ថ្នាក់​សិក្ខាសាលា
ហេលេមិន ១–៤, ៦ ៖ « មាន​ការទាស់ទែងគ្នា​ជា​ខ្លាំង »


« ហេលេមិន ១–៤, ៦ ៖ ‹ មាន​ការទាស់ទែងគ្នា​ជា​ខ្លាំង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ១–៤, ៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ១–៤, ៦

« មាន​ការទាស់ទែងគ្នា​ជា​ខ្លាំង »

ស្រ្តី​ម្នាក់​ដែល​កំពុង​គិត​រឿង​មិន​សប្បាយ​ចិត្ត

តើ​អ្នក​ឃើញ​ការទាស់ទែង​គ្នា ការបែកបាក់ ការមិន​ចុះ​សម្រុង ឬ​ការបះបោរ​នៅក្នុង​ពិភពលោក​ជុំវិញ​អ្នក​នៅ​ឯណា ? មិនយូរ​ប៉ុន្មាន​បន្ទាប់ពី​ការ​ស្លាប់​របស់​មេទ័ព​មរ៉ូណៃ ហេលេមិន និង​មេ​ចៅក្រម ពេហូរ៉ាន នោះ​ពួកសាសន៍​នីហ្វៃ​បាន​ទទួល​រងផល​វិបាក​នៃ​ការទាស់ទែង​គ្នា​ជាច្រើន ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ខ្លះ​បាន​ជ្រើសរើស​ស្វែង​រក​សន្តិភាព​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​ផល​នៃ​ការទាស់ទែង​គ្នា និង​របៀប​រកឃើញ​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ព្រះគ្រីស្ទ​នៅក្នុង​ពិភពលោក​នៃ​ការទាស់ទែង​គ្នា​នេះ ។

សូម​ជួយ​សិស្ស​បណ្ដុះ​នូវ​អារម្មណ៍​នៃ​ការមាន​ចំណែក ។ ថ្នាក់​សិក្ខាសាលា​គួរតែ​ជា​ទីជម្រក​នៃ​សុវត្ថិភាព​សម្រាប់​សិស្ស ។ សូម​ផ្តល់​ឱកាស​សម្រាប់​សិស្ស​ដើម្បី​បង្កើន​ការរួបរួម និង​ការយល់ដឹង នៅពេល​ពួកគេ​និយាយ និង​ស្តាប់​គ្នា​ទៅវិញ​ទៅមក ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​គោរព និង​ឲ្យ​តម្លៃ​បទពិសោធន៍ និង​ទស្សនៈ​របស់​អ្នក​ដទៃ ។

ការរៀប​ចំសិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អធិស្ឋាន​សម្រាប់​នរណា​ម្នាក់ ឬ​អំពី អ្វីមួយ​ដែល​ជា​ប្រភព​នៃ​ការទាស់ទែង​គ្នា​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ចំណាំ ៖ វដ្ត​នៃ​ការឆ្មើងឆ្មៃ​នៅក្នុង​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​គ្នា​នៅក្នុង​គម្រោង​ការសិក្សា​សម្រាប់ ហេលេមិន ១–៦ នៅ​ក្នុង ចូរមក​តាមខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ៖ ព្រះ​គម្ពីរមរមន ឆ្នាំ ២០២៤ ។

ការទាស់ទែង​គ្នា

ដើម្បី​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​ផល​ប៉ះពាល់​នៃ​ការទាស់ទែង​គ្នា សូម​ពិចារណា​បង្កើត​ដ្យាក្រាម​ពពុះ​ដូច​រូប​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ដូចគ្នា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

ដ្យាក្រាម​ពពុះ​ទទេ

សូម​សរសេរ​ពាក្យ ការទាស់ទែង​គ្នា នៅ​ចំ​កណ្តាល​ដ្យាក្រាម​ពពុះ​នេះ ។ ជុំវិញ​ពាក្យ​នេះ សូម​សរសេរ​ផ្នែក​ខ្លះ​នៃ​ជីវិត​របស់អ្នក ដែល​អ្នក​មើលឃើញ​ការទាស់ទែង​គ្នា ដូចជា​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​នៅក្នុង​ចំណោម​មិត្តភក្តិ ។ អ្នក​នឹង​បន្ថែម​ទៅក្នុង​ដ្យាក្រាម​នេះ​នៅពេល​ក្រោយ​នៅក្នុង​មេរៀន​នេះ ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត ឬ​ពិភាក្សា​សំណួរ​ខាងក្រោម ។

  • តើ​ការទាស់ទែង​គ្នា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច​ខ្លះ ?

  • តើ​អ្នក​ឆ្លើយតប​យ៉ាង​ដូចម្តេច​នៅពេល​អ្នក​មិន​យល់​ស្រប​ជាមួយ​អ្នក​ដទៃ ឬ​ពេល​ប្រឈម​មុខ​ជាមួយ​បុគ្គល​ដែល​មាន​ចិត្ត​ទាស់ទែង ?

នៅពេល​អ្នក​ចាប់ផ្តើម​ការសិក្សា​របស់​អ្នក​អំពី​គម្ពីរ​ហេលេមិន សូម​យក​ចិត្ត​ទុកដាក់​លើ​របៀប​ដែល​ការទាស់ទែង​គ្នា​បាន​ប៉ះពាល់​ដល់​ពួកសាសន៍​នីហ្វៃ ។ សូម​គិត​ផងដែរ​អំពី​របៀប​ដែល​អ្នក​អាច​ស្វែងរក​សេចក្តី​សុខសាន្ត​មកពី​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ពិភពលោក​ដ៏​ទាស់ទែង​គ្នា​មួយនេះ ។

ការទាស់ទែង​គ្នា​នៅ​ក្នុងគ្រួសារ សាសនាចក្រ និង​សហគមន៍

បន្ទាប់​ពី​សង្គ្រាម​ជាច្រើន​ឆ្នាំ សាសន៍​នីហ្វៃ​អាច​ដណ្តើម​យក​ទឹកដី​របស់​ពួកគេ​មកពី​ពួក​លេមិន​មកវិញ ។ មេទ័ព​មរ៉ូណៃ និង​ហេលេមិន​បាន​ស្លាប់​នៅក្នុង​អំឡុង​ពេល​មាន​សេចក្តី​សុខសាន្ត​ក្រោយ​នោះ ។ កំណត់ត្រា​ពិសិដ្ឋ​ត្រូវ​បាន​ផ្តល់​ឲ្យ​កូន​ប្រុស​របស់​ហេលេមិន ដែល​មាន​ឈ្មោះ​ថា ហេលេមិន ផងដែរ ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក ពួក​សាសន៍​នីហ្វៃ បាន​ពោរពេញ​ដោយ​ការឆ្មើងឆ្មៃ ហើយ​ក៏​កើត​មាន​ការទាស់ទែង​គ្នា ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​ទិដ្ឋភាព​ទូទៅ​នៃ​ព្រឹត្តិការណ៍​នៅក្នុង​ជំពូក​ទាំងនេះ អ្នក​អាច​ឲ្យ​ពួកគេ​អាន​ចំណងជើង​ជំពូក ហេលេមិន ១–៦ ។

នៅក្នុង​សៀវភៅ​ហេលេមិន យើង​អាន​ដំណើររឿង​ដែល​បង្ហាញ​អំពី​របៀប​ដែល​ការទាស់ទែង​គ្នា​មាន​ឥទ្ធិពល​លើ​គ្រួសារ សាសនាចក្រ និង​សហគមន៍ ។

ប្រសិនបើ​ថ្នាក់​របស់​អ្នក​មាន​សិស្ស​តិច នោះ​សិស្ស​អាច​ជ្រើសរើស​ផ្នែក​ខាងក្រោម​មួយ ឬ​ពីរ​ដើម្បី​សិក្សា​ជា​ថ្នាក់​ទាំងមូល ។ ប្រសិនបើ​ថ្នាក់​របស់​អ្នក​មាន​សិស្ស​ច្រើន នោះ​អាច​បំបែក​សិស្ស​ជា​ក្រុមៗ ដើម្បី​សិក្សា​ផ្នែក​មួយ ឬ​ច្រើន​ជាមួយ​គ្នា ។ នៅពេល​សិស្ស​បាន​បញ្ចប់​ការពិភាក្សា​របស់​ពួកគេ​រួចហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី​ផ្នែក​នីមួយៗ ។

សូម​សិក្សា​ផ្នែក​មួយ ឬ​ច្រើន​នៃ​ផ្នែក​ខាងក្រោម ។

  • ក្រុមគ្រួសារ ៖ សូម​អាន ហេលេមិន ១:១–១៣ សូម​រកមើល​របៀប​ដែល​ការទាស់ទែង​គ្នា​ប៉ះពាល់​ដល់​គ្រួសារ​របស់ ពេហូរ៉ាន បន្ទាប់ពី​គាត់​បាន​ស្លាប់ ។

  • សាសនាចក្រ ៖ សូម​អាន ហេលេមិន ៤:១–១៣ សូម​រកមើល​ថា​តើ​ការឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា​នៅក្នុង​សាសនាចក្រ​ប៉ះពាល់​ដល់​ប្រជាជាតិ​ទាំងមូល​យ៉ាង​ដូចម្តេច ។

  • សហគមន៍ ៖ ដោយសារ​តែ​មាន​ការទាស់ទែង​គ្នា​អំពី​អ្នក​ណា​គួរ​ធ្វើ​ជា​មេ​ចៅក្រម បុរស​ទុច្ចរិត​ម្នាក់​ឈ្មោះ គិសគូមេន បាន​បង្កើត​ក្រុម​សម្ងាត់​មួយ ។ មិនយូរ​ប៉ុន្មាន​បុរស​ទុច្ចរិត​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះ​ថា កាឌីអានតុន ពួតដៃ​គ្នា​ជាមួយ​គាត់ ( សូមមើល ហេលេមិន ២ ) ។ នៅក្នុង​ព្រះគម្ពីរ​មរមន ក្រុម​ប្រភេទ​ទាំងនេះ​ត្រូវ​បាន​ហៅ​ថា​បក្សព័ន្ធ​សម្ងាត់ ( សូមមើល ហេលេមិន ៣:២៣ ) ។ សូម​អាន ហេលេមិន ៦:១៥–២១, ៣៧–៤១ ដោយ​រកមើល​អ្វី​ដែល​បានកើត​ឡើង​ចំពោះ​ពួក​សាសន៍​នីហ្វៃ ដោយសារ​ការទាស់ទែង​គ្នា និង​អំពើ​ទុច្ចរិត​ដែល​ពួក​ចោរ​កាឌីអានតុន​បានបង្ក​ឡើង ។

  • តើ​ការឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា​មាន​ផល​វិបាក​អ្វី​ខ្លះ ?

សូម​ជួយ​សិស្ស​បន្ថែម​ទៅនឹង​ដ្យាក្រាម​ពពុះ ។ ពួកគេ​អាច​បន្ថែម​រង្វង់ ហើយ​បន្ទាប់មក​រាយ​បញ្ជី​ផលវិបាក​នៃ​ការឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា​នៅក្នុង​ផ្នែក​នីមួយៗ​នៃ​ជីវិត​ដែល​បាន​​រៀបរាប់​ពីមុន ។

ចេញពី​អ្វី​ដែល​អ្នក​អាន អ្នក​អាច​រកឃើញ​ថា ការឆ្មើងឆ្មៃ និង​ការទាស់ទែង​គ្នា អាច​ធ្វើ​ឲ្យ​មាន​ការបែកបាក់​នៅក្នុង​ក្រុមគ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ​បាន ។ អ្នក​អាច​ពិចារណា​កត់ត្រា​សេចក្តីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ​ជិត ហេលេមិន ១:៤; ៤:១២–១៣ ឬ ៦:៣៨–៤០ ។

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​សាសន៍​នីហ្វៃ​អំពី​សភាព​ដ៏​បំផ្លិចបំផ្លាញ​នៃ​ការទាស់ទែង ។ សូម​អាន នីហ្វៃទី​៣ ១១:២៩–៣០ ដោយ​រកមើល​អ្វី​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល ។

  • តើ​ការទាស់ទែង​មកពី​ណា ? ហេតុអ្វី​បាន​ជា​ការទាស់ទែង​តែងតែ​នាំ​មក​នូវ​បំផ្លិចបំផ្លាញ​ជានិច្ច ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​ថា​នៅពេល​ណា​អ្នក​ត្រូវ​បាន​ល្បួង​ឲ្យ​ប្រព្រឹត្ត​ដោយ​កំហឹង ឬ​ត្រូវ​ប្រឈម​មុខ​ទៅនឹង​ការទាស់ទែង​គ្នា ?

  • តើ​ព្រះអង្គ​សង្គ្រោះ​ជា​គំរូ​នៃ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​យ៉ាង​ដូចម្ដេច​នៅក្នុង នីហ្វៃទី​៣ ១១:២៩–៣០ ?

ការស្វែងរក​សេចក្តី​សុខសាន្ត​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

ប្រធាន រ័សុល អិម ណិលសុន⁠ បាន​ផ្ដល់​នូវ​ការអញ្ជើញ​ស្រដៀង​គ្នា​ទាក់ទង​ទៅនឹង​ជម្លោះ និង​ការទាស់ទែង​គ្នា​នៅក្នុង​ជីវិត​របស់​យើង ។ សូម​មើល វីដេអូ « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » ចាប់ពី​នាទី​ទី ១:៣៨ ដល់​នាទី​ទី ៣:៣១ ឬ​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ។

17:18

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ សូម អំពាវនាវ​នៅ​ថ្ងៃនេះ​ថា សូម​បញ្ចប់​ជម្លោះដែល​ដុតរោល​នៅក្នុង​ដួងចិត្ត របស់​បង​ប្អូន គេហដ្ឋាន របស់​បងប្អូន និង ជីវិត របស់​បងប្អូន ។ សូម​កប់​ចោល​ទំនោរ​ចិត្ត​ណាមួយ និង ទំនោរចិត្ត​ទាំងអស់​ណា​ដែល​ធ្វើឲ្យ​អ្នក​ដទៃ​ឈឺចាប់—មិន​ថា​ទំនោរ​ចិត្ត​ទាំងនោះ​ជា​កំហឹង ការនិយាយ​អាក្រក់ ឬ ការថ្នាំងថ្នាក់​ចំពោះអ្នក​ដែល​ធ្វើឲ្យ​បងប្អូន​ឈឺចាប់​នោះទេ ។ ព្រះអង្គ​សង្គ្រោះ​ត្រាស់​បង្គាប់​យើង​ឲ្យ​បែរ​ទៅ​ថ្ពាល់ម្ខាង​ទៀត ឲ្យ​ស្រឡាញ់​ពួកខ្មាំង​សត្រូវ និង​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​យើង​វិញ ។ …

យើង​គឺជា​អ្នក​ដើរតាម​ម្ចាស់​នៃ​មេត្រីភាព ។ យើង​ត្រូវការ​ភាពសុខសាន្ដ​នាពេល​នេះ​ជាង​ពេល​ណាៗ​ទាំងអស់ ។ តើ​យើង​អាច​រំពឹងថា មានភាព​សុខសាន្ដ​ក្នុង​ពិភពលោក​នេះ​ដោយ​របៀប​ណា បើ​យើង ម្នាក់ៗ មិន​ស្វែងរក​ភាពសុខសាន្ដ និង ភាពសុខដុម​ផង​នោះ ? បងប្អូន​ប្រុសស្រី ខ្ញុំ​ដឹង​ថា អ្វី​ដែល​ខ្ញុំ​ស្នើសុំ​នេះ​មិន​ងាយស្រួល​នោះទេ ។ ប៉ុន្ដែ​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ គួរតែ​ធ្វើជា​គំរូ​ឲ្យ​មនុស្ស​ទាំង​អស់​ក្នុង​ពិភពលោក​នេះ​ធ្វើ​តាម ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​បញ្ចប់​ជម្លោះ ផ្ទាល់ខ្លួន ដែល​កំពុង​ដុត​រោល​នៅ​ក្នុង​ដួងចិត្ត និង​ជីវិត​របស់​បងប្អូន​បច្ចុប្បន្ន​នេះ ។ ( រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៧ )

  • តើ​ការអញ្ជើញ​របស់​ប្រធាន ណិលសុន អាច​ជួយ​យើង​ឲ្យ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ?

សូម​ក្រឡេក​មើល​ដ្យាក្រាម​ពពុះ​របស់​អ្នក​ម្តងទៀត ។ ដាក់​សញ្ញា​កែង​នៅ​ជាប់​ទៅនឹង​ផ្នែក​ណាមួយ​នៃ​ការទាស់ទែង​គ្នា ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​អាច​មាន​ឥទ្ធិពល​ល្អ ។

សូម​បង្កើត​តារាង​ជួរឈរ​ពីរ​នៅលើ​ក្តារខៀន ហើយ​សរសេរ ខ្ញុំ​រកឃើញ​សេចក្តី​សុខសាន្ត​នៅក្នុង​ព្រះគ្រីស្ទ​ដោយ… នៅ​ខាង​លើ ។ អ្នក​ប្រហែល​ជា​ត្រូវ​លុប​ដ្យាក្រាម​ពពុះ​ដើម្បី​មាន​កន្លែង ។ សូម​សរសេរ​បណ្ដុំ​ខគម្ពីរ​មួយ​ខាងក្រោម​នៅ​ខាងលើ​នៃ​ជួរ​ឈរ​នីមួយៗ ហើយ​អញ្ជើញ​សិស្ស​ពាក់កណ្តាល​ថ្នាក់​ឲ្យ​សិក្សា​បណ្ដុំ​នីមួយៗ ៖ ហេលេមិន ៣:៣២–៣៦; ហេលេមិន ៦:១–៩ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បញ្ចប់​សេចក្ដីថ្លែងការណ៍​នៅលើ​ក្ដារខៀន​ជាមួយនឹង​អ្វី​ដែល​ពួកគេ​រកឃើញ​មកពី​អំណាន​របស់​ពួកគេ ហើយ​ពិភាក្សា​អំពី​របៀប​អ្វីដែល​ពួកគេ​បាន​រកឃើញ​អាច​ជួយ​ពួកគេ​ស្វែងរក​សេចក្តី​សុខសាន្ត​នៅក្នុង​ព្រះគ្រីស្ទ ។

  • សូម​ប្រើ​អ្វី​ដែល​អ្នក អាន​នៅក្នុង ហេលេមិន ៣:៣២–៣៦ហេលេមិន ៦:១–៩ សូម​បញ្ចប់​ប្រយោគ ខ្ញុំ​អាច​រកឃើញ​សេចក្តី​សុខសាន្ត​នៅក្នុង​ព្រះគ្រីស្ទ​ដោយ…

  • តើ​ការ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ​ជា​បុគ្គល​ម្នាក់ៗ​នាំ​ឲ្យ​យើង​នូវ​សេចក្តី​សុខសាន្ត និង​សាមគ្គីភាព​ជាមួយ​អ្នក​ដទៃ​ដោយ​របៀបណា ?

  • សូម​ជ្រើសរើស​វិធី​មួយ​ដែល​អ្នក​បាន​រាយបញ្ជី ដើម្បី​រកឃើញ​សេចក្តី​សុខសាន្ត​នៅក្នុង​ព្រះគ្រីស្ទ ។ តើ​អ្នក​អាច​រៀន ឬ​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​សេចក្តី​សុខសាន្ត​ដែល​មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យបាន ( សូមមើល យ៉ូហាន ១៤:២៧ ) ។