ថ្នាក់​សិក្ខាសាលា
អាលម៉ា ៣៦ ៖ « ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត »


« អាលម៉ា ៣៦ ៖ ‹ ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៣៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៣៦

« ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត »

យុវនារី​ដែល​ពេញ​ដោយ​អំណរ

ការចែកចាយ​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​ទន់ភ្លន់​ជាមួយ​អ្នក​ដែល​យើង​ស្រឡាញ់​អាច​ជា​ប្រភព​នៃ​កម្លាំង​សម្រាប់​ទាំង​ពួកគេ ទាំង​ពួកយើង​ផងដែរ ។ ពេល​កំពុង​និយាយ​ទៅកាន់ ហេលេមិន ជាកូនប្រុស​លោក អាលម៉ា​បានរៀបរាប់​ឡើងវិញ​ពី​បទពិសោធន៍​របស់​លោក​ដែល​បានឃើញ​ទេវតា​មួយអង្គ មាន​អារម្មណ៍​ឈឺចាប់​ដោយសារ​អំពើបាប​របស់​លោក និង​ស្វែងរក​ការរំដោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។⁠ មេរៀន​នេះ​មាន​គោលបំណង​ជួយ​ឲ្យ​អ្នក​ងាក​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​សេចក្តីជំនឿ ហើយ​ស្គាល់​ពី​អំណរ​នៃ​ការរំដោះ​របស់​ទ្រង់ ។

ជំនាញ​សិក្សា—ការគូស​ចំណាំ​វគ្គបទគម្ពីរ ។ ការគូស​ចំណាំ​បទគម្ពីរ​អាច​ជួយ​ឲ្យ​សិស្ស​បង្កើត​បាន​ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ និង​រក្សាទុក​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ។⁠ ពួកគេ​អាច​គូសបន្ទាត់​ពី​ក្រោម ⁠ដាក់​ជា​ស្រមោល ⁠ឬ​គូស​ពាក្យ ឬ​ឃ្លា​សំខាន់ៗ ។ សំណៅ​កំណែថ្មី​នៃ​ព្រះគម្ពីរ​អេឡិចត្រូនិក​រួមមាន​ឧបករណ៍​ដែល​មាន​អត្ថប្រយោជន៍​ដើម្បី​គូសចំណាំ​បទគម្ពីរ​ផងដែរ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មករៀន​ដោយ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយពី​ឧទាហរណ៍​នៃ​នរណា​ម្នាក់ ដែល​បានរកឃើញ​សេចក្តី​សុខសាន្ត​នៅក្នុង​ព្រះគ្រីស្ទ​បន្ទាប់ពី​ការរងទុក្ខ​មួយ​រយៈ ។ តើ​អ្វី​ទៅ​ដែល​បានជួយ​ឲ្យ​បុគ្គល​ម្នាក់​នេះ​រកឃើញ​សេចក្តី​សុខសាន្ត ?

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ពាក្យ​ផ្ទុយ

ដើម្បី​ចាប់ផ្តើម​មេរៀន​នេះ​ទៅបាន សូម​ជួយ​ឲ្យ​សិស្ស​គិត​អំពី​ការផ្លាស់ប្តូរ​ខាងវិញ្ញាណ និង​អ្វី​ដែល​ជួយ​សម្រួល​ដល់​ការណ៍​នេះ ។ វិធី​មួយ​ដើម្បី​ធ្វើ​ការណ៍នេះ​បាន​⁠គឺ​ត្រូវ​សរសេរ​ពាក្យ​ខាងក្រោម​នេះ​ដាក់​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​សិស្ស​សរសេរ​ពាក្យ​ផ្ទុយ​នីមួយៗ ។

  • ការឈឺចាប់ →

  • សោកស្ដាយ →

  • ភាពសោកសៅ →

សូម​សញ្ជឹងគិត​នៅពេល​ដែល​អ្នក​អាច​បាន​ប្រព្រឹត្ត​អំពើបាប ហើយ​មាន​អារម្មណ៍​ដូច​នៅខាង​ឆ្វេង​ដៃ ។⁠ តើ​អារម្មណ៍​នោះ​ធ្លាប់​ដែល​ក្លាយជា​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅខាង​ស្ដាំ​ឬ​ទេ ?⁠ តើ​មាន​អ្វី​បាន​កើតឡើង ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នោះ​កើតឡើង​បាន ?

បន្ទាប់ពី​ការពិភាក្សា​ខាងដើម​ហើយ អ្នក​អាចចង្អុល​បង្ហាញថា ពេល​អារម្មណ៍​អវិជ្ជមាន​កើតឡើង​ដោយ​អំពើបាប នោះ​មានតែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ឲ្យ​យើង​ប្ដូរ​អារម្មណ៍​អវិជ្ជមាន​ទាំងនោះ​មាន​លក្ខណៈ​ផ្ទុយទៅ​វិញ​បាន ពោលគឺ​មាន​អារម្មណ៍​វិជ្ជមាន​វិញ ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​គិត​ពិចារណា​ដោយ​ស្ងៀមស្ងាត់​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ​ឲ្យ​ផ្លាស់ប្តូរ​បាន នៅពេល​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​អំពើបាប ។⁠ សូម​បង្ហាញ​ស្វ័យ​វាយតម្លៃ​ដូចខាងក្រោម ហើយ​ស្នើ​សុំ​ឲ្យ​សិស្ស​កត់ត្រា​ចូលក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ នូវ​ចំណាប់អារម្មណ៍​ទាំងឡាយណា​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​កំពុង​សញ្ជឹងគិត ។⁠ ទាំងនេះ​អាច​ជាសំណួរ ⁠អារម្មណ៍ ឬ​ការជំរុញចិត្ត​ឲ្យ​ធ្វើ​សកម្មភាព ។

សូម​សញ្ជឹងគិត​ថា តើ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​មាន​ការពិត​កម្រិតណា​សម្រាប់​អ្នក ៖

  • នៅពេល​ខ្ញុំ​មានបាប ខ្ញុំ​ដឹង​ពី​របៀប​ងាក​ទៅរក​ព្រះអម្ចាស់ ដើម្បី​ទទួល​បាន​ការអភ័យទោស សេចក្តី​សុខសាន្ត និង​សេចក្តីសង្ឃឹម ។

  • ខ្ញុំ​មាន​ទំនុកចិត្ត​ថា ដោយមាន​ជំនួយ​ពី​ព្រះអម្ចាស់ ខ្ញុំ​អាច​នឹង​ផ្លាស់ប្តូរ​បាន ។

  • ខ្ញុំ​ងាកទៅ​រក​ព្រះអម្ចាស់​ជាប្រចាំ​⁠ដើម្បី​ទទួល​បាន​ជំនួយ​នេះ ។

ថ្ងៃនេះ អ្នក​ត្រូវ​សិក្សា​ពី​របៀប​ដែល​អារម្មណ៍​នៃ​ការឈឺចាប់​យ៉ាងខ្លាំង​របស់ អាលម៉ា ជា​កូន​ចំពោះ​អំពើបាប​របស់​គាត់​មាន​ការបង្វែរ​ទៅជា​អារម្មណ៍​មាន​អំណរ និង​សេចក្ដីសុខសាន្ត នៅពេល​ដែល​គាត់​ដង្ហោយ​ស្រែករក​ព្រះអង្គ​សង្គ្រោះ ។⁠ នៅពេល​អ្នក​សិក្សា សូម​រកមើល​ពី​របៀប​ដែល​អ្នក​អាច​ស្វះស្វែង​រក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​យកឈ្នះ​លើ​អំពើបាប និង​ឥទ្ធិពល​នៃ​អំពើបាប​នោះ ហើយ​ទទួល​បាន​អំណរ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការផ្លាស់ប្ដូរ​ដ៏​ធំ​របស់​អាលម៉ា

បន្ទាប់ពី​បដិសេធ​ដំណឹងល្អ​ដែល​បានបង្រៀន​ដល់​ពួកគេ នោះ​ពួកសាសន៍​សូរាំ​បាន​ចូលរួម​ជាមួយនឹង​ពួកសាសន៍​លេមិន​ដើម្បី​ចាក់រុក​ពួកគេ​ឲ្យ​មាន​កំហឹង​ប្រឆាំង​នឹង​ពួកសាសន៍​នីហ្វៃ ។⁠ បន្ទាប់មក ពួកសាសន៍សូរាំ និង​ពួកសាសន៍លេមិន​បានវាយ​ប្រហារ​ពួកសាសន៍​នីហ្វៃ ដែលនាំ​ឲ្យ​មាន​សង្រ្គាម​ដ៏​ធំមួយ ។⁠ ចិត្ត​របស់​ពួកសាសន៍​នីហ្វៃ​ជាច្រើន​ក៏ ⁠« ចាប់​ផ្ដើម​រឹងរូស »⁠ ប្រឆាំងនឹង​ព្រះបន្ទូល​ព្រះ​ផងដែរ ( អាលម៉ា ៣៥:១៥ ) ។ ក្នុង​ការឆ្លើយតប​នឹង​ការធ្លាក់ចុះ⁠​ខាងវិញ្ញាណ​របស់​ពួកសាសន៍​នីហ្វៃ អាលម៉ា​បានហៅ​កូនប្រុសៗ​របស់​លោកមក​ជុំគ្នា​ដើម្បី « អាច​ប្រទាន​កិច្ចការ​កាន់កាប់​មួយ​រៀងៗ​ខ្លួន​ដាច់ឡែក​ពី​គ្នា អំពី​ការណ៍​ទាំង​ឡាយ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត » ( អាលម៉ា ៣៥:១៦ ) ។⁠ ជាបឋម ⁠លោក​បាននិយាយ​ជាមួយ​កូនប្រុស​លោក ហេលេមិន ហើយ​បាន​រៀបរាប់​ឡើងវិញ​ពី​បទពិសោធន៍​នៃ​ការប្រែចិត្តជឿ​របស់​លោក ។

សូម​បង្ហាញ​រូបភាព​ដូច​ខាងក្រោម ។⁠ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើកិច្ចការ​ជាមួយ​ដៃគូ​ដែល​ត្រូវ​ឆ្លើយ​សំណួរ​តាមក្រោយ ។

ជម្រើស​មួយ​ផ្សេង​ទៀត​⁠គឺ​ត្រូវ​សរសេរ​ពាក្យ​ស្រដៀង​នឹង​ពាក្យ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ អាលម៉ា ពួក​បុត្រា​របស់​ម៉ូសាយ បំផ្លាញ​ព្រះវិហារ ទេវតា បីថ្ងៃ ។⁠ បន្ទាប់មក សូម​ឲ្យ​ដៃគូ​ទាំងឡាយ​រៀបរាប់​រឿង​នេះ​ឡើងវិញ​ដោយ​ប្រើ​ពាក្យ ឬ​ឃ្លានីមួយៗ​នោះ ។

ការប្រែចិត្តជឿ​របស់​អាលម៉ា​ជាកូន
  • តើ​អ្នក​ចងចាំ​អ្វីខ្លះ​អំពី​អាលម៉ា​ជាកូន ហើយ​រូបភាព​នេះ​បង្ហាញ​ពី​អ្វី ?

សូម​អាន អាលម៉ា ៣៦:៦–១១ ហើយ​រកមើល​សេចក្តីលម្អិត​ដែល​អ្នក​ប្រហែលជា​បាន​រំលង ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិតថា បន្ទូល​របស់​ទេវតា​មាន​ឥទ្ធិពល​ខ្លាំងលើ​អាលម៉ា ?

  • ក្រៅពី​ការមើលឃើញ​ទេវតា តើ​អ្វី​អាច​នាំ​ឲ្យ​មនុស្ស​ម្នាក់​ដឹង​ថា ខ្លួន​គេ​ត្រូវការ​ការផ្លាស់ប្តូរ ?

អ្នក​អាច​នឹង​ចង់ជួយ​សិស្ស​ឲ្យ​យល់ពី​តម្លៃនៃ​ការគូសចំណាំ​បទគម្ពីរ ហើយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​ជំនាញ​នេះ​នៅ​អំឡុង​មេរៀន​នេះ ។⁠ បើ​មាន​ជម្រើស​នេះ សូម​ពិចារណា​បង្ហាញ​សំណៅកំណែ​ព្រះគម្ពីរ​ជា​អេឡិចត្រូនិច ឬ​ជា​គម្ពីរ​បោះពុម្ព និង​បង្ហាញ​ពី​របៀប​គូសចំណាំ​វគ្គ​បទគម្ពីរ ។

សម្រាប់​សកម្មភាព​ខាងក្រោម​នេះ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ និង​ឃ្លា​តាម​របៀប​ផ្សេងៗ ។⁠ សូម​ពិចារណា​ធ្វើកិច្ចការ​នៅ​បណ្ដុំ​បទគម្ពីរ​ទីមួយ​ក្នុង​ថ្នាក់​រៀន​ទាំងមូល ដោយ​បង្ហាញ​សកម្មភាព​នេះ​ឲ្យ​ពួកគេ​ឃើញ ។ បន្ទាប់មក សិស្ស​អាច​ធ្វើកិច្ចការ​នេះ​នៅ​បណ្ដុំ​បទគម្ពីរ​ទីពីរ និង​ទីបី​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។⁠ នៅពេល​ពួកគេ​បាន​ធ្វើ​រួចរាល់ហើយ ពួកគេ​អាច​ចែកចាយ​ជាមួយ​ដៃគូ ឬ​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បានរកឃើញ និង​របៀប​ដែល​ពួកគេ​បាន​គូសចំណាំ​បទគម្ពីរ​ទាំងនោះ ។

សូម​អាន​ការពិពណ៌នា​របស់​អាលម៉ា អំពី​អ្វី​ដែល​លោក​បានជួបប្រទះ និង​ទទួល​អារម្មណ៍​ក្នុង​អំឡុង​ពេលបីថ្ងៃ​ដែល​លោក​មិន​អាច​ផ្លាស់ទី​នៅក្នុង​បណ្ដុំ​បទគម្ពីរ​ខាងក្រោម ។⁠ សូម​ពិចារណា​គូសចំណាំ​អ្វី​ដែល​បាន​ផ្ដល់​យោបល់​ឲ្យ ។

  • អាលម៉ា ៣៦:១២–១៦ ៖ ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​ពី​របៀប​ដែល អាលម៉ា​បាន​ទទួល​អារម្មណ៍​អំពី​អំពើបាប​របស់​លោក

  • អាលម៉ា ៣៦:១៧–១៨ ៖ ពាក្យ ឬ​ឃ្លា​ដែល​បង្ហាញ​ពី​អ្វី​ដែល​អាលម៉ា​បានចងចាំ ហើយ​បាន​ធ្វើ​ដែល​បាននាំ​ឲ្យ​លោក​ផ្លាស់ប្តូរ​បាន

  • អាលម៉ា⁠៣៦:១៩–២១ ៖ ពាក្យ ⁠ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​អាលម៉ា ដែល​មាន​អារម្មណ៍​ថា​អ្វីមួយ​ប្រឆាំង ឬ​ផ្ទុយគ្នា​នឹង​អ្វី​ដែល​លោក​ធ្លាប់​បានជួបប្រទះ​នៅពេល​ចាប់ផ្ដើមដំបូង

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បានសម្គាល់​ឃើញ ឬ​បានស្វែងយល់ នៅពេល​ដែល​ពួកគេបាន​សិក្សា ខទី ១២–២១ ។ បើ​ចាំបាច់ សូម​ពិចារណា​សួរ​សំណួរ​ដូចជា « តើ​អ្នក​បាន​សម្គាល់​ឃើញ​មានអ្វីខ្លះ​តាមរយៈ​ការប្រៀបធៀប​អារម្មណ៍​របស់​អាលម៉ា ពីមុន និង​ក្រោយពេល​មាន​ការផ្លាស់ប្តូរ​របស់លោក ? »⁠ ⁠អ្នក​ក៏​អាច​សួរ​សំណួរ​មួយចំនួន​ដូច​ខាងក្រោម​ផងដែរ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​នូវ​អ្វី​ខ្លះ ដែល​បាននាំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​របស់​អាលម៉ា ?

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​ស្វែងយល់​ពី​បទពិសោធន៍​របស់​លោក ?

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន⁠នោះគឺថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្តា​រំដោះ​យើង​ចេញពី​ការឈឺចាប់​នៃ​អំពើបាប​របស់យើង ហើយ​បំពេញ​យើង​ដោយអំណរ ។

  • តើ​អាលម៉ា​បាន​អញ្ជើញ​ព្រះចេស្តា​នៃ​ការរំដោះ​របស់​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀប​ណា ?

សេចក្តី​ថ្លែងការណ៍​ខាងក្រោម​អាច​នឹង​ជួយ​ឲ្យ​សិស្ស​យល់បាន​បន្ថែមទៀត​អំពី​សេចក្តីពិត​ដ៏​ឥតខ្ចោះ​នេះ​បាន ។⁠ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា ខទី ២៤–២៦ ដោយ​រកមើល​វិធី​ដែល​អាលម៉ា​បានអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់ ៖

អ្នក​មិន​ចាំបាច់​ត្រូវការ​ដឹងអ្វី​គ្រប់​យ៉ាងទេ មុន​ពេល​ដែល​អំណាច​នៃ​ដង្វាយធួន​ត្រូវ​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​នោះ ។⁠ មាន​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ គឺវា​ចាប់ផ្តើម​ដំណើរការ​នៅថ្ងៃ​ដែល​អ្នក​ទូលសួរ !⁠ ( ប៊យដ៍ ខេ ផាកកឺ « Washed Clean » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ១០ )

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

នៅពេល​យើង​សារភាព​អំពើបាប​យើង​ដោយ​ស្មោះត្រង់ ស្ដារ​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅបាន​ចំពោះ​អ្នក​ដែល​អាក់អន់ចិត្ត ហើយ​លះបង់​អំពើបាប​របស់យើង​ដោយ​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ទទួលបាន​ការអភ័យទោស​ហើយ ។ យូរៗទៅ យើងនឹង​មាន​អារម្មណ៍​ថា​ទុក្ខព្រួយ​របស់យើង​បានធូរស្រាល ដោយ « បាន​ដក​យក​ទោស​ចេញ​ពី​ក្នុង​ចិត្ត​យើង » ហើយ​នាំមក​នូវ « សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ។ ( នែល អិល អាន់ឌើរសិន « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ )

  • តើ​ការយល់ដឹង​⁠អ្វីខ្លះ​ដែល​អ្នក​បានទទួល​ពី​សេចក្តី​ថ្លែងការណ៍​បន្ថែម​ទាំងនេះ ?

វា​អាច​មាន​ប្រយោជន៍​ដើម្បី​ចង្អុល​បង្ហាញ​ថា ជំនួយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ចាប់ផ្តើម​នៅ​គ្រា​ដែល​យើង​ទូលសូម ក៏​ប៉ុន្តែ​ដំណើរការ​ប្រែចិត្ត និង​អារម្មណ៍​ទទួលបាន​ការអភ័យទោស​អាច​នឹង​មាន​សន្សឹមៗ​បន្តិច​ម្តងៗ ។

សូម​ពិចារណា​ឲ្យ​សិស្ស​ពិភាក្សា​គ្នា​ជា​ក្រុមតូចៗ ឬ​ជាមួយ​ដៃគូ​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​ឆ្លើយតប​ក្នុង​ស្ថានភាព​នានា​ខាងក្រោម ។

តើ​អ្នក​នឹង​និយាយ​អ្វី​ទៅកាន់​ក្មេងជំទង់​ម្នាក់​ដែល ៖

  • មាន​អារម្មណ៍​សោកស្ដាយ និង​ឈឺចាប់​យ៉ាងខ្លាំង​ដោយសារ​អំពើបាប​របស់​គាត់ ឬ​នាង ។

  • មាន​អារម្មណ៍​ថា អំពើបាប​របស់គាត់ ឬ​នាង​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច​នោះ​ទេ ហើយ​នឹង​រលាយបាត់​ដោយ​ខ្លួន​ឯង​តាម​ពេលវេលា​ដោយ​ពុំចាំបាច់​មាន​ការប្រែចិត្ត​ឡើយ ។

សូម​ឆ្លៀតពេល​បន្តិច​ដើម្បី​គិតពិចារណា​ពី​ស្ថានភាព​ផ្ទាល់ខ្លួន​អ្នក និង​របៀប​ដែល​មេរៀន​ថ្ងៃនេះ​អាច​នឹង​អនុវត្ត​នៅ​ក្នុង​ជីវិតអ្នក ។⁠ សូម​ពិចារណា​រឿងមួយ​ដែល​អ្នក​អាច​នឹង​ធ្វើ​នៅថ្ងៃនេះ ដើម្បី​ងាកទៅ​រក​ព្រះអង្គ​សង្គ្រោះ ហើយ​យាង​អញ្ជើញ​ព្រះចេស្តា​នៃ​ការសង្គ្រោះ​របស់​ទ្រង់​ឲ្យ​យាងមក​នៅក្នុង​ជីវិត​អ្នក ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​អ្នក​អំពី​របៀប​ដែល​អ្នក​ទទួលបាន​ពរ​ដោយ​ព្រះចេស្តា​នៃ​ការព្យាបាល​⁠របស់​ព្រះអង្គ​សង្គ្រោះ និង​ទំនុកចិត្ត​របស់​អ្នក​ចំពោះ​ព្រះ​រាជបំណង​ប្រាថ្នា​របស់ទ្រង់​ក្នុងការ​នាំមក​នូវ​សេចក្តី​សុខសាន្ត និង​អំណរ​នៅក្នុង​ជីវិត​របស់​សិស្ស ។