« អាលម៉ា ៩ ៖ ចងចាំពពរជ័យរបស់ព្រះអម្ចាស់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៩
ចងចាំពីពរជ័យរបស់ព្រះអម្ចាស់
តើព្រះអម្ចាស់បានប្រទានពរដល់អ្នកដោយរបៀបណា ? តើទ្រង់រំពឹងថា អ្នកនឹងធ្វើអ្វីបន្ទាប់ពីបានទទួលពរជ័យទាំងនោះ ? នៅពេល អាលម៉ា និង អាមូលេក បានអំពាវនាវដល់ប្រជាជនអាំម៉ូណៃហាឲ្យប្រែចិត្ត ប្រជាជនបានបដិសេធការបង្រៀនរបស់ពួកលោក ។ អាលម៉ាបានបង្រៀនថា ព្រះអម្ចាស់រំពឹងថា ពួកគេនឹងសុចរិតជាងពួកសាសន៍លេមិន ដែលមិនបានបង្រៀនសេចក្ដីពិត ។ លោកបានជំរុញចិត្តប្រជាជនឲ្យចងចាំនូវពរជ័យរបស់ព្រះអម្ចាស់ ។ គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកឲ្យស្គាល់ និងចងចាំពីពរជ័យដែលព្រះអម្ចាស់បានប្រទានដល់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពរជ័យរបស់ព្រះអម្ចាស់ប្រទានដល់អ្នក
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមចំណាយពេលពីរបីនាទីដើម្បីសរសេរពីពរជ័យ ដែលអ្នកបានទទួលពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ( សូមពិចារណាបញ្ចូលពរជ័យដែលបានមកដោយសារតែអ្នកជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ) ។
-
តើការចងចាំពរជ័យ និងអំណោយទានទាំងនេះមានឥទ្ធិពលលើអ្នកយ៉ាងដូចម្ដេច ?
-
តើអ្នកគិតអំពីពរជ័យទាំងនេះញឹកញាប់ប៉ុនណា ? តើមានអ្វីដែលអ្នកអាចធ្វើបានដើម្បីផ្តោតលើពរជ័យទាំងនោះបន្ថែមទៀតដែរឬទេ ?
នៅពេលអ្នកសិក្សាថ្ងៃនេះ អ្នកនឹងមានឱកាសបន្ថែមទៅក្នុងបញ្ជីរបស់អ្នក ។ សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌ ដើម្បីស្គាល់ពីពរជ័យរបស់ទ្រង់ដែលប្រទានដល់អ្នក និងដឹងពីរបៀបដែលអ្នកអាចចងចាំពរជ័យទាំងនោះពេញមួយជីវិតរបស់អ្នក ។
អាលម៉ា និង អាមូលេក ផ្សព្វផ្សាយដល់ប្រជាជនអាំម៉ូណៃហា
ពេល អាលម៉ា និង អាមូលេក បានផ្សព្វផ្សាយព្រះបន្ទូលនៃព្រះដល់ប្រជាជនអាំម៉ូណៃហា ប្រជាជនមានចិត្តរឹងរូស ។
សូមអានពាក្យដែលអាលម៉ាបាននិយាយទៅកាន់ពួកគេនៅក្នុង អាលម៉ា ៩:៨–១១, ២០–២២ ដោយរកមើលពាក្យ និងឃ្លាដែលបង្ហាញពីពរជ័យដែលព្រះអម្ចាស់បានប្រទានដល់មនុស្សទាំងនេះ ដែលពួកគេបានបំភ្លេចចោល ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើបុគ្គលិកលក្ខណៈអ្វីខ្លះរបស់ព្រះអម្ចាស់ដែលបានធ្វើឲ្យអាលម៉ាគូសបញ្ជាក់នៅក្នុង ខទី ១១ ? ( សូមពិចារណាគូសចំណាំបុគ្គលិកលក្ខណៈទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នក ) ។
វាអាចមានប្រយោជន៍ក្នុងការដឹងថា ពាក្យ សេចក្តីអត់ធ្មត់ សំដៅទៅលើការអត់ធ្មត់ និងការទប់ព្រះទ័យរបស់ព្រះអម្ចាស់ នៅពេលដែលបណ្ដាលឲ្យមានកំហឹង ។
សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតពីរបៀបដែលព្រះអម្ចាស់បានបង្ហាញការអត់ធ្មត់ដល់អ្នក ។ អ្នកប្រហែលជាចង់បន្ថែមឧទាហរណ៍ទាំងនេះទៅក្នុងបញ្ជីពរជ័យរបស់អ្នក ។
ក្រោយមក អាលម៉ាបានថ្លែងទីបន្ទាល់អំពីបុគ្គលិកលក្ខណៈបន្ថែមរបស់ព្រះអម្ចាស់ ដែលអាចជួយយើងយល់អំពីសារលិខិតរបស់អាលម៉ា ។ សូមអាន អាលម៉ា ៩:២៦ ហើយពិចារណាគូសចំណាំបុគ្គលិកលក្ខណៈទាំងនេះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា នៅក្នុងបទគម្ពីរពាក្យ សេចក្ដីយុត្តិធម៌ មានន័យថា « ត្រឹមត្រូវ » ឬ « យុត្តិធម៌ » ។
នៅពេល អាលម៉ាបានបន្តការអធិប្បាយ លោកបានសង្កត់ធ្ងន់ថា ព្រះយេស៊ូវគ្រីស្ទពោរពេញដោយព្រះគុណ សេចក្តីយុត្តិធម៌ សេចក្តីពិត សេចក្តីមេត្តាកុរណា និងសេចក្តីអត់ធ្មត់ ។ សូមសញ្ជឹងគិតពីមូលហេតុដែល អាលម៉ាចង់ឲ្យប្រជាជនអាំម៉ូណៃហា យល់ពីបុគ្គលិកលក្ខណៈទាំងនេះរបស់ព្រះអង្គសង្គ្រោះ ។
ការប្រៀបធៀប និងការផ្ទុយគ្នានៃមនុស្សពីរនាក់
ជាញឹកញាប់ ព្រះគម្ពីរប្រៀបធៀប ឬផ្ទុយគំនិត ព្រឹត្តិការណ៍ និងមនុស្សតាមរបៀបដែលបង្រៀនគោលការណ៍នៃដំណឹងល្អ ។ ការស្វែងរកការប្រៀបធៀប ឬភាពផ្ទុយគ្នាទាំងនេះអាចជាជំនាញសិក្សាព្រះគម្ពីរដ៏មានប្រយោជន៍ ។ អាលម៉ាបានប្រៀបធៀបមនុស្សពីរក្រុមដែលស្ថិតក្នុងស្ថានភាពផ្សេងគ្នា—ពួកសាសន៍លេមិន និងប្រជាជនអាំម៉ូណៃហា ។ សូមបំពេញតារាងខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមរកមើលពីរបៀបដែល អាលម៉ាបានសង្កត់ធ្ងន់លើបុគ្គលិកលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ។
អ្វីដែលអ្នករៀនអំពីប្រជាជន |
របៀបដែលព្រះអម្ចាស់បង្ហាញពីព្រះគុណ សេចក្តីយុត្តិធម៌ សេចក្តីពិត សេចក្តីអត់ធន់ សេចក្តីមេត្តាករុណា ឬសេចក្តីអត់ធ្មត់ចំពោះមនុស្សទាំងនេះ | |
---|---|---|
សាសន៍លេមិន ( អាលម៉ា ៩:១៤–១៧ ) | ||
ប្រជាជនអាំម៉ូណៃហា ( អាលម៉ា ៩:២០–២៥ ) |
-
តើការបញ្ជូន អាលម៉ា និង អាមូលេកទៅព្រមាន និងថ្លែងទីបន្ទាល់ដល់ប្រជាជនអាំម៉ូណៃហា បង្ហាញពីសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ដោយរបៀបណា ?
-
ហេតុអ្វីអ្នកគិតថា ការបង្រៀនរបស់អាលម៉ាអំពីព្រះនៅក្នុង អាលម៉ា ៩ សំខាន់សម្រាប់យើងក្នុងការចងចាំក្នុងជំនាន់របស់យើង ?
តើព្រះអម្ចាស់បានប្រទានអ្វីខ្លះដល់អ្នក ?
អាលម៉ាបានងឿងឆ្ងល់ចំពោះរបៀបដែលប្រជាជនអាំម៉ូណៃហា ភ្លេចពរជ័យដែលព្រះអម្ចាស់បានប្រទានដល់ពួកគេជាប្រជាជនទាំងមូលយ៉ាងឆាប់រហ័សបែបនេះ ( សូមមើល អាលម៉ា ៩:៨–១១ ) ។ ដើម្បីជួយពួកគេប្រែចិត្ត ហើយត្រឡប់ទៅព្រះអម្ចាស់វិញ អាលម៉ាបានរំឭកពួកគេអំពីពរជ័យជាច្រើនដែលពួកគេបានទទួល ( សូមមើល ខទី ២០–២៤ ) ។
-
តើមានហេតុផលអ្វីខ្លះដែលយើងអាចនឹងភ្លេចនូវអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង ?
-
តើអ្វីដែលព្រះអម្ចាស់ « បានធ្វើឲ្យ [ អ្នក ] ដឹងនូវកិច្ចការទាំងអស់ ស្របតាមការប៉ងប្រាថ្នាទាំងឡាយរបស់ [ អ្នក ] និងសេចក្ដីជំនឿ និងការអធិស្ឋានរបស់ [ អ្នក ] ? » ( អាលម៉ា ៩:២០ ) ។
-
តើអ្នកបានទទួលពរជ័យដោយអំណោយទាននៃព្រះវិញ្ញាណដែលបានមានចែងនៅក្នុង អាលម៉ា ៩:២១ ដោយរបៀបណា?
-
តើព្រះបានរំដោះអ្នកពីការសាកល្បងយ៉ាងដូចម្ដេច ? ( សូមមើល អាលម៉ា ៩:២២ ) ។
សូមចំណាយពេលបន្តិចដើម្បីធ្វើអ្វីមួយដែលជួយអ្នកឲ្យចងចាំពីពរជ័យដែលព្រះអម្ចាស់បានប្រទានដល់អ្នក ។ ខាងក្រោមនេះគឺជាគំនិតមួយចំនួន ៖
-
សូមថតរូបបញ្ជីដែលអ្នកបានបង្កើតនៅក្នុងថ្នាក់ ហើយដាក់វានៅកន្លែងដែលអ្នកអាចមើលឃើញវាញឹកញាប់ ដូចជាផ្ទាំងរូបភាពនៅលើទូរសព្ទរបស់អ្នក ។
-
សូមសរសេរអារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយធ្វើផែនការកត់ត្រាពរជ័យរបស់អ្នកឲ្យបានទៀងទាត់ ។
-
សូមកំណត់ការរំឭកនៅក្នុងប្រតិទិនរបស់អ្នក ដើម្បីគិតពិចារណាជាប្រចាំអំពីអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក ។