« ម៉ូសាយ ២៥–២៨ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ២៥–២៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ២៥–២៨
ទិដ្ឋភាពទូទៅ
ក្នុងនាមជាសង្ឃជាន់ខ្ពស់ក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ អាលម៉ាបានទទួលការណែនាំពីព្រះអម្ចាស់ដើម្បីជួយអ្នកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។ ទាំងលោក និងស្ដេចម៉ូសាយបានជ្រាបដឹងពីការឈឺចាប់នៃការមើលឃើញសមាជិកគ្រួសារបះបោរប្រឆាំងនឹងព្រះអង្គសង្គ្រោះ ។ តាមរយៈសេចក្ដីមេត្តាករុណារបស់ព្រះគ្រីស្ទ ទីបំផុតលោក និងម៉ូសាយត្រូវបានប្រទានពរឲ្យមានអារម្មណ៍រីករាយពេលឃើញមនុស្សជាទីស្រឡាញ់ទាំងនេះប្រែចិត្ត ។ ព្រះអង្គសង្គ្រោះបានជួយអាលម៉ាជាកូន និងពួកបុត្រារបស់ ម៉ូសាយ ដែលត្រូវបានពិពណ៌នាថា ជា « មនុស្សអាក្រក់បំផុតក្នុងចំណោមមនុស្សដែលមានបាបទាំងឡាយ » ( ម៉ូសាយ ២៨:៤ ) ដើម្បីត្រូវបានផ្លាស់ប្តូរ « ទៅកាន់ស្ថានភាពនៃសេចក្ដីសុចរិតវិញ » ( ម៉ូសាយ ២៧:២៥ ) ។ បន្ទាប់ពីការប្រែចិត្តជឿរបស់ពួកទ្រង់ នោះពួកបុត្រារបស់ម៉ូសាយបានទៅផ្សាយដំណឹងល្អដល់ពួកសាសន៍លេមិន ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
ម៉ូសាយ ២៦
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យយល់ពីធម្មជាតិនៃសេចក្តីស្រឡាញ់ និងការអភ័យទោសរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងមូលហេតុដែលយើងគួរប្រែចិត្តពីអំពើបាបរបស់យើង ។
-
ការរៀបចំសិស្ស ៖ សូមឲ្យសិស្សសញ្ជឹងគិតអំពីសំណួរដែលពួកគេមានអំពីការប្រែចិត្ត ។ សូមលើកទឹកចិត្តពួកគេឲ្យអាន ម៉ូសាយ ២៦ ដោយស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ។
-
សំណៅចែក ៖ « កង្វល់អំពីការប្រែចិត្ត »
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាផ្ញើអ៊ីម៉ែល ឬផ្ញើសំណៅចែកជូនសិស្សរបស់អ្នកពីមុនចូលរៀន ។ ប្រសិនបើអ្នកកំពុងជ្រើសរើសកង្វល់មួយសម្រាប់ថ្នាក់ទាំងមូលដើម្បីសិក្សា សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរក្នុងប្រអប់ឈែតអំពីសំបុត្រនៃកង្វល់ដែលពួកគេចង់សិក្សា ។ វានឹងជួយអ្នកឲ្យដឹងពីអ្វីដែលសិស្សភាគច្រើនចង់រៀន ។ ប្រសិនបើសិស្សកំពុងជ្រើសរើសកង្វល់មួយរៀងៗខ្លួនដើម្បីសិក្សា សូមអនុញ្ញាតឲ្យពួកគេបញ្ចប់ការសិក្សារបស់ពួកគេ ហើយបន្ទាប់មកពិចារណាឲ្យពួកគេឲ្យសរសេរក្នុងប្រអប់ឈែតអំពីសំបុត្រនៃកង្វល់ដែលពួកគេបានសិក្សា ។ អាស្រ័យលើតម្រូវការរបស់ថ្នាក់ អ្នកអាចស្នើសុំឲ្យសិស្សដែលបានសិក្សាពីកង្វល់ដូចគ្នា ពិភាក្សាអំពីអ្វីដែលពួកគេបានរៀនជាមួយគ្នាទៅវិញទៅមក ។ ឬសម្រាប់ភាពចម្រុះ អ្នកអាចជ្រើសរើសសិស្សដែលបានសិក្សាពីកង្វល់ផ្សេងៗ ឲ្យពិភាក្សាអំពីអ្វីដែលពួកគេបានរៀនជាមួយគ្នាទៅវិញទៅមក ។
ម៉ូសាយ ២៧:១–២៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សស្វែងរកវិធីដើម្បីជួយអស់អ្នកដែលបដិសេធការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទឲ្យត្រឡប់មករកទ្រង់វិញ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យរៀបចំចែកចាយដំណើររឿងពីព្រះគម្ពីរដែលព្រះអម្ចាស់បានជួយនរណាម្នាក់ដែលវង្វេង ឬបះបោរដើម្បីផ្លាស់ប្តូរ ។
-
វីដេអូ ៖ « Alma the Younger Is Converted unto the Lord » ( ១១:៣២ សូមមើលពីនាទីទី ៣:០៦ ដល់នាទីទី ៦:៥៩ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដល់ចុងបញ្ចប់នៃមេរៀននេះ ដើម្បីជួយសិស្សសិក្សាទាំងការតមអាហារ ឬការថ្លែងទីបន្ទាល់ សូមពិចារណាដាក់ពួកគេជាក្រុមដោយប្រើមុខងារបំបែកក្រុម ។ សូមប្រាកដថា ត្រូវបង្ហាញសេចក្តីណែនាំសម្រាប់ការសិក្សាប្រធានបទណាមួយ កំណត់ពេលវេលា ( ឧទាហរណ៍ ប្រាំមួយនាទី ) ហើយជូនដំណឹងសិស្សថា ពួកគេនឹងចែកចាយអ្វីដែលពួកគេបានរៀននៅពេលដែលពួកគេត្រឡប់មកជាមួយគ្នាវិញក្នុងថ្នាក់ ។
ម៉ូសាយ ២៧:២៤–៣៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យប្រែចិត្ត ហើយបង្ហាញសេចក្តីជំនឿថា ព្រះអង្គសង្គ្រោះអាចផ្លាស់ប្តូរចិត្តរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីអ្វីៗនៅក្នុងធម្មជាតិដែលផ្លាស់ប្តូរយ៉ាងខ្លាំង ( ដូចជាដង្កូវនាងក្លាយជាមេអំបៅ ) ។ ពួកគេអាចថតរូបអ្វីមួយដើម្បីបង្ហាញដល់ថ្នាក់ ។
-
រូបភាព ដែលត្រូវបង្ហាញ ៖ រូបភាពដង្កូវនាង និងមេអំបៅ រូបភាពទេវតាបង្ហាញព្រះកាយដល់អាលម៉ាជាកូន រូបភាពព្រះយេស៊ូវគ្រីស្ទ
-
វីដេអូ ៖ « The Hope of God’s Light » ( ៦:៤៦ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញមជ្ឈិមវ័យម្នាក់ដែលបានប្រែចិត្តជឿចូលសាសនាចក្រឲ្យចូលរៀន ឬថតវីដេអូដែលពួកគេចែកចាយពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយពួកគេឲ្យផ្លាស់ប្តូរ ។ សូមប្រាកដថា ត្រូវទទួលបានការយល់ព្រមពីអ្នកសម្របសម្រួល និងអ្នកដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានរបស់អ្នក មុនពេលអញ្ជើញបុគ្គលនោះមក ។
ម៉ូសាយ ២៨
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សបង្កើនបំណងប្រាថ្នារបស់ពួកគេចែកចាយដំណឹងល្អ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យនិយាយជាមួយបុគ្គលម្នាក់ដែលពួកគេជឿថា បានប្រែចិត្តជឿយ៉ាងជ្រាលជ្រៅចំពោះដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើអ្វីបានជួយបុគ្គលនោះឲ្យស្ថិតនៅលើផ្លូវនៃការប្រែចិត្តជឿរបស់គាត់ ? អ្នកក៏អាចនឹងពិចារណាអញ្ជើញសិស្សវាយតម្លៃពីបំណងប្រាថ្នារបស់ពួកគេក្នុងការចែកចាយដំណឹងល្អផងដែរ ។
-
សម្ភារ ៖ អ្វីមួយ ( ឬរូបភាពអ្វីមួយ ) ដែលអ្នកស្រឡាញ់ខ្លាំង ដែលអ្នករីករាយនឹងចែកចាយវាជាមួយអ្នកដទៃ
-
វីដេអូ ៖ « Good Things to Share » ( ២:២១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ ដើម្បីចាប់ផ្ដើមមេរៀន សូមពិចារណាយក ឬបង្ហាញរូបភាពនៃអ្វីដែលអ្នកស្រឡាញ់ខ្លាំង រហូតដល់អ្នករីករាយក្នុងការចែកចាយវាជាមួយអ្នកដទៃ ។ សូមចែកចាយវាជាមួយសិស្សមុននឹងសួរពួកគេនូវសំណួរដំបូងនៅក្នុងមេរៀន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សយល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយពន្យល់គោលលទ្ធិទាំងនោះដល់អ្នកដទៃ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដោយរៀបចំខ្លួនដើម្បីចែកចាយពីគ្រាមួយ ដែលជីវិតរបស់ពួកគេបានទទួលពរ តាមរយៈនរណាម្នាក់ពន្យល់ព្រះគម្ពីរដល់ពួកគេ ឬនៅពេលដែលពួកគេអាចផ្តល់ពរដល់ជីវិតរបស់បុគ្គលផ្សេងទៀតដោយការប្រើ ឬការពន្យល់បទគម្ពីរ ។
-
វីដេអូ ៖ « Deepening Our Conversion to Jesus Christ » » ( ១០:០៥ សូមមើលពីនាទីទី ៦:៣៤ ដល់នាទីទី ៧:៣១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមបង្ហាញជំហានបីដើម្បីយល់ និងពន្យល់ពីសេចក្ដីពិតពីបទគម្ពីរ ។ សូមឲ្យសិស្សរៀបចំដើម្បីចែកចាយខគម្ពីរចំណេះចំណានខាងគោលលទ្ធិជាមួយអ្នកផ្សេងទៀតដោយប្រើជំហានទាំងនេះ ។ សូមពិចារណាបំបែកសិស្សដោយប្រើមុខងារបំបែកក្រុម ដើម្បីសម្តែងជាពន្យល់វគ្គចំណេះចំណានខាងគោលលទ្ធិដែលពួកគេបានជ្រើសរើស ។