ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ១១–១៧ ៖ « ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះអម្ចាស់ »


« ម៉ូសាយ ១១–១៧ ៖ ‹ ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះអម្ចាស់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ១១–១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ១១–១៧

« ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះអម្ចាស់ »

អ័ប៊ីណាដៃ​កំពុង​ផ្សព្វផ្សាយ

ជាធម្មតា យើង​ព្យាយាម​ព្រមាន​មនុស្ស​ដែល​យើង​ស្រឡាញ់​អំពី​ការសម្រេច​ចិត្ត ដែល​អាច​នាំមក​នូវ​ការឈឺចាប់ និង​ការរងទុក្ខ ។ ព្រះអម្ចាស់​បាន​ចាត់ អ័ប៊ីណាដៃ យក​សារ​ទៅ​ថ្វាយ​ស្តេច​ណូអេ និង​ប្រជាជន​របស់​ទ្រង់​ឲ្យ​ប្រែចិត្ត ហើយ​ចៀសវាង​ការរងទុក្ខ​ដែល​អាច​កើត​មាន​ដោយសារ​ឥរិយាបថ​ពោរពេញ​ដោយ​អំពើបាប​របស់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក ក្នុង​ការ​ទទួល​យក​ព្យាការី​របស់​ព្រះអម្ចាស់ ហើយ​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ​ដែល​ពួកលោក​ផ្តល់​ឲ្យ​មកពី​ព្រះអម្ចាស់ ។

សូម​រៀបចំ​ខ្លួន​អ្នក​ដោយ​ព្យាយាម​សិក្សា​ព្រះគម្ពីរ ។សូម​ខិតខំ​សិក្សា​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បរិបទ និង​មាតិកា​នៃ​វគ្គ​បទគម្ពីរ ។ សូម​រកមើល​គោលលទ្ធិ និង​គោលការណ៍​ដែល​មាន​អត្ថន័យ ហើយ​ពាក់ព័ន្ធ និង​ជួយ​សិស្ស​ឲ្យ​ស្រឡាញ់ និង​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​សង្ខេប​មួយ​អំពី​ការអញ្ជើញ ដែល​ពួកគេ​បាន​ឮ​ព្យាការី​ផ្ដល់​ឲ្យ​ថ្មីៗ​នេះ ។ សូម​ឲ្យ​ពួកគេ​មក​រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ​ពី​របៀប​ដែល​ការអញ្ជើញ​ទាំង​នេះ​ជា​ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់ និង​ការព្រួយ​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ព្រះអម្ចាស់​ព្រមាន​អំពី​គ្រោះថ្នាក់

សូម​ពិចារណា​បង្កើតស្ថានភាព​ប្រតិដ្ឋ​មួយ​ដែល​សិស្ស​របស់​អ្នក​អាច​ភ្ជាប់​ទៅ​ហ្នឹង​ស្ថានភាព​នោះ ដើម្បី​ជួយ​ពួកគេ​ស្វែងរក​វិធី​ផ្សេងៗ​ជាច្រើន ដែល​ពួកគេ​អាច​ព្រមាន​អ្នក​ដទៃ​អំពី​គ្រោះថ្នាក់ ។

ឧបមាថា អ្នក​ទើបតែ​ទទួល​បាន​ព័ត៌មាន​អំពី​អ្វី​មួយដែល​មិត្តភក្តិ និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ស្ថិត​ក្នុង​គ្រោះថ្នាក់ ។

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​អាច​ប្រាប់​ពី​សារ​ព្រមាន​ទៅកាន់​ពួកគេ ?

ព្រះអម្ចាស់​មាន​វិធី​ជាច្រើន​ដើម្បី​ព្រមាន​យើង ។ សូម​ពិចារណា​វិធី​ដូច​ខាងក្រោម ៖

សូម​ពិចារណា​បង្ហាញ​បញ្ជី​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ។

  • ដំបូន្មាន​ពី​ឪពុកម្តាយ

  • ការណែនាំ​ពី​ព្យាការី និង​អ្នក​ដឹកនាំ​ដទៃ​ទៀត​ក្នុង​សាសនាចក្រ

  • ការបង្រៀន​នៅក្នុង​ព្រះគម្ពីរ នៅ​សាសនាចក្រ ឬ​ថ្នាក់​សិក្ខាសាលា​

  • គំនិត ឬ​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ

  • ផ្សេងៗ ៖

សូម​ទុក​ពេល​ឲ្យ​សិស្ស​មួយ​សន្ទុះ​ពិចារណា​អំពី​ចំណុច​ខាង​ក្រោម​នេះ ៖

សូម​គិត​ថា​តើ​អ្នក​ធ្វើ​បាន​ល្អ​ប៉ុន​ណា​ក្នុង​ការចៀសវាង​ពី​អំពើបាប និង​គ្រោះថ្នាក់ ដោយសារ​របៀប​ដែល​អ្នក​ជ្រើសរើស​ឆ្លើយតប​ទៅ​នឹង​ការព្រមាន​របស់​ព្រះអម្ចាស់ ។

  • តើ​វិធី​ណា​ខ្លះ​ដែល​មាន​អារម្មណ៍​ថា ពិបាក​ទទួល​យក​ជាងគេ ? ហេតុអ្វី ?

  • តើ​វា​និយាយ​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​ដែល​ទ្រង់​ឈោង​ទៅរក​យើង​តាម​វិធី​ផ្សេងៗ ?

អ្នក​អាច​ចង់​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​ពន្យល់​ដល់​សិស្ស​ថា អ្នក​នឹង​សិក្សា​វា​កាន់តែ​ស៊ីជម្រៅ​ក្នុង​មេរៀន​នេះ ៖ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​យើង​តាមរយៈ​ព្យាការី​របស់​ទ្រង់ ដើម្បី​អញ្ជើញ​យើង​ឲ្យ​ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​ទ្រង់ ។

ព្រះអម្ចាស់​បាន​ហៅ​ណូអេ និង​ប្រជាជន​របស់​ទ្រង់​ឲ្យ​ប្រែចិត្ត​

សូម​ចាំ​ថា ស៊ីនិព្វ​បាន​ដឹកនាំ​មនុស្ស​មួយ​ក្រុម​ពី​សារ៉ាហិមឡា​ទៅកាន់​ដែនដី​នីហ្វៃ ។ មុន​ស៊ីនិព្វ​សុគត ទ្រង់​បាន​ប្រគល់​នគរ​ឲ្យ​បុត្រា​របស់​ទ្រង់​គឺ​ណូអេ ( សូម​មើល ម៉ូសាយ ៩–១០ ) ។ ណូអេ និង​ពួកសង្ឃ​ដែល​ទ្រង់​បាន​ជ្រើសរើស​បាន​រស់​ក្នុង​ជីវិត​ទុច្ចរិត ។ ពួកគេ​បាន​បញ្ចុះបញ្ចូល​ប្រជាជន​ដោយ​ពាក្យ​កុហក និង​ពាក្យ​បញ្ចើចបញ្ចើ​ឲ្យ​ប្រព្រឹត្ត​អំពើបាប ( សូម​មើល ម៉ូសាយ ១១:៧, ១១ ) ។

សូមអាន ម៉ូសាយ ១១:២, ១៤–១៥, ១៩ ដោយ​រកមើល​អំពើបាប​ដែល​ណូអេ និង​ប្រជាជន​របស់​ទ្រង់​បាន​ប្រព្រឹត្ត ។ ( ខទី ១៩ ពិពណ៌នា​អំពី​ប្រតិកម្ម​របស់​ពួកគេ បន្ទាប់ពី​ការការពារ​ខ្លួន​ពី​ការវាយ​ប្រហារ​របស់​ពួក​លេមិន ) ។ អ្នក​ក៏​អាច​មើល​វីដេអូ « Alma Recounts the Wickedness of King Noah | Mosiah 11–12, 17 » ( ២:២៦ ) មាន​នៅ ChurchofJesusChrist.org ។,

2:23

សូម​រកមើល​វិធី​ផ្សេងៗ​នៅក្នុង​មេរៀន​នេះ​ទាំងមូល​ដើម្បី​ជួយ​សិស្ស​ប្រដូច​ព្រះគម្ពីរ​ទៅ​នឹង​ជំនាន់​របស់​យើង ។ សំណួរ​ខាង​ក្រោម​គឺ​ជា​វិធី​មួយ​ដើម្បី​ធ្វើរឿង​នេះ ។

  • តើ​ជម្រើស​របស់​ណូអេ និង​រាស្ដ្រ​របស់​ទ្រង់​បាន​ធ្វើ​មាន​អ្វី​ខ្លះ ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​ជម្រើស​របស់​មនុស្ស​សព្វ​ថ្ងៃ​នេះ ?

  • តើ​មាន​ផល​វិបាក​អ្វី​ខ្លះ​ពី​ការរស់នៅ​ដូច​ពួកគេ ?

ព្រះអម្ចាស់​បាន​ហៅ​ព្យាការី​ម្នាក់​ឈ្មោះ​អ័ប៊ីណាដៃ ដើម្បី​ទូល​ថ្លែងសារ​មួយ​ដល់​ស្តេច​ណូអេ និង​ប្រជាជន​របស់​ទ្រង់ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឃើញ​ពី​លទ្ធផល​នៃ​សកម្មភាព​របស់​ពួកគេ ។

សូម​អាន​សារ​របស់​អ័ប៊ីណាដៃ​នៅក្នុង ម៉ូសាយ ១១:២០–២៥ ដោយ​រកមើល​ផលវិបាក​ដែល​ព្រះអម្ចាស់​បាន​ព្រមាន ។ ពាក្យ « វេទនា » នៅក្នុង ខទី ២០ បង្ហាញ​ពី​ទុក្ខព្រួយ ឬ​ការឈឺចាប់ ។

  • តើ​មាន​ផលវិបាក​អ្វី​ខ្លះ​ដែល​អ្នក​បាន​រកឃើញ​ដែល​ព្រះអម្ចាស់​បាន​ព្រមាន​ប្រជាជន ?

សូម​កត់ចំណាំ​ឃ្លា​ដដែលៗ « លើកលែង​តែ​ពួកគេ​ប្រែចិត្ត » និង « លើកលែង​តែ​ប្រជាជន​នេះ​ប្រែចិត្ត » ។ អ្នក​អាច​ចង់​គូស​ចំណាំ​ពាក្យ​ទាំងនេះ ហើយ​គិត​អំពី​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ព្រះអម្ចាស់​ពី​ឃ្លា​ទាំងនេះ ។

សូម​អាន ម៉ូសាយ ១១:២៦–២៩ ដោយ​រកមើល​ពី​របៀប​ដែល​ស្តេច​ណូអេ និង​អ្នកដទៃ​ទៀត​មាន​ប្រតិកម្ម​ចំពោះ​អ័ប៊ីណាដៃ ។

ការមើល​ឃើញ​ការប្រែចិត្ត​ជា​អំណោយ​ទាន​នៃ​សេចក្តីស្រឡាញ់​ពី​ព្រះអម្ចាស់

សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​អំពី​ការរៀបចំ​របស់​ពួកគេ​សម្រាប់​ថ្នាក់ ហើយ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​អំពី​ការអញ្ជើញ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​នៅ​ជំនាន់​យើង ដើម្បី​ឲ្យ​យើង​ប្រែចិត្ត និង​ផ្លាស់ប្តូរ ។ សូម​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​ការអញ្ជើញ​ថ្មីៗ​ពីរ ឬ​បី​មក​ពី​សន្និសីទ​ទូទៅ ។ នេះ​ជា​កន្លែង​មួយ​ទៀត​ដែល​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ប្រដូច​បទគម្ពីរ​ទៅ​នឹង​ខ្លួន​ពួកគេ ។

  • តើ​ភាពស្រដៀង​គ្នា ឬ​ភាពខុសគ្នា​អ្វី​ខ្លះ​រវាង​ប្រតិកម្ម​របស់​ប្រជាជន​នៅ​ជំនាន់​របស់ អ័ប៊ីណាដៃ និង​ប្រតិកម្ម​របស់​មនុស្ស​នៅ​ជំនាន់​យើង​ចំពោះ​ព្យាការី ? ហេតុអ្វី​ពួកគេ​អាច​មាន​ប្រតិកម្ម​បែប​នេះ ?

សូម​ទុក​ពេលខ្លះ​ដល់​សិស្ស​ដើម្បី​សញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់​លើ​ការតាំង​ចិត្ត​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ក្នុង​ការស្តាប់​ព្រះ ជាពិសេស​នៅពេល​ដែល​ទ្រង់​ព្រមាន​ពួកគេ​តាមរយៈ​ព្យាការី​របស់​ទ្រង់​អំពី​អំពើបាប និង​ផលវិបាក​របស់​អំពើបាប ។ សិស្ស​របស់​អ្នក​អាច​មាន​គំនិត និង​អារម្មណ៍​ខុសៗ​គ្នា​អំពី​ព្យាការី នៅពេល​ពួកគេ​សញ្ជឹងគិត ។ សេចក្តីថ្លែងការណ៍​ខាង​ក្រោម​អាច​ជួយ​សិស្ស​មើល​ឃើញ​ព្យាការី​ជា​ភស្តុតាង​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​យើង​អាច​បង្ហាញ​ពី​ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​ពី​ពួក​ព្យាការី ។

13:11

ជា​យូរ​ណាស់​មក​ហើយ ខ្ញុំ​មាន​ការស្ងើច​សរសើរ និង​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្យាការី​នៃ​ព្រះ ក្នុង​ការព្រមាន​ទាំងឡាយ​របស់​ពួកលោក​ប្រឆាំង​នឹង​អំពើបាប ។ ពួកលោក​ពុំត្រូវ​បាន​ជំរុញ​ដោយសារ​តែ​បំណង​ចង់​ផ្ដន្ទាទោស​នោះ​ទេ ។ បំណង​ដ៏​ពិត​របស់​ពួកលោក​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដីស្រឡាញ់​នៃ​ព្រះ តាម​ពិត​ទៅ​វា គឺជា សេចក្ដីស្រឡាញ់​នៃ​ព្រះ ។ ពួកលោក​ស្រឡាញ់​អស់​អ្នក​ដែល​ពួកលោក​ត្រូវបាន​ចាត់​មក មិន​ថា​ពួកគេ​ជា​នរណា និង​បែប​ណា​នោះ​ទេ ។ ដូច​គ្នា​នឹង​ព្រះអម្ចាស់​ដែរ អ្នក​បម្រើ​របស់​ទ្រង់​មិន​ចង់​ឲ្យ​នរណា​ម្នាក់​រង​ការឈឺចាប់​នៃ​អំពើបាប និង​ការ​ជ្រើសរើស​មិន​ល្អ​នោះទេ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Love of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១៧ )

  • តើ​ការយល់​ដឹងរឿង​នេះ​អំពី​ព្យាការី​អាច​មាន​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ធ្វើ​តាម​ការអញ្ជើញ​របស់​ពួកលោក​យ៉ាង​ដូចម្តេច ?

ដោយ​សេចក្តីមេត្តា ព្រះអម្ចាស់​បាន​ទុក​ពេល​ឲ្យ​ប្រជាជន ដើម្បី​ត្រឡប់​មក​រក​ទ្រង់ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​ដែល អ័ប៊ីណាដៃ បាន​ត្រឡប់​មក​វិញ​ពីរ​ឆ្នាំ​ក្រោយ​មក ពួកគេ​បាន​ខឹង​ម្ដង​ទៀត ហើយ​បាន​ព្យាយាមចោទ​ប្រកាន់​លោក ( សូមមើល ម៉ូសាយ ១២:១, ៩, ១៩ ) ។

អ័ប៊ីណាដៃ បាន​ថ្លែងទីបន្ទាល់​យ៉ាង​ក្លាហាន​ថា ពួកសង្ឃ​មិន​បាន​បង្រៀន​ប្រជាជន​ឲ្យ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ​ទេ ( សូម​មើល ម៉ូសាយ ១២:៣៣–៣៧; ១៣:១២–២៥ ) ។ លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ដើម្បី​ប្រោសលោះ​មនុស្ស​ទាំងអស់ ហើយ​ថា សេចក្តី​សង្គ្រោះ​គឺ​អាច​ធ្វើ​ទៅ​បាន​តែ​តាមរយៈ​ព្រះ​ប្រោសលោះ​ប៉ុណ្ណោះ ( សូម​មើល ម៉ូសាយ ១៥:១, ១៩ ) ។ ពេល អ័ប៊ីណាដៃ បាន​បញ្ចប់​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ នោះ​ជីវិត​របស់​លោក​ស្ថិត​ក្នុង​គ្រោះថ្នាក់​ម្ដង​ទៀត ។ ប៉ុន្តែ​លើក​នេះ វា​ដូច​នឹង​ជីវិត​របស់​សង្ឃ​ម្នាក់​គឺ​អាលម៉ា ។

សូម​អាន ម៉ូសាយ ១៧:១–៤ ដើម្បី​ស្វែងរក​ការឆ្លើយតប​របស់​ណូអេ និង​អាលម៉ា ចំពោះ​ទីបន្ទាល់​របស់ អ័ប៊ីណាដៃ អំពី​ព្រះគ្រីស្ទ ។

  • តើ​ការឆ្លើយតប​ខុស​គ្នា​ខ្លាំង​ទាំង​នេះ​អាច​ជួយ​យើង​យល់​អ្វី​ខ្លះ ?

ក្រោយ​ពី​ជាប់​គុក​បី​ថ្ងៃ អ័ប៊ីណាដៃ​ក៏​ត្រូវបាន​នាំ​យក​មកនៅ​ចំពោះ​ព្រះភក្ត​ស្ដេច ណូអេ ម្ដង​ទៀត ។ ណូអេ​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​សម្លាប់ អ័ប៊ីណាដៃ លុះត្រា​តែ​លោក​សុខ​ចិត្ត​បដិសេធ​សេចក្តីពិត​ដែល​លោក​បាន​បង្រៀន ( សូម​មើល ម៉ូសាយ ១៧:៥–៨ ) ។

សូម​អាន ម៉ូសាយ ១៧:៩–១០, ១៣ ដោយ​រកមើល​ការឆ្លើយតប​របស់ អ័ប៊ីណាដៃ ចំពោះ​សំណើ​របស់​ស្តេច​ឲ្យ​បដិសេធ​ទីបន្ទាល់​របស់​លោក ។ ឬ​អ្នក​អាច​មើល​វីដេអូ « Abinadi Suffers Death for His Faith | Mosiah 16–17 » ( ៤:២៨ ) មាន​នៅ ChurchofJesusChrist.org។,

4:28
  • តើ​អ្នក​រៀន​អ្វី​ខ្លះ​ពី​ឧទាហរណ៍​របស់​អ័ប៊ីណាដៃ ?

  • តើ​វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​អ្នក​ឆ្លើយតប​ចំពោះ​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់ ?

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​អំពី​តួនាទី​របស់​ព្យាការី ក្នុងការ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​អញ្ជើញ​យើង​ឲ្យ​ប្រែចិត្ត ។