ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២៧:១–២៤ ៖ « លោក​បាន​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ដ៏​ជោកជាំ​អំពី​អ្នក »


« ម៉ូសាយ ២៧:១–២៤ ៖ ‹ លោក​បាន​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ដ៏​ជោកជាំ​អំពី​អ្នក › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២៧:១–២៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២៧:១–២៤

« លោក​បាន​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ដ៏​ជោកជាំ​អំពី​អ្នក »

ទេវតា​មួយ​អង្គ​បញ្ឈប់​អាលម៉ា​ជា​កូន

តើ​អ្នក​ដឹង​ទេ​ថា ការឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​បដិសេធ​សេចក្តីពិត​វា​មាន​សភាព​បែប​ណា ? អាលម៉ា និង​ស្ដេច​ម៉ូសាយ បាន​ដឹង​ពី​ការឈឺ​ចាប់​នៃ​ការមើល​ឃើញ​សមាជិក​គ្រួសារ​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ​សង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់ ។ តាមរយៈ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះគ្រីស្ទ ទី​បំផុត​ពួកលោក​ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​អារម្មណ៍​រីករាយ​ពេល​ឃើញ​មនុស្ស​ជាទីស្រឡាញ់​ទាំងនេះ​ប្រែចិត្ត ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ស្វែងរក​វិធី​ដើម្បី​ជួយ​អ្នក​ដែល​បដិសេធ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ត្រឡប់​មក​រក​ទ្រង់​វិញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​មើល​អារម្មណ៍​របស់​ពួកគេ ។សូម​សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ ហើយ​ចងចាំ​នៅពេល​ពួកគេ​បាន​ទទួល​អារម្មណ៍​ពី​ភាពពោរពេញ​អំពី​សេចក្តីពិត​នៃ​គោលការណ៍​នៃ​ដំណឹង​ល្អ ។ ការចងចាំ​ពី​អារម្មណ៍​ទាំង​នេះ​អាច​ជួយ​សិស្ស​ប្រាថ្នា​ចង់​រស់នៅ​តាម​ដំណឹង​ល្អ ហើយ​ដាក់​ដំណឹង​ល្អ​ទៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។ សូម​ធានា​ដល់​សិស្ស​ថា វា​មិន​អី​ទេ ប្រសិនបើ​ពួកគេ​មិន​ទាន់​មាន ឬ​ទទួល​ស្គាល់​បទពិសោធន៍​ជាមួយ​នឹង​គោលការណ៍​ដែល​បាន​ផ្តល់​ឲ្យ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ចែកចាយ​រឿង​ពី​ព្រះគម្ពីរ ដែល​ព្រះអម្ចាស់​បាន​ជួយ​នរណា​ម្នាក់​ដែល​វង្វេង ឬ​បះបោរ​ដើម្បី​ផ្លាស់ប្តូរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មាន​ក្តីសង្ឃឹម​តាមរយៈ​ព្រះគ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ដោយ​ស្ងប់ស្ងាត់​អំពី​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖

តើ​មាន​នរណា​ម្នាក់​ដែល​អ្នក​ព្រួយ​បារម្ភ​ដោយសារ​ពួកគេ​កំពុង​ពុះពារ​ខាង​វិញ្ញាណ ឬ​ថែម​ទាំង​តែ​បះបោរ​នឹង​ព្រះ​ដែរ​ឬទេ ? ប្រសិនបើ​ដូច្នេះ​មែន សូម​ចាំ​មនុស្ស​នេះ​ក្នុង​ចិត្ត​ពេល​អ្នក​សិក្សា​ថ្ងៃ​នេះ ។ ដូចគ្នា​នេះ​ដែរ ប្រសិនបើ​អ្នក​កំពុង​ពុះពារ​ខាង​វិញ្ញាណ នោះ​អ្នក​អាច​ចាំ​ស្ថានភាព​របស់​អ្នក​នៅក្នុង​ចិត្ត​ពេញ​មួយ​មេរៀន​នេះ ។

សូម​បង្ហាញ​ការវាយ​តម្លៃ​ដោយ​ខ្លួន​ឯង​ខាង​ក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ រួមទាំង​ឧទាហរណ៍​ពី​ការរៀបចំ​សិស្ស ។

សូម​ពិចារណា​ថា តើ​សេចក្តីថ្លែង​ការណ៍​ខាង​ក្រោម​ពិពណ៌នា​អំពី​អ្នក​បាន​ត្រឹមត្រូវ​ប៉ុនណា ៖

  1. ខ្ញុំ​ជឿ​ថា វា​មិន​យឺត​ពេល​ទេ​សម្រាប់​អ្នក​ដែល​ពុះពារ ឬ​បះបោរ​ខាង​វិញ្ញាណ ដើម្បី​បាន​ការព្យាបាល​ពី​ព្រះយេស៊ូវគ្រីស្ទ ។

  2. ខ្ញុំ​បាន​ឃើញ​ឧទាហរណ៍​ផ្សេងៗ​នៅក្នុង​ព្រះគម្ពីរ និង​មនុស្ស​នៅ​ជុំ​វិញ​ខ្ញុំ ដែល​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​សេចក្តីសង្ឃឹម​សម្រាប់​មនុស្ស​ដែល​មាន​ការពុះពារ ឬ​កំពុង​បះបោរ​ខាង​វិញ្ញាណ ។

  3. ខ្ញុំ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​ជួយ​មនុស្ស​ដែល​មាន​ការពុះពារ ឬ​កំពុង​បះបោរ​ខាង​វិញ្ញាណ ។

នៅពេល​អ្នក​សិក្សា ម៉ូសាយ ២៧ ថ្ងៃ​នេះ សូម​រកមើល​ហេតុផល​ផ្សេងៗ​ដើម្បី​មាន​សង្ឃឹម និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​អ្នក​ដែល​មាន​ការពុះពារ ឬ​កំពុង​បះបោរ​ខាង​វិញ្ញាណ ។

ការជួយ​អ្នក​ដែល​វង្វេង​ខាង​វិញ្ញាណ

សូមអាន ម៉ូសាយ ២៧:១, ៨–១០ ដើម្បី​មើល​ថា តើ​ព្យាការី​អាលម៉ា និង​ស្តេច​ម៉ូសាយ​ព្រួយ​បារម្ភ​អំពី​នរណា ។

  • តើ​អ្នក​គិត​ថា ជម្រើស​របស់​យុវជន​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ឪពុក​ម្ដាយ បងប្អូន​បង្កើត និង​មិត្តភក្ដិ​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

សូម​អាន ម៉ូសាយ ២៧:១១–១៦, ១៩ ដើម្បី​មើល​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ជួយ​អាលម៉ា​ជា​កូន ផ្លាស់ប្តូរ​ជីវិត​របស់​លោក និង​មូលហេតុ ។ អ្នក​អាច​ចង់​មើល​វីដេអូ « Alma the Younger Is Converted unto the Lord » ចាប់​ពី​នាទី​ទី ៣:០៦ ដល់​នាទី​ទី ៦:៥៩ ។

11:32
  • តើ​ឃ្លា​អ្វី​ខ្លះ​មក​ពី​សារ​របស់​ទេវតា​ដែល​អ្នក​គិត​ថា មាន​ឥទ្ធិពល​បំផុត​ចំពោះ​យុវជន​ទាំង​នេះ ?

  • តើ​បទពិសោធន៍​នេះ​អាច​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​ព្រះរាជ​បំណង​របស់​ព្រះ​ដើម្បី​សង្គ្រោះ​យុវជន​ទាំង​នេះ ( ក៏​ដូចជា​អ្នក​ដទៃ​ទៀត​ដែល​វង្វេង​ខាង​វិញ្ញាណ ) យ៉ាង​ដូចម្ដេច ?

  • យោង​តាម ម៉ូសាយ ២៧:១៤ ហេតុអ្វី​ទេវតា​មាន​បន្ទូល​ថា ទ្រង់​បាន​មក​រក​អាលម៉ា​ជា​កូន និង​ពួក​បុត្រា​របស់​ម៉ូសាយ ? ( សូម​ពិចារណា​គូស​ចំណាំ​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹង​គិត​ពី​គោលការណ៍​ដែល​អ្នក​អាច​រៀន​ពី​ខ​គម្ពីរ​ទាំង​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គោលការណ៍​ផ្សេងៗ ។ សូម​ពិចារណា​សរសេរ​គោលការណ៍​ទាំង​នោះ​នៅលើ​ក្ដារខៀន​ដែល​ពួកគេ​លើក​ឡើង ។ ប្រសិនបើ​សិស្ស​មិន​បាន​លើក​ឡើង​ជា​ទូទៅ​ទេ សូម​ពិចារណា​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖

គោលការណ៍​មួយ​ដែល​យើងអាចរៀនបានគឺ​ថា ការអធិស្ឋាន​ដោយ​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដែល​មាន​ការពុះពារ ឬ​ការបះបោរ​ខាង​វិញ្ញាណ​អញ្ជើញ​ព្រះអម្ចាស់​ឲ្យ​ជួយ​ពួកគេ​ស្គាល់​សេចក្ដីពិត ។

សូម​ចងចាំ​ថា ព្រះអម្ចាស់​នឹង​មិន​បំពាន​លើ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​នៃ​អស់​អ្នក​ដែល​យើង​អធិស្ឋាន​សម្រាប់​ពួកគេ​ឡើយ ។ ទោះ​បី​ជា​ទេវតា​បាន​យាង​មក​ជួប​ក៏​ដោយ អាលម៉ា និង​ពួកបុត្រា​របស់​ម៉ូសាយ​នៅតែ​អាច​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ពួកលោក​មិន​ប្រែចិត្ត ។ ទោះ​បី​ជា​ព្រះវរបិតាសួគ៌​មិន​អាច​បញ្ជូន​ទេវតា​ទៅ​រក​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ក៏​ដោយ ទ្រង់​នឹង​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​យើង​តាម​របៀប និង​កាល​កំណត់​របស់​ទ្រង់ ។ យើង​អាច​ទុក​ចិត្ត​លើ​ទ្រង់​ដើម្បី​ជួយ ។ អ្នក​នឹង​រៀន​បន្ថែម​ទៀត​អំពី​តួនាទី​របស់​ព្រះអម្ចាស់​ក្នុង​ការផ្លាស់ប្តូរ​របស់​អាលម៉ា​នៅក្នុង​មេរៀន​បន្ទាប់ ។

  • តើ​អ្នក​ស្រមៃ​ថា ការអធិស្ឋាន​របស់​អាលម៉ា​ជា​ឪពុក​អាច​មាន​លក្ខណៈ​យ៉ាង​ណា ? តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការអធិស្ឋាន « ដោយ​មាន​សេចក្ដីជំនឿ​ដ៏​ជោកជាំ » ( ម៉ូសាយ ២៧:១៤ ) ?

    ទាំង​នេះ​គឺ​ជា​សំណួរ​តាមដាន​ផ្សេង​ទៀត​ដែល​អាច​មាន ៖ ហេតុអ្វី​អ្នក​គិត​ថា យើង​អាច​មាន​ជំនឿ​ថា ព្រះអម្ចាស់​នឹង​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​កំពុង​ពុះពារ ? ហេតុអ្វី​វា​ជា​ការល្អ​ក្នុង​ការអធិស្ឋាន​ថា ពួកគេ​អាច « បាន​នាំ​មក​ឲ្យ​ស្គាល់​នូវ​សេចក្ដី​ពិត » ( ម៉ូសាយ ២៧:១៤ ) ?

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​អធិស្ឋាន​សម្រាប់​អ្នក​ដែល​ពុះពារ ឬ​កំពុង​បះបោរ​ខាងវិញ្ញាណ ?

    សូម​លើក​ទឹក​ចិត្ត​សិស្ស​ស្ម័គ្រ​ចិត្ត​ឲ្យ​ចែកចាយ​បទពិសោធន៍​ជា​ការឆ្លើយតប​ទៅ​នឹង​សំណួរ​ខាង​ក្រោម ។ អ្នក​ក៏​អាច​ចង់​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ផងដែរ ។

  • តើ​ពេលណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ការអធិស្ឋាន​របស់​អ្នក​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​អ្នក​ផ្សេង​ទៀត ? តើ​អ្នក​គិត​ថា ការអធិស្ឋាន​របស់​បុគ្គល​ម្នាក់​បាន​ជួយ​អ្នក​នៅពេល​ណា ?

សូម​សញ្ជឹង​គិត​អំពី​រឿង​ជាក់លាក់​ដែល​អ្នក​អាច​អធិស្ឋាន​សូម នៅពេល​ទូល​សូម​ព្រះវរបិតា​សួគ៌​ឲ្យ​ជួយ​នរណា​ម្នាក់​ដែល​កំពុង​ពុះពារ​ខាង​វិញ្ញាណ ។ អ្នក​អាច​ថែម​ទាំង​ផ្អាក​ការសិក្សា​របស់​អ្នក​មួយ​សន្ទុះដើម្បី​អធិស្ឋាន​សម្រាប់​ពួកគេ​ឥឡូវ​នេះ​ផងដែរ ។

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ទៀត ?

សូម​ពិចារណា​បែងចែក​សិស្ស​ជា​គូ ដោយ​ដៃគូ​នីមួយៗ​សិក្សា​វគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ខាង​ក្រោម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​អាន​វគ្គ​បទគម្ពីរ​ខាង​ក្រោម ដោយ​រកមើល​អ្វី​ដែល​អាលម៉ា និង​អ្នក​ដទៃ​ទៀត​បាន​ធ្វើ បន្ថែម​ពី​លើ​ការអធិស្ឋាន ដើម្បី​ជួយ​កូន​ប្រុស​របស់​លោក​ឲ្យ​ត្រឡប់​ទៅរក​ព្រះអម្ចាស់​វិញ ។

ម៉ូសាយ ២៧:២០–២៤

អាលម៉ា ៣៦:១៧–១៩ ( ការពិពណ៌នា​ក្រោយ​មក​របស់​អាលម៉ា ជាកូន​អំពី​អ្វី​ដែល​ឪពុក​លោក​បាន​បង្រៀន និង​របៀប​ដែល​ការណ៍​នោះ​បាន​ជួយ​លោក )

  • តើ​អាលម៉ា​បាន​ធ្វើ​អ្វី បន្ថែម​ពី​លើ​ការអធិស្ឋាន ដើម្បី​ជួយ​កូន​ប្រុស​លោក ?

សូម​ពិចារណា​អនុញ្ញាត​ឲ្យ​ដៃគូ​ជ្រើសរើស​អ្វី​មួយ​ខាង​ក្រោម​ដែល​ពួកគេ​ចង់​សិក្សា​ជាមួយ​គ្នា ។

សូម​សិក្សា​រឿង​មួយ​ខាង​ក្រោម​ដែល​អាលម៉ា​បាន​ធ្វើ ហើយ​កត់ត្រា​គំនិត​របស់​អ្នក ។ ពេល​អ្នក​សិក្សា អ្នក​អាច​ចងចាំ​ពី​មនុស្ស​ជា​ទីស្រឡាញ់​ដែល​កំពុង​ពុះពារ​ខាង​វិញ្ញាណ ឬ​ថែម​ទាំងតែ​កំពុង​បះបោរ ៖

  1. ការតម​អាហារ—ស្វែងយល់​បន្ថែម​អំពី​ការតម​អាហារ​ដោយ​ការស្រាវជ្រាវ ChurchofJesusChrist.orgកម្មវិធី​បណ្ណាល័យ​ដំណឹងល្អ សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ​វគ្គ​បទគម្ពីរ​ផ្សេងទៀត​ដូចជា ម៉ាកុស ៩:១៧–១៨, ២៥–២៩ ។ តើ​ការតម​អាហារ​អាច​ជួយ​អ្នក ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​យ៉ាង​ដូចម្តេច ? តើ​មាន​អ្នក​ផ្សេង​ទៀត​ដែល​អ្នក​អាច​អញ្ជើញ​ឲ្យ​ចូល​រួម​ជាមួយ​អ្នក​ក្នុង​ការតម​អាហារ​ដែរ​ឬ​ទេ ?

  2. ការថ្លែង​ទីបន្ទាល់—ប្រៀបធៀប​បទពិសោធន៍​របស់​អាលម៉ា​ដែល​បាន​ពិពណ៌នា​នៅក្នុង អាលម៉ា ៣៦:១៧–១៩ ទៅ​នឹង​បទពិសោធន៍​របស់ អេណុស នៅក្នុង អេណុស ១:១–៥ ។ សូម​សញ្ជឹង​គិត​ពី​សមត្ថភាព​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​រំឭក​មនុស្ស​អំពី​រឿង​ដែល​ពួកគេ​បាន​ឮ នៅពេល​ពួកគេ​ត្រូវការ​រឿង​នោះ ( សូម​មើល យ៉ូហាន ១៤:២៦ ) ។ ការណ៍​នេះ​អាច​ផ្ដល់​ឲ្យ​យើង​នូវ​ភាពក្លាហាន​ក្នុង​ការ​ចែកចាយ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ សូម្បី​តែ​ជាមួយ​នឹង​អ្នក​ដែល​ហាក់​ដូចជា​មិន​ទទួល​យក​ក៏​ដោយ ។ វា​ក៏​អាច​ជួយ​យើង​ឲ្យ​ចងចាំ​នូវ​រឿង​ដែល​យើង​ដឹង និង​ជឿ​អំពី​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​អាច​ត្រូវការ​រឿង​នោះ​បំផុត​ផងដែរ ។ តើ​អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​ដៃគូ​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​រៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន​ជាមួយ​នឹង​ការតម​អាហារ ឬ​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​រំឭក​ពួកគេ​អំពីរឿង​នានា នៅពេល​ពួកគេ​ត្រូវការ​រឿង​ទាំង​នោះ ។

សូម​ពិចារណា​បង្ហាញ​សំណួរ​ខាង​ក្រោម ហើយ​ផ្តល់​ពេល​វេលា​ដល់​សិស្ស​ដើម្បី​ឆ្លើយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ដំណើរ​រឿង​នេះ​អំពី​របៀប​ជួយ​អ្នក​ដែល​កំពុង​ពុះពារ​ខាង​វិញ្ញាណ ?

  • តើ​ដំបូន្មាន​អ្វី​ខ្លះ​ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​នរណា​ម្នាក់​ដែល​មាន​មនុស្ស​ជា​ទីស្រឡាញ់​មិន​ផ្លាស់ប្តូរ​ភ្លាមៗ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​មាន​តួនាទី​អ្វី​ខ្លះ​ក្នុង​ការជួយ​អ្នក​ដែល​យើង​ស្រឡាញ់ ? ហេតុអ្វី​អ្នក​អាច​ទុក​ចិត្ត​លើ​ទ្រង់​ដើម្បី​ជួយ​ពួកគេ ?

  • តើ​រឿង​ជាក់លាក់​អ្វី​ខ្លះ ដែល​អ្នក​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ ឬ​និយាយ​ដើម្បី​ជួយ​នរណា​ម្នាក់​ឲ្យ​ត្រឡប់​មក​រក​ព្រះអង្គ​សង្គ្រោះ​វិញ ?