ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២៦ ៖ « បើ​សិន​ជា​គេ​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន … ហើយ​ប្រែចិត្ត »


« ម៉ូសាយ ២៦ ៖ ‹ បើ​សិន​ជា​គេ​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន … ហើយ​ប្រែចិត្ត › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២៦

« បើ​សិន​ជា​គេ​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន … ហើយ​ប្រែចិត្ត »

យុវជន​ម្នាក់​កំពុង​និយាយ​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​គាត់ ។

តើ​ការប្រែចិត្ត​អាច​ជួយ​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​យើង​ត្រូវ​សារភាព​អំពើបាប​របស់​យើង ជា​ផ្នែក​មួយ​នៃ​ការប្រែចិត្ត​របស់​យើង ? ក្នុង​នាម​ជា​សង្ឃ​ជាន់​ខ្ពស់​ក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ អាលម៉ា​ចង់​ជួយ​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ។ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ច្បាស់លាស់​ដល់​លោក​អំពី​អ្វី​ដែល​លោក​គួរ​ធ្វើ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ធម្មជាតិ​នៃ​ការពេញ​ដោយ​ក្តីស្រឡាញ់ និង​ការអភ័យទោស​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​មូលហេតុ​ដែល​យើង​គួរ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ។

ស្រឡាញ់​មនុស្ស​ដែល​អ្នក​បង្រៀន ។តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អធិស្ឋាន​ឲ្យ​អ្នក​អាច​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់​នេះ​សម្រាប់​សិស្ស​របស់​អ្នក ហើយ​ស្វែងរក​ឱកាស​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​អ្នក​តាម​វិធី​សមរម្យ​ដូច​ដែល​អ្នក​បង្រៀន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​សំណួរ​ដែល​ពួកគេ​មាន​អំពី​ការប្រែចិត្ត ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អាន ម៉ូសាយ ២៦ ដោយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្នក​នឹង​ធ្វើ​អ្វី ?

សូម​ស្រមៃ​ថា អ្នក​បាន​ឮ​នរណា​ម្នាក់​និយាយ​អំពី​សំណួរ និង​កង្វល់​ខាង​ក្រោម​អំពី​ការប្រែចិត្ត ៖

សូម​ពិចារណា​សរសេរ​សេចក្តីថ្លែងការណ៍ និង​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​បង្រៀន ។

  • ខ្ញុំ​មិន​ប្រាកដ​ថា វា​មាន​តម្លៃ​ក្នុង​ការប្រែចិត្ត​នោះ​ទេ ។

  • ហេតុអ្វី​ខ្ញុំ​ត្រូវ​សារភាព​អំពើបាប​របស់​ខ្ញុំ ? ហេតុអ្វី​អំពើបាប​ខ្លះ​ចាំបាច់​ត្រូវ​សារភាព​ចំពោះ​ថ្នាក់​ដឹកនាំ​បព្វជិតភាព ?

  • ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើបាប​ច្រើន​ណាស់​រហូត​ដល់​ព្រះអម្ចាស់​មិន​អាច​អត់ទោស​ឲ្យ​ខ្ញុំ​បាន ។

សូម​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិតអំ​ពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ការប្រែចិត្ត ។ សកម្មភាព​ខាង​ក្រោម​គឺ​ជា​វិធី​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។

សូម​គិត​មួយ​សន្ទុះ ប្រសិនបើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​អាច​ទាក់ទង​នឹង​កង្វល់​ទាំង​នេះ ។

  • តើ​មាន​សំណួរ ឬ​កង្វល់​អ្វី​ទៀត​ដែល​នរណា​ម្នាក់​អាច​មាន​អំពី​ការប្រែចិត្ត ?

សូម​ពិចារណា​បន្ថែម​លើ​ក្ដារខៀន​នូវ​សំណួរ ឬ​កង្វល់​ទាំងឡាយ​ដែល​សិស្ស​លើក​ឡើង ។

សូម​សញ្ជឹង​គិត​ថា តើ​សំណួរ ឬ​កង្វល់​មួយ ឬ​ពីរ​ណា​ដែល​មាន​ន័យ​បំផុត​សម្រាប់​អ្នក ដើម្បី​ផ្តោតលើ​នៅពេល​អ្នក​សិក្សា​មេរៀន​នេះ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតា​សួគ៌ ដើម្បី​ជួយ​អ្នក​ស្វែងរក​ចម្លើយ និង​បង្កើន​ការយល់​ដឹង​របស់​អ្នក​អំពី​ការប្រែចិត្ត ។

បញ្ហា​នៅក្នុង​សាសនាចក្រ

បន្ទាប់​ពី​ព្រះអម្ចាស់​បាន​រំដោះ​អាលម៉ា និង​ប្រជាជន​របស់​លោក​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ នោះ​ពួកគេ​បាន​ចូលរួម​ជាមួយ​នឹង​ពួកសាសន៍​នីហ្វៃ និង​ប្រជាជន​លិមហៃ​នៅ​សារ៉ាហិមឡា ។ នៅ​ទីនោះ ស្តេច​ម៉ូសាយ​បាន​តែងតាំង​អាលម៉ា​ធ្វើ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ ។ មនុស្ស​មួយ​ចំនួន​នៅ​ក្រោម​ការដឹកនាំ​របស់​អាលម៉ា បាន​ប្រព្រឹត្ត​អំពើបាប​ធ្ងន់ធ្ងរ ហើយ​មិន​ប្រែចិត្ត ( សូម​មើល ម៉ូសាយ ២៦:១–៦ ) ។ ពួកគេ​ត្រូវបាន​នាំ​មក​ដាក់​នៅ​ចំពោះ​មុខ​អាលម៉ា ប៉ុន្តែ​អាលម៉ា​មាន​ការលំបាក​ដើម្បី​ដឹង​ពី​របៀប​ដោះស្រាយ ។

សូម​អាន ម៉ូសាយ ២៦:១៣–១៥, ១៩–២៤, ២៨–៣១ ហើយ​រកមើល​ការណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អាលម៉ា ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ ប្រសិនបើ​ពួកគេ​លើក​ឡើង​អំពី​គោលការណ៍​ផ្សេងៗ​នៃ​សេចក្តីពិត សូម​សរសេរ​គោលការណ៍​នោះ​នៅលើ​ក្ដារខៀន ។ ប្រសិនបើ​មាន​ប្រយោជន៍ សូម​ពិចារណា​សួរ​សំណួរ​មួយ​ចំនួន ឬ​ទាំងអស់​ដូច​ខាង​ក្រោម ៖

  • តើ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ប្រជាជន​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល និង​បាន​ការអភ័យទោស​ពី​ទ្រង់ ?

  • យោងតាម ខទី ២៣ ហេតុអ្វី​ព្រះអង្គ​សង្គ្រោះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការកំណត់​ថា នរណា​អាច​ត្រូវបាន​អភ័យទោស និង​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ?

  • តើ​អ្នក​បាន​រៀន​អ្វី​ទៀត​អំពី​ព្រះអម្ចាស់​ពី​ខ​គម្ពីរ​ទាំងនេះ ?

ប្រសិនបើ​យើង​ប្រែចិត្ត

អ្នក​ប្រហែល​បាន​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​សារភាព​អំពើបាប​របស់​យើង ហើយ​ប្រែចិត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​ព្រះអម្ចាស់​នឹង​អត់ទោស​ឲ្យ​យើង ។ជា​ញឹកញាប់​នៅពេល​ដែល​យើង​ប្រែចិត្ត ព្រះអម្ចាស់​នឹង​អត់ទោស​ឲ្យ​យើង ។

  • តើ​ការ​សារភាព​អំពើ​បាប​របស់​យើង​មាន​ន័យ​យ៉ាង​ណា ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ « [ ប្រែចិត្ត ] ដោយ​ស្មោះ​អស់​ពី​ចិត្ត [ របស់​អ្នក ] » ( ម៉ូសាយ ២៦:២៩ ) ?

  • តើ​ការដឹង​ពី​លក្ខណៈ​នៃ​ការអភ័យទោស​របស់​ព្រះអម្ចាស់​ជះ​ឥទ្ធិពល​លើ​ឥរិយាបថ​របស់​អ្នក​ចំពោះ​ការប្រែចិត្ត​យ៉ាង​ដូចម្ដេច ?

គោលការណ៍​ទាំង​នេះ​អាច​ជួយ​ដល់​សំណួរ និង​កង្វល់​អំពី​ការប្រែចិត្ត​នៅ​ខាង​ដើម​មេរៀន ។

សូម​ពិចារណា​ថា តើ​វា​ល្អ​បំផុត​ឬ ក្នុង​ការដោះស្រាយ​កង្វល់​ទាំង​បួន ឬ​ផ្តោត​លើ​កង្វល់​តែ​មួយ ឬ​ពីរ​ដែល​អាច​ពាក់ព័ន្ធ​បំផុត​ចំពោះ​សិស្ស​របស់​អ្នក ។ វា​ក៏​អាច​មាន​ប្រសិទ្ធភាព​ផងដែរ​ក្នុង​ការបំបែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ដាក់​ពួកគេ​ឲ្យ​ទទួល​ខុសត្រូវ​ក្នុង​ការរៀបចំ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ផ្សេងៗ ។

អ្នក​ក៏​អាច​អញ្ជើញ​ប៊ីស្សព ឬ​ប្រធាន​សាខា​បច្ចុប្បន្ន​របស់​អ្នក​ឲ្យ​ទៅ​លេង​ថ្នាក់​ដើម្បី​ឆ្លើយ​សំណួរ​អំពី​ការប្រែចិត្ត និង​ការអភ័យទោស ។

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤)—« ម៉ូសាយ ២៦ ៖ ‹ បើ​គាត់​សារភាព​បាប​របស់គាត់ … និង​ប្រែចិត្ត › »

ការព្រួយបារម្ភ ក

ខ្ញុំ​មិន​ប្រាកដ​ថា​វា​មាន​តម្លៃ​ក្នុង​ការប្រែចិត្ត​នោះ​ទេ ។

  • តើ​បទគម្ពីរ និង​គោលការណ៍​អ្វី​ខ្លះ​មក​ពី ម៉ូសាយ ២៦ ឬ​បទគម្ពីរ​ផ្សេង​ទៀត ដែល​អ្នក​អាច​ចែកចាយ ដែល​អាច​ជួយ​ដល់​កង្វល់​នេះ ?

ប្រសិនបើ​មាន​ប្រយោជន៍ សូម​ពិចារណា​ឲ្យ​សិស្ស​រំឭក ម៉ូសាយ ២៦:២៣, ២៩–៣០ ក៏​ដូចជា​ការអាន​ខគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម ៖ នីហ្វៃ​ទី២ ៩:២៣; នីហ្វៃ​ទី៣ ៩:២២; នីហ្វៃ​ទី៣ ២៧:១៩–២០; គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១២; ១៩:១៥–២០; ៥៨:៤២–៤៣ ។

សូម​ចាំថា អាលម៉ា​ខ្លួន​ឯង​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ​ពី​មុន​ក្នុង​ជីវិត​របស់​លោក ហើយ​បាន​ប្រែចិត្ត ហើយ​បាន​ទទួល​ការអភ័យទោស​តាមរយៈ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល ម៉ូសាយ ១១:៥–៧; ១៨:១–៣; ២៦:១៥, ២០ ) ។

  • តើ​អ្នក​គិត​ថា អាលម៉ា​អាច​ចែកចាយ​អ្វី​ជាមួយ​បុគ្គល​ម្នាក់​ដែល​មាន​កង្វល់​នេះ ?

សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក ឬ​បុគ្គល​ដែល​អ្នក​ស្គាល់​បាន​ជួប​ប្រទះ ពេល​អ្នក​បាន​ងាក​មក​រក​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការប្រែចិត្ត ។

ការព្រួយបារម្ភ ខ

ហេតុអ្វី​ខ្ញុំ​ត្រូវ​សារភាព​អំពើបាប​របស់​ខ្ញុំ ? ហេតុអ្វី​អំពើបាប​ខ្លះ​ចាំបាច់​ត្រូវ​សារភាព​ចំពោះ​ថ្នាក់​ដឹកនាំ​បព្វជិតភាព ?

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​អាលម៉ា​ថា អស់​អ្នក​ដែល​បាន​ធ្វើ​បាប​ត្រូវ « ទទួល​សារភាព​នូវ​អំពើបាប​ទាំងឡាយ​របស់​ខ្លួន​ចំពោះ​អ្នក [ អាលម៉ា​អ្នក​ដឹកនាំ​បព្វជិតភាព​របស់​ពួកគេ ] និង​ចំពោះ​យើង​គឺ [ ព្រះអម្ចាស់ ] » ( ម៉ូសាយ ២៦:២៩ ) ។

  • ដោយសារ​ព្រះអម្ចាស់​ជ្រាប​ពី​អំពើបាប​របស់​យើង​រួច​ហើយ ហេតុអ្វី​វា​សំខាន់​ដែល​យើង​ត្រូវសារភាព​ចំពោះ​ទ្រង់ ? តើ​វា​នឹង​ផ្តល់​ពរជ័យ​ដល់​ជីវិត​យើង​យ៉ាង​ណា ?

យោបល់​មួយ​ចំនួន​អាច​រួម​បញ្ចូល​ថា វា​ជួយ​យើង​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​យើង បង្កើន​ភាពរាបទាប​របស់​យើង និង​ពង្រឹង​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះអម្ចាស់ នៅពេល​យើង​សុំ និង​ទទួល​ការអភ័យទោស ។

សូម​អាន​សេចក្តីថ្លែង​ការណ៍​ខាង​ក្រោម​ពី​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន និង អែលឌើរ ស៊ី. ស្កត ហ្គ្រូ អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​ពួក​ចិតសិប​នាក់ ហើយ​រកមើល​ការយល់​ដឹង​អំពី​ពេលវេលា និង​មូលហេតុ​ដែល​យើង​គួរ​សារភាព​ចំពោះ​ប៊ីស្សព ឬ​ប្រធាន​សាខា ។

ប៊ីស្សព​របស់​អ្នក​កាន់​កូន​សោ​បព្វជិតភាព និង​អំណោយទាន​ខាង​វិញ្ញាណ​ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត ។ អ្នក​អាច​ស្វែងរក​ជំនួយ និង​ដំបូន្មាន​របស់​លោក​នៅ​គ្រប់​ពេល​វេលា​បាន ។ ប្រសិនបើ​អ្នក​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ដូចជា​ការប្រព្រឹត្តិ​ខុស​ច្បាប់​ព្រហ្មចារីយភាព សូម​ជួប​ជាមួយ​ប៊ីស្សព​របស់​អ្នក ។ លោក​មិន​ដាក់​ទោស​អ្នក​ឡើយ ។ លោក​គឺ​ជា​អ្នក​តំណាង​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ប្រែចិត្ត​យ៉ាង​ពេញលេញ និង​ទទួល​បាន​ការព្យាបាល និង​ការពង្រឹង​ពី​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ ។ ( ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ ៨ )

ប៊ីស្សព​មាន​សិទ្ធិ​ទទួល​វិវរណៈ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ស្ដី​ពី​សមាជិក​ក្នុង​វួដ​របស់​លោក រួមទាំង​អ្នក​ផងដែរ ។… [ លោក ] អាច​ជួយ​អ្នក​ឲ្យ​ឆ្លងកាត់​ដំណើរ​ការប្រែចិត្ត​តាម​របៀប​ដែល​ឪពុក​ម្តាយ​របស់​អ្នក ឬ​អ្នក​ដឹកនាំ​ផ្សេង​ទៀត​មិន​អាច​ផ្ដល់​ឲ្យ​បាន ។ …

[ ប្រសិនបើ​យើង​មិន​សារភាព​ទេ នោះ​យើង ] រែក​បន្ទុក​នៃ​អំពើបាប​តែ​ម្នាក់​ឯង ជា​ជាង​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ដក​បន្ទុក​នោះ​ចេញ ។ ( ស៊ី. ស្កត ហ្គ្រូ « Why and What Do I Need to Confess to My Bishop? » New Era ខែ តុលា ឆ្នាំ ២០១៣ ទំព័រ ២៨–២៩ )

  • តើ​សេចក្តីថ្លែង​ការណ៍​នេះ​អាច​ជួយ​នរណា​ម្នាក់​ដែល​មាន​កង្វល់​អំពី​ការ​សារភាព​ចំពោះ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

ការព្រួយបារម្ភ គ

ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើបាប​ច្រើន​ណាស់ រហូត​ដល់​ព្រះអម្ចាស់​មិន​អាច​អត់ទោស​ឲ្យ​ខ្ញុំ​បាន ។

ឧទាហរណ៍​ខ្លះ​អាច​រួម​បញ្ចូល​អំពី​ស្ត្រី​ដែល​លាង​ព្រះ​បាត​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ទឹក​ភ្នែក​របស់​នាង ( សូម​មើល លូកា ៧:៣៦–៥០ ) រឿង​ប្រដូច​អំពី​កូន​ប្រុស​ខ្ជះខ្ជាយ ( សូម​មើល លូកា ១៥:១១–៣២ ) និង​ការអភ័យ​ទោស​របស់​ព្រះអម្ចាស់​ចំពោះ​ប៉ុល ( សូម​មើល ធីម៉ូថេ ទី១ ១:១៥–១៦ ) ។

ការព្រួយបារម្ភ ឃ

ជម្រើស​របស់​អ្នក

សូម​គិត​អំពី​កង្វល់​ជាក់ស្តែង​មួយ​ទៀត ឬ​សំណួរ​ដែល​នរណា​ម្នាក់​អាច​មាន​អំពី​ការប្រែចិត្ត ។ សូម​សិក្សា « ការប្រែចិត្ត » ឬ « ការ​សារភាព » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ដោយ​ស្វែងរក​សេចក្តីពិត​ទាំងឡាយ​ដែល​អាច​ជួយ​បាន ។ អ្នក​ក៏​អាច​រំឭក​បទគម្ពីរ​ដែល​ទាក់ទង​នឹង « ការប្រែចិត្ត » ឬ « ការ​សារភាព » នៅក្នុង​Topical Guide ( ChurchofJesusChrist.org ) ។, វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការសិក្សា « ការប្រែចិត្ត » នៅក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ហើយ​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអម្ចាស់ ដែល​អាច​នឹង​ជួយ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​របៀប​ដែល​វា​អាច​នឹង​ជួយ​នរណា​ម្នាក់​ដែល​មាន​សំណួរ ឬ​កង្វល់​នោះ ។ សូម​រកមើល​វិធី​ដើម្បី​គូស​បញ្ជាក់​អំពី​សេចក្ដីស្រឡាញ់ និង​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​ក្នុង​ការ​អត់ទោស​ឲ្យ​យើង នៅពេល​យើង​ប្រែចិត្ត ។

តើ​មាន​អ្វី​កើត​ឡើង ?

សូម​អាន ម៉ូសាយ ២៦:៣៤–៣៧ ដោយ​រកមើល​អ្វី​ដែល​បាន​កើត​ឡើង នៅពេល​អាលម៉ា​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ ។

សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក​នូវ​អ្វី​ដែល​អ្នកអាច​ចង់​ចងចាំ ឬ​ធ្វើ ដោយសារ​មេរៀន​នេះ ។ ការឆ្លុះ​បញ្ចាំង​នេះ​អាច​រួម​បញ្ចូល​ពី​របៀប​ដែល​អ្នក​ចង់​ចងចាំ​ពី​ព្រះ​ឆន្ទៈ​របស់​ព្រះអម្ចាស់​ក្នុង​ការ​អត់ទោស ឬ​របៀប​ដែល​អ្នក​អាច​ចង់​ព្យាយាម​សារភាព និង​ប្រែចិត្ត​ពី​អំពើបាប​របស់​អ្នក​ផ្ទាល់ ។

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង​មេរៀន​នេះ ។