ថ្នាក់​សិក្ខាសាលា
អាលម៉ា ៥–៧ ៖ ទិដ្ឋភាពទូទៅ


« អាលម៉ា ៥–៧ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៥–៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ៥–៧

ទិដ្ឋភាព​ទូទៅ

អាលម៉ា​បានសួរ​សមាជិក​សាសនាចក្រ​នៅ​សារ៉ាហិមឡា នូវ​សំណួរ​ជាបន្តបន្ទាប់​ដែល​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត​លើ​ការផ្តោតចិត្ត​របស់​ពួកគេ និង​ការឈរ​នៅ​ចំពោះ​មុខ​ព្រះ ។ លោក​បានអញ្ជើញ​ពួកគេ​ឲ្យ​មករក​ព្រះគ្រីស្ទ​ដោយ​ប្រើ​ការស្រមៃ​ដ៏​ទន់ភ្លន់​ដូចជា « ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា [ របស់ទ្រង់ ] បាន​លាតសន្ធឹង​មក » ( អាលម៉ា ៥:៣៣ ) « ចូរ​ប្រែចិត្ត​ចុះ នោះ​យើង​នឹង​ទទួល​អ្នក » ( អាលម៉ា ៥:៣៣ ) ហើយ « អ្នក​គង្វាល​ល្អ​នឹង​ស្រែកហៅ​អ្នក » ( អាលម៉ា ៥:៣៨ ) ។ លោក​បានបង្រៀន​ថា​ព្រះ​អង្គសង្គ្រោះបាន​ស្ម័គ្រព្រះទ័យ​រងទុក្ខ​គ្រប់យ៉ាង​សម្រាប់​យើង « ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១២ ) ។ លោក​ក៏​បានបង្រៀន​ពី​របៀប​ដើម្បី​បន្ត​លើ « ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ » ( អាលម៉ា ៧:១៩ ) ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់ជា​គំនិត​ដល់​គ្រូបង្រៀន​អំពី​អ្វី​ដែល​អាច​ត្រូវរៀបចំទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

អាលម៉ា ៥:១–៣២

គោលបំណង​មេរៀន ៖ គោលបំណង​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ និង​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ត្រួសៗ អាលម៉ា ៥ ហើយ​គូស​សញ្ញាសួរ​ទាំងអស់​នៅ​ក្នុង​ជំពូកនេះ ។ សិស្ស​ក៏​អាច​សួរ​ខ្លួនឯង​នូវ​សំណួរ​មួយចំនួន​ដែល​អាលម៉ា​បាន​សួរ​ប្រជាជន​របស់​លោក​នៅ​ក្នុង​ជំពូកនេះផង​ដែរ ។

  • វីដេអូ ៖ « Return and Receive » ( ១៦:១០ សូម​មើល​ពី​នាទី​ទី ៨:១៤ ដល់​នាទី​ទី ៨:៥៨ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ គោលបំណង​សំខាន់​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ឲ្យ​សិស្ស​អាន និង​ពិចារណា​លើ​សំណួរ​មួយចំនួន​អំពី អាលម៉ា ៥ ។ របៀប​មួយ​ក្នុង​ការធ្វើ​បែបនេះ​គឺ​ទុក​ពេល​ឲ្យ​សិស្ស​បិទមីក្រូហ្វូន និង​កាមេរ៉ា សិក្សា គិតពិចារណា និង​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំងនេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការអនុញ្ញាតឲ្យ​ពួកគេ​ដឹងថា នៅ​ពេល​ពួកគេ​មានពេល​នៅ​សល់​ពីរនាទី ហើយ​បន្ទាប់មក​នៅ​ពេល​ពួកគេ​នៅ​សល់ ៣០ វិនាទី ។

អាលម៉ា ៥:៣៣–៦២

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្សឲ្យ​ខិតខំ​មករក​ព្រះ​យេស៊ូ​វគ្រីស្ទ ហើយ​ទទួលបាន​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ដល់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា អាលម៉ា ៥:៣៣–៣៤ ហើយ​មក​រៀន​ដោយ​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ព្រះ​អង្គសង្គ្រោះពី​ខគម្ពីរ​ទាំងនេះ ។

  • រូបភាព ៖ រូបភាព​មួយចំនួន​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​សម្រាប់​សិស្ស​មើល រូបភាព​​ព្រះ​យេស៊ូវ​គ្រីស្ទ​ពីរ​បី​ដែល​លាត​សន្ធឹង​ព្រះ​ពាហុ​របស់​ទ្រង់

  • វីដេអូ ៖ « Hearts Knit Together » ( ១៥:១០ សូមមើល​ពី​នាទី​ទី ១៣:៥៦ ដល់​នាទី​ទី ១៤:៥១ )

អាលម៉ា ៧:១–១៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ពឹងផ្អែក​លើ និង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​​ព្រះ​អង្គសង្គ្រោះ​របស់​ពួកគេ​កាន់តែ​ខ្លាំង ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា អាលម៉ា ៧:១១–១៣ ហើយ​រកមើល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​អ្វី​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទបាន​រងទុក្ខ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ និង​មូលហេតុ​ដែល​ទ្រង់​បាន​រងទុក្ខ​ចំពោះ​រឿង​ទាំងនេះ ។

  • មាតិកា ដែល​ត្រូវ​បង្ហាញ ៖ តារាង​អំពី​ការ​រងទុក្ខ​របស់​ព្រះ​អង្គសង្គ្រោះ​ដែល​បង្ហាញ ឬ​ចម្លង​ដាក់​លើ​ក្ដារខៀន ដើម្បី​សិស្ស​អាច​ចម្លង​ចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ

  • វីដេអូ ៖ « Strengthened by the Atonement of Jesus Christ » ( ១៥:៥៤ សូមមើល​ពី​នាទី​ទី ៣:១៣ ដល់​នាទី​ទី ៤:០១ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើ​ក្ដារខៀន​ឌីជីថល ឬ​ឯកសារ​ចែកចាយ​​ដើម្បី​អនុញ្ញាតឲ្យ​សិស្ស​បំពេញ​តារាង​ជាមួយ​គ្នា ។

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរគន្លឹះ​សម្រាប់ អាលម៉ា ៧:១១–១៣ ពន្យល់​ពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅ​ក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​ឲ្យ​សិស្ស​សញ្ជឹងគិត​ដោយ​ការអធិស្ឋាន នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ទទួល​បាន​ជំនួយ និង​កម្លាំង​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​វាយបញ្ចូល​ក្នុង​ឈែត ចេញពី​ការចងចាំ​ឲ្យ​អស់ពី​លទ្ធភាព​របស់​ពួកគេ ។ បន្ទាប់មក​រំឭក​សេចក្តី​យោង និង​ឃ្លា​នេះ​ពីរបីដង ហើយ​ឲ្យ​សិស្ស​វាយបញ្ចូល​សេចក្ដីយោង និង​ឃ្លា​នេះ​ទៅ​ក្នុង​ឈែត​ម្ដងទៀត ដើម្បី​មើល​ថា​តើ​ពួកគេ​ចងចាំ​បាន​ប៉ុន្មាន​ថែមទៀត ។ បន្ត​ធ្វើ​បែប​នេះ​រហូត​ដល់​សិស្ស​ភាគច្រើន​អាច​សូត្រ​សេចក្តីយោង និង​ឃ្លា​ទាំងនេះ​បានត្រឹមត្រូវ​ចេញពី​ការចងចាំ ។

អាលម៉ា ៧:១៤–២៧

គោលបំណង​មេរៀន ៖ មេរៀន​នេះមាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ខិតខំ ដើម្បី​ទទួលបាន​នូវ​លក្ខណៈដូចជា​ព្រះគ្រីស្ទ នៅ​ពេល​ពួកគេ​ដើរតាម​ផ្លូវ​ដែល​នាំទៅរក​ព្រះ​វិញ ។

  • ការរៀបចំ​សិស្ស ៖ សូម​ឲ្យ​សិស្ស​គិត​អំពី​លក្ខណៈដូចជា​ព្រះគ្រីស្ទ​ដែល​ពួកគេ​ចង់​អភិវឌ្ឍ​ឲ្យ​កាន់តែ​ពេញលេញ ហើយ​មករៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​ហេតុផល​នោះ ។

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើ​សកម្មភាព​បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នៅ​ចុងបញ្ចប់​នៃ​មេរៀន

  • រូបភាព ៖ ផ្លូវមួយ ដែល​តំណាង​ឲ្យ​ផ្លូវ​ដែល​នាំទៅ​ដល់​នគរ​ព្រះ រូបភាព​ផ្សេងៗ​របស់ព្រះ​យេស៊ូវគ្រីស្ទ

  • វីដេអូ ៖ « Daily Restoration » ( ១៣:៤៣ សូមមើល​ពី​នាទី​ទី ១:៤០ ដល់​នាទី​ទី ៣:២៥ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ប្រើប្រាស់​មុខងារ​ក្តារខៀន​នៅ​ក្នុង​កម្មវិធី​សន្នីសីទ​វីដេអូ​របស់​អ្នក ។ សូម​ដាក់​រូបផ្លូវ​នៅ​លើ​វា ហើយ​អញ្ជើញសិស្ស​ឲ្យ​សរសេរ​សកម្មភាព​គុណលក្ខណៈ និង​អាកប្បកិរិយា​ជុំវិញ​រូបភាព​នោះ ក្នុង​អំឡុង​មេរៀន​ដូច​ដែល​បានណែនាំ ។