ថ្នាក់​សិក្ខាសាលា
អាលម៉ា 42 (ភាគ 1)៖ «ព្រះដ៏ល្អឥតខ្ចោះ យុត្តិធម៌ និងជាព្រះដែលមានមេត្តាផងដែរ។»


«អាលម៉ា 42 (ភាគ 1)៖ ‘ព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង’» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 42 (ភាគ 1)» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 42 (ភាគ 1)

«ព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង»

អាលម៉ាជាកូនកំពុងចាប់ឱបកូនប្រុសគាត់⁠កូរីអានតុន (Corianton)

ការរស់នៅក្នុងពិភពលោកដែលជំពប់ដួលជាមួយនឹងទស្សនវិស័យនៃជីវិតរមែងស្លាប់មានកម្រិតរបស់យើង អាចធ្វើឲ្យវាពិបាកក្នុងការយល់អំពីលក្ខណៈពេញលេញ និងល្អឥតខ្ចោះនៃព្រះវរបិតាសួគ៌របស់យើង និងផែនការរបស់ទ្រង់។ កូរីអានតុន (Corianton) ក៏បានព្យាយាមយល់ពីការពិតនៃយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះដែរ។ អាលម៉ាបានជួយគាត់ឲ្យពង្រីកទស្សនៈគាត់អំពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់នៃយើង និងផែនការរបស់ទ្រង់សម្រាប់យើង។ មេរៀននេះមានគោលបំណងជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈនៃព្រះវរបិតាសួគ៌ ទាំងភាពយុត្តិធម៌⁠ទាំងភាពមានមេត្តាករុណា។

ចូរអធិស្ឋានជំនួសឲ្យសិស្សអ្នក។ វិធីមួយដើម្បីបង្កើនសេចក្តីស្រឡាញ់របស់អ្នកចំពោះសិស្សគឺការអធិស្ឋានជំនួសឲ្យពួកគេ។ ដូចដែលព្រះអង្គសង្គ្រោះបានអធិស្ឋានឲ្យពេត្រុសផ្ទាល់ដែរ (សូមមើល លូកា 22:32) អ្នកអាចអធិស្ឋានទៅព្រះវរបិតាសួគ៌ជំនួសឲ្យសិស្សម្នាក់ៗតាមឈ្មោះគេ។ ទូលអង្វរទ្រង់ឱ្យជួយអ្នកយល់កាន់តែច្បាស់អំពីតម្រូវការ និងវិធីដែលអ្នកអាចទាក់ទងទៅពួកគេបាន។

ការរៀបចំសិស្ស៖ ចូរពិចារណាលើការហៅសិស្សឲ្យសន្ទនាជាមួយសមាជិកក្រុមគ្រួសារ ឬមិត្តភ័ក្តិអំពីគំនិតខុសៗគ្នាមួយចំនួនដែលមនុស្សមានអំពីបុគ្គលិកលក្ខណៈព្រះ។

សកម្មភាពរៀនសូត្រដែលអាចកើតមាន

ដើម្បីចាប់ផ្តើមមេរៀននេះ ចូរពិចារណាលើការដាក់សិស្សនៅជាគូៗ⁠(ជាក្រុមមានគ្នាពីរៗនាក់)។ សូមផ្តល់សេណារីយោមួយក្នុងចំណោមសេណារីយោខាងក្រោមដល់ដៃគូនីមួយៗ។ ចូរហៅពួកគេទាំងពីរឲ្យឡើងអានសេណារីយោពួកគេ ហើយបន្ទាប់មកពិភាក្សាអំពីអ្វីដែលអាចនឹងខុសអំពីការសន្មត់របស់ Gabe និង Elsie។

ភាពត្រឹមត្រូវ⁠(យុត្តិធម៌)⁠និងសេចក្ដីមេត្តាករុណារបស់ព្រះ

សូមអានសេណារីយោដូចខាងក្រោម៖

  • Gabe កំពុងបង្កើតជម្រើសបំពានព្រះបញ្ញត្តិ/បទបញ្ញត្តិ⁠(ក្រឹត្យវិន័យ)⁠របស់ព្រះ។ ដំបូងឡើយ គាត់មានអារម្មណ៍គិតថាមានកំហុសបន្តិចបន្តួច ប៉ុន្តែគាត់បានសម្រេចចិត្តថា បើព្រះវរបិតាសួគ៌ស្រឡាញ់កូនចៅទ្រង់ខ្លាំង នោះទ្រង់នឹងមិនដាក់ទោស Gabe ដោយសារតែអំពើបាបរបស់គាត់ឡើយ។

  • Elsie មានភាពអស់សង្ឃឹម ដោយសារតែនាងបានប្រែចិត្តពីអំពើបាបដែលនាងបានប្រព្រឹត្ត មានអារម្មណ៍ទទួលបានការអត់ទោស បន្ទាប់មកក៏រញ៉េរញ៉ៃម្តងទៀត។ នាងជឿជាក់ថា⁠គ្មានសង្ឃឹមសម្រាប់នាងទេ ពីព្រោះនាងមានអារម្មណ៍គិតថា⁠នាងបានកុហកព្រះអំពីការប្រែចិត្តរបស់នាង។

មានមនុស្សជាច្រើនដែលយល់ខុសពីសេចក្ដីស្រឡាញ់⁠និងតុល្យភាពដ៏ល្អឥតខ្ចោះនៃភាពត្រឹមត្រូវ⁠(យុត្តិធម៌) និងសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ។ នៅពេលដែលអ្នកសិក្សាមេរៀននៅថ្ងៃនេះ សូមគិតអំពីរបៀបដែលអ្នកទទួលបានការប្រទានពរ ដោយសារព្រះត្រឹមត្រូវ⁠(មានយុត្តិធម៌) និងមានសេចក្ដីមេត្តាករុណា។

អាលម៉ាបានជួយកូរីអានតុនឲ្យយល់ពីផែនការរបស់ព្រះ

សូមពិចារណាលើការហៅសិស្សឲ្យពិនិត្យមើលឡើងវិញលើបញ្ហាកង្វល់របស់កូរីអានតុនពី អាលម៉ា 40–41។ បើពួកគេមិនចាំបានទេ ចូរណែនាំពួកគេឲ្យមើល អាលម៉ា 40:1; 41:1។ អ្នកអាចនឹងរាយបញ្ជីអំពីបញ្ហាកង្វល់របស់ កូរីអានតុន នៅលើក្ដារខៀន នៅពេលដែលសិស្សពោលពាក្យអំពីបញ្ហាទាំងនេះ។

នៅពេលដែលអាលម៉ាបានបន្តការផ្ដល់ដំបូន្មានឲ្យ⁠កូរីអានតុន អាលម៉ាបានយល់ឃើញថា កូនប្រុសគាត់មានការព្រួយបារម្ភអំពីព្រះ និងផែនការរបស់ទ្រង់។

ចូរអាន អាលម៉ា 42:1 ហើយរកមើលបញ្ហាកង្វល់របស់កូរីអានតុន (Corianton)។

ចូរពិចារណាលើការបន្ថែមបញ្ហាកង្វល់នេះចូលទៅក្នុងបញ្ជីនៅលើក្តារខៀន។ នៅខាងក្រោមបញ្ហាកង្វល់នេះ អ្នកអាចនឹងរាយបញ្ជីចម្លើយសិស្សចំពោះបណ្ដាសំណួរខាងក្រោម។

  • តើមានការសន្មត់អ្វីខ្លះដែលអាចនឹងនាំឲ្យនរណាម្នាក់គិតថា⁠វាអយុត្តិធម៌ដើម្បីឲ្យព្រះដាក់ទោសមនុស្សមានបាប?

  • តើអ្វីទៅជាគ្រោះថ្នាក់នៃការយល់ច្រឡំបែបនេះ?

  • តើអ្នកឃើញការយល់ខុសស្រដៀងៗគ្នានៅថ្ងៃនេះដោយរបៀបណា?

នេះអាចជាឱកាសដ៏ល្អមួយដើម្បីឲ្យសិស្សឡើងនិយាយប្រាប់អំពីអ្វីដែលពួកគេបានរៀននៅក្នុងការរៀបចំរបស់ពួកគេសម្រាប់ដំណើរការថ្នាក់រៀន។

អាលម៉ាបានព្យាយាមជួយកូរីអានតុន ដោយការនិយាយប្រាប់កូនគាត់នូវទស្សនៈដ៏ទូលំទូលាយអំពីព្រះ និងផែនការរបស់ទ្រង់។ គាត់បានចាប់ផ្ដើមដោយការពន្យល់ថា ការជំពប់ដួលរបស់អ័ដាម និងអេវ៉ានៅក្នុងសួនអេដែន បាននាំមកនូវសេចក្ដីស្លាប់ខាងព្រលឹងវិញ្ញាណ (ការញែកចេញពីព្រះ) និងសេចក្ដីស្លាប់ខាងសាច់ឈាម (ការស្លាប់នៃរូបកាយរមែងស្លាប់) (សូមមើល អាលម៉ា 42:2–8)។ បន្ទាប់មក គាត់បានបង្រៀនកូរីអានតុនអំពីរបៀបដែលការជំពប់ដួលទាក់ទងនឹងយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះ។

សូមអាន អាលម៉ា 42:9–12 ហើយរកមើលឥទ្ធិពលលើការជំពប់ដួលនេះ។

  • តើអ្នកបានរកឃើញឥទ្ធិពលអ្វីខ្លះលើការជំពប់ដួលនេះ?

ចម្លើយរបស់សិស្សចំពោះសំណួរពីមុនៗ⁠អាចបញ្ជាក់ច្បាស់អំពីអ្វីដែលពួកគេយល់ដឹង និងអ្វីដែលពួកគេអាចនឹងត្រូវការជំនួយចំពោះការយល់ដឹង។ សូមជួយសិស្សឲ្យយល់ថា ដោយសារការជំពប់ដួល មនុស្សលោកបានក្លាយទៅជាមានលក្ខណៈ «ខាងសាច់ឈាម កាមរាគ និងអារក្ស (អាក្រក់)» (អាលម៉ា 42:10) ហើយ«កាត់ចេញពីវត្តមានរបស់ព្រះអម្ចាស់» (អាលម៉ា 42:11)។ យើងមិនអាចយកឈ្នះលើការបំបែកចេញពីព្រះដោយខ្លួនយើងបានទេ។

បន្ទាប់មក ដើម្បីរៀបចំសិស្សឱ្យត្រៀមស្វែងយល់បន្ថែមអំពីភាពត្រឹមត្រូវ⁠(យុត្តិធម៌) និងសេចក្ដីមេត្តាករុណានៅក្នុងផ្នែកបន្ទាប់នៃមេរៀននេះ សូមពិចារណាលើការហៅពួកគេឱ្យឡើងសរសេរកំណត់និយមន័យនៃពាក្យទាំងពីរសម្រាប់មួយ ឬពីរប្រយោគផ្ទាល់ខ្លួនពួកគេ។ បន្ទាប់មក សូមអានកំណត់និយមន័យខាងក្រោម ហើយឲ្យសិស្សប្រៀបធៀបកំណត់និយមន័យពួកគេទៅនឹងកំណត់និយមន័យប្រធានបទនៃដំណឹងល្អ។ ចូរអនុញ្ញាតឱ្យសិស្សសួរសំណួរទាំងឡាយណាដែលពួកគេអាចនឹងមាន។

  • ភាពត្រឹមត្រូវ⁠(យុត្តិធម៌)៖ «នៅក្នុងពាក្យនៃព្រះគម្ពីរ យុត្តិធម៌⁠ឬភាពត្រឹមត្រូវ⁠គឺជាច្បាប់ដែលមិនផ្លាស់ប្តូរបានដែលនាំមកនូវវិបាកសម្រាប់សកម្មភាព។ ដោយសារតែច្បាប់នៃយុត្តិធម៌ យើងទទួលបានពរជ័យ នៅពេលពេលដែលយើងគោរពតាមបទបញ្ញត្តិ⁠ឬក្រឹត្យវិន័យរបស់ព្រះ។⁠ លើសពីនេះ​⁠​ច្បាប់នៃយុត្តិធម៌ទាមទារឱ្យមានការពិន័យសម្រាប់រាល់អំពើបាបដែលយើងបានប្រព្រឹត្ត» (ប្រធានបទដំណឹងល្អ «យុត្តិធម៌​⁠​(ភាពត្រឹមត្រូវ)» topics.ChurchofJesusChrist.org)។

  • សេចក្ដីមេត្តាករុណា៖ «សេចក្តីមេត្តាករុណា គឺជាការប្រព្រឹត្តដោយក្ដីមេត្តាចំពោះមនុស្សម្នាក់ដែលធំជាងអ្វីដែលមានការសក្តិសមនឹងទទួលបាន ហើយវាអាចធ្វើទៅបានតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ» (ប្រធានបទដំណឹងល្អ «សេចក្ដីមេត្តាករុណា» topics.ChurchofJesusChrist.org)។

សូមអាន អាលម៉ា 42:13–15 ដោយការរកមើលអ្វីដែលអាលម៉ាបានបង្រៀនអំពីព្រះ និងផែនការរបស់ទ្រង់។

  • តើអ្នករៀនអ្វីខ្លះអំពីផែនការព្រះ?

  • តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនអំពីព្រះចេញពីខគម្ពីរទាំងនេះ?

ក្នុងចំណោមសេចក្ដីពិតផ្សេងៗទៀត សូមជួយឲ្យសិស្សយល់ពីភាពសំខាន់នៃការដឹងថា ព្រះគឺល្អឥតខ្ចោះ មានយុត្តិធម៌ និងពោរពេញដោយសេចក្ដីមេត្តាករុណា។ បើទោះបីជាសេចក្តីពិតសំខាន់ៗមានការលើកឡើងនៅក្នុងខទាំងនេះអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងតួនាទីនៃការប្រែចិត្តក៏ដោយ ក៏ប្រធានបទទាំងនោះនឹងមានការរុករកស្វែងយល់បន្ថែមនៅក្នុងមេរៀនបន្ទាប់ដែរ។

ភាពត្រឹមត្រូវ⁠(យុត្តិធម៌)⁠និងសេចក្ដីមេត្តាករុណារបស់ព្រះ

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន⁠(Elder D. Todd Christofferson)⁠ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីយុត្តិធម៌⁠(ភាពត្រឹមត្រូវ)⁠និងសេចក្ដីមេត្តាករុណារបស់ព្រះថា៖

14:51

យុត្តិធម៌គឺជាលក្ខណៈដ៏សំខាន់មួយនៃព្រះ។ យើងអាចមានជំនឿលើព្រះបាន⁠ដោយសារទ្រង់គួរជាទីទុកចិត្តបាន⁠ឬស្មោះត្រង់យ៉ាងល្អឥតខ្ចោះ។ ព្រះគម្ពីរ/បទគម្ពីរបង្រៀនយើងថា៖ «ព្រះទ្រង់មិនយាងលើផ្លូវវៀចវាងឡើយ ឬក៏ទ្រង់ងាកពីឆ្វេងទៅស្ដាំ ឬក៏ទ្រង់បែរចេញពីអ្វីដែលទ្រង់មានបន្ទូលនោះដែរ ម្ល៉ោះហើយ ផ្លូវទាំងឡាយរបស់ទ្រង់ត្រង់ ហើយដំណើររបស់ទ្រង់ ជាវង់មួយដ៏នៅអស់កល្បជានិច្ច» [គោលលទ្ធិ និងសេចក្ដីសញ្ញា 3:2] និងថា៖ «ព្រះមិនរើសមុខអ្នកណាទេ» [កិច្ចការ 10:34]។ យើងពឹងផ្អែកលើលក្ខខណ្ឌនៃយុត្តិធម៌របស់ព្រះសម្រាប់សេចក្តីជំនឿ ទំនុកចិត្ត និងក្តីសង្ឃឹម។

ប៉ុន្តែជាលទ្ធផល⁠ឬផលវិបាកនៃភាពត្រឹមត្រូវឥតខ្ចោះ មានរឿងមួយចំនួនដែលព្រះទ្រង់មិនអាចធ្វើទៅបាន។ ទ្រង់មិនអាចធ្វើតាមអំពើចិត្តក្នុងការជួយសង្គ្រោះអ្នកខ្លះ និងហាមអ្នកផ្សេងៗទៀតនោះទេ។ ទ្រង់ «ពុំអាចទតមើលបាបសូម្បីតែបន្តិចបានឡើយ» [គោលលទ្ធិ និងសេចក្ដីសញ្ញា 1:31]។ ទ្រង់ពុំអាចអនុញ្ញាតឲ្យសេចក្ដីមេត្តាផ្ចាញ់យុត្តិធម៌បានទេ [សូមមើល អាលម៉ា 42:25]។

វាជាភស្ដុតាងដ៏គួរឲ្យចាប់អារម្មណ៍អំពីយុត្តិធម៌របស់ទ្រង់ដែលព្រះបានបង្កើតគំរូគោលការណ៍ជាដៃគូនៃសេចក្ដីមេត្តាករុណា។ ដោយសារតែទ្រង់មានយុត្តិធម៌ ទើបព្រះអង្គបានបង្កើតមធ្យោបាយសម្រាប់សេចក្ដីមេត្តាករុណាឲ្យដើរតួនាទីមិនអាចខ្វះបាននៅក្នុងជោគវាសនាដ៏អស់កល្បរបស់យើង។ (ឌី ថត គ្រីស្តូហ្វឺសិន⁠(D. Todd Christofferson) «មានឥស្សរភាពរហូតតទៅ ដើម្បីធ្វើសកម្មភាពដោយខ្លួនឯង» Liahona (លីអាហូណា), វិច្ឆិកា 2014,⁠ទំព័រ 17)

  • តើការថ្លែងនេះជួយឲ្យអ្នកយល់យ៉ាងណាអំពីព្រះ?

ចូរពិចារណាលើការហៅសិស្សឱ្យសរសេរចម្លើយពួកគេចំពោះសំណួរខាងក្រោម ហើយបំពេញការថ្លែងខាងក្រោមដោយខ្លួនឯង រួចហើយសុំឱ្យពួកគេឡើងនិយាយប្រាប់ដៃគូ ក្រុមតូច ឬក្នុងថ្នាក់រៀនទាំងមូល។

ចូរស្រមើលស្រមៃគិតថា⁠អ្នកមានមិត្តម្នាក់ដែលមានការព្រួយបារម្ភដូចគ្នានឹងកូរីអានតុន (Corianton)⁠ដែរ។ គាត់សួរអ្នកអំពីថាតើវាត្រឹមត្រូវយ៉ាងដូចម្ដេចដែលព្រះដាក់ទោសមនុស្សមានបាប។

  • តើអ្នកអាចនឹងនិយាយអ្វីទៅកាន់មិត្តអ្នកដើម្បីជួយឲ្យគាត់ឲ្យយល់អំពីយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះ? (ចូរបញ្ចូលខគម្ពីរ⁠ឬឃ្លា (កថបទ)⁠ដែលដកស្រង់ចេញពី អាលម៉ា 42:9–15។)

សូមបញ្ចប់ការថ្លែងខាងក្រោមនេះ៖

  • យុត្តិធម៌របស់ព្រះប្រទានពរដល់ខ្ញុំ ដោយសារ

  • សេចក្ដីមេត្តាករុណារបស់ព្រះប្រទានពរដល់ខ្ញុំ ដោយសារ

ចូរពិចារណាលើការផ្សព្វផ្សាយទីបន្ទាល់របស់អ្នកអំពីយុត្តិធម៌ និងសេចក្តីមេត្តាករុណារបស់ព្រះ។