« យ៉ាកុប ៥:១–៥៣ ៖ ‹ ម្ចាស់ចម្ការ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« យ៉ាកុប ៥:១–៥៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
យ៉ាកុប ៥:១–៥៣
« ម្ចាស់ចម្ការ »
ព្រះយកព្រះទ័យទុកដាក់ចំពោះបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ គឺជាពួកអស់អ្នកដែលសុចរិត និងអ្នកដែលជ្រើសរើសធ្វើជាមនុស្សមិនសុចរិត ។ យ៉ាកុបបានចែកចាយអំពីរូបាធិដ្ឋានរបស់ស៊ីណូស អំពីដើមអូលីវដែលជានិមិត្ដរូបបង្ហាញពីការខ្ចាត់ខ្ចាយនៃមនុស្សមួយចំនួនដែលសុចរិត និងមួយចំនួនទៀតដែលមិនសុចរិត ។ រូបាធិដ្ឋាននេះក៏បង្ហាញពីការខិតខំរបស់ព្រះអម្ចាស់ក្នុងការប្រមូលផ្តុំអ៊ីស្រាអែលនៅថ្ងៃចុងក្រោយដែរ ។ មេរៀននេះអាចជួយអ្នកឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវគ្រីស្ទមានចំពោះអ្នក និងសម្រាប់មនុស្សទាំងអស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នកដែលវង្វេង
លីហ្សាមានអារម្មណ៍ថាខុសឆ្គងចំពោះកំហុសមួយចំនួនដែលនាងបានប្រព្រឹត្តនាពេលថ្មីៗនេះ ។ នាងចាប់ផ្ដើមងឿងឆ្ងល់ថា តើព្រះនៅតែយកព្រះទ័យទុកដាក់ចំពោះនាងដោយសារកំហុសទាំងនេះឬទេ ?
-
តើអ្នកអាចនិយាយអ្វីខ្លះ ប្រសិនបើអ្នកកំពុងព្យាយាមជួយនរណាម្នាក់ដែលមានអារម្មណ៍ដូចលីហ្សា ?
-
ហេតុអ្វីវាអាចពិបាកក្នុងការទទួលស្គាល់ ឬទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះ បន្ទាប់ពីយើងជ្រើសរើសធ្វើអំពើបាប ?
ថ្ងៃនេះ អ្នកនឹងសិក្សាដំណើររឿងព្រះគម្ពីរដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះអ្នកដែលវង្វេង ។ នៅពេលអ្នកសិក្សា សូមស្វែងរកមេរៀនសំខាន់ៗអំពីព្រះឆន្ទៈរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការជួយអ្នកដែលបានងាកចេញពីទ្រង់ ។ សូមសញ្ជឹងគិតពីរបៀបដែលសេចក្តីពិតអ្នករៀនអាចជួយអ្នកក្នុងកាលៈទេសៈរបស់អ្នក ។
រូបាធិដ្ឋាននៃដើមអូលីវ
យ៉ាកុបបានព្យាករណ៍ថា ពួកសាសន៍យូដា នឹងបដិសេធព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ាកុប ៤:១៥ ) ។ ដើម្បីជួយប្រជាជនរបស់លោកឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះនឹងជួយសាសន៍យូដាឲ្យត្រឡប់មករកទ្រង់វិញ នោះយ៉ាកុបបានបង្រៀនពួកគេអំពីរូបាធិដ្ឋានមួយដែលផ្តល់ឲ្យដោយព្យាការីម្នាក់ឈ្មោះស៊ីណូស ។ រូបាធិដ្ឋាននោះប្រើតួអង្គ វត្ថុ និងសកម្មភាពនិមិត្តរូបជាច្រើនដើម្បីបង្រៀនពីសេចក្ដីពិតទាំងឡាយ ។
ខាងក្រោមនេះគឺជានិមិត្តរូបសំខាន់មួយចំនួននៃរូបាធិដ្ឋាននេះរួមជាមួយនឹងអត្ថន័យដែលអាចមាន ។ សូមពិចារណាធ្វើបញ្ជីអំពីនិមិត្តរូបទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬព្រះគម្ពីររបស់អ្នក ។
និមិត្តរូប |
អត្ថន័យដែលអាចមាន |
---|---|
និមិត្តរូប ម្ចាស់ ឬចៅហ្វាយចម្ការ | អត្ថន័យដែលអាចមាន ព្រះយេស៊ូវគ្រីស្ទ |
និមិត្តរូប ចម្ការ | អត្ថន័យដែលអាចមាន ពិភពលោក |
និមិត្តរូប ដើមអូលីវស្រុក | អត្ថន័យដែលអាចមាន វង្សអ៊ីស្រាអែល រាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះអម្ចាស់ |
និមិត្តរូប ដើមអូលីវព្រៃ | អត្ថន័យដែលអាចមាន សាសន៍ដទៃ ( អ្នកដែលមិនបានចុះសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ ) និងអ៊ីស្រាអែលដែលក្បត់សាសនា |
ដើម្បីជួយអ្នករៀបចំខ្លួនរៀនអំពីព្រះយេស៊ូវគ្រីស្ទនៅពេលអ្នកសិក្សា យ៉ាកុប ៥ សូមសរសេរថា « អ្វីដែលខ្ញុំរៀនអំពីព្រះយេស៊ូវគ្រីស្ទពី យ៉ាកុប ៥ » នៅចំកណ្តាលនៃទំព័រទទេនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ហើយគូសរង្វង់ជុំវិញវា ។ សូមរកមើលសេចក្តីពិត និងការយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទ ដែលជាម្ចាស់ចម្ការពេញមួយមេរៀន ។ សូមកត់ត្រាការរកឃើញទាំងនេះនៅក្នុង ឬជុំវិញរង្វង់នៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ។
ការយល់ដឹងអំពីរូបាធិដ្ឋាន
ការចាប់ផ្ដើមនៃរូបាធិដ្ឋាននេះអាចតំណាងឲ្យជំនាន់ពីមុនការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន យ៉ាកុប ៥:៣–៦ ដោយរកមើលអ្វីដែលបានកើតឡើងចំពោះដើមអូលីវស្រុកដែលតំណាងឲ្យរាស្ដ្រនៃសេចក្ដីសញ្ញារបស់ព្រះ ។
-
តើអ្នកគិតថាការពុកនៃដើមឈើតំណាងឲ្យអ្វី ?
-
តើអ្នកគិតថា ការកាត់លួស ការជ្រួយគល់ និងការដាក់ជីរបស់ម្ចាស់ចម្ការអាចតំណាងឲ្យអ្វី ?
-
តើសកម្មភាពទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? ( សូមបន្ថែមការយល់ដឹងរបស់អ្នកទៅទំព័រកំណត់ហេតុរបស់អ្នក ) ។
បន្ទាប់ពីការទៅជួបលើកដំបូងនេះ ម្ចាស់ចម្ការបានចាត់វិធានការសំខាន់ពីរផ្សេងទៀត ដើម្បីជួយសង្រ្គោះដើមអូលីវស្រុករបស់គាត់ ៖
-
គាត់បានបង្គាប់ឲ្យកាត់មែកដែលពុករបស់ដើមអូលីវចេញ ហើយយកមែកខ្លះពីដើមអូលីវព្រៃទៅបំបៅជាប់នឹងដើមធំ ( សូមមើល យ៉ាកុប ៥:៧–១០) ។ ការបំបៅនេះអាចតំណាងឲ្យការខិតខំរបស់ព្រះអម្ចាស់ ដើម្បីជួយសាសន៍ដទៃឲ្យក្លាយជាផ្នែកមួយនៃរាស្ត្រក្នុងសេចក្តីសញ្ញារបស់ទ្រង់តាមរយៈពិធីបុណ្យជ្រមុជទឹក និងការប្រែចិត្តជឿ ។
-
គាត់បានយកមែកដ៏ទន់ខ្ចីៗពីដើមអូលីវធំ ហើយបំបៅវាជាប់ទៅជាផ្នែកផ្សេងៗនៃចម្ការ ( សូមមើល យ៉ាកុប ៥:៨, ១៣–១៤ ) ។ ការណ៍នេះអាចតំណាងឲ្យការខ្ចាត់ខ្ចាយនៃអ៊ីស្រាអែលទៅកាន់ផ្នែកផ្សេងៗនៃពិភពលោក ។ អ្នកខ្លះដែលត្រូវខ្ចាត់ខ្ចាយគឺសុចរិត ដូចជាគ្រួសាររបស់លីហៃ ( សូមមើល នីហ្វៃទី១ ១០:១២–១៣ ) ។ អ្នកខ្លះទៀតត្រូវខ្ចាត់ខ្ចាយដោយសារអំពើទុច្ចរិត ។
ផ្នែកនៅសល់នៃរូបាធិដ្ឋាននេះបង្ហាញពីការទៅជួបម្ចាស់ចម្ការដែលបានទៅមើលចម្ការរបស់គាត់នៅពេលក្រោយៗ ។ ការទៅមើលទាំងនេះអាចតំណាងឲ្យរយៈពេលផ្សេងៗគ្នានៅក្នុងប្រវត្តិសាស្ត្រពិភពលោក ។
សូមសិក្សាខគម្ពីរខាងក្រោមនេះ ដោយរកមើលអ្វីដែលបានកើតឡើងចំពោះដើមអូលីវធំ និងដើមអូលីវដែលនៅខ្ចាត់ខ្ចាយក្នុងអំឡុងពេលការទៅមើលម្តងៗ ។
-
ការទៅមើលលើកទីពីរ ( ជានិមិត្តរូបនៃជំនាន់របស់ព្រះយេស៊ូវគ្រីស្ទ ) ៖ យ៉ាកុប ៥:១៥–១៧, ១៩–២០, ២៣–២៨
-
ការទៅមើលលើកទីបី ( ជានិមិត្តរូបនៃការក្បត់សាសនាដ៏ធំ ) ៖ យ៉ាកុប ៥:២៩–៣២, ៣៨–៤១, ៤៦–៤៧
-
តើអ្នកបានកត់សម្គាល់អ្វីខ្លះអំពីស្ថានភាពដើម និងផ្លែអូលីវក្នុងអំឡុងពេលនៃការទៅមើលទាំងនេះ ?
-
តើអ្នកបានកត់សម្គាល់អ្វីខ្លះអំពីពាក្យសម្ដី និងសកម្មភាពរបស់ម្ចាស់ចម្ការក្នុងអំឡុងពេលនៃការទៅមើលទាំងនេះ ?
-
តើពាក្យសម្តី និងសកម្មភាពទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? ( សូមបន្ថែមការយល់ដឹងរបស់អ្នកទៅទំព័រកំណត់ហេតុរបស់អ្នក ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយមេរៀនមួយដែលយើងអាចរៀនអំពីព្រះពីខគម្ពីរទាំងនេះ ៖
បន្ទាប់ពីជ្រួយគល់ និងដាក់ជី ស្រោចទឹក និងដកស្មៅ កាត់តម្រឹម កាត់លួស ផ្សាំ និងបំបៅហើយ ម្ចាស់ចម្ការដ៏អស្ចារ្យក៏បានទម្លាក់ប៉ែល និងកន្រ្តៃកាត់របស់គាត់ ហើយយំស្រែកទៅកាន់អ្នកណាដែលស្តាប់ថា « តើខ្ញុំអាចធ្វើអ្វីបានទៀត សម្រាប់ចម្ការរបស់ខ្ញុំទៅ ? » [ យ៉ាកុប ៥:៤១, ៤៩ ] ។
ឱ នោះជារូបភាពនៃការពាក់ព័ន្ធរបស់ព្រះនៅក្នុងជីវិតរបស់យើងដែលមិនអាចលុបចោលបានឡើយ ! ឱ ព្រះមាតាបិតាមានការព្រួយបារម្ភយ៉ាងណាទៅ នៅពេលបុត្រាបុត្រីរបស់ទ្រង់មិនជ្រើសរើសទ្រង់ ឬ « ដំណឹងល្អនៃព្រះ » [ រ៉ូម ១:១ ] ដែលទ្រង់បានបញ្ជូនមកនោះ ! ឱ វាងាយស្រួលយ៉ាងណាទៅ ដើម្បីស្រឡាញ់នរណាម្នាក់ដែលស្រឡាញ់តែយើងម្នាក់យ៉ាងខ្លាំងនោះ ! ( ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧២ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីសេចក្តីថ្លែងការណ៍នេះ ? ហេតុអ្វី ?
កិច្ចខិតខំជាបន្តបន្ទាប់របស់ម្ចាស់ចម្ការ
សូមអាន យ៉ាកុប ៥:៥១–៥៣ ដោយរកមើលអ្វីដែលម្ចាស់ចម្ការបានជ្រើសរើសធ្វើ បន្ទាប់ពីបានឃើញដើមអូលីវរបស់គាត់ស្ថិតក្នុងសភាពពុក ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអម្ចាស់ ? ( សូមបន្ថែមការយល់ដឹងរបស់អ្នកទៅទំព័រកំណត់ហេតុរបស់អ្នក ) ។
-
តើអ្នកនឹងសង្ខេបមេរៀនដែលអ្នកបានរៀនមកពី យ៉ាកុប ៥ ជាសេចក្តីថ្លែងការណ៍មួយអំពីសេចក្តីពិតដោយរបៀបណា ?
សេចក្តីពិតមួយដែលយើងអាចរៀនពី យ៉ាកុប ៥ គឺថា ព្រះអម្ចាស់ស្រឡាញ់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់ ហើយបន្តយកព្រះទ័យទុកដាក់លើពួកគេ ទោះបីជាពួកគេងាកចេញពីទ្រង់ក៏ដោយ ។
-
តើសេចក្ដីពិតនេះអាចជួយបុគ្គលម្នាក់ឲ្យទទួលអារម្មណ៍ចង់ប្រែចិត្តកាន់តែខ្លាំងឡើងដោយរបៀបណា ?
-
តើមានគំរូអ្វីខ្លះមកពីព្រះគម្ពីរ ឬពីជីវិតរបស់អ្នក ដែលបង្ហាញពីរបៀបដែលព្រះអម្ចាស់បន្តស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះមនុស្សសូម្បីតែបន្ទាប់ពីពួកគេងាកចេញពីទ្រង់ក៏ដោយ ?
សូមគិតពីរបៀបដែលអ្វីអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ អាចជះឥទ្ធិពលលើជីវិតរបស់អ្នក ។ សូមពិចារណាកត់ត្រាចំណាប់អារម្មណ៍របស់អ្នកនៅក្នុងកំណត់ហេតុការសិក្សារបស់អ្នក ។