ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១៦–២២ ៖ ទិដ្ឋភាព​ទូទៅ


« នីហ្វៃទី ១ ១៦–២២ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១៦–២២ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១៦–២២

ទិដ្ឋភាព​ទូទៅ

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​គ្រួសារ​របស់​លីហៃ បាន​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​បន្ថែម​ដល់​ពួកគេ​តាមរយៈ​លីអាហូណា ។ ពួកគេ​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ផ្សេងៗ​នៅក្នុង​ទីរហោស្ថាន ហើយ​របៀប​ដែល​នីហ្វៃ​បាន​ប្រតិកម្ម​ចំពោះ​ឧបសគ្គ​ទាំង​នេះ ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍​មួយ​អំពី​របៀប​ឆ្លើយ​តប​ទៅ​នឹង​ការសាកល្បង​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។ ពេល​បង្រៀន​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល នីហ្វៃ​បាន​ប្រើ​ការព្យាករណ៍​របស់​អេសាយ​ដើម្បី​បង្ហាញ​ថា ព្រះអម្ចាស់​នឹង​មិន​ភ្លេច​វង្សអ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ​នោះ​ឡើយ ។ លោក​ក៏​បាន​បង្រៀន​ផងដែរ​ថា មិន​ថា​ប្រភព​នៃ​ការរងទុក្ខ​របស់​យើង​ជា​អ្វី​នោះ​ទេ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​កម្លាំង និង​ការព្យាបាល​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូ​បង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជា​មុន​សម្រាប់​មេរៀន​នីមួយៗ ។

នីហ្វៃ​ទី ១ ១៦:១៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់​សម្គាល់​ពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានការណែនាំ និង​ការចង្អុល​បង្ហាញ​ពេញ​មួយ​ថ្ងៃ​​ដល់​ពួកគេ ។

  • រូបភាព ៖ រូបភាព​លីអាហូណា​មួយ ឬ​ច្រើន

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ បន្ទាប់ពី​សិស្ស​បាន​បង្កើត​តារាង​ដូច​ដែល​បាន​ណែនាំ​ក្នុង​មេរៀន​ហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​មុខងារ​ជជែក ឬ​ក្ដារ​ខៀន ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​លីអាហូណា ។ បន្ទាប់​មក ពួកគេ​អាច​ពិភាក្សា​ជាមួយ​គ្នា​អំពី​របៀប​ដែល​សេចក្ដីពិត​ទាំង​នេះ​ទាក់ទង​នឹង​ការយល់​ដឹង និង​ការប្រើប្រាស់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នីហ្វៃទី ១ ១៦–១៧

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​រៀន​ពី​របៀប​ប្រៀបធៀប​បទព្រះគម្ពីរ ហើយ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា​ដោយ​សេចក្ដីជំនឿ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី ១ ១៩:២៣ ហើយ​គិត​អំពី​អត្ថន័យ​នៃ​ការប្រៀបធៀប​បទ​ព្រះគម្ពីរ​ទៅ​នឹង​ខ្លួន​យើង ។

  • វីដេអូ ៖ « The Lord Guides Lehi’s Journey » ( ១៦:១៨ សូមមើល​ពី​នា​ទី​ទី ៥:៣៣ ដល់​នាទី​ទី ១៦:១៨ ) « The Lord Commands Nephi to Build a Ship » ( ១៥:១២ សូមមើល​ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១២:០៧ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ស្ថានភាព​នៅ​ដើម​មេរៀន​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​តាមដាន​ពី​សភាព​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​សិស្ស ។ ជំនួស​ឲ្យ​ស្ថានភាព​នេះ សូម​ពិចារណា​បញ្ចាំង​លើ​អេក្រង់​នូវ​សំណួរ​មួយ​ដូចជា « តើ​មាន​កង្វល់​អ្វី​ខ្លះ​ដែល​ក្មេង​ជំទង់​មាន​ជារឿយៗ​ក្នុង​ការអាន​ព្រះគម្ពីរ ? » ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​ឆ្លើយ​តប​ដោយ​ប្រើ​ការស្ទង់​មតិ​អនាមិក ឬ​មុខងារ​សំណួរ-ចម្លើយ ។

នីហ្វៃទី ១ ១៧–១៨

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ស្រឡាញ់ និង​ដឹង​គុណ​ចំពោះ​ព្រះអម្ចាស់ ដោយ​មិន​គិត​ពី​កាលៈទេសៈ​ដែល​ពួកគេ​កំពុង​ប្រឈម​មុខ​នោះ​ទេ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន ដែល​បាន​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្រឡាញ់ និង​ដឹង​គុណ​កាន់តែ​ខ្លាំង​ចំពោះ​ព្រះ ។

  • វីដេអូ ៖ « Lehi’s Family Sails to the Promised Land» ( ១២:៥៣ សូមមើល​ពី​នាទី​ទី ៣:១៣ ដល់​នាទី​ទី ១១:៣១ ) « That I Might Draw All Men unto Me » ( ១៣:៤២ សូមមើល​ពី​នាទី​ទី ៣:៥២ ដល់​នាទី​ទី ៤:៤០ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សម្រាប់​សកម្មភាព​ដែល​ប្រៀបធៀប​ទង្វើ និង​អាកប្បកិរិយា​របស់​នីហ្វៃ​ជាមួយ​នឹង​ទង្វើ និង​អាកប្បកិរិយា​របស់ លេមិន និង លេមយួល សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស « ការធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន » ឬ « ការសង់​សំពៅ » ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​អាន​វគ្គបទគម្ពីរ​ដែល​ត្រូវ​នឹង​ជម្រើស​របស់​ពួកគេ ហើយ​រៀបចំ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​សិស្ស​ទាំងអស់​នៅក្នុង​ថ្នាក់ ។

នីហ្វៃទី ១ ១៩–២២

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ និង​មនុស្ស​ទាំងអស់ និង​ព្រះរាជ​បំណង​ប្រាថ្នា​របស់​ទ្រង់​ក្នុង​ការប្រមូល​ផ្តុំ​ពួកគេ​មករក​ទ្រង់ ។

  • ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​សូម​សិស្ស​ឲ្យ​មក ដោយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ពាក្យ​ពីរ ឬ​បី​ម៉ាត់​ដែល​ពួកគេ​នឹង​ប្រើ ដើម្បី​ពិពណ៌នា​អំពី​ព្រះទ័យ​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​ពួកគេ ។

  • វីដេអូ ៖ « God Has a Plan for You » ( ៧:០៦ )

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ២

គោលបំណង​មេរៀន ៖ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ។

ចំណាំ ៖ មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាច​ចាំបាច់​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​នេះ​បាន ។ សូមមើល​កាលវិភាគ​ល្បឿន​នៃ​ការបង្រៀន​ដែល​ផ្តល់​ដោយ​តំបន់ ឬ​នាយក ឬ​អ្នក​សម្របសម្រួល​ប្រចាំ​ភូមិភាគ ដើម្បី​ធានា​ថា មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ នឹង​ត្រូវបាន​បង្រៀន អំឡុង​វគ្គសិក្សា​របស់​ថ្នាក់​សិក្ខាសាលា ។

  • ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត ហើយ​ត្រៀម​ខ្លួន​ដើម្បី​ពិភាក្សា​អំពី​វគ្គបទគម្ពីរ​ទាំងឡាយ​ដែល​បាន​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • សម្ភារ ៖ ក្រដាស​ពីរ​សន្លឹក​សម្រាប់​សិស្ស​ម្នាក់ៗ​ដើម្បី​បង្កើត​កាត​ចងចាំ​របស់​ពួកគេ សម្ភារៈ​គំនូរ​ដូចជា​ខ្មៅដៃ ឬ​ហ្វឺត

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ បន្ទាប់ពី​សិស្ស​បំពេញ​កាត​ចងចាំ​របស់​ពួកគេ​ហើយ សូម​ដាក់​សិស្ស​នៅក្នុង​មុខងារ​បំបែក​ក្រុម ( ជា​គូៗ ឬ​ក្រុម​តូចៗ ) ដើម្បី​អនុវត្ត​ការទន្ទេញ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ចំនួន​នៅលើ​កាត​របស់​គាត់ ។ សិស្ស​ម្នាក់​អាច​ដាក់​កាត​ម្ខាង​របស់​ខ្លួន​ទៅ​រក​កាំមេរ៉ា ហើយ​សិស្ស​ផ្សេង​ទៀត ឬ​សិស្ស​នៅក្នុង​មុខងារ​បំបែក​ក្រុម អាច​អនុវត្ត​ការនិយាយ​ឡើង​វិញ​នូវ​អ្វី​ដែល​នៅ​ម្ខាង​ទៀត​នៃ​កាត ។