« អាលម៉ា ៣៧–៣៨ ៖ ‹ ចូររៀននៅក្នុងយុវវ័យរបស់កូន › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« អាលម៉ា ៣៧–៣៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
អាលម៉ា ៣៧–៣៨
« ចូររៀននៅក្នុងយុវវ័យរបស់កូន »
តើមានមេរៀនអ្វីខ្លះដែលអ្នកបានរៀនពីឪពុកម្ដាយ ឬថ្នាក់ដឹកនាំសាសនាចក្ររបស់អ្នក ? តើអ្វីខ្លះដែលអ្នកសង្ឃឹមនឹងបង្រៀនកូនៗរបស់អ្នកនៅថ្ងៃណាមួយ ? អាលម៉ាបានយល់ថា ឪពុកម្ដាយមានទំនួលខុសត្រូវដ៏ពិសិដ្ឋដើម្បីបង្រៀនកូនៗរបស់ខ្លួន ។ បន្ទាប់ពីបេសកកម្មរបស់លោកទៅកាន់ពួកសាសន៍សូរាំ អាលម៉ាបានប្រមូលកូនប្រុសៗលោកមកបង្រៀន និងលើកទឹកចិត្តដល់ពួកគេ ។ លោកបានទូន្មានពួកគេឲ្យបន្តកាន់តាមព្រះបញ្ញត្តិនៃព្រះ ។ មេរៀននេះអាចជួយអ្នកឲ្យដឹងថា ការរស់នៅតាមបទបញ្ញត្តិឥឡូវនេះ នឹងផ្ដល់ពរដល់អ្នកពេញមួយជីវិត ។
សកម្មភាពរៀនសូត្រដែលអាចមាន
ដំបូន្មានពីឪពុក ឬម្តាយ
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–ឆ្នាំ ២០១៨ ) បានចែកចាយដំណើររឿងដូចខាងក្រោម ៖
នៅក្នុងការសម្ភាសជាសាធារណៈមួយក្នុងទស្សនាវដ្ដីជាតិ អ្នកលេងបាល់បោះអាមេរិកដ៏ល្បីម្នាក់ ឈ្មោះ ចាបារិ ផាកឺ ជាសមាជិកនៃសាសនាចក្រ គាត់ត្រូវបានសុំឲ្យចែកចាយដំបូន្មានដ៏ល្អបំផុត ដែលគាត់បានទទួលមកពីឪពុករបស់គាត់ ។ ចាបារិ បានឆ្លើយឡើងថា « [ ឪពុកខ្ញុំ ] មានប្រសាសន៍ថា កូនត្រូវធ្វើជាមនុស្សដដែល ទោះជាកូននៅក្នុងកន្លែងងងឹត ក៏ដូចជានៅកន្លែងភ្លឺ » ។ … នេះជាដំបូន្មានដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា ។ ( ថូម៉ាស អេស ម៉នសុន « Be Strong and of a Good Courage » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦៨ )
សូមស្រមៃថា អ្នកកំពុងត្រូវគេសម្ភាសន៍ ហើយអ្នកសម្ភាសន៍សួរអ្នកនូវសំណួរដូចខាងក្រោម ៖
-
តើដំបូន្មានដ៏ល្អបំផុតបែបណាដែលអ្នកបានទទួលពីឪពុក ឬម្តាយ ឬថ្នាក់ដឹកនាំសាសនាចក្រ ?
-
តើដំបូន្មាននេះបានផ្តល់ពរជ័យដល់អ្នកតាមរបៀបណា ?
អាលម៉ា ៣៦–៤២ កត់ត្រានូវដំបូន្មានដែលអាលម៉ា បានផ្ដល់ដល់កូនប្រុសលោក បន្ទាប់ពីបានបញ្ចប់បេសកកម្មទៅកាន់ពួកសាសន៍សូរាំ ។ អ្នកបានសិក្សាច្រើនហើយនូវអ្វីដែលលោកបានបង្រៀនកូនប្រុសរបស់លោក ហេលេមិន ( អាលម៉ា ៣៦–៣៧ ) ។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីដំបូន្មានដែលនៅសេសសល់ទាំងប៉ុន្មានទៀតរបស់លោកទៅកាន់ហេលេមិន ដោយបូករួមទាំងគោលការណ៍ដែលលោកបានបង្រៀន ស៊ិបឡុន ជាកូនប្រុសរបស់លោកផងដែរ ( អាលម៉ា ៣៨ ) ។ នៅពេលអ្នកសិក្សា អាលម៉ា ៣៧–៣៨ សូមរកមើលដំបូន្មានពីអាលម៉ា ដែលអ្នកអាចប្រើក្នុងជីវិតអ្នក ឬចែកចាយជាមួយយុវវ័យបាន ។
« ចូររៀននៅក្នុងយុវវ័យរបស់កូន »
សូមអាន អាលម៉ា ៣៧:៣៥ ដោយរកមើលអ្វីដែលអាលម៉ា បានចង់ឲ្យហេលេមិន រៀននៅក្នុងយុវវ័យ ។ សូមពិចារណាគូសចំណាំអ្វីដែលអ្នករកឃើញ ។
-
តើអាលម៉ា ចង់ឲ្យហេលេមិនបានដឹង ហើយនិងធ្វើអ្វី ?
-
ហេតុអ្វីបានជាអ្នកគិតថា វាប្រសើរជាង ដែល « រៀននៅក្នុងយុវវ័យរបស់ [ អ្នក ] ឲ្យចេះកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ » ជាជាងរង់ចាំដល់អ្នកធំ ?
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩៨១–ឆ្នាំ ១៩៩៨ ) បានចែកចាយពីបទពិសោធន៍ដូចខាងក្រោមអំពីការដាំដើមឈើមួយដើម ៖
ខ្ញុំដាំ [ ដើមឈើ ] នៅត្រង់កែងដែលខ្យល់ពីជើងភ្នំទៅខាងកើតខ្លាំងបំផុត ។ ខ្ញុំបានជីករណ្តៅមួយ ដាក់ឫសទទេចូល ដាក់ដីរោយព័ទ្ធជុំវិញវា ចាក់ទឹកចូល ហើយបំភ្លេចវាចោល ។ វាគ្រាន់តែជាដើមឈើតូចមួយមានមុខកាត់ប្រវែងប្រហែលជាបីភាគបួននៃអង្កត់ផ្ចិតស្មើនឹងមួយអ៊ីញឆ៍ ។ វាទន់ណាស់ដែលខ្ញុំអាចពត់វាបានគ្រប់ទិសយ៉ាងងាយស្រួល ។ ខ្ញុំមិនបានយកចិត្តទុកដាក់នឹងដើមឈើនោះទេ រហូតដល់ច្រើនឆ្នាំកន្លងទៅ ។
បន្ទាប់មកនៅរដូវរងាមួយ … ខ្ញុំបានសង្កេតឃើញថា ដើមឈើនេះបានផ្អៀងទៅទិសខាងលិច ខូចទ្រង់ទ្រាយ និងឈរមិននឹងទេ ។ … ខ្ញុំបានចេញទៅខាងក្រៅ ហើយព្យាយាមប្រើខ្លួនឯងរុញវាឲ្យត្រង់ ។ ប៉ុន្តែឥឡូវនេះ គល់ឈើនេះមានអង្កត់ផ្ចិតប្រហែលមួយហ្វីតទៅហើយ ។ កម្លាំងរបស់ខ្ញុំមិនខ្លាំងទប់នឹងវាបានទេ ។ ខ្ញុំបានយកខ្សែរ៉កចេញពីបន្ទប់ដាក់ឧបករណ៍របស់ខ្ញុំ ។ ដោយចងភ្ជាប់ចុងម្ខាងទៅនឹងដើមឈើ និងចុងម្ខាងទៀតទៅនឹងបង្គោលដែលដាំជាប់ដី ខ្ញុំបានទាញខ្សែនោះ ។ ការទាញនោះបានរំកិលបន្តិចហើយ ហើយដើមឈើនោះក៏បានរង្គើបន្តិចដែរ ។ ប៉ុន្តែគ្មានអ្វីលើសពីនេះទេ ។ …
នៅទីបំផុតដោយក្តីអស់សង្ឃឹម ខ្ញុំបានយករណារខ្ញុំ ហើយបានមកកាត់មែកឈើធំនៅជ្រុងខាងលិច ។ រណារនោះបានបន្សល់ទុកនូវស្លាកស្នាមដ៏អាក្រក់ ប្រវែងជាងប្រាំបីអ៊ីញឆ៍ ។ ខ្ញុំបានដើរថយក្រោយ ហើយស្ទង់មើលអ្វីដែលខ្ញុំបានធ្វើ ។ ខ្ញុំបានកាត់មែកធំពីដើមឈើចេញ ដោយបន្សល់ទុកតែមែកមួយដែលដុះឡើងលើ ។ …
កាលដាំដើមឈើដំបូង ខ្សែតែមួយសរសៃក៏នឹងអាចទប់វាឲ្យនៅមួយកន្លែងទប់ទល់នឹងកម្លាំងខ្យល់បានដែរ ។ ខ្ញុំអាច ហើយគួរតែបានចងខ្សែនោះដោយមិនបាច់ខំប្រឹងឡើយ ។ ប៉ុន្តែខ្ញុំមិនធ្វើទេ ដើមឈើនោះក៏ទ្រេតតាមកម្លាំងដែលបុកវា ។ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « Bring Up a Child in the Way He Should Go » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៥៩ )
-
តើការរក្សាបទបញ្ញត្តិអាចប្រៀបដូចជាការទ្រទ្រង់កូនឈើឲ្យវាដុះត្រង់ ហើយរឹងមាំឡើង បើទោះមានខ្យល់បក់បោកនោះយ៉ាងដូចម្ដេច ?
-
តើការមិនអើពើនឹងបទបញ្ញត្តិរហូតដល់ជីវិតចុងក្រោយអាចជះឥទ្ធិពលលើយើងយ៉ាងដូចម្ដេចខ្លះ ?
សូមពិចារណាមើលវីដេអូ « Standing by Our Promises and Covenants » ចាប់ពីនាទីទី ៧:២៩ ដល់នាទីទី ៨:៣៥ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយពីរបៀបដែលលោកបានសម្រេចចិត្តដើម្បីកាន់តាមព្រះបញ្ញត្តិរបស់ព្រះនៅក្នុងយុវវ័យរបស់លោក ។
សូមចំណាយពេលបន្តិចដើម្បីសរសេរចូលសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកអំពីអ្វីដែលអ្នកកំពុងរៀនអំពីការរក្សាព្រះបញ្ញត្តិរបស់ព្រះ ។ សូមព្យាយាមអធិស្ឋាន ដើម្បីដឹងអំពីរបៀបដែលអ្នកបានទទួលពរជ័យសម្រាប់របៀបដែលអ្នករក្សាបទបញ្ញត្តិទាំងឡាយ ។
សូមពិចារណាដាក់គោលដៅមួយពីរបៀបដែលអ្នកចង់កែលម្អការគោរពប្រតិបត្តិរបស់អ្នកចំពោះព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ឥឡូវនេះ ខណៈកំពុងនៅក្នុងយុវវ័យរបស់អ្នក ។ សូមស្វះស្វែងរកសេចក្ដីណែនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកដាក់គោលដៅនេះ ។
ដំបូន្មានសម្រាប់យុវវ័យ
អាលម៉ាបានឲ្យដំបូន្មានដល់កូនប្រុសរបស់លោកបន្ថែមទៀត ដែលអាចមានប្រយោជន៍ដល់យើង ។
សូមសិក្សាវគ្គបទគម្ពីរដូចខាងក្រោមនេះ ។ សូមពិចារណាគូសចំណាំនូវដំបូន្មានដែលអ្នកយល់ថាមានប្រយោជន៍សម្រាប់យុវវ័យនៅសព្វថ្ងៃនេះ រួមទាំងរូបអ្នកផងដែរ ។ សូមត្រៀមចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ។
-
អាលម៉ា ៣៧:៣៣–៣៧ ( « បន្ទាបខ្លួន និងស្លូតបូត » = បន្ទាបខ្លួន ងាយបង្រៀន សុចរិត )
-
អាលម៉ា ៣៨:១–៥ ( « កាត់ចេញពីវត្តមានរបស់ទ្រង់ » = បំបែកខាងរូបកាយ ឬខាងវិញ្ញាណពីព្រះ )
-
អាលម៉ា ៣៨:៦–៩ ( « កើតមកអំពីព្រះ » = ព្រះវិញ្ញាណនៃព្រះអម្ចាស់បណ្ដាលឲ្យមានការផ្លាស់ប្ដូរដ៏ធំក្នុងចិត្តមនុស្ស )
-
អាលម៉ា ៣៨:១០–១៥ ( « ចេះទប់ចិត្ត » = ការបង្ហាញការចេះប្រមាណ ឬការគ្រប់គ្រងខ្លួនឯង; « កុំកោងកាច » = អាកប្បកិរិយាត្រួតត្រា; « ទប់ » = គ្រប់គ្រង )
-
តើអ្វីជារឿងតែមួយគត់ដែលអាលម៉ាចង់ឲ្យកូនប្រុសរបស់លោកធ្វើ ឬដឹង ? តើអ្នកបានរកឃើញវានៅក្នុងខគម្ពីរមួយណាដែរ ?
-
តើការស្គាល់ ឬការធ្វើតាមគោលការណ៍នេះអាចជួយយុវវ័យឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរដោយរបៀបណា ?
-
តើការបង្រៀននេះអាចអនុវត្តនៅក្នុងជីវិតយុវវ័យម្នាក់ដោយរបៀបណា ? តើអ្នកអាចគិតអំពីឧទាហរណ៍មួយចំនួន នៅពេលដែលអ្នកបានឃើញវាចូលក្នុងជីវិតអ្នកដែរឬទេ ? ( សូមកុំចែកចាយអ្វីដែលមានលក្ខណៈផ្ទាល់ខ្លួនពេក ) ។
សូមចំណាយពេលសញ្ជឹងគិតមួយភ្លែត ហើយកត់ត្រាគំនិត ឬចំណាប់អារម្មណ៍ណាមួយអំពីវិធីបន្ថែមដែលអ្នកអាចនឹងអនុវត្តតាមដំបូន្មានដែលអ្នកបានរៀននៅថ្ងៃនេះ ។ ឧទាហរណ៍ អ្នកអាចនឹងគិតអំពីអ្វីមួយដែលឪពុក ឬម្ដាយ ឬថ្នាក់ដឹកនាំសាសនាចក្ររបស់អ្នកបានលើកទឹកចិត្តអ្នកឲ្យចាប់ផ្តើម ឬឈប់ធ្វើនាពេលថ្មីៗនេះ ។ ឬអ្នកអាចនឹងចង់ប្រឹក្សាជាមួយព្រះអម្ចាស់ ហើយស្វះស្វែងរកការណែនាំរបស់ទ្រង់ ។