« ម៉ូសាយ ៣:១–១៧ ៖ សេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៣:១–១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៣:១–១៧
សេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ
ពេញមួយប្រវត្តិសាស្ត្រទេវតាបានចុះមកផែនដីដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយប្រកាស « ដំណឹងដ៏រីករាយមួយពីសេចក្ដីអំណរយ៉ាងអស្ចារ្យ » ( ម៉ូសាយ ៣:៣; អាលម៉ា ១៣:២២; ហេលេមិន ១៦:១៤ ) ។ ស្តេចបេនយ៉ាមីនបានទទួលការយាងមកជួបនេះ ។ ទ្រង់បានចែកចាយជាមួយប្រជាជនរបស់ទ្រង់នូវទីបន្ទាល់របស់ទេវតាអំពីព្រះយេស៊ូវគ្រីស្ទ កិច្ចការដែលព្រះអង្គសង្គ្រោះនឹងជួបប្រទះ និងសេចក្តីពិតដែលថា សេចក្តីសង្គ្រោះកើតឡើងតាមរយៈព្រះនាមនៃព្រះគ្រីស្ទប៉ុណ្ណោះ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដើម្បីអ្នកអាចបានសង្រ្គោះ ។
សកម្មភាពសិក្សាដែលអាចធ្វើបាន
ដំណឹងល្អពីសេចក្ដីអំណរយ៉ាងអស្ចារ្យ
-
តើអ្នកអាចគិតអំពីគ្រាដែលទេវតាយាងចុះមកផែនដីដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
ឧទាហរណ៍មួយគឺនៅក្នុង លូកា ២:១០–១២ ។ សូមអានខគម្ពីរទាំងនេះ ឬមើលវីដេអូ « Shepherds Learn of the Birth of Christ » ចាប់ពីនាទីទី ០:០០ ដល់ នាទីទី ១:៤៧ ដោយរកមើលអ្វីដែលទេវតាបានបន្ទូលដើម្បីប្រកាសអំពីកំណើតរបស់ព្រះអង្គសង្គ្រោះ ។ វីដេអូនេះមាននៅ ChurchofJesusChrist.org.
ទេវតាមួយអង្គក៏បានបង្ហាញខ្លួនដល់ស្តេចបេនយ៉ាមីនផងដែរ ។ សូមអាន ម៉ូសាយ ៣:៣–៤ ដោយរកមើលភាពស្រដៀងគ្នារវាងអ្វីដែលទេវតាបានប្រាប់អ្នកគង្វាល និងអ្វីដែលទេវតាបានប្រាប់ស្តេចបេនយ៉ាមីន ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលនឹងត្រូវចាត់ទុកជា « ដំណឹងដ៏រីករាយមួយពីសេចក្ដីអំណរយ៉ាងអស្ចារ្យ » ?
នៅក្នុងសុន្ទរកថារបស់ទ្រង់ទៅកាន់ប្រជាជនរបស់ទ្រង់រួមបញ្ចូលនៅក្នុង ម៉ូសាយ ៣:១–១៧ ស្តេចបេនយ៉ាមីន បានចែកចាយសារខ្លះៗរបស់ទេវតា ។ សារនេះបានលើកឡើងអំពីព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ របៀបដែលពួកគេអាចទទួលបានសេចក្តីអំណរ និងអ្វីដែលព្រះយេស៊ូវផ្តល់ឲ្យដែលគ្មាននរណាម្នាក់អាចធ្វើបាន ។
ព្រះនាមតែមួយគត់ដែលសេចក្ដីសង្រ្គោះកើតមាន
សូមអាន ម៉ូសាយ ៣:១៧ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទប្រទានមក ។
-
តើសេចក្តីពិតអ្វីដែលអ្នកអាចរកឃើញពី ខទី ១៧ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមពីអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះយើង ៖
តាមរយៈអំណោយទានមិនអាចគណនាបាននៃដង្វាយធួនទ្រង់ នោះព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទនៃយើង ពុំគ្រាន់តែសង្គ្រោះយើងពីសេចក្ដីស្លាប់ និងប្រទានការអភ័យទោសដល់អំពើបាបយើងតាមរយៈការប្រែចិត្តប៉ុណ្ណោះទេ ទ្រង់ថែមទាំងត្រៀមព្រះកាយដើម្បីសង្គ្រោះយើងពីទុក្ខព្រួយ និងការឈឺចាប់នៃព្រលឹងរងរបួសរបស់យើងផងដែរ ។ ( នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៥ )
សូមគិតអំពីអ្វីដែលអ្នកត្រូវសង្គ្រោះ ។ តើមានអំពើបាបដែលអ្នកកំពុងតែព្យាយាមជម្នះដែរឬទេ ? តើមានទុក្ខ ឬការឈឺចាប់ដែលអ្នកកំពុងជួបប្រទះទេ ? នៅពេលដែលអ្នកសិក្សា ម៉ូសាយ ៣ សូមស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យដឹងពីរបៀបដែលអ្នកអាចទទួលបានសេចក្តីសង្គ្រោះដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ។
សូមអាន ម៉ូសាយ ៣:៥–១០ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដើម្បីឲ្យអ្នកអាចបានសង្រ្គោះ ។ សូមចំណាយពេលអានយឺតៗ ហើយពិចារណា ។ ការសញ្ជឹងគិតគឺជាវិធីមួយដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនអ្នក ។ អ្នកប្រហែលជាចង់សរសេរគំនិតរបស់អ្នកនៅក្នុងព្រះគម្ពីរ ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកមានចំណាប់អារម្មណ៍អ្វីខ្លះ នៅពេលអ្នកបានសិក្សាខគម្ពីរទាំងនេះ ?
-
តើឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ ?
-
តើអ្នករកឃើញអ្វីខ្លះ ដែលធ្វើឲ្យអ្នករីករាយ ?
អ្នកប្រហែលជាចង់មើលវីដេអូ « Jesus Christ Suffered for Us » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដោយរកមើលពីរបៀបដែលបុគ្គលផ្សេងៗ បានទទួលពរតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
សូមអាន ម៉ូសាយ ៣:១១–១៣ ដោយរកមើលអ្វីដែលអ្នកត្រូវធ្វើ ដើម្បីទទួលបានសេចក្តីអំណរ និងសេចក្តីសង្រ្គោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សូមអានយឺតៗ ហើយពិចារណាពីខគម្ពីរទាំងនេះ ។ សំណួរខាងក្រោមអាចជួយអ្នកសញ្ជឹងគិត ។
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលជំរុញអ្នកឲ្យប្រែចិត្ត ?
-
ហេតុអ្វីអ្នកគិតថា ការផ្ដាច់បាបនាំមកនូវអំណរ ?
សូមរំឭកឡើងវិញនូវអ្វីដែលអ្នកត្រូវសង្គ្រោះ ។ សូមគិតអំពីអ្វីដែលអ្នកបានសិក្សានៅក្នុង ម៉ូសាយ ៣ និងចំណាប់អារម្មណ៍ដែលអ្នកបានទទួលពីព្រះវិញ្ញាណ ។ សូមខិតខំអនុវត្តសេចក្តីជំនឿ ប្រែចិត្ត និងជឿលើព្រះគ្រីស្ទ ដើម្បីឲ្យអ្នកអាចទទួលបានជំនួយពីព្រះអង្គសង្គ្រោះ និងអំណរដែលកើតចេញពីការអភ័យទោស ។