« អាលម៉ា ៧:១៤–២៧ ៖ ‹ ផ្លូវដែលនាំទៅរកនគរនៃព្រះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៧:១៤–២៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៧:១៤–២៧
« ផ្លូវដែលនាំទៅរកនគរនៃព្រះ »
ជាញឹកញាប់ព្យាការីសំដៅទៅលើ « ផ្លូវតូច ហើយចង្អៀត » ( នីហ្វៃទី២ ៣១:១៩ ) « ផ្លូវនៃសេចក្តីសញ្ញា » ឬ « ផ្លូវដែលនាំទៅរកនគរនៃព្រះ » ( អាលម៉ា ៧:១៩ ) ។ អាលម៉ាបានដឹងថា ប្រជាជនគេឌានបានដើរលើផ្លូវនេះ ហើយបានបង្រៀនពួកគេពីរបៀបដើម្បីបន្តនៅលើផ្លូវនេះ ហើយបានប្រែក្លាយដូចជាព្រះ ។ គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកក្នុងការខិតខំ ដើម្បីទទួលបាននូវគុណលក្ខណៈដូចជាព្រះគ្រីស្ទ នៅពេលអ្នកដើរតាមមាគ៌ាដែលនាំទៅរកព្រះវិញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ផ្លូវដែលត្រូវដើរតាម
-
តើអ្វីទៅជាគុណសម្បត្តិនៃការមានផ្លូវដើម្បីដើរតាម ?
សូមពិចារណាមើល « Daily Restoration » ចាប់ពីនាទីទី ១:៤០ ដល់នាទីទី ៣:២៥ ដើម្បីមើល អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពន្យល់ពីអ្វីដែលកើតឡើងចំពោះមនុស្ស ដែលកំពុងធ្វើដំណើរដោយគ្មានផ្លូវ ឬកន្លែងសម្គាល់ដែលអាចទុកចិត្តបាន ។ វីដេអូនេះមាននៅ ChurchofJesusChrist.org.
បន្ទាប់ពីបានព្យាករដល់ប្រជាជនគេឌានអំពីព្រះជន្ម និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទរួច អាលម៉ាបានចែកចាយពាក្យលើកទឹកចិត្តជាមួយពួកគេ ។
សូមអាន អាលម៉ា ៧:១៩–២០ ដើម្បីមើលពីអ្វីដែលអាលម៉ាបាននិយាយអំពីព្រះ ផ្លូវរបស់ទ្រង់ និងប្រជាជនគេឌាន ។
សូមពិចារណាពីការគូសចំណាំឃ្លា « ផ្លូវដែលនាំទៅរកនគរនៃព្រះ » នៅក្នុង ខទី ១៩ ។ ថ្ងៃនេះអ្នកនឹងរៀនថែមទៀតអំពីផ្លូវនេះ ។
-
តើអ្នកគិតថា អ្នកអាចប្រាប់បានយ៉ាងណាថា អ្នកស្ថិតនៅលើផ្លូវដែលនាំទៅកាន់នគរនៃព្រះ ?
សូមគូររូបដែលស្រដៀងនឹងរូបខាងក្រោម ហើយដាក់ស្លាកវាថា « ផ្លូវដែលនាំទៅរកនគរនៃព្រះ » ។
ផ្លូវដែលនាំទៅរកនគរនៃព្រះជាញឹកញាប់ត្រូវបានគេហៅថា ជាផ្លូវតូច ហើយចង្អៀត ឬផ្លូវនៃសេចក្ដីសញ្ញា ។ យើងស្ថិតនៅលើផ្លូវនេះ ពេលយើងកំពុងធ្វើតាមគំរូ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការបន្តនៅលើផ្លូវនេះនឹងនាំយើងទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល នីហ្វៃទី២ ៣១:១៩–២០ ) ។
នៅពេលអ្នកសិក្សា សូមសញ្ជឹងគិតថា តើអ្នកឃើញខ្លួនឯងនៅលើផ្លូវដែលនាំទៅរកនគរនៃព្រះឬអត់ ។ សូមរកមើលការបង្រៀនដែលជួយអ្នកឲ្យយល់កាន់តែច្បាស់ពីផ្លូវនេះ និងពរជ័យដែលព្រះអម្ចាស់ប្រទានឲ្យអ្នក នៅពេលអ្នកដើរតាមផ្លូវនេះ ។
« ផ្លូវដែលនាំទៅរកនគរនៃព្រះ »
អាលម៉ាបានពិពណ៌នាសកម្មភាពដែលយើងអាចធ្វើបាន ដែលនឹងនាំយើងត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវិញ ។
សូមអាន អាលម៉ា ៧:១៤–១៦ ហើយបន្ទាប់មកកត់ត្រាសកម្មភាពទាំងនេះនៅលើ ឬជាប់នឹងផ្លូវនៅក្នុងគំនូររបស់អ្នក ។
-
តើខគម្ពីរទាំងនេះបានជួយអ្នកឲ្យយល់ពីអត្ថន័យនៃការដើរលើផ្លូវដែលនាំទៅរកព្រះយ៉ាងដូចម្ដេច ?
សេចក្តីពិតមួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះគឺថា នៅពេលយើងប្រែចិត្ត ចុះសេចក្តីសញ្ញាជាមួយព្រះ និងទទួលពិធីបរិសុទ្ធនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងធ្វើតាមផ្លូវដែលនាំទៅរកនគរនៃព្រះ ។
-
តើសកម្មភាពទាំងនេះជួយរៀបចំយើងឲ្យត្រឡប់ទៅទីវត្តមានរបស់ព្រះវិញយ៉ាងដូចម្ដេច ?
-
តើពរជ័យអ្វីខ្លះដែលយើងអាចទទួលបានក្នុងអំឡុងពេលជីវិតនេះដោយការដើរតាមផ្លូវរបស់ព្រះ ?
ការអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទ ពេលកំពុងដើរលើផ្លូវរបស់ទ្រង់
អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ពរជ័យមួយនៃការធ្វើតាមផ្លូវនៃសេចក្តីសញ្ញាគឺថា វា « នាំយើងក្លាយដូចជាទ្រង់ » ( « Choose You This Day » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤ ) ។
-
តើគុណលក្ខណៈអ្វីខ្លះដែលអ្នកស្ងើចសរសើរបំផុតអំពីព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វី ?
-
តើអ្នកចង់ក្លាយកាន់តែដូចព្រះអង្គសង្គ្រោះតាមរបៀបណាខ្លះ ? តើអ្វីអាចធ្វើឲ្យមានការលំបាក ? តើយើងអាចយកឈ្នះលើការលំបាកទាំងនេះដោយមានជំនួយពីព្រះអម្ចាស់ដោយរបៀបណា ?
-
តើពេលណាដែលអ្នកមានអារម្មណ៍ថា មានបំណងប្រាថ្នាដ៏អស្ចារ្យបំផុតដើម្បីធ្វើដូចទ្រង់ ? តើមានអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍បែបនេះ ?
អាលម៉ាបានរកឃើញគុណលក្ខណៈមួយចំនួននៃគុណលក្ខណៈដូចជាព្រះគ្រីស្ទ ដែលយើងគួរព្យាយាមដើម្បីទទួលបាន នៅពេលយើងដើរលើផ្លូវដែលនាំទៅរកនគរនៃព្រះ ។
សូមអាន អាលម៉ា ៧:២២–២៥ ហើយរកមើលគុណលក្ខណៈ និងអាកប្បកិរិយាដូចជាព្រះគ្រីស្ទ ដែលអ្នកឃើញបានរៀបរាប់ ឬពិពណ៌នា ។ សូមពិចារណាគូសចំណាំគុណលក្ខណៈទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។ អ្នកក៏អាចពិចារណាសរសេរគុណលក្ខណៈ និងអាកប្បកិរិយាទាំងនេះនៅលើ ឬនៅជិតផ្លូវនៅក្នុងគំនូររបស់អ្នកផងដែរ ។
សូមជ្រើសរើសគុណលក្ខណៈដែលបានរៀបរាប់នៅក្នុង អាលម៉ា ៧:២២–២៥ ប្រកបដោយការអធិស្ឋាន ដែលអ្នកមានអារម្មណ៍ថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកអភិវឌ្ឍ ហើយបន្ទាប់មកបំពេញសកម្មភាពដូចខាងក្រោម ។ សូមកត់ត្រាការយល់ដឹងរបស់អ្នកនៅពីក្រោមរូបភាពរបស់អ្នក ឬកន្លែងផ្សេងទៀតនៅក្នុងសៀវភៅកំណត់ការសិក្សារបស់អ្នក ។
-
សូមស្វែងយល់បន្ថែមអំពីគុណលក្ខណៈនេះ ។ សូមពិចារណាប្រើប្រាស់ធនធានទាំងនេះ ដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, Topical Guide ឬ Bible Dictionary ដើម្បីជួយកិច្ចការនេះ ។ សូមសរសេរអ្វីដែលអ្នកបានរៀន ។
-
សូមសរសេរឧបសគ្គនៃការអភិវឌ្ឍគុណលក្ខណៈ ដែលអ្នកបានជ្រើសរើស និងមូលហេតុដែលអ្នកគិតថា ព្រះអនុញ្ញាតឲ្យអ្នកឆ្លងកាត់បញ្ហាប្រឈមទាំងនោះ ។
-
សូមសរសេររបៀបពីរទៅបីយ៉ាងផ្សេងគ្នា ដែលជីវិតរបស់អ្នកកាន់តែប្រសើរឡើងបន្ទាប់ពីទទួលបានគុណលក្ខណៈនេះ ។
-
សូមស្វែងរកគំរូមួយពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដែលទ្រង់បានធ្វើជាគំរូដល់គុណលក្ខណៈនេះ ។ ម៉្យាងទៀត សូមសរសេរឧទាហរណ៍ពីជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ ដែលពួកគេបានធ្វើជាគំរូពីគុណលក្ខណៈដូចជាព្រះគ្រីស្ទនេះ ។
-
សូមរកមើលសកម្មភាពមួយ ឬច្រើនដែលអ្នកអាចធ្វើ ដែលនឹងទទួលបានជំនួយពីព្រះ នៅពេលអ្នកព្យាយាមអភិវឌ្ឍគុណលក្ខណៈនេះ ។ សូមរៀបផែនការពីរបៀបអនុវត្តសកម្មភាពនោះក្នុងជីវិតរបស់អ្នក ។ របៀបមួយដែលអ្នកអាចព្យាយាមអនុវត្តសកម្មភាពនេះគឺ តាមរយៈការទូលទៅកាន់ព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់អ្នក អំពីភាពរីកចម្រើនរបស់អ្នក និងទូលសូមជំនួយពីទ្រង់នៅចំណុចដែលអ្នកកំពុងខ្វះខាត ។