្រីស្ទ ដោយផ្អែកលើអ្វីដែលអ្នកបានរៀនថ្ងៃនេះ ?
សេចក្តីពិតមួយដែលសិស្សអាចរកឃើញគឺថា ព្រះអម្ចាស់ស្រឡាញ់យើង ហើយមិនភ្លេចយើងឡើយ ។ សូមពិចារណាសរសេរវានៅលើក្តារខៀន ។
នីហ្វៃទី ១ ២២:៩–១២
នីហ្វៃទី ១ ២២:២៤–២៥
នីហ្វៃទី ៣ ២២:៧–៨
តើមានស្ថានភាពអ្វីខ្លះដែលអាចធ្វើឲ្យមនុស្សខ្លះពិបាកជឿសេចក្ដីពិតនេះ ?
តើអ្វីអាចជួយយើងឲ្យស្គាល់ និងទទួលអារម្មណ៍កាន់តែច្បាស់អំពីសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវគ្រីស្ទមានចំពោះយើង ?
សេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះត្រូវបានបង្ហាញដោយព្រះឆន្ទៈរបស់ទ្រង់ក្នុងការប្រមូលផ្តុំមនុស្សមករកទ្រង់
ប្រជាជនអ៊ីស្រាអែលពីបុរាណត្រូវខ្ចាត់ខ្ចាយ នៅពេលដែលពួកគេឈប់ថ្វាយបង្គំព្រះយេហូវ៉ា ហើយបានបំពានលើសេចក្ដីសញ្ញា និងបញ្ញត្តិរបស់ព្រះ ( សូមមើល នីហ្វៃទី ២ ៦:១០–១១ ; ១០:៣–៦ ) ។ ប្រជាជនអ៊ីស្រាអែលត្រូវបានប្រមូលផ្តុំគ្នា នៅពេលពួកគេមករកព្រះគ្រីស្ទ ទទួលយកដំណឹងល្អរបស់ទ្រង់តាមរយៈពិធីបុណ្យជ្រមុជទឹក ហើយកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានសន្យាជាមួយសាសន៍អ៊ីស្រាអែលដែលខ្ចាត់ខ្ចាយថា ទ្រង់នឹងមិនភ្លេចពួកគេឡើយ ហើយថាទ្រង់នឹងប្រមូលពួកគេមកទ្រង់នៅថ្ងៃចុងក្រោយ ( សូមមើល នីហ្វៃទី ១ ១៥:១៣–១៤ ; នីហ្វៃទី ២ ៦:១១ ; ៩:១–២ ; ១០:៧–៨ ) ។
សូមសិក្សាចំណងជើងជំពូកនៃ នីហ្វៃទី ១ ២១ និង ២២ ដើម្បីយល់កាន់តែច្បាស់អំពីអ្វីដែលអេសាយកំពុងព្យាករ និងបង្រៀននៅក្នុងជំពូកទាំងនេះ ។
សូមសិក្សាវគ្គបទគម្ពីរខាងក្រោមអំពីការប្រមូលផ្តុំនៃអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ សូមយកចិត្តទុកដាក់ចំពោះពាក្យពេចន៍ ឬឃ្លាដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះរាស្ដ្ររបស់ទ្រង់ ។
សូមពិចារណាពីរបៀបផ្សេងៗដើម្បីឲ្យសិស្សចូលរួមនៅក្នុងសកម្មភាពសិក្សានេះ ។ របៀបមួយគឺសរសេរសេចក្ដីយោងបទគម្ពីរនីមួយៗនៅលើក្រដាសចំណាំដាច់ដោយឡែកមួយ ឬក្រដាសតូចៗ ដូច្នេះមានក្រដាសគ្រប់គ្រាន់សម្រាប់សិស្សម្នាក់ៗក្នុងថ្នាក់ ។ សូមអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរនៅលើក្រដាសរបស់ពួកគេ រកមើលអ្វីដែលព្រះអម្ចាស់នឹងធ្វើដើម្បីប្រមូលពួកអ៊ីស្រាអែល ហើយបន្ទាប់មកដូរក្រដាសរបស់ពួកគេជាមួយនឹងមិត្តរួមថ្នាក់ ។ សិស្សអាចធ្វើការដោះដូរក្រដាសគ្នាច្រើនដង ។
តើព្រះអម្ចាស់បានសន្យាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ? តើការសន្យាទាំងនេះបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សទាំងអស់ដោយរបៀបណា ?
តើឧទាហរណ៍អ្វីខ្លះដែលអ្នកអាចគិតឃើញក្នុងជីវិតរបស់អ្នក ឬជីវិតរបស់អ្នកដទៃ ដែលព្រះអម្ចាស់បានប្រមូលមនុស្សមករកទ្រង់ ?
ប្រសិនបើមានពេល សូមទស្សនាវីដេអូ « God Has a Plan for You » ( ៧:០៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org អំពីយុវនារីម្នាក់ឈ្មោះ រឺនុ ស៊ិញ ។ សូមកត់ចំណាំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានឈោងទៅរក ហើយជួយប្រមូលនាងឲ្យទៅរកទ្រង់ ។
7:15
សូមអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។ សូមថ្លែងទីបន្ទាល់ដល់សិស្សអំពីសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវគ្រីស្ទមានចំពោះពួកគេម្នាក់ៗ និងចំពោះមនុស្សគ្រប់គ្នានៅក្នុងពិភពលោក ។
បងប្រុស ប្រាដលី អរ វីលខក់ ក្នុងគណៈប្រធានយុវជនទូទៅបានបង្រៀន ៖
សូមចងចាំថា ការផ្លាស់ប្តូរគឺអាចធ្វើទៅបាន ការប្រែចិត្តគឺជាដំណើរការមួយ ហើយភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះទេ ។ សំខាន់បំផុត សូមចាំថា ព្រះ និងព្រះគ្រីស្ទមានព្រះឆន្ទៈជួយយើងនៅទីនេះ និងឥឡូវនេះ ។ …
ដូច្នេះមនុស្សជាច្រើនបានរងទុក្ខដោយសារទំនាក់ទំនងដែលបែកបាក់ និងតានតឹង ដែលវាជាការលំបាកសម្រាប់ពួកគេ ក្នុងការជឿលើសេចក្ដីមេត្តាករុណា និងការអត់ធន់របស់ព្រះ ។ ពួកគេពិបាកយល់ពីព្រះថា ទ្រង់គឺជាព្រះ—ជាព្រះវរបិតាដ៏មានសេចក្តីស្រឡាញ់ ដែលបំពេញតាមតម្រូវការរបស់យើង ហើយជ្រាបដឹងពីរបៀបដើម្បី « ប្រទានរបស់ល្អមកអស់អ្នកដែលសូម » [ នីហ្វៃទី ៣ ១៤:១១ ] ។ ព្រះគុណរបស់ទ្រង់មិនគ្រាន់តែជារង្វាន់សម្រាប់អ្នកស័ក្តិសមនោះទេ ។ វាគឺជា « ជំនួយដ៏ទេវភាព » ដែលទ្រង់ប្រទានឲ្យដើម្បីជួយយើងឲ្យក្លាយជាមនុស្សស័ក្តិសម ។ វាមិនគ្រាន់តែជារង្វាន់សម្រាប់មនុស្សសុចរិតទេ ។ វាគឺជា « អំណោយទានពិសិដ្ឋនៃកម្លាំង » ដែលទ្រង់ប្រទានឲ្យដើម្បីជួយយើងឲ្យក្លាយជាមនុស្សសុចរិត [ ឌៀថើរ អេហ្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧ ] ។ យើងមិនត្រឹមតែដើរទៅរកព្រះ និងព្រះគ្រីស្ទប៉ុណ្ណោះទេ ។ យើងកំពុងដើរជាមួយទ្រង់ទាំងទ្វេ ។ ( ប្រាដលី អរ វីលខក់ « Worthiness Is Not Flawlessness » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦២, ៦៧ )
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះយេហូវ៉ាបានសួរថា ៖ « ដ្បិតអី ស្ត្រីនឹងភ្លេចកូន ដែលកំពុងបៅដោះឬ ? ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ ? មិនទំនងថាម្ដាយដែលមានសេចក្ដីស្រឡាញ់នឹងភ្លេចកូននោះទេ ព្រះយេហូវ៉ាបានប្រកាសថា ការលះបង់របស់ទ្រង់កាន់តែខ្ជាប់ខ្ជួនជាងនេះទៅទៀត ។ ទ្រង់បានបញ្ជាក់ថា ៖ « មែនហើយ គេនឹងភ្លេចបាន ប៉ុន្តែយើងមិនដែលភ្លេចអ្នកឡើយ ។ … មើលចុះ យើងបានចារិកអ្នកទុក នៅផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច » [ នីហ្វៃទី ១ ២១:១៥–១៦ ] ។ ដោយសារព្រះយេស៊ូវគ្រីស្ទបានស៊ូទ្រាំនឹងពលិកម្មធួនដ៏គ្មានទីបញ្ចប់ នោះទ្រង់យល់ចិត្តយើងបានយ៉ាងល្អឥតខ្ចោះ [ សូមមើល អាលម៉ា ៧:១១–១៣ ] ។ ទ្រង់តែងតែដឹងអំពីយើង និងកាលៈទេសៈរបស់យើង ។ ( ឌែល ជី រិនឡាន់ « Infuriating Unfairness » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤៣ )
ស៊ីស្ទើរ ស៊ូសាន អេច ផតធ័រ ក្នុងគណៈប្រធានអង្គការបឋមសិក្សាបានបង្រៀន ៖
សេចក្តីស្រឡាញ់របស់ព្រះមិនត្រូវបានរកឃើញនៅក្នុងកាលៈទេសៈនៃជីវិតរបស់យើងទេ ប៉ុន្តែនៅក្នុងវត្តមានរបស់ទ្រង់នៅក្នុងជីវិតរបស់យើងវិញ ។ យើងដឹងពីសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលយើងទទួលបានកម្លាំងលើសពីខ្លួនយើង ហើយនៅពេលព្រះវិញ្ញាណទ្រង់នាំមកនូវភាពសុខសាន្ត ការលួងលោម និងការដឹកនាំ ។ ពេលខ្លះ វាប្រហែលជាពិបាកក្នុងការទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ។ យើងអាចអធិស្ឋានដើម្បីបើកភ្នែកមើលឃើញព្រះហស្ដរបស់ទ្រង់ក្នុងជីវិតរបស់យើង និងដើម្បីមើលឃើញសេចក្ដីស្រឡាញ់របស់ទ្រង់ក្នុងភាពស្រស់ស្អាតនៃការបង្កើតរបស់ទ្រង់ ។ ( ស៊ូសាន អេច ផតធ័រ « God’s Love: The Most Joyous to the Soul » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៥ )
នៅក្នុង នីហ្វៃទី ១ ១៩:១៨–១៩ នីហ្វៃបានពន្យល់ពីគោលបំណងចម្បងរបស់លោកចំពោះការបង្កើតបញ្ជីរបស់លោក ។ សូមពិចារណាអញ្ជើញសិស្សឲ្យអានខគម្ពីរទាំងនេះ ហើយរកមើលអ្វីដែលនីហ្វៃបានបង្រៀនអំពីមូលហេតុដែលលោកបង្កើតបញ្ជីរបស់លោក ។
សូមពិចារណាប្រើខគម្ពីរទាំងនេះ ដើម្បីជួយសិស្សឲ្យយល់ថា ការអានព្រះគម្ពីរគឺជាវិធីដ៏មានឥទ្ធិពលក្នុងការចងចាំព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ។ សូមពិចារណាសួរសំណួរមួយ ឬច្រើនខាងក្រោមជាផ្នែកនៃការពិភាក្សានេះ ៖
តើព្រះគម្ពីរមរមនជួយយើងឲ្យចងចាំព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមគិតអំពីគ្រាមួយដែលអ្នកមានអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះអង្គសង្គ្រោះ ដោយសារការសិក្សាព្រះគម្ពីររបស់អ្នក ។ តើមានការផ្លាស់ប្តូរអ្វីខ្លះដល់ថ្ងៃរបស់អ្នក ឬទីបន្ទាល់របស់អ្នក ?
តើអ្នកមានអារម្មណ៍ថា អ្នកត្រូវធ្វើការផ្លាស់ប្ដូរអ្វីខ្លះក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នក ដើម្បីឲ្យអ្នកអាចចងចាំព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរ ?
នៅចុងបញ្ចប់នៃមេរៀន សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « ព្រះអង្គសង្គ្រោះរបស់យើងអញ្ជើញយើងឲ្យចងចាំទ្រង់ជានិច្ច ដូចជាទ្រង់ចងចាំយើងជានិច្ចដែរ » ( « Always Remember Him » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១០ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីជម្រើសដែលពួកគេអាចធ្វើដោយចេតនា ដើម្បីចងចាំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបន្ថែមទៀតក្នុងអំឡុងថ្ងៃ ឬសប្តាហ៍របស់ពួកគេ ។
សិស្សអាចទទួលបានប្រយោជន៍ពីការពិភាក្សាអំពីការបង្រៀនរបស់នីហ្វៃនៅក្នុងផ្នែកពាក់កណ្តាលទីពីរនៃ នីហ្វៃទី ១ ២២ ។ សូមពិចារណាស្នើសុំឲ្យសិស្សពិភាក្សាអំពីមូលហេតុដែលមនុស្សខ្លះមានអារម្មណ៍ភ័យខ្លាចចំពោះព្រឹត្តិការណ៍នៃថ្ងៃចុងក្រោយ ។ សូមពន្យល់ថា នីហ្វៃបានបញ្ចប់គម្ពីរដំបូងរបស់លោកដោយការចែកចាយការបង្រៀនដែលអាចផ្តល់នូវក្តីសង្ឃឹមដល់មនុស្សសុចរិតដែលរស់នៅក្នុងថ្ងៃចុងក្រោយ ។
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី ១ ២២:១៥–២៨ ដោយរកមើលការបង្រៀនដែលអាចជួយយើងឲ្យទទួលអារម្មណ៍នៃសេចក្តីសង្ឃឹម និងយកឈ្នះលើការភ័យខ្លាចក្នុងការរស់នៅក្នុងថ្ងៃចុងក្រោយ ។ សូមអញ្ជើញសិស្សឲ្យចែកចាយ យោបល់ និងការយល់ដឹងរបស់ពួកគេ ។