« អាលម៉ា ៥:១–៣២ ៖ សំណួររបស់អាលម៉ាសម្រាប់ស្វ័យវាយតម្លៃ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៥:១–៣២ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៥:១–៣២
សំណួររបស់អាលម៉ាសម្រាប់ស្វ័យវាយតម្លៃ
គ្រានៃស្វ័យវាយតម្លៃអាចជួយយើងមើលឃើញភាពរឹងមាំនៃទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ ។ ដោយបានដឹងពីរបៀបដែលសេចក្តីឆ្មើងឆ្មៃ និងការទាស់ទែងគ្នាបានក្លាយជាផ្នែកមួយនៃសាសនាចក្រ នោះអាលម៉ាបានសួរឲ្យសមាជិកសាសនាចក្រនៅ សារ៉ាហិមឡា នូវសំណុំសំណួរដែលបានលើកទឹកចិត្តពួកគេឲ្យពិចារណាពីការផ្ដោតលើដួងចិត្ត និងការយល់ដឹងរបស់ពួកគេចំពោះព្រះភ័ក្រ្ដរបស់ព្រះ ។ គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកវាយតម្លៃវការរីកចម្រើនខាងវិញ្ញាណ និងការពង្រឹងការប្រែចិត្តជឿរបស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្វ័យវាយតម្លៃ
សូមគិតអំពីឱកាសដែលអ្នកបានទទួលការសម្ភាសពីនរណាម្នាក់ រួមមានការសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ការសម្ភាសន៍ប្រចាំឆ្នាំជាមួយប៊ីស្សព ឬប្រធានសាខា និងការសម្ភាសន៍ការងារ ។
-
តើការសម្ភាសន៍មានគោលបំណងអ្វី ?
-
តើអ្នកអាចសម្ភាសន៍ជាមួយខ្លួនអ្នកដោយរបៀបណា ?
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយអត្ថប្រយោជន៍មួយចំនួននៃការឆ្លៀតពេលវាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់យើងជាប្រចាំ ។ អ្នកប្រហែលជាចង់មើលវីដេអូ « Return and Receive » ដែលមាននៅ ChurchofJesusChrist.orgចាប់ពីនាទីទី ៨:១៤ ដល់នាទីទី ៨:៥៨ ឬអានអត្ថបទខាងក្រោម ។
ខ្ញុំបានឃើញថា ដើម្បីបន្តផ្តោតលើ ការត្រឡប់ទៅវិញ [ ទៅកាន់ទីវត្តមានរបស់ព្រះ ] និង ការទទួល ពរជ័យដែលបានសន្យា នោះខ្ញុំត្រូវតែចំណាយពេលជាទៀងទាត់សួរខ្លួនខ្ញុំថា « តើខ្ញុំធ្វើបានប៉ុនណាហើយ ? »
វាដូចជាការសម្ភាសន៍ផ្ទាល់ខ្លួន ជាឯកជនមួយជាមួយខ្លួនឯង ។ ហើយប្រសិនបើវាស្ដាប់ទៅដូចជាចម្លែកនោះ ចូរគិតអំពីសំណួរនេះ ៖ តើមាននរណានៅក្នុងលោកនេះ ដែលស្គាល់អ្នកច្បាស់ជាងខ្លួនឯងនោះ ? អ្នកស្គាល់គំនិត សកម្មភាពឯកជន បំណងប្រាថ្នា និងក្តីសុបិន គោលដៅ និងផែនការខ្លួនឯង ។ ហើយអ្នកស្គាល់ពីរបៀបដែលអ្នករីកចម្រើននៅលើផ្លូវនៃការត្រឡប់ទៅវិញ និងការទទួលជាងនរណាៗទាំងអស់ ។ ( អិម រ័សុល បាឡឺដ « Return and Receive » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៤ )
សូមគិតអំពីភាពញឹកញាប់ដែលអ្នកចំណាយពេលដើម្បីវាយតម្លៃលើការរីកចម្រើនខាងវិញ្ញាណរបស់អ្នក ។
-
តើមានអត្ថប្រយោជន៍អ្វីខ្លះអាចបានមកពីការធ្វើកិច្ចការនេះជាប្រចាំ ?
ជំនាញដែលអ្នកអាចប្រើបាននៅពេលសិក្សាព្រះគម្ពីររបស់អ្នក គឺត្រូវចំណាយពេលដើម្បីផ្អាក និងវាយតម្លៃថា តើអ្នកកំពុងរស់នៅតាមការបង្រៀន ឬគោលការណ៍ដែលអ្នកកំពុងសិក្សាបានល្អកម្រិតណា ។ ថ្ងៃនេះ អ្នកនឹងមានឱកាសអនុវត្តជំនាញនោះនៅពេលអ្នកសិក្សា អាលម៉ា ៥ ។ ជំពូកនេះមានសំណួរជាច្រើនដែលអាលម៉ាបានសួរប្រជាជនរបស់លោក ។ អ្នកក៏អាចសួរខ្លួនឯងនូវសំណួរទាំងនេះ ដើម្បីវាយតម្លៃលើការរីកចម្រើនខាងវិញ្ញាណរបស់អ្នកផងដែរ ។ នៅពេលអ្នកសិក្សា សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ ដើម្បីជួយអ្នកឲ្យដឹងពីអ្វីដែលអ្នកកំពុងធ្វើបានល្អ និងរបៀបដែលទ្រង់នឹងធ្វើឲ្យអ្នកបានប្រសើរឡើង ។
អាលម៉ាផ្សព្វផ្សាយដល់ប្រជាជនសារ៉ាហិមឡា
សូមចាំថា បន្ទាប់ពីបានឃើញសេចក្តីឆ្មើងឆ្មៃ និងភាពលោភលន់ក្នុងចំណោមប្រជាជនរបស់លោក អាលម៉ាបានចុះចេញពីតំណែងជាមេចៅក្រមនៃសាសន៍នីហ្វៃ ដើម្បីពលីខ្លួនរបស់លោកកាន់តែពេញលេញក្នុងការផ្សាយព្រះបន្ទូលរបស់ព្រះ ( សូមមើល អាលម៉ា ៤:១៩ ) ។
អាលម៉ាបានចាប់ផ្ដើមការផ្សព្វផ្សាយរបស់លោកនៅលើដែនដីសារ៉ាហិមឡា ។ លោកបានរំឭកប្រជាជនទាំងនេះអំពីការជាប់ឃុំឃាំងខាងវិញ្ញាណ និងខាងរូបកាយដែលសាសន៍នីហ្វៃបានឆ្លងកាត់ក្នុងសម័យរបស់ស្ដេចណូអេ ( សូមមើល អាលម៉ា ៥:៣–៥ ) ។
សូមអាន អាលម៉ា ៥:៦–១៣ ដោយរកមើលអ្វីដែលអាលម៉ាចង់ឲ្យប្រជាជនរបស់លោកចងចាំអំពីជំនាន់មុនរបស់សាសន៍នីហ្វៃ ។
-
ហេតុអ្វីអ្នកគិតថា អាលម៉ាចង់ឲ្យប្រជាជនរបស់លោកចងចាំរឿងទាំងនេះ ?
-
តើអាលម៉ា ចង់ឲ្យប្រជាជនរបស់លោកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង ខទី ៧ ?
សូមអាន អាលម៉ា ៥:១៤, ២៦ ដោយរកមើលសំណួរដែលអាលម៉ាបានសួរប្រជាជនរបស់លោក បន្ទាប់ពីបានរំឭកពួកគេអំពីមរតកខាងវិញ្ញាណរបស់ពួកគេមក ។
-
តើអ្នកគិតថា អាលម៉ាចង់ឲ្យប្រជាជនរបស់លោកយល់យ៉ាងណាតាមរយៈការសួរសំណួរទាំងនេះដល់ពួកគេ ?
-
តើអ្នកគិតថា ការសួរខ្លួនឯងដូចសំណួរដែលដកចេញពី ខទី ១៤ និង ២៦ អាចជះឥទ្ធិពលលើជីវិតរបស់អ្នកដោយរបៀបណា ?
ការប្រើប្រាស់ការបង្រៀនរបស់អាលម៉ាដើម្បីធ្វើស្វ័យវាយតម្លៃ
សូមចំណាយពេលដើម្បីសិក្សាពាក្យរបស់អាលម៉ាដែលថ្លែងទៅកាន់ប្រជាជនសារ៉ាហិមឡានៅក្នុង អាលម៉ា ៥:១៤–៣០ ហើយសញ្ជឹងគិតថា តើអ្នកមាន ឬកំពុងដកពិសោធការផ្លាស់ប្តូរដែលអាលម៉ាបានពិពណ៌នាដែរឬទេ ។ នៅពេលអ្នកសិក្សា សូមធ្វើស្វ័យវាយតម្លៃផ្ទាល់ខ្លួន ដោយប្រើសំណួរមួយចំនួន ឬទាំងអស់ដែលអាលម៉ាបានសួរនៅក្នុងខគម្ពីរទាំងនេះ ។ នេះគឺជាវិធីមួយចំនួនដែលអ្នកអាចធ្វើកិច្ចការនេះបាន ។
-
សូមផ្អាក ហើយគិតពិចារណារៀងរាល់ពីរទៅបីខគម្ពីរ ដោយវាយតម្លៃពីរបៀបដែលសំណួររបស់អាលម៉ានៅក្នុងខគម្ពីរទាំងនោះទាក់ទងនឹងជីវិតរបស់អ្នក ។
-
សូមជ្រើសរើសសំណួរមួយចំនួនរបស់អាលម៉ាដែលអ្នកមានអារម្មណ៍ថា មានអត្ថន័យ និងទាក់ទងនឹងអ្នកបំផុត ។ សូមសរសេរសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយកត់ត្រាការឆ្លើយតបរបស់អ្នកទៅនឹងសំណួរនីមួយៗក៏ដូចជាគំនិត ឬចំណាប់អារម្មណ៍ផ្សេងទៀតដែលអ្នកអាចមានផងដែរ ។
-
បន្ទាប់ពីរកឃើញសំណួរដែលអាលម៉ាបានសួរក្នុងខគម្ពីរទាំងនេះហើយ សូមបង្កើតសំណួរពីរ ឬបីដែលអ្នកអាចប្រើ ដើម្បីវាយតម្លៃលើការរីកចម្រើនខាងវិញ្ញាណរបស់អ្នកផ្ទាល់ ។ សូមកត់ត្រាការឆ្លើយតបរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើសំណួររបស់អាលម៉ាមួយណាដែលអ្នកមានអារម្មណ៍ថាមានអត្ថន័យបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើពាក្យ ឬឃ្លាអ្វីដែលអ្នកបានរកឃើញពីខគម្ពីរទាំងនេះ ដែលអាចផ្ដល់បំណងប្រាថ្នា និងលើកទឹកចិត្តអ្នកឲ្យប្រែចិត្ត ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះ និងព្រះរាជបំណងរបស់ទ្រង់សម្រាប់អ្នកពីអ្វីដែលអ្នកបានសិក្សា ?
សូមគិតអំពីអ្វីដែលអ្នកបានរៀន ឬទទួលអារម្មណ៍នៅថ្ងៃនេះ ពេលអ្នកបានប្រើពាក្យរបស់អាលម៉ា ដើម្បីវាយតម្លៃលើការរីកចម្រើនខាងវិញ្ញាណរបស់អ្នក ។ សូមរកមើលកិច្ចការមួយ ឬពីរដែលអ្នកចង់កែលម្អ ជាលទ្ធផលនៃអ្វីដែលអ្នកបានសិក្សា ។ សូមគិតអំពីអ្វីដែលអ្នកនឹងចាប់ផ្តើមធ្វើនៅថ្ងៃនេះ តើឧបសគ្គអ្វីខ្លះដែលអ្នកអាចជួបប្រទះ និងរបៀបដែលអ្នកអាចស្វែងរកជំនួយពីព្រះក្នុងការយកឈ្នះលើឧបសគ្គរបស់អ្នក ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។