« អាលម៉ា ១០–១១ ៖ ‹ ស្របតាមព្រះវិញ្ញាណនៃព្រះអម្ចាស់ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ១០–១១ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១០–១១
« ស្របតាមព្រះវិញ្ញាណនៃព្រះអម្ចាស់ »
តើអ្នកធ្លាប់ត្រូវបានគេបោកបញ្ឆោតដែរឬទេ ? តើអ្នកចាំថាអ្នកមានអារម្មណ៍យ៉ាងណាទេ ? នៅពេលពួកលោកកំពុងថ្លែងទីបន្ទាល់ទៅកាន់ប្រជាជនអាំម៉ូណៃហា អាលម៉ា និង អាមូលេក ត្រូវប្រឈមមុខនឹងមនុស្សដែលប្រើការបោកបញ្ឆោតដើម្បីព្យាយាមបញ្ឈប់ពួកលោក ។ អាលម៉ា និង អាមូលេកដឹងពីការបោកបញ្ឆោតនេះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ មេរៀននេះអាចជួយអ្នកឲ្យកាន់តែងាយទទួលយកព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹងពីសេចក្ដីពិត និងស្គាល់ការបោកបញ្ឆោតរបស់មារសត្រូវ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ប្រយ័ត្ននឹងអំពើអាក្រក់
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដំណើររឿងខាងក្រោមរបស់មិត្តម្នាក់ ដែលធ្វើការជាអ្នកស៊ើបអង្កេតសម្រាប់រដ្ឋាភិបាលសហរដ្ឋ ។ សូមរកមើលអ្វីដែលអ្នកអាចរៀនពីបទពិសោធន៍នេះអំពីការចៀសវាងពីការបោកបញ្ឆោត ។
មិត្តភក្តិរបស់ខ្ញុំបានស៊ើបអង្កេតក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ចូលទៅសហរដ្ឋ ។
មានគ្រាមួយ គាត់ និងភ្នាក់ងារម្នាក់ទៀតបានទៅជិតបន្ទប់ជួលមួយដែលពួកគាត់គិតថា ឈ្មួញគ្រឿងញៀនម្នាក់ដ៏ល្បីកំពុងចែកចាយថ្នាំកូកាអ៊ីន ។ មិត្តភក្តិរបស់ខ្ញុំរៀបរាប់អំពីអ្វីដែលបានកើតឡើង ៖
« យើងបានគោះទ្វារផ្ទះឈ្មួញគ្រឿងញៀននោះ ។ ជនសង្ស័យបានបើកទ្វារ ហើយពេលឃើញយើងក៏ព្យាយាមលាក់កុំឲ្យយើងឃើញ ។ ប៉ុន្តែវាយឺតពេលហើយ យើងអាចឃើញថ្នាំកូកាអ៊ីននៅលើតុរបស់គាត់ ។
បុរស និងស្ត្រីម្នាក់ដែលនៅឯតុបានចាប់ផ្តើមយកថ្នាំកូកាអ៊ីនចេញភ្លាម ។ យើងត្រូវរារាំងពួកគេមិនឲ្យបំផ្លាញវត្ថុតាង ដូច្នេះខ្ញុំក៏ប្រញាប់រុញជនសង្ស័យគ្រឿងញៀនដែលកំពុងបិទទ្វារនោះទៅជ្រុងម្ខាង ។ ពេលខ្ញុំរុញគាត់ ភ្នែករបស់ខ្ញុំបានមើលចំភ្នែកគាត់ ។ ចម្លែកណាស់ គាត់មិនបានបង្ហាញការខឹង ឬភ័យខ្លាចឡើយ ។ គាត់កំពុងញញឹមដាក់ខ្ញុំ ។
កែវភ្នែក និងស្នាមញញឹមរបស់គាត់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា គាត់គ្មានបង្កគ្រោះថ្នាក់ទេ ដូច្នេះខ្ញុំក៏ចេញពីគាត់យ៉ាងលឿន ហើយចាប់ផ្តើមឆ្ពោះទៅរកតុ ។ ឥឡូវ ជនសង្ស័យនៅពីក្រោយខ្ញុំ ។ ភ្លាមៗនោះខ្ញុំមានចំណាប់អារម្មណ៍ខ្លាំង និងប្លែកក្នុងគំនិតរបស់ខ្ញុំ ៖ ‹ ប្រយ័ត្ននឹងអំពើអាក្រក់នៅពីក្រោយភ្នែកបង្កប់ស្នាមញញឹម › ។
ខ្ញុំបានបែរទៅរកជនសង្ស័យភ្លាម ។ ដៃរបស់គាត់បានដាក់ក្នុងហោប៉ៅធំមុខរបស់គាត់ ។ ដោយពុំបានគិតច្រើន ខ្ញុំចាប់ដៃគាត់ ហើយទាញដៃគាត់ចេញពីហោប៉ៅរបស់គាត់ ។ ពេលនោះទើបខ្ញុំឃើញថា ដៃគាត់កាន់កាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិត្រៀមបាញ់ ។ សកម្មភាពច្របូកច្របល់បានកើតឡើង ហើយខ្ញុំបានដកអាវុធចេញពីបុរសនោះ » ។ ( នែល អិល អាន់ឌើរសិន « Beware of the Evil behind the Smiling Eyes » Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៤៦ )
-
តើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ចំពោះបទពិសោធន៍ដែលអែលឌើរ អានឌើរសិន បានចែកចាយ ?
-
តើសាតាំងអាចនឹងព្យាយាមបោកបញ្ឆោតយើងនៅសព្វថ្ងៃនេះតាមរបៀបណាខ្លះ ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលវិធីដែលអ្នកអាចស្គាល់ការបោកបញ្ឆោត ដើម្បីអ្នកអាចចៀសវាងពីអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកខាងវិញ្ញាណ ។
ការព្រមានពីការបោកបញ្ឆោត
នៅពេលអាមូលេកបានថ្លែងទីបន្ទាល់ទៅកាន់ប្រជាជនអាំម៉ូណៃហាថា ព្រះហៅលោកឲ្យបម្រើ នោះមនុស្សមួយចំនួនបានភ្ញាក់ផ្អើល ( សូមមើល អាលម៉ា ១០:១២ ) ។ លោកជា « មនុស្សម្នាក់ដ៏ពុំខ្វះមនុស្សរាប់អាន » ( អាលម៉ា ១០:៤ ) ក្នុងចំណោមប្រជាជនរបស់លោក ហើយលោកបានចូលរួមជាមួយអាលម៉ាក្នុងការថ្លែងទីបន្ទាល់ប្រឆាំងនឹងពួកគេ ។ ពួកមេធាវីជំនាញៗមួយចំនួនចង់បញ្ឆោតអាលម៉ា និង អាមូលេក ហើយរកប្រាក់ក្នុងដំណើរការនេះ ( សូមមើល អាលម៉ា ១០:១៣; ១១:២០ ) ។
សូមអាន អាលម៉ា ១០:១៥–១៧ ដោយរកមើលថា តើអាមូលេកប្រតិកម្មយ៉ាងណាចំពោះពួកមេធាវីទាំងនេះ ។
-
តើតាមវិធីណាខ្លះដែលការបោកបញ្ឆោតដូចជា « អន្ទាក់ ឬអង្គប់ ? » ( អាលម៉ា ១០:១៧ ) ។
នៅពេលអ្នកបន្តការសិក្សារបស់អ្នក សូមរកមើលពីរបៀបដែលអាមូលេកអាចយល់ឃើញពីគំនិត និងអន្ទាក់របស់ពួកមេធាវី ។
ស៊ីអែសរ៉ុមជាមេធាវីម្នាក់ក្នុងចំណោមមេធាវីផ្សេងទៀតដែលជា « មនុស្សដែលស្ទាត់ជំនាញនឹងមធ្យោបាយទាំងឡាយនៃអារក្ស » ( អាលម៉ា ១១:២១ ) បានដាក់អន្ទាក់ ។
សូមអាន អាលម៉ា ១១:២១–២៥ ដោយរកមើលពីរបៀបដែល ស៊ីអែសរ៉ុមព្យាយាមបោកបញ្ឆោត និងល្បួង អាមូលេកឲ្យបដិសេធការមានព្រះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា « ប្រាក់ប្រាំមួយអុនតៃ » ( អាលម៉ា ១១:២២ ) គឺស្មើនឹងប្រាក់ឈ្មួលប្រាំមួយសប្តាហ៍របស់មេធាវី ( សូមមើល អាលម៉ា ១១:៣, ១១–១៣ ) ។
-
តើអ្នកបានរៀនអ្វីខ្លះពីការឆ្លើយតបរបស់អាមូលេក ?
ទោះបីជាអាមូលេកបដិសេធព្រះក៏ដោយ ក៏ស៊ីអែសរ៉ុមមិនដែលមានបំណងចង់ផ្តល់ប្រាក់ឲ្យលោកឡើយ គាត់គ្រាន់តែផ្ដល់ឲ្យដើម្បីព្យាយាមចង់បង្ខូចកេរ្តិ៍ឈ្មោះ និង « បំផ្លាញ » អាមូលេកប៉ុណ្ណោះ ( អាលម៉ា ១១:២៥ ) ។
ក្រោយមក អាលម៉ាបានពន្យល់ដល់ស៊ីអែសរ៉ុមពីរបៀបដែល អាលម៉ា និង អាមូលេក អាចយល់ឃើញការបោកបញ្ឆោត និងអន្ទាក់របស់គាត់ ។ សូមអាន អាលម៉ា ១២:២–៧ ដោយស្វែងរកចម្លើយនោះ ។
សេចក្តីពិតមួយដែលយើងអាចរៀនបានគឺថា ព្រះអាចជួយយើងស្គាល់ពីការបោកបញ្ឆោតរបស់សាតាំងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
-
តើដំណើររឿងរបស់អែលឌើរ អាន់ឌើរសិន ជាឧទាហរណ៍នៃគោលការណ៍នេះយ៉ាងដូចម្ដេច ?
-
តើព្រះវិញ្ញាណបរិសុទ្ធប្រាស្រ័យទាក់ទងជាមួយយើងតាមរបៀបណាខ្លះ ? ( បើមានប្រយោជន៍ សូមពិចារណាអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២–៣; ៩:៧–៩; ១១:១២ ឬសិក្សា « ព្រះវិញ្ញាណបរិសុទ្ធ » នៅក្នុង Topical Guide ឬសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ) ។
-
តើជម្រើសដែលយើងធ្វើជះឥទ្ធិពលដល់សមត្ថភាពរបស់យើង ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើងដោយរបៀបណា ?
សូមពិចារណាគូសចំណាំឃ្លាណាមួយនៅក្នុង អាលម៉ា ១១:២២ ដែលបង្ហាញពីការតាំងចិត្តរបស់អាមូលេកក្នុងការធ្វើតាមព្រះវិញ្ញាណ ។ សូមសញ្ជឹងគិតពីរបៀបដែលជម្រើសនេះបានជួយគាត់ ។
ការចៀសវាងការបោកបញ្ឆោតដោយការដឹងពីសេចក្តីពិត
របៀបមួយដែលសាតាំងខិតខំបោកបញ្ឆោតយើង គឺដោយការធ្វើឲ្យការយល់ដឹងរបស់យើងពីព្រះយេស៊ូវគ្រីស្ទមានការភាន់ច្រឡំ ។
សូមអាន អាលម៉ា ១១:២៦–៣៧, ៤០–៤១ ដោយរកមើលការបង្រៀនខុសឆ្គងរបស់ស៊ីអែសរ៉ុមអំពីព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលអាមូលេកបានឆ្លើយតប ។
ដើម្បីជួយអ្នកឲ្យយល់ពីខគម្ពីរទាំងនេះ សូមពិចារណាគូរតារាងខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅពីខាងក្រោមការបង្រៀននីមួយៗ សូមសរសេរឥរិយាបថ គំនិត ឬអាកប្បកិរិយា ដែលការបង្រៀននីមួយៗអាចនាំទៅដល់ ។
ការបង្រៀនខុសឆ្គង ៖ ព្រះយេស៊ូវគ្រីស្ទនឹងសង្គ្រោះយើង « ក្នុងអំពើបាបទាំងឡាយរបស់ [ យើង ] » ដោយគ្មានការប្រែចិត្ត( អាលម៉ា ១១:៣៤ ) ។ |
ការបង្រៀនត្រឹមត្រូវ ៖ ព្រះយេស៊ូវគ្រីស្ទនឹងសង្គ្រោះយើងពីអំពើបាបរបស់យើង នៅពេលយើងងាកទៅរកទ្រង់ដោយស្មោះ ហើយប្រែចិត្ត ។ |
---|---|
-
ហេតុអ្វីវាសំខាន់ដើម្បីដឹងថា ព្រះយេស៊ូវគ្រីស្ទអាចសង្គ្រោះយើង ពី អំពើបាបរបស់យើង ប៉ុន្តែមិនមែន ក្នុង អំពើបាបរបស់យើងទេ ?
-
តើអ្នករៀនអ្វីខ្លះពីរបៀបដែលអាមូលេកបានឆ្លើយតបនឹងសំណួររបស់ស៊ីអែសរ៉ុម ?
សូមបង្កើតបញ្ជីដែលមានយ៉ាងហោចណាស់វិធីប្រាកដប្រជាបីយ៉ាង ដែលសាតាំងអាចនឹងបោកបញ្ឆោតក្មេងជំទង់នៅសព្វថ្ងៃនេះ ។ អ្នកអាចរួមបញ្ចូលការបោកបញ្ឆោតដែលអាមូលេកបានជួបប្រទះ ដូចជាជំនឿខុសឆ្គងអំពីព្រះ ការសន្យាផ្តល់ទ្រព្យសម្បត្តិ ឬអំណាច ឬការវាយប្រហារលើទីបន្ទាល់របស់យើងអំពីព្រះ ។ ការបោកបញ្ឆោតដែលអាចកើតមានផ្សេងទៀត ដូចជាការធ្វើឲ្យអ្វីមួយល្អថាជាអាក្រក់ ឬផ្ទុយពីនោះវិញ ( សូមមើល អេសាយ ៥:២០ ) និងការកុហកដែលថា ការត្រូវ និងខុសគឺគ្មានទេ ( សូមមើល នីហ្វៃទី២ ២៨:២២ ) ។
នៅជាប់នឹងវិធីនីមួយៗដែលសាតាំងអាចព្យាយាមបោកបញ្ឆោតយើង សូមសរសេរយ៉ាងហោចណាស់វិធីមួយ ដែលយើងអាចស្វែងរកជំនួយពីព្រះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធដើម្បីយកឈ្នះលើការល្បួងនោះ ។ សូមសរសេររឿងជាក់លាក់ដែលអ្នកដឹងអំពីព្រះវិញ្ញាណបរិសុទ្ធដែលអាចជួយ ។