« យ៉ាកុប ៤ ៖ ‹ សេចក្ដីជំនឿរបស់យើងក៏ឥតញាប់ញ័រដែរ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« យ៉ាកុប ៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
យ៉ាកុប ៤
« សេចក្ដីជំនឿរបស់យើងក៏ឥតញាប់ញ័រដែរ »
ការឆ្លាក់ពាក្យនៅលើផ្ទាំងដែក មិនមែនជាកិច្ចការងាយស្រួលទេ ( សូមមើល យ៉ាកុប ៤:១ ) ។ ដូច្នេះហេតុអ្វីបានជាយ៉ាកុបខំប្រឹងធ្វើវា ? លោកបានដកពិសោធនូវអំណរនៃការស្គាល់ព្រះអង្គសង្គ្រោះ ហើយមានបំណងចង់ជួយយើងឲ្យមករកព្រះអង្គសង្គ្រោះផងដែរ ។ មេរៀននេះអាចជួយអ្នកពង្រឹងសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ដោយការរកមើល កត់ត្រា និងសញ្ជឹងគិតពីគោលការណ៍ និងសេចក្តីពិតដែលយ៉ាកុបបានបង្រៀន ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងចែកចាយអ្វី ?
យ៉ាកុបបានបំពេញបទបញ្ញត្តិមួយដើម្បីសរសេរនៅលើផ្ទាំងតូចនូវ « រឿងបន្តិចបន្តួចដែល [ លោក ] ចាត់ទុកថាជារឿងដ៏ពិសេសបំផុត » ( យ៉ាកុប ១:២ ) សម្រាប់មនុស្សជំនាន់ក្រោយបានអាន ( សូមមើល យ៉ាកុប ៤:១–៣ ) ។ សូមស្រមៃថា អ្នកត្រូវបានគេស្នើសុំស្រដៀងគ្នានេះឲ្យសរសេរសារខ្លីមួយសម្រាប់មនុស្សនាពេលអនាគត ។
សូមសរសេរកថាខណ្ឌមួយដែលមានចំណុចសំខាន់បំផុតដែលអ្នកបានដឹង ឬធ្លាប់មានបទពិសោធន៍សម្រាប់កូនៗ និងចៅៗរបស់អ្នកដើម្បីអាននៅពេលអនាគត ។
សាររបស់យ៉ាកុបមកកាន់យើង
នៅពេលអ្នកសិក្សាសារដែលយ៉ាកុបត្រូវបានបំផុសគំនិតឲ្យឆ្លាក់នៅក្នុង យ៉ាកុប ៤ សម្រាប់មនុស្សនៅជំនាន់របស់យើងដើម្បីអាន នោះអ្នកនឹងមានឱកាសដើម្បីអនុវត្ត ដោយប្រើជំនាញសិក្សាព្រះគម្ពីរដ៏មានប្រយោជន៍ ។ ជំនាញទាំងនេះរួមមាន ៖
-
ការរកមើល និងការកត់ត្រាគោលការណ៍ និងសេចក្តីពិតនានា
-
ការពិចារណា និងការសួរសំណួរដែលជួយអ្នកឲ្យយល់កាន់តែច្បាស់ពីសេចក្តីពិត និងគោលការណ៍នានា
ការប្រើជំនាញទាំងនេះអាចជួយអ្នកឲ្យរៀន និងមានអារម្មណ៍កាន់តែខ្លាំងពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសិក្សាព្រះគម្ពីរ ។
១. ការរកមើល និងការកត់ត្រាគោលការណ៍ និងសេចក្តីពិតនានា
វាមានប្រយោជន៍ក្នុងការផ្អាកនៅពេលអ្នកអានខគម្ពីរ ហើយកត់ត្រានូវអ្វីដែលអ្នករៀនជាសេចក្ដីថ្លែងការណ៍សាមញ្ញអំពីសេចក្ដីពិត ។ អ្នកអាចប្រើពាក្យផ្ទាល់ខ្លួនរបស់អ្នក ឬប្រើពាក្យ និងឃ្លាផ្ទាល់ពីព្រះគម្ពីរ ។
សូមអនុវត្តការរកមើលគោលការណ៍ និងសេចក្តីពិតដោយ ៖
-
អាន យ៉ាកុប ៤:១, ៤–៦ ដោយរកមើលអ្វីដែលយ៉ាកុបត្រូវបានបំផុសគំនិតឲ្យកត់ត្រាអំពីព្រះអង្គសង្គ្រោះ ។
-
គូសចំណាំពាក្យ និងឃ្លាដែលសំខាន់សម្រាប់អ្នក ។
-
កត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅក្នុងព្រះគម្ពីររបស់អ្នកអំពីអ្វីដែលអ្នកមានអារម្មណ៍ថា ជាសារដ៏សំខាន់បំផុតនៅក្នុងខគម្ពីរទាំងនេះ ។
ឧទាហរណ៍មួយនៃគោលការណ៍ដែលអ្នកអាចរកឃើញពី ខទី ៦ គឺ ការស្រាវជ្រាវដោយស្មោះសរនូវពាក្យសម្ដីរបស់ព្យាការី នឹងពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាកត់ត្រាគោលការណ៍នេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅក្នុងព្រះគម្ពីររបស់អ្នកនៅជិត ខទី ៦ ។
២. ការពិចារណា និងការសួរសំណួរ
ការពិចារណាអាចជួយអ្នកឲ្យយល់ និងអនុវត្តគោលការណ៍ និងសេចក្តីពិតដែលអ្នករកឃើញ ។ អ្នកអាចពិចារណាសំណួរដូចតទៅនេះ ៖
-
ហេតុអ្វីខ្ញុំគិតថា មនុស្សនៅសម័យយើងត្រូវដឹងសេចក្តីពិតនេះ ?
-
តើវាអនុវត្តយ៉ាងណាចំពោះជីវិតរបស់ខ្ញុំ ?
-
តើព្រះអម្ចាស់នឹងឲ្យខ្ញុំធ្វើអ្វីខ្លះដោយសារអ្វីដែលខ្ញុំបានរៀន ?
អនុវត្តប្រើជំនាញសិក្សាព្រះគម្ពីរ
សូមអនុវត្តជំនាញនៃការរកមើល ការកត់ត្រា និងការពិចារណាអំពីគោលការណ៍ និងសេចក្តីពិតដោយ ៖
-
សិក្សា យ៉ាកុប ៤:៧–១៤ ដោយស្វែងរកការបង្រៀនសំខាន់ៗដែលយ៉ាកុបជ្រើសរើសកត់ត្រាអំពីព្រះអង្គសង្គ្រោះ ។
-
ការកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅក្នុងព្រះគម្ពីររបស់អ្នកនូវគោលការណ៍ ឬសេចក្តីពិតមួយដែលអ្នកទទួលអារម្មណ៍ថា មានសារៈសំខាន់សម្រាប់មនុស្សក្នុងពិភពលោកសព្វថ្ងៃនេះដើម្បីយល់ ។
-
ការពិចារណាពីសារៈសំខាន់នៃអ្វីដែលអ្នកបានរកឃើញ ។ សូមសួរសំណួរដែលអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ និងអនុវត្តវានៅក្នុងជីវិតរបស់អ្នក ។ ( ឧទាហរណ៍នៃសំណួរដែលអ្នកអាចពិចារណា គឺមាននៅក្នុងផ្នែក « ការពិចារណា និងការសួរសំណួរ » នៅខាងដើមមេរៀននេះ ) ។
-
របៀបដែលគោលការណ៍ ឬសេចក្ដីពិតអាចជួយក្មេងជំទង់ម្នាក់ឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ
-
វគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ផ្សេងទៀតពីអ្នកដឹកនាំសាសនាចក្រ ដែលជួយអ្នកឲ្យយល់អំពីគោលការណ៍ ឬសេចក្ដីពិតនេះកាន់តែច្បាស់
-
អ្វីដែលអ្នកអាចពិចារណា និងសំណួរដែលអ្នកអាចសួរបាន ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍ ឬសេចក្ដីពិតនេះ
-
របៀបនានាដែលអ្នកអាចអនុវត្តអ្វីដែលអ្នកបានរៀន ដើម្បីពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ
-
បទពិសោធន៍នៅពេលអ្នក ឬអស់អ្នកដែលអ្នកស្គាល់បានទទួលពរ តាមរយៈការអនុវត្តអ្វីដែលយ៉ាកុបបានបង្រៀន