« អាលម៉ា ១៨ ៖ អាំម៉ូនបម្រើ និងបង្រៀនស្ដេចឡាម៉ូណៃ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ១៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ១៨
អាំម៉ូនបម្រើ និងបង្រៀនស្ដេចឡាម៉ូណៃ
យើងមិនដឹងថា ហេតុអ្វីបានជាស្ដេចឡាម៉ូណៃបានរាប់អានអាំម៉ូនយ៉ាងខ្លាំងនៅពេលដែលពួកទ្រង់បានជួបគ្នាលើកដំបូងទេ ។ ប្រហែលជាមកពីព្រះឆន្ទៈរបស់អាំម៉ូនក្នុងការបម្រើ ឬពន្លឺនៃព្រះគ្រីស្ទហើយដែលទ្រង់បានគិតពិចារណា ឬថាទ្រង់ជាបុត្រារបស់ស្ដេចម៉ូសាយ ។ មិនថាហេតុផលអ្វីដែលនាំឲ្យមានចំណាប់អារម្មណ៍ដំបូងវិជ្ជមានចំពោះអាំម៉ូន នោះទេឡាម៉ូណៃមានការរំជួលព្រះទ័យយ៉ាងខ្លាំងចំពោះភាពស្មោះត្រង់ដែលអាំម៉ូនបានបម្រើទ្រង់ក្នុងរយៈពេលបីថ្ងៃបន្ទាប់ ។ ដោយសារតែអារម្មណ៍ដែលទ្រង់បានទទួល នោះឡាម៉ូណៃស្ម័គ្រព្រះទ័យជឿពាក្យទាំងអស់របស់អាំម៉ូន ។ គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកស្វែងរកវិធីជួយអ្នកដទៃឲ្យកាន់តែខិតជិតព្រះ តាមរយៈសេចក្តីស្រឡាញ់ និងការបម្រើដូចព្រះគ្រីស្ទរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ផ្សព្វផ្សាយដំណឹងល្អ
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
បទបង្រៀនដ៏អស្ចារ្យបំផុតមួយស្តីពីកិច្ចការផ្សព្វផ្សាយសាសនាដែលបានបង្រៀន គឺជាគំនិតដ៏សាមញ្ញនេះ ដែលឧទ្ទិសដល់ ស្យង់ ហ្រ្វង់ស៊ីស នៃស្រុកអាស៊ីស៊ី ៖ « ផ្សាយដំណឹងល្អគ្រប់ពេលវេលា ហើយបើចាំបាច់ សូមប្រើពាក្យសម្តី » ។ ( ឌៀថើរ អេហ្វ អុជដុហ្វ « Waiting on the Road to Damascus » Liahona ខែ ឧសភា ២០១១ ទំព័រ ៧៧ )
-
តើយើងអាចផ្សព្វផ្សាយដំណឹងល្អដោយមិនប្រើពាក្យសម្តីដោយរបៀបណា ?
-
ហេតុអ្វីនោះជាវិធីដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយ ?
ព្រះយេស៊ូវគ្រីស្ទជាគំរូដ៏ល្អឥតខ្ចោះនៃការបង្រៀនដំណឹងល្អ ។
-
តើអ្នកអាចនឹកគិតអំពីដំណើររឿងនៃព្រះយេស៊ូវដែលជួយអ្នកដទៃឲ្យរៀនអំពីព្រះវរបិតាសួគ៌ ទោះបីជាមិនបានមានបន្ទូលច្រើនក៏ដោយបានដែរឬទេ ?
អ្នកអាចចងចាំថា នៅពេលអាំម៉ូនចាប់ផ្តើមបេសកកម្មរបស់ទ្រង់ក្នុងចំណោមប្រជាជនលេមិននៅលើដែនដីអ៊ីសម៉ាអែល ទ្រង់មិនបានចាប់ផ្តើមបង្រៀនដំណឹងល្អភ្លាមៗទេ ។ ផ្ទុយទៅវិញ ទ្រង់បានសន្យានឹងស្ដេចថា « ទូលបង្គំនឹងធ្វើជាអ្នកបម្រើរបស់ទ្រង់វិញ » ( អាលម៉ា ១៧:២៥ ) ។ អាំម៉ូនត្រូវបានចាត់ឲ្យទៅមើលហ្វូងចៀមរបស់ស្ដេច ។ តាមរយៈព្រះចេស្ដារបស់ព្រះ អាំម៉ូនបានការពារហ្វូងចៀម និងអ្នកបម្រើផ្សេងទៀតពីសាសន៍លេមិន ដែលព្យាយាមកម្ចាត់ហ្វូងចៀម ។
នៅពេលអ្នកសិក្សា អាលម៉ា ១៨ ថ្ងៃនេះ សូមយកចិត្តទុកដាក់លើឥទ្ធិពលនៃការបម្រើដ៏ស្មោះត្រង់របស់អាំម៉ូនមកលើស្ដេចឡាម៉ូណៃ ។ សូមគិតអំពីវិធីដែលអ្នកអាចជួយអ្នកដទៃឲ្យកាន់តែខិតទៅជិតព្រះដោយការស្រឡាញ់ និងបម្រើពួកគេតាមរបៀបដូចព្រះគ្រីស្ទ ។
ឥទ្ធិពលនៃសេចក្តីស្រឡាញ់ និងការបម្រើដូចព្រះគ្រីស្ទរបស់អាំម៉ូន
សូមអាន អាលម៉ា ១៨:១–១១ ដោយរកមើលឥទ្ធិពលដែលសកម្មភាពរបស់អាំម៉ូនមានលើស្តេចឡាម៉ូណៃ ។ អ្នកក៏អាចមើល « Ammon Defends the King’s Flocks » ចាប់ពីនាទីទី ២:៥៧ ដល់នាទីទី ៥:២៤ នៅពេលអ្នកផ្ទៀងតាមនៅក្នុងបទគម្ពីររបស់អ្នក ។ វីដេអូនេះមាននៅ ChurchofJesusChrist.org ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីសកម្មភាពរបស់អាំម៉ូននៅក្នុងខគម្ពីរទាំងនេះ ?
-
តើសកម្មភាពរបស់អាំម៉ូនជះឥទ្ធិពលអ្វីខ្លះមកលើស្ដេច ?
បន្ទាប់ពីអាំម៉ូនបានរៀបចំសេះ និងរទេះរបស់ស្ដេចរួចហើយ នោះទ្រង់បានចូលមកគាល់ស្ដេច ហើយបានកត់សម្គាល់ឃើញថា ទឹកមុខរបស់ឡាម៉ូណៃបានផ្លាស់ប្តូរ ។ តាមរយៈព្រះវិញ្ញាណអាំម៉ូនបានយល់ឃើញពីគំនិតរបស់ស្តេច ហើយបានដឹងថាឡាម៉ូណៃកំពុងតែងឿងឆ្ងល់ចំពោះរបៀបដែលអាំម៉ូនបានការពារហ្វូងចៀមរបស់ស្តេចប្រកបដោយអព្ភូតហេតុ ( សូមមើល អាលម៉ា ១៨:១២–១៩ ) ។
សូមអាន អាលម៉ា ១៨:២០–២៣ ដោយរកមើលអ្វីដែលឡាម៉ូណៃសព្វព្រះទ័យចង់បាន ។ អ្នកក៏អាចមើល « Ammon Teaches King Lamoni about the Gospel of Jesus Christ » ចាប់ពីនាទីទី ០:២៣ ដល់នាទីទី ១:៥៦ នៅពេលអ្នកផ្ទៀងតាមនៅក្នុងបទគម្ពីររបស់អ្នក ។ វីដេអូនេះមាននៅ ChurchofJesusChrist.org ។
-
តើអ្នកគិតថាសេចក្ដីស្រឡាញ់ និងការបម្រើដូចព្រះគ្រីស្ទរបស់អាំម៉ូនដើរតួនាទីអ្វីខ្លះក្នុងព្រះទ័យរបស់ស្ដេចក្នុងការជឿលើពាក្យរបស់អាំម៉ូន ?
សេចក្តីពិតមួយដែលយើងអាចរៀនពីដំណើររឿងនេះគឺថា តាមរយៈសេចក្ដីស្រឡាញ់ និងការបម្រើដូចព្រះគ្រីស្ទរបស់យើង ព្រះអាចរៀបចំដួងចិត្តនៃអ្នកទាំងឡាយដែលយើងបម្រើ ដើម្បីទទួលសេចក្ដីពិតនៃដំណឹងល្អ ។
-
តើយើងអាចជួយអ្នកដទៃឲ្យចូលមកកាន់តែជិតព្រះបានតាមរយៈសេចក្ដីស្រឡាញ់ និងការបម្រើដូចព្រះគ្រីស្ទរបស់យើងមានវិធីណាខ្លះ ?
អាំម៉ូនបង្រៀនឡាម៉ូណៃអំពីសេចក្តីពិតនៃដំណឹងល្អ
សូមអាន អាលម៉ា ១៨:២៤–៤៣ ដោយរកមើលអ្វីដែលអាំម៉ូនបានបង្រៀនឡាម៉ូណៃ ។ អ្នកអាចធ្វើបញ្ជីមួយនៃអ្វីដែលអ្នករកឃើញ ដោយយកចិត្តទុកដាក់ចំពោះពាក្យ « បាននិយាយសារឡើងវិញ », « បានអធិប្បាយប្រាប់ » និង « បានប្រាប់ » ។ អ្នកក៏អាចមើលវីដេអូ« Ammon Teaches King Lamoni about the Gospel of Jesus Christ » ចាប់ពីនាទីទី ១:៥៦ ដល់នាទីទី ៥:៤១ មាននៅ ChurchofJesusChrist.org ហើយផ្ទៀងតាមនៅក្នុងបទគម្ពីររបស់អ្នក ។
-
តើសេចក្ដីពិតសំខាន់ៗអ្វីខ្លះដែលអាំម៉ូនបានជួយឡាម៉ូណៃឲ្យយល់ ?
-
តើសេចក្ដីពិតទាំងនេះជះឥទ្ធិពលអ្វីខ្លះដល់ឡាម៉ូណៃ ?
-
ហេតុអ្វីសេចក្ដីពិតទាំងនេះសំខាន់សម្រាប់យើងដើម្បីយល់សព្វថ្ងៃនេះ ?
ទោះបីជាសាសន៍លេមិនជាច្រើនបានគិតថា ឡាម៉ូណៃបានសុគត ពេលទ្រង់បានដួលលើដីក៏ដោយ ក៏ក្រោយមកអាំម៉ូនបានជួយពួកគេឲ្យយល់ថា ស្តេច « នៅក្រោមព្រះចេស្ដានៃព្រះ » ឬ « បាននាំយកទៅដោយព្រះ » ( អាលម៉ា ១៩:៦ ) ។ អ្នកនឹងរៀនបន្ថែមទៀតអំពីការប្រែចិត្តជឿរបស់ឡាម៉ូណៃ ពេលអ្នកសិក្សា អាលម៉ា ១៩ ។
ការអនុវត្តអ្វីដែលអ្នកបានរៀនសូត្រ
សូមគិតអំពីនរណាម្នាក់ដែលអ្នកមានអារម្មណ៍ថា អ្នកអាចជួយឲ្យចូលមកកាន់តែជិតព្រះ តាមរយៈសេចក្ដីស្រឡាញ់ និងការបម្រើដូចព្រះគ្រីស្ទ ។
-
តើអ្នកអាចបម្រើ ឬបង្ហាញសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទចំពោះបុគ្គលនេះយ៉ាងដូចម្ដេច ?
-
តើការខិតខំរបស់អ្នកអាចជួយបុគ្គលនេះចូលមកកាន់តែជិតព្រះយ៉ាងដូចម្ដេច ?
-
តើអ្នកឃើញមានឧបសគ្គអ្វីខ្លះដែលអាចធ្វើឲ្យពិបាកក្នុងការបម្រើមនុស្សនេះដោយក្ដីស្រឡាញ់ដ៏សុទ្ធសាធ ? តើអ្នកអាចយកឈ្នះលើឧបសគ្គទាំងនោះបានយ៉ាងដូចម្ដេច ?