« អាលម៉ា ១៤ ៖ ‹ ចូរទុកឲ្យការណ៍នេះកើតឡើង ស្របតាមព្រះហឫទ័យនៃព្រះអម្ចាស់ចុះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ១៤ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១៤
« ចូរទុកឲ្យការណ៍នេះកើតឡើង ស្របតាមព្រះហឫទ័យនៃព្រះអម្ចាស់ចុះ »
ដោយសារយើងរស់នៅក្នុងពិភពលោកដែលធ្លាក់ នោះមនុស្សជាច្រើនត្រូវគេធ្វើបាបយ៉ាងឃោរឃៅ និងអយុត្តិធម៌ ។ នៅពេលអាលម៉ា និងអាមូលេកបានបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅទីក្រុងអាំម៉ូណៃហា មនុស្សអាក្រក់បានធ្វើទារុណកម្មពួកអ្នកជឿ ហើយដុតភ្លើងសម្លាប់ពួកគេ ។ អាលម៉ា និង អាមូលេក ត្រូវបានចាប់ដាក់គុក ហើយត្រូវបានបៀតបៀនយ៉ាងធ្ងន់ធ្ងរ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកទុកចិត្តលើព្រះអម្ចាស់ ពេលប្រឈមមុខនឹងការលំបាក ការរងទុក្ខ និងភាពអយុត្តិធម៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បញ្ហាប្រឈមក្នុងជីវិត
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អាន់ថូនី ឌី ភើគីន ក្នុងពួកចិតសិបនាក់ ៖
មិនថាអ្នករស់នៅទីណានោះទេ ការរងទុក្ខខាងផ្លូវកាយ ឬផ្លូវចិត្តពីការសាកល្បងផ្សេងៗ និងភាពទន់ខ្សោយក្នុងជីវិតរមែងស្លាប់នឹងក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកនៅពេលឥឡូវនេះ ឬថ្ងៃណាមួយ ។ ( អាន់ថូនី ឌី ភើគីន « សូមនឹកដល់ពួកបរិសុទ្ធរបស់ទ្រង់ដែលមានទុក្ខលំបាក ឱព្រះរបស់ទូលបង្គំអើយ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១០៣ )
-
តើមានវិធីផ្សេងអ្វីខ្លះដែលយើងអាចឆ្លើយតបទៅនឹងការសាកល្បងទាំងនេះ ?
អាលម៉ា ១៤ គឺជាដំណើររឿងនៃមនុស្សសុចរិត ដែលបានដកពិសោធនការសាកល្បងដ៏ធ្ងន់ធ្ងរ ។ ការសាកល្បងទាំងនេះភាគច្រើនត្រូវបានបង្ខំលើពួកគេដោយពួកមនុស្សដែលប្រើសិទ្ធិជ្រើសរើសរបស់ខ្លួនខុស ។ នៅពេលអ្នកសិក្សា សូមពិចារណាអំពីរបៀបដែលសេចក្ដីពិតដែលអ្នករកឃើញពីគំរូរបស់អាលម៉ា អាមូលេក និងមនុស្សសុចរិតផ្សេងទៀតអាចជួយអ្នកឆ្លើយនឹងការសាកល្បងនាពេលឥឡូវនេះ និងនៅពេលអនាគត ។
-
អាលម៉ា និង អាមូលេក
-
ស៊ីអែសរ៉ុម
-
ពួកអ្នកជឿលើព្រះបន្ទូលរបស់ព្រះ
សូមអាន អាលម៉ា ១៤:១–៩ ដោយរកមើលឧទាហរណ៍នៃការរងទុក្ខដែលមនុស្សផ្សេងទៀតបានជួបប្រទះ ។ អ្នកប្រហែលជាចង់មើលវីដេអូ« Zeezrom Believes, and the Righteous Are Persecuted » ( ៣:៥១ ) ដែលមាននៅ ChurchofJesusChrist.org ។
-
តើអ្នកអាចនឹងមានសំណួរអ្វីខ្លះ ប្រសិនបើអ្នកបានជួបប្រទះការសាកល្បងដូចជាមនុស្សមួយចំនួននេះ ?
ការទុកចិត្តលើព្រះអម្ចាស់
យើងអាចឆ្លើយតបតាមវិធីជាច្រើន នៅពេលយើងជួបប្រទះនឹងការរងទុក្ខ ឬមើលឃើញពីការរងទុក្ខរបស់អ្នកដទៃ ។ សូមអាន អាលម៉ា ១៤:១០–១១ ដោយរកមើលពីរបៀបដែលអាមូលេក និងអាលម៉ា បានឆ្លើយតបចំពោះការរងទុក្ខរបស់ពួកអ្នកជឿ ។
-
តើអ្នកធ្លាប់ចង់ជួយខ្លួនអ្នក ឬអ្នកដទៃពីការឈឺចាប់នៃការសាកល្បងដូច អាមូលេក ដែរឬទេ ? ហេតុអ្វី ?
-
តើអ្នករៀនអ្វីខ្លះអំពីព្រះពីការឆ្លើយតបរបស់អាលម៉ានៅក្នុង ខទី ១១ ?
សូមអាន អាលម៉ា ១៤:១២–១៣ ដោយស្វែងរកសេចក្តីពិតមួយ ដែលអាលម៉ាបានបង្រៀនអំពីរបៀបឆ្លើយតប នៅពេលយើងជួបប្រទះនឹងការរងទុក្ខ ។
-
តើពាក្យសម្ដីរបស់អាលម៉ាបង្ហាញការទុកចិត្តលើព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះចេញពីគំរូរបស់អាលម៉ា ?
គោលការណ៍មួយដែលយើងអាចរៀនបានគឺ ពេលយើងជួបប្រទះនឹងការសាកល្បង និងការរងទុក្ខ នោះយើងអាចជ្រើសរើសទុកចិត្តលើព្រះអម្ចាស់ ទោះជាលទ្ធផលយ៉ាងណាក៏ដោយ ។ សូមពិចារណាកត់ត្រាគោលការណ៍នេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយគូសចំណាំឃ្លា « ចូរទុកឲ្យការណ៍នេះកើតឡើង ស្របតាមព្រះហឫទ័យនៃព្រះអម្ចាស់ចុះ » នៅក្នុងព្រះគម្ពីររបស់អ្នក ។
-
តើអ្នកគិតថាការទុកចិត្តលើព្រះអម្ចាស់ជាជម្រើសតាមរបៀបណាខ្លះ ?
-
តើអ្នកអាចអនុវត្តឃ្លា « ចូរទុកឲ្យការណ៍នេះកើតឡើង ស្របតាមព្រះហឫទ័យនៃព្រះអម្ចាស់ចុះ » ទៅនឹងអ្វីមួយដែលអ្នកកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះដោយរបៀបណា ?
សូមគិតអំពីជីវិត និងស្ថានភាពរបស់អ្នក ។ តើអ្នកធ្វើអ្វីពេលអ្នក ឬអ្នកដែលអ្នកស្រឡាញ់ជួបប្រទះនឹងការបៀតបៀន ការសាកល្បង ឬភាពអយុត្តិធម៌ ? សូមឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ខាងក្រោមជាមួយ ជានិច្ច, ពេលខ្លះ ឬ មិនធ្លាប់ ។
-
ខ្ញុំទុកចិត្តលើព្រះហឫទ័យ និងពេលវេលារបស់ព្រះអម្ចាស់ នៅពេលអធិស្ឋានសូមការសង្គ្រោះពីការសាកល្បងរបស់ខ្ញុំ ។
-
ខ្ញុំស្វែងរកការអត់ធ្មត់ និងការយល់ដឹងដោយស្មោះត្រង់ នៅពេលដែលជីវិតហាក់ដូចជាអយុត្តិធម៌ ។
-
ខ្ញុំផ្តោតសេចក្តីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ និងការសន្យាដ៏អស់កល្បរបស់ទ្រង់ ជាជាងនៅក្នុងលទ្ធផលជាក់លាក់ដែលខ្ញុំសង្ឃឹមចង់បាន ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយទស្សនៈមួយ ដែលអាចជួយយើងឲ្យទុកចិត្តលើព្រះអម្ចាស់ អំឡុងពេលមានការសាកល្បងរបស់យើង ។ សូមមើលវីដេអូ « Personal Peace: The Reward of Righteousness » ចាប់ពីនាទីទី ៩:០២ ដល់នាទីទី ៩:៣៣ ដែលមាននៅ ChurchofJesusChrist.org ឬអានអត្ថបទខាងក្រោម ៖
យើងទាំងអស់គ្នាបានចូលរួមនៅក្នុងក្រុមប្រឹក្សានៃស្ថានសួគ៌ ដែលផ្តល់សិទ្ធិជ្រើសរើសខាងសីលធម៌ដោយដឹងថា នឹងមានការឈឺចាប់ក្នុងជីវិតរមែងស្លាប់ និងសូម្បីតែសោកនាដកម្មដែលមិនអាចថ្លែងបាន ដោយសារតែការបំពានសិទ្ធិជ្រើសរើស ។ យើងយល់ថា រឿងនេះអាចធ្វើឲ្យយើងខឹង ងឿងឆ្ងល់ គ្មានការការពារ និងងាយរងគ្រោះ ។ ប៉ុន្តែយើងក៏បានដឹងដែរថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនឹងយកឈ្នះ និងទូទាត់សងសម្រាប់ភាពអយុត្តិធម៌ទាំងអស់នៃជីវិតរមែងស្លាប់ ហើយនាំមកឲ្យយើងនូវសេចក្តីសុខសាន្ត ។ ( ឃ្វីនថិន អិល ឃុក « Personal Peace: The Reward of Righteousness » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៣៣–៣៤ )
-
តើអ្នកបានរៀនអ្វីខ្លះដែលអាចជួយអ្នក ពេលអ្នកជួបទុក្ខលំបាក ឬដឹងពីទុក្ខលំបាករបស់អ្នកដទៃ ?
វាជាការសំខាន់ក្នុងការចងចាំថា ប្រសិនបើអ្នកត្រូវបានគេធ្វើបាប ឬបំពានតាមមធ្យោបាយណាមួយ អ្នកគួរតែស្វែងរកជំនួយពីមាតាបិតា ឬអ្នកដឹកនាំសាសនាចក្រ ដើម្បីពួកគាត់អាចជួយអ្នកដោះស្រាយបញ្ហាបាន ។ ព្រះអម្ចាស់ស្រឡាញ់អ្នក ហើយសព្វព្រះទ័យឲ្យអ្នកមានអារម្មណ៍សុខសាន្ត និងសុភមង្គល ។
បន្តដោយសេចក្ដីជំនឿ និងការទុកចិត្តលើព្រះអម្ចាស់
បន្ទាប់ពីអាលម៉ា និង អាមូលេក ត្រូវបានបង្ខំឲ្យមើលការដុតពួកអ្នកជឿដ៏សុចរិត ពួកលោកត្រូវបានគេចំអក វាយដំ និងដាក់គុកដោយអ្នកគ្រប់គ្រងនៃក្រុងអាំម៉ូណៃហា ( សូមមើល អាលម៉ា ១៤:១៤–១៧ ) ។
សូមអាន អាលម៉ា ១៤:១៨–២៩ ដោយរកមើលពីរបៀបដែលអាលម៉ា និង អាមូលេក បានទុកចិត្តលើព្រះអម្ចាស់ អំឡុងពេលពួកលោករងទុក្ខ ។ អ្នកប្រហែលជាចង់មើលវីដេអូ « Alma and Amulek Are Miraculously Delivered from Prison » ( ២:៤៥ ) ដែលមាននៅ ChurchofJesusChrist.org ។
-
តើអាលម៉ា និង អាមូលេកបន្តទុកចិត្តលើព្រះអម្ចាស់ក្នុងអំឡុងពេលពួកលោកជួបទុក្ខលំបាកដោយរបៀបណា ?
តើអ្នកស្គាល់អ្នកណា ?
សូមគិតអំពីនរណាម្នាក់ក្នុងជីវិតរបស់អ្នក ដែលព្យាយាមទុកចិត្តលើព្រះអម្ចាស់ អំឡុងពេលមានការសាកល្បង និងទុក្ខលំបាក ។ តើអ្នកអាចរៀនអ្វីខ្លះពីគំរូរបស់គាត់ ? តើអ្នកឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងការឆ្លើយតបរបស់បុគ្គលនេះ និងរបៀបដែលអាលម៉ា និងអាមូលេកបានឆ្លើយតបចំពោះសេចក្តីវេទនា ?
សូមសរសេររឿងជាក់លាក់មួយ ឬពីរដែលអ្នកអាចធ្វើបាន ដើម្បីទុកចិត្តកាន់តែប្រសើរឡើងលើព្រះអម្ចាស់ នៅពេលជីវិតមានការលំបាក ឬហាក់ដូចជាអយុត្តិធម៌ ។ សូមពិចារណាដាក់អ្វីដែលអ្នកសរសេរនៅកន្លែងណាមួយដែលអ្នកនឹងឃើញវាញឹកញាប់ ។