« នីហ្វៃទី២ ១៧–១៩ ៖ ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ១៧–១៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ១៧–១៩
ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ
ហេតុអ្វីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទគឺជាអង្គដែលអ្នកអាចដាក់ទីទុកចិត្តបាន ? នៅក្នុងជំពូកទាំងនេះ ព្រះអម្ចាស់លើកទឹកចិត្តស្ដេចពីរអង្គ ដែលត្រូវកងទ័ពដ៏ខ្លាំងក្លាគំរាមកំហែង ឲ្យទុកចិត្តលើទ្រង់ ។ បន្ទាប់មក អេសាយ បានព្យាករណ៍អំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ដោយបានរៀបរាប់ពីព្រះបរមងារ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សា និងការយល់ដឹងអំពីបុគ្គលិកលក្ខណៈ និងព្រះបរមងាររបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើយើងអាចរៀនអ្វីខ្លះពីងារទាំងនោះ ?
សូមស្រមៃថា អ្នកមិនធ្លាប់ជួបបុគ្គលបួននាក់ខាងក្រោមនេះទេ ប៉ុន្តែអ្នកស្គាល់ងាររបស់ពួកគេ ៖
-
វេជ្ជបណ្ឌិត
-
មន្ត្រីប៉ូលិស
-
ប៊ីស្សព
-
ប្រធានយុវនារី
-
ក្នុងចំណោមបុគ្គលទាំងនោះ តើនរណាដែលអ្នកនឹងទៅរកជំនួយ ប្រសិនបើមានគេចង់ប្លន់អ្នក ? ប្រសិនបើអ្នកមានបញ្ហាសុខភាពយ៉ាប់យ៉ឺន ? ដើម្បីទទួលបានការទូន្មានខាងវិញ្ញាណ ?
-
តើក្នុងស្ថានភាពអ្វីផ្សេងទៀតដែលមនុស្សទាំងនេះអាចមានលក្ខណៈសម្បត្តិពិសេសដើម្បីជួយ ?
-
តើងាររបស់ពួកគេជួយអ្នកឲ្យយល់ពីលក្ខណៈសម្បត្តិ ដែលពួកគេមានក្នុងការជួយយ៉ាងដូចម្តេច ?
សូមចំណាយពេលបន្តិចដើម្បីពិចារណាអំពីស្ថានភាព ឬបញ្ហាប្រឈមនានាដែលអ្នកអាចជួបប្រទះ ដែលអ្នកចង់បានជំនួយ ។
ព្រះយេស៊ូវគ្រីស្ទមានតួនាទី និងព្រះបរមងារជាច្រើន ។ តួនាទី និងព្រះបរមងារនីមួយៗ បង្រៀនយើងនូវអ្វីដែលសំខាន់អំពីទ្រង់ និងសមត្ថភាពរបស់ទ្រង់ក្នុងការជួយយើង ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលពីព្រះបរមងារ និងតួនាទីរបស់ទ្រង់ ហើយសញ្ជឹងគិតពីរបៀបដែលទ្រង់អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីជួយអ្នក ។
ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅស្ដេចពីរអង្គនៃស្រុកយូដា
ក្នុងកំឡុងសម័យរបស់អេសាយ ស្តេច អេហាស នៃយូដា និងក្រោយមកគឺព្រះរាជបុត្ររបស់ទ្រង់ ស្តេចហេសេគា ទាំងពីរអង្គបានប្រឈមនឹងស្ថានភាពដ៏លំបាកបំផុត ៖ ប្រទេសមានអំណាចបានគំរាមវាយប្រហារពួកទ្រង់ ។ ក្នុងករណីទាំងពីរនេះ ព្រះអម្ចាស់បានជំរុញស្ដេច និងប្រជារាស្រ្តស្តេចឲ្យទុកចិត្តលើទ្រង់ ជាជាងចងសម្ព័ន្ធភាពជាមួយប្រទេសនានា ។ សូមអានខគម្ពីរខាងក្រោម ដោយរកមើលឃ្លាដែលបង្ហាញថាព្រះអម្ចាស់កំពុងឲ្យពួកគេទុកចិត្តលើទ្រង់ ។
-
នីហ្វៃទី២ ១៧:៣–៧ ។ស្ដេច អេហាស ត្រូវបានគំរាមកំហែងដោយ រេស៊ីន ជាស្តេចស៊ីរី និងស្ដេច ពេកា នៃអ៊ីស្រាអែល ដែលមានគម្រោងវាយប្រហារ និងលើកបន្តុបស្ដេចថ្មីឡើងសោយរាជ្យ ។
-
នីហ្វៃទី២ ១៨:១១–១៣, ១៧ ។ពួកអាសស៊ើរ បានឈ្លានពានស្តេច ហេសេគាហើយដឹងថាកងទ័ពរបស់ទ្រង់គ្មានកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ឈប់ពួកវាឡើយ ។ ( ពាក្យសហព័ន្ធ សំដៅលើការបង្កើតសម្ព័ន្ធភាពជាមួយប្រទេសដទៃដើម្បីការពារខ្លួន ) ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
ហេតុអ្វីវាពិបាកសម្រាប់ស្ដេច និងរាស្ដ្ររបស់ទ្រង់ក្នុងការទុកចិត្តលើព្រះអម្ចាស់ ជាជាងបង្កើតសម្ព័ន្ធភាពជាមួយប្រទេសផ្សេង ?
-
តើពួកគេត្រូវដឹងអ្វីខ្លះអំពីព្រះអម្ចាស់ដើម្បីទុកចិត្តលើទ្រង់ ?
នៅពេលអ្នកបន្តសិក្សា សូមសញ្ជឹងគិតពីអត្ថន័យនៃការទុកចិត្តលើព្រះអម្ចាស់ចំពោះបញ្ហាជាក់លាក់ដែលអ្នកប្រឈមមុខ ។
ព្រះបរមងាររបស់ព្រះអង្គសង្គ្រោះ
នៅក្នុងខគម្ពីរមួយដែលអ្នកបានសិក្សា អេសាយ បានប្រើព្រះបរមងារជាក់លាក់មួយសម្រាប់ព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយស្តេចទាំងនេះ និងប្រជារាស្រ្តរបស់ស្តេចទុកចិត្តលើទ្រង់បាន ប្រសិនបើពួកគេយល់ ។ សូមរំឭក នីហ្វៃទី២ ១៨:១៣ ហើយពិចារណាគូសចំណាំព្រះបរមងារនេះ ។
ការរកឃើញ និងការយល់ដឹងអំពីព្រះបរមងាររបស់ព្រះអង្គសង្គ្រោះ អាចជួយយើងឲ្យស្គាល់ ស្រឡាញ់ និងទុកចិត្តទ្រង់កាន់តែខ្លាំងឡើងនៅក្នុងជីវិតរបស់យើង ។ ដើម្បីជួយអ្នកឲ្យយល់ពីព្រះបរមងារ « ព្រះអម្ចាស់នៃពួកពលបរិវារ » សូមរកមើលអត្ថន័យរបស់វានៅក្នុង សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Bible Dictionary ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើតួនាទីនេះធ្វើឲ្យព្រះអង្គសង្គ្រោះមានលក្ខណៈសម្បត្តិពិសេសយ៉ាងណាខ្លះ ដើម្បីជួយស្ដេចទាំងនេះ និងប្រជារាស្រ្តរបស់ពួកទ្រង់ នៅពេលមានការគំរាមកំហែងពីកងទ័ពផ្សេងទៀត ?
ការព្យាករណ៍របស់អេសាយ
អេសាយក៏បានព្យាករណ៍ដល់ស្តេចទាំងនេះ និងប្រជារាស្រ្តរបស់ពួកទ្រង់អំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ និងការគ្រងរាជ្យនៅសហស្សវត្សរ៍ ។ សូមអាន នីហ្វៃទី២ ១៧:១៤–១៥; ១៩:២, ៦–៧ ដោយរកមើលអ្វីដែលអេសាយបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ជាពិសេសព្រះបរមងាររបស់ទ្រង់ ។
ប្រសិនបើអ្នកចង់រកមើលព្រះបរមងារបន្ថែមទៀតរបស់ព្រះអង្គសង្គ្រោះ ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរមរមនរហូតមកដល់ពេលនេះ សូមពិចារណាអានខគម្ពីរមួយចំនួនដូចខាងក្រោមនេះ ៖ នីហ្វៃទី១ ១០:៤–៦; ១២:១៨; ១៣:៤១; ១៥:១៤–១៥; ១៧:៣០; ១៩:១២; នីហ្វៃទី២ ១:១០; ២:៦, ១០; ៩:៥, ៤៦; ១០:៣, ១៤; ១៥:១៦ ។ ក៏មានព្រះបរមងារ និងសេចក្តីយោងបទគម្ពីរនៅក្នុង Topical Guide សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ និង Triple Combination Index នៅក្រោមពាក្យ « ព្រះយេស៊ូវគ្រីស្ទ » ។
សូមជ្រើសរើសព្រះបរមងារមួយរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកចង់ដឹងបន្ថែម ។ បន្ទាប់មក ធ្វើដូចខាងក្រោម ៖
-
សូមពន្យល់ពីអត្ថន័យនៃព្រះបរមងារនេះតាមការយល់ឃើញរបស់អ្នក ។ ( សូមពិចារណាស្វែងរកព្រះបរមងារនៅក្នុង សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Bible Dictionary ។ ប្រសិនបើគ្មានព្រះបរមងារនេះ សូមពិចារណាសិក្សាអត្ថបទទូទៅមួយអំពីព្រះយេស៊ូវគ្រីស្ទ ហើយសញ្ជឹងគិតពីរបៀបដែលព្រះបរមងារ ដែលអ្នកបានជ្រើសរើសអាចទាក់ទងនឹងបុគ្គលិកលក្ខណៈ និងបេសកកម្មទាំងមូលរបស់ទ្រង់ ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការរកមើលព្រះបរមងារនេះនៅក្នុងវចនានុក្រមធម្មតា ) ។
-
សូមគិតអំពីរឿងមួយ ឬស្វែងរករូបភាពដែលបង្ហាញថា ព្រះអង្គសង្គ្រោះធ្វើតួនាទីដែលអ្នកបានជ្រើសរើស ។
-
សូមពន្យល់ពីអ្វីដែលព្រះបរមងារនេះបង្រៀនអ្នកពីព្រះអង្គសង្គ្រោះ ព្រះទ័យរបស់ទ្រង់ សេចក្តីស្រឡាញ់របស់ទ្រង់ និងព្រះចេស្ដារបស់ទ្រង់ ។
-
សូមពន្យល់ពីរបៀបដែលតួនាទីពិសេសនេះមានលក្ខណៈគ្រប់គ្រាន់សម្រាប់ព្រះអង្គសង្គ្រោះ ដើម្បីជួយអ្នកក្នុងជីវិតរបស់អ្នក ឬមូលហេតុដែលអ្នកអាចទុកចិត្តលើទ្រង់ ។ ( ការណ៍នេះអាចរួមបញ្ចូលរបៀបដែលព្រះអង្គសង្គ្រោះបានជួយអ្នករួចហើយក្នុងជីវិតរបស់អ្នក ) ។
ការទុកចិត្តលើព្រះអម្ចាស់
ជាអកុសល ស្តេចអេហាស និងប្រជារាស្រ្តយូដាជាច្រើននាក់បានជ្រើសរើសមិនជឿអេសាយ ហើយមិនទុកចិត្តលើព្រះអម្ចាស់ដើម្បីទទួលបានជំនួយឡើយ ។ ប្រជារាស្រ្តរបស់ទ្រង់ត្រូវបានគេវាយប្រហារ ហើយមនុស្សជាច្រើនត្រូវបានចាប់ខ្លួន និងធ្វើជាទាសករ ។ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៦; របាក្សត្រទី ២ ២៨ ) ។ ស្ដេច ហេសេគា មិនដូចបិតាទ្រង់ទេ បានសម្រេចទុកចិត្តលើព្រះអម្ចាស់ ហើយធ្វើតាមដំបូន្មានរបស់អេសាយ ។ ជាលទ្ធផល ព្រះអម្ចាស់បានការពារប្រជារាស្រ្តនៅក្រុងយេរូសាឡិមដោយចាត់ទេវតាមួយអង្គទៅបំផ្លាញកងទ័ពដែលវាយប្រហារនោះ ។ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៩:១៥–២០, ៣២–៣៥ ) ។
សូមសញ្ជឹងគិតពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងមេរៀននេះ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរពីរបៀបដែលអ្នកអាចបង្កើនការទុកចិត្តរបស់អ្នកលើទ្រង់ ។ អ្នកអាចសរសេរពីព្រះបរមងារ ឬតួនាទីជាក់លាក់ដែលទ្រង់មាន និងរបៀបដែលអ្នកចង់ទុកចិត្តលើទ្រង់ក្នុងតួនាទីនោះបន្ថែមទៀត ។