« អាលម៉ា ៧:១–១៣ ៖ ដើម្បីទ្រង់អាចជួយរាស្ត្ររបស់ទ្រង់ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៧:១–១៣ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៧:១–១៣
ដើម្បីទ្រង់អាចជួយរាស្ត្ររបស់ទ្រង់
កិច្ចការ និងសិរីល្អរបស់ទ្រង់គឺដើម្បី « នាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ដើម្បីសម្រេចកិច្ចការនេះ ទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ មករងទុក្ខសម្រាប់អំពើបាបរបស់យើង ហើយយកឈ្នះលើសេចក្តីស្លាប់តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានស្ម័គ្រព្រះទ័យរងទុក្ខគ្រប់យ៉ាងសម្រាប់យើង « ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១២ ) ។ មេរៀននេះអាចជួយអ្នកពឹងផ្អែក និងមានអារម្មណ៍ស្រឡាញ់ព្រះអង្គសង្គ្រោះរបស់អ្នកកាន់តែខ្លាំង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការណ៍ដែលសំខាន់បំផុត
សូមបង្កើតបញ្ជីនៃអ្វីដែលអ្នកចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់បំផុតមួយចំនួននៅក្នុងប្រវត្តិសាស្ត្រពិភពលោក ហើយបន្ទាប់មកចាត់ចំណាត់ថ្នាក់វាតាមលំដាប់លំដោយពីសំខាន់បំផុតទៅមិនសូវសំខាន់ ។
-
តើអ្វីដែលធ្វើឲ្យព្រឹត្តិការណ៍មួយអស្ចារ្យ ឬសំខាន់ ?
-
ហេតុអ្វីការចាត់ចំណាត់ថ្នាក់វាតាមលំដាប់នៃសារៈសំខាន់ពិបាកធ្វើ ?
នៅពេលអាលម៉ាបាននិយាយទៅកាន់ប្រជាជននៅដែនដីគេឌាន លោកបានព្យាករថា ទោះបីជា « នឹងមានការណ៍ជាច្រើនកើតឡើងក្នុងពេលអនាគត … មានរឿងមួយដែលសំខាន់ » ជាងរឿងទាំងអស់ ( អាលម៉ា ៧:៧ ) ។
សូមអាន អាលម៉ា ៧:៧ ដោយរកមើលព្រឹត្តិការណ៍សំខាន់បំផុតនេះ ។ សូមពិចារណាគូសចំណាំអ្វីដែលអ្នករកឃើញ ។
-
ហេតុអ្វីអ្នកគិតថា ការយាងមករបស់ព្រះអង្គសង្គ្រោះគឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតគ្រប់ពេល ?
បន្ទាប់ពីអាលម៉ាបាននិយាយទៅកាន់ប្រជាជនសារ៉ាហិមឡា ហើយរៀបចំសាសនាចក្រឲ្យមានរបៀបរៀបរយនៅដែនដីផ្នែកនោះ ( សូមមើល អាលម៉ា៦ ) លោកបានធ្វើដំណើរទៅដែនដីគេឌាន ។ អាលម៉ា ៧ មានការបង្រៀនសំខាន់ៗមកពីអាលម៉ា ដល់ប្រជាជនគេឌានអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ មុនពេលអ្នកចាប់ផ្តើមសិក្សា សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទទាក់ទងនឹងជីវិតរបស់អ្នក ។ តើអ្នកកំពុងប្រឈមមុខនឹងកាលៈទេសៈអ្វីខ្លះដែលអ្នកត្រូវការជំនួយដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះបានប្រទានឲ្យ ?
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលការបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ដែលអាចជួយអ្នកយល់កាន់តែច្បាស់អំពីអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក និងរបៀបដែលទ្រង់អាចជួយអ្នក ។
អាលម៉ាបង្រៀនអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ
អ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខជំនួសខ្ញុំ |
ហេតុអ្វីព្រះអង្គសង្គ្រោះបានរងទុក្ខជំនួសខ្ញុំ |
---|---|
សូមអាន អាលម៉ា ៧:១១–១៣ ដោយរកមើលការបង្រៀនរបស់អាលម៉ាអំពី អ្វី ដែលព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ឬបានលើកដាក់លើអង្គទ្រង់ជំនួសអ្នកដែលជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ ។ សូមកត់ត្រារឿងទាំងនេះនៅក្នុងកូឡោនទីមួយនៃតារាងរបស់អ្នក ។ វាអាចមានប្រយោជន៍ក្នុងការដឹងថា ពាក្យ ជំងឺឈឺចាប់ សំដៅទៅលើភាពទន់ខ្សោយ និងភាពអន់ថយ ដែលយើងជួបប្រទះនៅក្នុងជីវិតរមែងស្លាប់ ។
សូមអាន នីហ្វៃទី២ ៩:២១; ម៉ូសាយ ៣:៥–៨ និង គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:១៦–១៩ ។ វគ្គបទគម្ពីរទាំងនេះរួមបញ្ចូលព័ត៌មានលម្អិតផ្សេងទៀតអំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះ ។ សូមបន្ថែមពាក្យ ឬឃ្លាណាមួយដែលអ្នកយល់ថា សំខាន់នៅជួរទីមួយក្នុងតារាងរបស់អ្នក ។ សូមពិចារណាបន្ថែមសេចក្តីយោងឆ្លង ឬតំណពីវគ្គបទគម្ពីរទាំងនេះទៅ អាលម៉ា ៧:១១–១៣ ។
-
តើនៅពេលបានរៀនអំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះ អ្នកមានគំនិត ឬចំណាប់អារម្មណ៍អ្វីខ្លះ ?
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីយល់ពីអ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខ ហើយបានលើកដាក់លើអង្គទ្រង់ផ្ទាល់ជាផ្នែកមួយនៃដង្វាយធួនរបស់ទ្រង់ ?
មូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានរងទុក្ខចំពោះការណ៍ទាំងនេះ
សូមអាន អាលម៉ា ៧:១១–១៣ ម្តងទៀត ពេលនេះសូមស្វែងរក មូលហេតុ ដែលព្រះអង្គសង្រ្គោះបានរងទុក្ខជំនួសអ្នក ។ សូមផ្តោតលើឃ្លាដែលចាប់ផ្តើមដោយ « ដើម្បីទ្រង់ » ឬ « ដើម្បីឲ្យទ្រង់ » ពេលអ្នកអាន ។ នៅក្នុងតារាងជួរឈរទីពីររបស់អ្នក សូមសរសេរអ្វីដែលអ្នករកឃើញ ។ វាអាចមានប្រយោជន៍ក្នុងការដឹងថា ពាក្យ ជួយ មានន័យថា ផ្តល់ជំនួយ ឬជួយ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានរងទុក្ខការណ៍ទាំងនេះជំនួសអ្នក ?
-
តើអ្នកនឹងសង្ខេបអ្វីដែលអ្នកបានសិក្សាដោយរបៀបណានៅក្នុង អាលម៉ា ៧:១១–១៣ ទៅជាសេចក្ដីថ្លែងការណ៍មួយនៃសេចក្តីពិត ?
ចេញពី អាលម៉ា ៧:១១–១៣ អ្នកប្រហែលជាបានរកឃើញសេចក្តីពិតមួយដូចនេះ ៖ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខដើម្បីសង្រ្គោះខ្ញុំពីអំពើបាប និងសេចក្តីស្លាប់ ដើម្បីជួយខ្ញុំឆ្លងកាត់ឧបសគ្គនៃជីវិតរមែងស្លាប់ ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានចែកចាយបញ្ហាប្រឈមមួយចំនួននៃជីវិតរមែងស្លាប់ ដែលព្រះអង្គសង្គ្រោះអាចជួយយើងបាន ។ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោម ឬមើលវីដេអូ « Strengthened by the Atonement of Jesus Christ » ដែលមាននៅលើ ChurchofJesusChrist.orgចាប់ពីនាទីទី ៣:១៣ ដល់នាទីទី ៤:០១ ។
ព្រះអង្គសង្គ្រោះរបស់យើងបានដកពិសោធ ហើយរងទុក្ខនូវភាពពោរពេញនៃឧបសគ្គទាំងអស់នៃជីវិតរមែងស្លាប់ « ស្របតាមសាច់ឈាម » ដើម្បីទ្រង់អាចដឹង « ស្របតាមសាច់ឈាម » ពីរបៀបដើម្បី « ជួយ [ ដែលមានន័យថា ប្រទានការធូរស្បើយ ឬជំនួយដល់ ] រាស្ត្រទ្រង់តាមជំងឺរបស់គេ » ។ ហេតុដូច្នោះហើយ ទ្រង់ដឹងពីទុក្ខលំបាក ការខូចចិត្ត ការល្បួង និងការរងទុក្ខរបស់យើង ដ្បិតទ្រង់មានព្រះឆន្ទៈដកបទពិសោធការណ៍ទាំងនោះ ដែលវាគឺជាផ្នែកសំខាន់មួយនៃដង្វាយធួនរបស់ទ្រង់ ។ ហើយដោយសារការណ៍នេះ នោះដង្វាយធួនរបស់ទ្រង់ប្រទានអំណាចដល់ទ្រង់ដើម្បីជួយយើង—ប្រទានកម្លាំងដល់យើង ដើម្បីទ្រាំទ្រនូវការណ៍ទាំងអស់នោះ ។ ( ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦១–៦២ )
-
តើសេចក្ដីថ្លែងការណ៍នេះជួយអ្នកយល់ ឬមានអារម្មណ៍ដូចម្តេចអំពីព្រះអង្គសង្គ្រោះ ?
ទាក់ទងនឹងជីវិតរបស់អ្នក
សូមសញ្ជឹងគិតមួយភ្លែតអំពីអ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខជំនួសអ្នកដោយផ្ទាល់ ។ ឧទាហរណ៍ ៖ តើទុក្ខវេទនា ការល្បួង ការឈឺចាប់ ឬការរងទុក្ខអ្វីខ្លះ ដែលអ្នកកំពុងជួបប្រទះ ឬធ្លាប់ឆ្លងកាត់ ? សូមពិចារណាសរសេរគំនិតរបស់អ្នកនៅក្រោមតារាងរបស់អ្នក ។
បន្ទាប់មក សូមសញ្ជឹងគិតដោយការអធិស្ឋានអំពីរបៀបដែលព្រះអង្គសង្គ្រោះបានពង្រឹង ឬអាចពង្រឹងអ្នកក្នុងការលំបាកនីមួយៗទាំងនេះ ។ សូមទូលសូមព្រះវរបិតាសួគ៌ឲ្យបំផុសគំនិតអ្នក នៅពេលអ្នកសរសេរគំនិត និងអារម្មណ៍របស់អ្នក ។
-
តើពេលណាដែលអ្នកមានអារម្មណ៍ទទួលកម្លាំងដែលព្រះយេស៊ូវគ្រីស្ទប្រទានតាមរយៈដង្វាយធួនរបស់ទ្រង់ ?
-
នៅក្នុងការសិក្សារបស់អ្នកថ្ងៃនេះ តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណាខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកចង់ចងចាំ ?