« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៥ ៖ ម៉ូសាយ ១៨–អាលម៉ា ១៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៥
គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធ អំឡុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ក្រឡេកមើលទៅក្រោយ បន្តឆ្ពោះទៅមុខ
សូមគិតអំពីគ្រាមួយដែលអ្នកបានទៅឡើងភ្នំ ជិះកង់ ឬការធ្វើដំណើរឆ្ងាយ ។ នៅពេលអ្នកសម្លឹងទៅមុខ ហើយចាប់ផ្តើមធ្វើដំណើរ វាអាចមានអារម្មណ៍ថា អ្នកកំពុងមានការរីកចម្រើនតិចតួចណាស់ ។ តើមានអ្វីកើតឡើង នៅពេលអ្នកចំណាយពេលមួយភ្លែត ដើម្បីក្រឡេកមើលទៅកន្លែងដែលអ្នកធ្លាប់នៅ ? អ្នកទំនងជានឹងសង្កេតឃើញថា អ្នកបានធ្វើដំណើរឆ្ងាយជាងអ្វីដែលអ្នកបានដឹងទៅទៀត ។
-
តើការដឹងថា អ្នកបានស្ថិតនៅត្រង់ណា និងកន្លែងដែលអ្នកកំពុងធ្វើដំណើរទៅមានប្រយោជន៍អ្វី ?
ជីវិតរបស់យើងអាចប្រៀបបាននឹងដំណើរមួយអញ្ចឹង ។ ការឆ្លុះបញ្ចាំងពីកន្លែងដែលអ្នកនៅ និងកន្លែងដែលអ្នកកំពុងធ្វើដំណើរ អាចដូចជាការឆ្លុះបញ្ចាំងជាប្រចាំអំពីគោលដៅដែលអ្នកមានសម្រាប់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់អ្នក ។
-
តើអ្នកបានទទួលប្រយោជន៍យ៉ាងណាពីការចំណាយពេលដើម្បីវាយតម្លៃគោលដៅ និងការរីកចម្រើនរបស់អ្នក ?
មេរៀននេះនឹងជួយអ្នកវាយតម្លៃវឌ្ឍនភាពដែលអ្នកបានធ្វើក្នុងដំណើររបស់អ្នក ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសញ្ជឹងគិតអំពីការរីកចម្រើនរបស់អ្នក ។
ការប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ
សូមគូរផ្លូវដែលតំណាងឲ្យផ្លូវនៃសេចក្តីសញ្ញា និងដំណើររបស់អ្នកក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមបញ្ចូលនគរសេឡេស្ទាលនៅចុងបញ្ចប់នៃផ្លូវនោះ ។ សូមគូររូបខ្លួនរបស់អ្នកនៅកណ្តាលផ្លូវ ។
សូមពិនិត្យមើលអ្វីដែលអ្នកបានសិក្សានៅក្នុងព្រះគម្ពីរមរមន និងកំណត់ចំណាំក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីជួយអ្នករំឭកពីអ្វីដែលអ្នកបានរៀន ។ នៅពីខាងក្រោយគំនូររូបខ្លួនអ្នក សូមសរសេរនូវអ្វីដែលអ្នកបានរៀនក្នុងអំឡុងពេលសិក្សាព្រះគម្ពីរមរមនពាក់កណ្តាលដំបូង ដែលបានជួយអ្នកឲ្យក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចរួមបញ្ចូលចំណេះដឹងដែលអ្នកបានទទួល ឥរិយាបថ ឬបំណងប្រាថ្នាដែលអ្នកកំពុងអភិវឌ្ឍ ឬសកម្មភាពដែលអ្នកបានធ្វើ ។
សូមមើលរូបភាពនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅលើផ្លូវនៅពីមុខរូបដែលតំណាងឲ្យអ្នក សូមសរសេរសកម្មភាពដែលអ្នកចង់ធ្វើ ឬបន្តធ្វើ នៅពេលអ្នកខិតខំដើម្បីក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នកសង្ឃឹមថារៀនអ្វីទៀត នៅពេលអ្នកសិក្សាព្រះគម្ពីរមរមនពាក់កណ្តាលបន្ទាប់ទៀត ?
-
តើអ្នកសង្ឃឹមថា អ្នកនឹងដឹង ទទួលអារម្មណ៍ ឬធ្វើអ្វីនៅចុងឆ្នាំនេះ ជាលទ្ធផលនៃការសិក្សាព្រះគម្ពីរមរមនរបស់អ្នកនៅពាក់កណ្តាលទីពីរនេះ ?
ការដកពិសោធន៍ការផ្លាស់ប្តូរនៃដួងចិត្ត
ថ្មីៗនេះ អ្នកបានអានអំពីបុគ្គលជាច្រើនដែលបានជួបប្រទះការផ្លាស់ប្តូរដួងចិត្ត ។ សម្រាប់មនុស្សមួយចំនួន ដូចជា អាលម៉ាជាកូន និងពួកបុត្រារបស់ម៉ូសាយ ការផ្លាស់ប្តូរគឺកើតឡើងភ្លាមៗ និងយ៉ាងកំហុក ។ សម្រាប់អ្នកផ្សេងទៀត ដូចជាអាមូលេក និងប្រជាជនលិមហៃ ការផ្លាស់ប្តូរដួងចិត្តរបស់ពួកគេបានកើតឡើងក្នុងពេលដ៏យូរ ។
អាលម៉ាបានសួរប្រជាជនសារ៉ាហិមឡាថា « តើអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្តូរដ៏ធំនេះនៅក្នុងដួងចិត្តរបស់អ្នកហើយឬនៅ ? » ( អាលម៉ា ៥:១៤ ) ។ ហើយប្រសិនបើដូច្នេះមែន « តើអ្នករាល់គ្នាអាចចាប់អារម្មណ៍យ៉ាងនេះឥឡូវនេះទេ ? » ( អាលម៉ា ៥:២៦ ) ។ សូមសញ្ជឹងគិតអំពីវឌ្ឍនភាពនៃការផ្លាស់ប្តូរដួងចិត្តរបស់អ្នក ។ តើពេលខ្លះវាពិបាកក្នុងការទទួលស្គាល់ពីរបៀបដែលព្រះអម្ចាស់អាចនឹងជួយអ្នកក្នុងការផ្លាស់ប្តូរទេ ? តើអ្នកបានឃើញខ្លួនឯងតាមរបៀបណាខ្លះក្នុងដំណើររឿងមួយចំនួនដែលអ្នកបានសិក្សា ?
សូមអាន អាលម៉ា ៥:១៤–១៩, ២៦–២៩ ហើយសញ្ជឹងគិតសំណួររបស់អាលម៉ាប្រកបដោយការអធិស្ឋាន ។
អ្នកប្រហែលជាបានកត់ត្រាការឆ្លើយតបរបស់អ្នក ចំពោះសំណួររបស់អាលម៉ានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក នៅពេលអ្នកបានសិក្សាខគម្ពីរទាំងនោះជាលើកដំបូង ។ សូមប្រៀបធៀបអ្វីដែលអ្នកបានសរសេរនៅពេលនោះ ទៅនឹងរបៀបដែលអ្នកនឹងឆ្លើយសំណួរឥឡូវនេះ ។ តើអ្នកកត់សម្គាល់ឃើញអ្វីខ្លះ ? តើអ្នកគិតថា ព្រះវរបិតាសួគ៌របស់អ្នកចង់ឲ្យអ្នកទទួលស្គាល់ ទទួលអារម្មណ៍ ឬធ្វើអ្វីបន្ទាប់ពីការប្រៀបធៀបចម្លើយរបស់អ្នក ?
សូមពិចារណាកត់ត្រាការឆ្លើយតបថ្មីរបស់អ្នក ឬអារម្មណ៍របស់អ្នកអំពីវឌ្ឍនភាពរបស់ខ្លួន ។
ការពន្យល់អំពីគោលលទ្ធិនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
សូមសរសេរស្ថានភាពប្រឌិដ្ឋ ឬស្ថានភាពដែលការដឹងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទនឹងជួយនរណាម្នាក់ ។ ឧទាហរណ៍ ៖ យុវនារីម្នាក់ឆ្ងល់ថា តើនាងអាចត្រូវបានលើកលែងទោសបានដែរឬទេ ឬក៏យុវជនម្នាក់មានអារម្មណ៍ឯកោក្នុងការសាកល្បងរបស់គាត់ ។ ឬជំនួសឲ្យស្ថានភាពមួយ អ្នកអាចសរសេរសំណួរដែលអ្នក ឬនរណាម្នាក់ផ្សេងទៀតអាចមានអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
សូមគិតអំពីអ្វីដែលអ្នកបានរៀនអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរមរមន ។ សូមក្រឡេកមើលខគម្ពីរដែលអ្នកបានគូសចំណាំ ឬកំណត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ អ្នកប្រហែលជាបានគូសចំណាំខគម្ពីរមួយចំនួន ឬធ្វើកំណត់ចំណាំពីការសិក្សារបស់អ្នកអំពី ម៉ូសាយ ២៦ ឬ អាលម៉ា ៧ ( សូមមើលផងដែរ នីហ្វៃទី២ ៩; ម៉ូសាយ ១៤–១៦ ) ។
សូមសរសេរអ្វីដែលអ្នកចង់និយាយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព ឬសំណួរនោះ ។ សូមពន្យល់ពីរបៀបដែលការយល់ដឹងអំពីគោលលទ្ធិនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយក្នុងស្ថានភាព ឬឆ្លើយសំណួរនោះ ។ សូមព្យាយាមប្រើវគ្គបទគម្ពីរមួយ ឬច្រើនពីព្រះគម្ពីរមរមន ។