« នីហ្វៃទី២ ១១ ៖ សាក្សីនៃព្រះគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ១១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ១១
សាក្សីនៃព្រះគ្រីស្ទ
តើអ្នកនឹកឃើញនរណា ពេលអ្នកគិតអំពីសាក្សីនៃព្រះយេស៊ូវគ្រីស្ទ ? នីហ្វៃស្រឡាញ់ទីបន្ទាល់របស់យ៉ាកុបជាប្អូនប្រុសរបស់លោក និងព្យាការីអេសាយខ្លាំងណាស់រហូតដល់លោកបានកត់ត្រាវាជាមួយនឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយពង្រឹងទីបន្ទាល់របស់អ្នកអំពីការពិតនៃព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សារៈសំខាន់របស់សាក្សី
សូមស្រមៃថា អ្នកត្រូវកត់ត្រាកន្លែងដែលអ្នកនៅយប់មិញពីម៉ោង ៦:០០ ដល់ ៧:០០ យប់ ។
-
តើអ្នកអាចបញ្ជាក់ពីអ្វីដែលអ្នកកំពុងធ្វើនៅពេលនោះដោយរបៀបណា ?
-
តើមានសាក្សីណាអាចបញ្ជាក់ថា អ្នកនៅទីណាដែរទេ ?
-
ហេតុអ្វីសាក្សីសំខាន់នៅពេលយើងស្វែងរកសេចក្តីពិត ?
សូមអាន នីហ្វៃទី២ ១១:២–៣ ដោយរកមើលសាក្សីដែលនីហ្វៃបានរៀបរាប់ និងបទពិសោធន៍អ្វីដែលពួកលោកមាន ។
-
ហេតុអ្វីមនុស្សបីនាក់នេះជាសាក្សីដ៏មានឥទ្ធិពល ?
-
តើអ្នកចង់រៀនអ្វីពីពួកលោក ?
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នករៀនអំពីព្រះនៅក្នុង ខទី ៣ ?
សូមអាន នីហ្វៃទី២ ១១:៤, ៦ ដោយស្វែងរកអ្វីដែលនីហ្វៃចង់ឲ្យប្រជាជនរបស់លោកដឹងជាពិសេស ។
សេចក្តីពិតមួយដែលយើងអាចរៀនពី នីហ្វៃទី២ ១១ គឺថា ព្រះវរបិតាសួគ៌បញ្ជូនសាក្សីមកថ្លែងទីបន្ទាល់អំពីការពិតនៃព្រះរាជបុត្រារបស់ទ្រង់ ។
-
ហេតុអ្វីអ្នកគិតថា ព្រះវរបិតាសួគ៌ប្រើសាក្សីដើម្បីថ្លែងទីបន្ទាល់អំពីព្រះរាជបុត្រារបស់ទ្រង់ ?
សូមចំណាយពេលបន្តិច ដើម្បីពិចារណាអំពីជំនឿ និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីសាក្សីនៃព្រះអង្គសង្គ្រោះ និងរបៀបដែលពួកលោកបានមានឥទ្ធិពលលើរូបអ្នក និងជំនឿរបស់អ្នកចំពោះទ្រង់ ។ នៅពេលអ្នកបន្តមេរៀននេះ សូមរកមើលរបៀបដែលសាក្សីអាចជួយ និងពង្រឹងអ្នកក្នុងជីវិតរបស់អ្នក ។
ពីមុន នីហ្វៃទី២ ១១ នីហ្វៃបានបញ្ចូលការបង្រៀន និងទីបន្ទាល់របស់យ៉ាកុប ប្អូនប្រុសរបស់លោកផងដែរ ។ បន្ទាប់ពី នីហ្វៃទី២ ១១ នីហ្វៃបានបញ្ចូលការបង្រៀន និងទីបន្ទាល់របស់ព្យាការីអេសាយ ។ អ្នកប្រហែលជាចង់សរសេរ « នីហ្វៃទី២ ៩–១០ គឺជាសាក្សីរបស់យ៉ាកុប » នៅជាប់នឹងឈ្មោះរបស់យ៉ាកុប ខទី ៣ និង « នីហ្វៃទី២ ១២–២៤ គឺជាសាក្សីរបស់អេសាយ » នៅជាប់នឹងឈ្មោះរបស់អេសាយ ខទី ២ ។
សាក្សីពីព្រះយេស៊ូវគ្រីស្ទ
មេរៀននេះអាចជួយអ្នកឲ្យពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកពីព្រះយេស៊ូវគ្រីស្ទ ។ មិនថាអ្នកដឹងដោយខ្លួនឯងរួចហើយថា ទ្រង់មានព្រះជន្មគង់នៅ ឬក៏អ្នកនៅតែឆ្ងល់ថាតើទ្រង់មានពិតឬអត់នោះទេ ព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកឲ្យស្គាល់ទ្រង់កាន់តែច្បាស់តាមរយៈសាក្សីដែលព្រះបានជ្រើសរើស ។ ជម្រៅនៃទីបន្ទាល់របស់អ្នកបច្ចុប្បន្នចំពោះទ្រង់មិនសំខាន់ដូចជាបំណងប្រាថ្នារបស់អ្នកដើម្បីស្គាល់ទ្រង់កាន់តែច្បាស់ ទៅមុខទៀតនោះទេ ។
-
យ៉ាកុប—ស្វែងរកការបង្រៀន ឬទីបន្ទាល់អំពីព្រះគ្រីស្ទដែលមានអត្ថន័យចំពោះអ្នក ដែលយ៉ាកុបបានចែកចាយនៅក្នុង នីហ្វៃទី២ ៩–១០ ។ ( ខគម្ពីរដែលអាចដាក់បញ្ចូល នីហ្វៃទី២ ៩:១០–១២, ២០–២៣, ៤១; ១០:២៥ ) ។
-
អេសាយ—ស្វែងរកការបង្រៀន ឬទីបន្ទាល់អំពីព្រះគ្រីស្ទដែលមានអត្ថន័យចំពោះអ្នកដែលអេសាយបានចែកចាយនៅក្នុង នីហ្វៃទី២ ១២–២៤ ។ ( ខគម្ពីរដែលអាចដាក់បញ្ចូល នីហ្វៃទី២ ១៦:១–៣; ១៧:១៤; ១៩:៦–៧; ២២:២; ២៤:៣ ) ។
-
នីហ្វៃ—ស្វែងរកការបង្រៀន ឬទីបន្ទាល់អំពីព្រះគ្រីស្ទដែលមានអត្ថន័យចំពោះអ្នកពីសំណេរផ្ទាល់ខ្លួនរបស់នីហ្វៃ ។ ( ខគម្ពីរដែលអាចដាក់បញ្ចូល នីហ្វៃទី១ ១១:៣១–៣៣; ១៩:៨–១០; នីហ្វៃទី២ ៤:១៨–២១; ២៥:២៦, ២៩ ។
សាក្សីសម័យទំនើបនៃព្រះគ្រីស្ទ
សូមចាំថា នីហ្វៃបានថ្លែងទីបន្ទាល់ថា « ព្រះទ្រង់បានបញ្ជូនសាក្សីថែមទៀត » ( នីហ្វៃទី២ ១១:៣ ) ។ សាក្សីមួយចំនួនទាំងនេះគឺជាសាវកនៅថ្ងៃចុងក្រោយរបស់ទ្រង់ ។ សូមមើលទីបន្ទាល់យ៉ាងហោចណាស់ពីរនាក់ក្នុងចំណោមសាក្សីសម័យទំនើបខាងក្រោមនេះអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមចងចាំពីអារម្មណ៍ និងគំនិតដែលអ្នកអាចនឹងទទួលបានពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកមើល ។ វីដេអូទាំងមូលដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សាក្សីរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ
សូមកត់ចំណាំថា នីហ្វៃបានជ្រើសរើសព្យាការីម្នាក់ដែលលោកបានកោតសរសើរ ( អេសាយ ) បុគ្គលលោកស្គាល់ដោយផ្ទាល់ ( យ៉ាកុប ជាប្អូនប្រុសរបស់លោក ) និងទីបន្ទាល់របស់លោកផ្ទាល់ ធ្វើជាសាក្សីបីនាក់ដើម្បីថ្លែងទីបន្ទាល់អំពីការពិតនៃព្រះយេស៊ូវគ្រីស្ទ ។
-
សូមកត់ត្រាការបង្រៀនអំពីព្រះអង្គសង្គ្រោះដែលមានន័យសម្រាប់អ្នកពី នីហ្វៃ យ៉ាកុប អេសាយ ឬព្យាការីនៅសម័យទំនើប ។
-
សូមកត់ត្រាឈ្មោះបុគ្គលម្នាក់ដែលអ្នកស្គាល់ដោយផ្ទាល់ ដែលអ្នកចាត់ទុកថាជាសាក្សីនៃព្រះយេស៊ូវគ្រីស្ទ ។ សូមបញ្ចូលនូវអ្វីដែលអ្នកបានរៀនពីទីបន្ទាល់របស់ពួកគាត់ ។ ( អ្នកអាចនឹងចង់និយាយជាមួយ ឬផ្ញើសារទៅបុគ្គលនោះដើម្បីសួរអំពីរបៀបដែលពួកគាត់ទទួលបានទីបន្ទាល់អំពីព្រះគ្រីស្ទ ) ។
-
កត់ត្រាពីការដែលអ្នកគិតអំពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះអាចរួមបញ្ចូលបទពិសោធន៍ដែលអ្នកមាន ឬអ្វីដែលអ្នកបានរៀនអំពីទ្រង់ ។ ឬអ្នកអាចជ្រើសរើសកត់ត្រាបំណងប្រាថ្នារបស់អ្នក ដើម្បីទទួលបានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលអ្នកសុខចិត្តធ្វើដើម្បីជួយឲ្យទីបន្ទាល់នោះរីកចម្រើន ។