« ម៉ូសាយ ១–៣ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ១–៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ១–៣
ទិដ្ឋភាពទូទៅ
ស្ដេចបេនយ៉ាមីនជាអ្នកដឹកនាំដែលបម្រើព្រះដោយបម្រើប្រជាជនរបស់ទ្រង់ ហើយបង្រៀនពួកគេឲ្យបម្រើគ្នាទៅវិញទៅមក ។ ព្រះអង្គបានបង្រៀនថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ ព្រះអង្គបានអញ្ជើញប្រជាជនរបស់ទ្រង់ឲ្យស្វែងរកសុភមង្គលតាមរយៈការរស់នៅដ៏សុចរិត និងការលះបង់ចំពោះព្រះ ។ ទេវតាមួយអង្គបានយាងមកជួបទ្រង់ ហើយទ្រង់បានចែកចាយជាមួយប្រជាជនរបស់ទ្រង់នូវទីបន្ទាល់របស់ទេវតាអំពីព្រះយេស៊ូវគ្រីស្ទ អ្វីៗដែលព្រះអង្គសង្គ្រោះនឹងជួបប្រទះ និងសេចក្តីពិតថា សេចក្តីសង្គ្រោះកើតមានឡើងតែតាមរយៈព្រះនាមនៃព្រះគ្រីស្ទប៉ុណ្ណោះ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ូសាយ ២:១–១៨
គោលបំណងមេរៀន ៖ គោលបំណងមេរៀននេះគឺដើម្បីជួយសិស្សឲ្យបម្រើព្រះកាន់តែប្រសើរឡើង តាមរយៈការបម្រើអ្នកដទៃកាន់តែប្រសើរ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកវិធីតូចមួយដើម្បីបម្រើមនុស្សម្នាក់ទៀតមុនមេរៀនបន្ទាប់ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ស្វ័យវាយតម្លៃមកពីដើមមេរៀនមាននៅលើក្តារខៀន
-
វីដេអូ ៖ « Service through Song » ( ៣:១៩ ) « You Are the Gift » ( ០:៥៤ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់ស្វ័យវាយតម្លៃដែលសិស្សរៀបរាប់ពីអារម្មណ៍របស់ពួកគេអំពីឱកាសក្នុងការបម្រើ នោះអ្នកអាចបង្ហាញចំណុចនានា ហើយស្នើសុំឲ្យសិស្សវាយតម្លៃខ្លួនឯងនៅលើក្រដាសមួយសន្លឹក ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សទន្ទេញវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ២:១៧ ពន្យល់ពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយគិតអំពីគ្រាមួយដែលពួកគេមានបទពិសោធន៍ក្នុងការបម្រើដ៏លំបាក ឬឱកាសដើម្បីបម្រើប៉ុន្តែមិនចង់បម្រើ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់ផ្នែកនៃមេរៀនដែលសិស្សសរសេរស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ សូមពិចារណាអញ្ជើញពួកគេឲ្យចែកចាយស្ថានភាពរបស់ពួកគេនៅក្នុងឈែត ។ ប្រសិនបើសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើការជាមួយដៃគូ សូមរៀបចំពួកគេឲ្យនៅក្នុងមុខងារបំបែកក្រុម ។
ម៉ូសាយ ២:១៩–៤១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សស្វែងរក « ស្ថានភាពដ៏មានពរ និងរីករាយនៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ » ( ម៉ូសាយ ២:៤១ ) ។
-
ការរៀបចំសិស្ស ៖ សិស្សអាចត្រូវបានអញ្ជើញឲ្យបញ្ចប់សេចក្ដីថ្លែងការណ៍ខាងក្រោម ហើយត្រៀមខ្លួនពិភាក្សាអំពីចម្លើយរបស់ពួកគេ ៖ « សុភមង្គលពិត និងយូរអង្វែងត្រូវបានរកឃើញតាមរយៈ … »
-
វីដេអូ ៖ « Count Your Blessings » ( ៤:៥៩ )
-
សំណៅចែក ៖ « ស្ថានភាពដ៏មានពរ និងរីករាយនៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយ »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅពេលចាប់ផ្តើមមេរៀននេះ សិស្សអាចចុះផ្សាយក្នុងឈែតនូវពរជ័យផ្សេងៗដែលព្រះបានប្រទានដល់ពួកគេ ។ ការណ៍នេះអាចជួយសិស្សឲ្យស្គាល់ពរជ័យដែលពួកគេប្រហែលជាមិនបានគិតពីដំបូងឡើយ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ២:៤១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ២:៤១ ពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ហើយអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សិស្សអាចត្រូវបានសុំឲ្យជ្រើសរើសបទបញ្ញត្តិមួយដែលពួកគេព្យាយាមគោរពតាម បន្ទាប់មកត្រូវត្រៀមខ្លួនចែកចាយពីរបៀបដែលពួកគេបានទទួលពរជ័យតាមរយៈការរក្សាបទបញ្ញត្តិនោះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ២:៤១ នៅលើក្តារខៀន ស្ថានភាពពីផ្នែក « រៀនអនុវត្ត »
-
ឯកសារសម្រាប់សិស្ស ៖ ក្រដាស និងអ្វីដែលប្រើដើម្បីគូរ ( ក្រៅពីនោះ សិស្សអាចបំពេញសកម្មភាពនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ) ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់ស្ថានភាពក្នុងផ្នែក « រៀនអនុវត្ត » សូមពិចារណាការដាក់សិស្សនៅក្នុងមុខងារបំបែកក្រុមចំនួនបី មួយក្រុមៗសម្រាប់គោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ អ្នកនាំពាក្យមកពីក្រុមនីមួយៗអាចពន្យល់ពីផ្នែកនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ពួកគេនឹងចែកចាយជាមួយមនុស្សម្នាក់នៅក្នុងស្ថានភាពនេះ ។
ម៉ូសាយ ៣:១–១៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីសារៈសំខាន់នៃអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ដើម្បីពួកគេអាចបានសង្រ្គោះ ។
-
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យពិភាក្សាជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬថ្នាក់ដឹកនាំសាសនាចក្រអំពីពរជ័យដែលអាចកើតមានបានដោយសារតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
-
វីដេអូ ៖ « Shepherds Learn of the Birth of Christ » ( ២:៥០ សូមមើលពីនាទីទី ០:០០ ដល់នាទីទី ១:៤៧ ); « Jesus Christ Suffered for Us » ( ២:២១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សសិក្សា និងពិចារណា ម៉ូសាយ ៣:៥–១០ រួចហើយ សូមពិចារណាអញ្ជើញពួកគេឲ្យចុះផ្សាយក្នុងឈែតនូវឃ្លាបទគម្ពីរដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ ឬសំណួរដែលពួកគេមានអំពីបទគម្ពីរនោះ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យពិនិត្យមើលយោបល់នៅក្នុងឈែត ហើយជ្រើសរើសឃ្លា ឬសំណួរដើម្បីពិភាក្សាជាថ្នាក់ ។