« ម៉ូសាយ ២:១–១៨ ៖ ‹ នៅក្នុងការបម្រើដល់មនុស្សទូទៅ› » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២:១–១៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ២:១–១៨
« នៅក្នុងការបម្រើដល់មនុស្សទូទៅ »
តើអ្វីធ្វើឲ្យអ្នកដឹកនាំជាអ្នកដឹកនាំដ៏អស្ចារ្យ ? នៅក្នុងសុន្ទរកថារបស់ស្តេចបេនយ៉ាមីន យើងបានឃើញភ្លាមពីប្រភេទអ្នកដឹកនាំ និងគំរូដែលទ្រង់មានចំពោះប្រជាជនរបស់ទ្រង់ ។ ស្ដេចបេនយ៉ាមីនគឺជាអ្នកដឹកនាំដែលបានបម្រើព្រះដោយបម្រើរាស្ដ្ររបស់ព្រះអង្គ ហើយបង្រៀនពួកគេឲ្យបម្រើគ្នាទៅវិញទៅមក ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យបម្រើព្រះកាន់តែប្រសើរឡើង តាមរយៈការបម្រើអ្នកដទៃកាន់តែប្រសើរ ។
សកម្មភាពសិក្សាដែលអាចធ្វើបាន
តើអ្នកយល់យ៉ាងណាចំពោះការបម្រើ ?
សួមចំណាយពេល ៦០ វិនាទីដើម្បីសរសេរវិធីផ្សេងៗជាច្រើនតាមដែលអ្នកអាចគិតថា អ្នកអាចបម្រើនរណាម្នាក់ក្នុងសប្តាហ៍នេះ ។
-
តើអ្វីអាចជំរុញចិត្តនរណាម្នាក់ឲ្យធ្វើរឿងទាំងនេះ ?
-
ហេតុអ្វីបុគ្គលម្នាក់ស្ទាក់ស្ទើរក្នុងការធ្វើរឿងទាំងនេះ ?
តើចំណុចមួយណាខាងក្រោមដែលអាចពិពណ៌នាបានល្អបំផុតអំពីអារម្មណ៍បច្ចុប្បន្នរបស់អ្នកអំពីឱកាសដើម្បីបម្រើ ?
-
ខ្ញុំស្វែងរកឱកាសដើម្បីបម្រើ ។
-
ខ្ញុំឆ្លើយតបដោយស្ម័គ្រចិត្តនៅពេលខ្ញុំត្រូវបានសុំឲ្យជួយ ។
-
ខ្ញុំចង់បម្រើ ប៉ុន្តែពិបាកក្នុងការដាក់អាទិភាពការបម្រើក្នុងជីវិតរបស់ខ្ញុំ ។
-
ខ្ញុំមានទំនោរគិតថា អ្នកផ្សេងនឹងធ្វើការបម្រើនេះហើយ ។
-
ខ្ញុំចូលចិត្តការបម្រើ ប៉ុន្តែបារម្ភអំពីរបៀបដែលអ្នកដទៃគិតអំពីខ្ញុំ ។
-
ខ្ញុំចូលចិត្តការបម្រើ ប៉ុន្តែមានការស្មុគស្មាញជាមួយនឹងការចង់ឲ្យមានគេចាប់អារម្មណ៍ ឬទទួលស្គាល់ពីអ្នកដទៃ ។
-
ផ្សេងៗ ៖
នៅពេលអ្នកសិក្សាមេរៀននេះ សូមគិតអំពីរបៀប និងមូលហេតុដែលអ្នកអាចបម្រើអ្នកដែលនៅជុំវិញអ្នកបានប្រសើរជាងមុនដោយចាប់ផ្តើមពីថ្ងៃនេះ ។
គំរូនៃការបម្រើរបស់ស្តេចបេនយ៉ាមីន
នៅពេលស្តេចបេនយ៉ាមីនជិតអស់ព្រះជន្មរបស់ទ្រង់ ទ្រង់បានសុំឲ្យបុត្រារបស់ទ្រង់ ម៉ូសាយ ហៅប្រជាជននីហ្វៃមកជួបជុំគ្នា ដើម្បីទ្រង់អាចមានព្រះបន្ទូលទៅកាន់ពួកគេ ។ ពួកគេបានប្រមូលផ្ដុំគ្នាជាក្រុមគ្រួសារនៅព្រះវិហារបរិសុទ្ធដើម្បីស្តាប់ស្ដេចបេនយ៉ាមីន ( សូមមើល ម៉ូសាយ ២:១–៩ ) ។
សូមអាន ម៉ូសាយ ២:១០–១៤ ដោយរកមើលពីរបៀបដែលស្តេចបេនយ៉ាមីនបម្រើប្រជាជនរបស់ទ្រង់។
-
តើអ្វីដែលអ្នកចាប់អារម្មណ៍អំពីស្ដេចបេនយ៉ាមីន ?
-
តើគ្រួសារ សាលារៀន ឬសហគមន៍របស់អ្នកនឹងមានភាពខុសប្លែកយ៉ាងណា ប្រសិនបើមនុស្សរស់នៅតាមរបៀបដែលស្តេចបេនយ៉ាមីនបានធ្វើ ?
មូលហេតុដែលយើងបម្រើ
សូមអាន ម៉ូសាយ ២:១៥–១៨ ដោយរកមើលអ្វីដែលស្តេចបេនយ៉ាមីនបានបង្រៀនអំពីការបម្រើ ។
-
តើអ្នកអាចរកឃើញសេចក្តីពិតអ្វីខ្លះ ?
សេចក្តីពិតមួយដែលយើងអាចរៀនពីស្តេចបេនយ៉ាមីនគឺថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។
-
តើយើងបម្រើព្រះយ៉ាងណា ពេលយើងបម្រើអ្នកដទៃ ?
-
តើអ្នកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលរំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធានថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–ឆ្នាំ ២០១៨ ) ហើយរកមើលអ្វីដែលលោកបង្រៀនអំពីទំនាក់ទំនងរវាងការបម្រើរបស់យើងចំពោះអ្នកដទៃ និងទំនាក់ទំនងរបស់យើងជាមួយព្រះ ៖
នៅពេលយើងមើលទៅស្ថានសួគ៌ យើងដឹងអំពីការទទួលខុសត្រូវរបស់យើងយ៉ាងច្បាស់ក្នុងការឈោងទៅអនុវត្តតាម ។ ដើម្បីស្វែងរកសុភមង្គលពិតប្រាកដ យើងត្រូវស្វែងរកវា ដោយការផ្តោតអារម្មណ៍ក្រៅពីខ្លួនយើង ។ គ្មាននរណាម្នាក់បានរៀនពីអត្ថន័យនៃការរស់នៅឡើយ រហូតទាល់តែគាត់បានលះបង់ខ្លួនទៅក្នុងការបម្រើដល់មនុស្សទូទៅ ។ … ព្រះគម្ពីរសញ្ញាថ្មីបង្រៀនថា វាមិនអាចទៅរួចទេក្នុងការប្រកាន់យកអាកប្បកិរិយាត្រឹមត្រូវចំពោះព្រះគ្រីស្ទ ដោយមិនប្រកាន់យកអាកប្បកិរិយាមិនអាត្មានិយមចំពោះមនុស្សនោះ ។ …
យើងមើលទៅព្រះអង្គសង្គ្រោះជាគំរូនៃការបម្រើរបស់យើង ។ ទោះបីជាទ្រង់បានយាងមកផែនដីក្នុងនាមជាព្រះរាជបុត្រានៃព្រះក៏ដោយ ក៏ទ្រង់បានបម្រើអ្នកនៅជុំវិញទ្រង់ដោយរាបទាបដែរ ។ ទ្រង់បានយាងចេញពីស្ថានសួគ៌មករស់នៅលើផែនដីក្នុងនាមជាមនុស្សរមែងស្លាប់ និងដើម្បីស្ថាបនានគរព្រះ ។ ដំណឹងល្អដ៏រុងរឿងរបស់ទ្រង់បានកែប្រែការគិតរបស់ពិភពលោក ។ ទ្រង់បានប្រទានពរដល់អ្នកឈឺ ទ្រង់បានប្រោសឲ្យមនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ មនុស្សថ្លង់អាចស្តាប់បាន ។ ទ្រង់ថែមទាំងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញទៀតផង ។ ( ថូម៉ាស អេស ម៉នសុន « The Joy of Service » New Era ខែ តុលា ឆ្នាំ ២០០៩ ទំព័រ ៤, ៦ )
-
តើការគិតអំពីគំរូរបស់ព្រះអង្គសង្គ្រោះជំរុញទឹកចិត្តអ្នកឲ្យបម្រើអ្នកដទៃយ៉ាងដូចម្ដេច ?
-
តើអ្នកបានទទួលពរជ័យតាមរយៈការបម្រើអ្នកដទៃយ៉ាងដូចម្ដេច ?
-
តើអ្នកបានទទួលពរជ័យតាមរយៈការបម្រើរបស់អ្នកដទៃយ៉ាងដូចម្ដេច ?
សូមធ្វើផែនការមួយ
ស៊ីស្ទើរ សារ៉ុន អូប៊ែង ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានចែកចាយការយល់ដឹងដ៏សំខាន់នេះអំពីការបម្រើ ។ សូមពិចារណាអំពីអ្វីដែលគាត់បង្រៀន ពេលអ្នករៀបចំផែនការដើម្បីបម្រើអ្នកដទៃ ។ សូមមើលវីដេអូ « You Are the Gift » ( ០:៥៤ ) ដែលមាននៅ ChurchofJesusChrist.orgឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ។
ប្រសិនបើយើងប្តូរទស្សនៈរបស់យើង ដើម្បីឲ្យការមើលថែអ្នកក្រីក្រ និងអ្នកខ្វះខាត ដោយមិនសូវផ្តោតលើការផ្តល់ជារបស់របរ ប៉ុន្តែផ្តល់ជាការបំពេញសេចក្តីស្រែកឃ្លានសម្រាប់ទំនាក់ទំនងមនុស្ស ដោយការផ្តល់ការសន្ទនាដ៏មានអត្ថន័យ និងការបង្កើតទំនាក់ទំនងដ៏សម្បូរបែប និងវិជ្ជមាន នោះព្រះអម្ចាស់អាចបញ្ជូនយើងទៅកន្លែងណាមួយ ។ …
… សូមចាំថា ដូចជាព្រះអង្គសង្គ្រោះដែរ ខ្លួនអ្នកគឺជាអំណោយទានដ៏ល្អបំផុតមួយ ដែលអ្នកអាចផ្តល់ដល់មនុស្សផ្សេងទៀតដែលខ្វះខាត ។ ( សារ៉ុន អូប៊ែង « Turning Enemies into Friends » [ វេទិកានៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ ] ទំព័រ ៦–៧ speeches.byu.edu )
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ពីអ្វីដែល ស៊ីស្ទើរ សារ៉ុន អូប៊ែង បានបង្រៀនអំពីការបម្រើ ?
តើមានវិធីអ្វីខ្លះដែលអ្នកអាចធ្វើដូចអ្វីដែលគាត់បានបង្រៀន ? សូមគិតអំពីគ្រួសារ មិត្តភក្តិ ឬសហគមន៍របស់អ្នក ។ សូមអធិស្ឋានទូលសុំព្រះវរបិតាសួគ៌ឲ្យបំផុសគំនិតអ្នកអំពីរបៀបដែលអ្នកអាចបម្រើ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរឈ្មោះមនុស្សដែលនឹកឃើញ និងគំនិតអំពីរបៀបដែលអ្នកអាចជួយពួកគេ ។ សូមសម្រេចចិត្តថា ពេលណាអ្នកនឹងធ្វើសកម្មភាពតាមចំណាប់អារម្មណ៍របស់អ្នក ។ ប្រហែលជាមានអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះ ។