« ហេលេមិន ៥:១–១៣ ៖ ‹ សិលានៃព្រះដ៏ប្រោសលោះនៃយើង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ៥:១–១៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ៥:១–១៣
« សិលានៃព្រះដ៏ប្រោសលោះនៃយើង »
តើអ្នកធ្លាប់មានអារម្មណ៍ថាឥទ្ធិពលអវិជ្ជមាន ឬការល្បួងរបស់អារក្សហ៊ុំព័ទ្ធអ្នកដែរ ឬទេ ? ព្យាការីហេលេមិនបានប្រដូចការវាយប្រហាររបស់សាតាំងទៅនឹងព្យុះដែលមានខ្យល់បក់ខ្លាំង និងព្រិលធ្លាក់មកលើយើង ។ លោកក៏បានប្រកាសថាអ្នកដែលសង់គ្រឹះនៃជីវិតរបស់ខ្លួន « នៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង » ( ហេលេមិន ៥:១២ ) នឹងមានអំណាចដើម្បីទប់ទល់នឹងអំពើអាក្រក់ ហើយបន្តស្មោះត្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យតទល់នឹងអារក្ស ហើយសង់គ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គ្រឹះខាងវិញ្ញាណរបស់អ្នក
-
តើមានឧបសគ្គ ឬបញ្ហាអ្វីខ្លះដែលអាចអង្រួនសេចក្តីជំនឿ ឬគ្រឹះខាងវិញ្ញាណរបស់មនុស្សម្នាក់បាន ? សូមពិចារណារាយបញ្ជីវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
នោក្នុងអំឡុងពេលសន្និសីទទូទៅខែតុលា ឆ្នាំ ២០២១ ប្រធាន រ័សុល អិម ណិលសុន បានពិភាក្សាអំពីតម្រូវការដើម្បីជួសជុលគ្រឹះចាស់នៃព្រះវិហារបរិសុទ្ធសលត៍លេក ។ បន្ទាប់មក លោកបានអញ្ជើញសមាជិកសាសនាចក្រឲ្យពិចារណាអំពីគ្រឹះខាងវិញ្ញាណរបស់ពួកគេផ្ទាល់ ។ សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម ហើយសង្កេតមើលអំពីរបៀបដែលប្រធាន ណិលសុន ប្រៀបធៀបការជួសជុលព្រះវិហារបរិសុទ្ធទៅនឹងជីវិតផ្ទាល់ខ្លួនរបស់យើង ។
ដូចគ្នានេះដែរ ឥឡូវនេះវាដល់ពេលដែលយើងម្នាក់ៗត្រូវអនុវត្តនូវវិធានការដ៏អស្ចារ្យ—ប្រហែលជាវិធានការដែលយើងមិនដែលធ្វើពីមុនមក—គឺត្រូវពង្រឹងគ្រឹះ ខាងវិញ្ញាណផ្ទាល់ខ្លួន របស់យើង ។ យើងត្រូវប្រើវិធីសាស្រ្តថ្មីៗដើម្បីដោះស្រាយការលំបាកសម័យថ្មី ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សម័យនេះ គឺជា សម័យចុងក្រោយហើយ ។ បើសិនបងប្អូន និងខ្ញុំត្រូវយកឈ្នះលើគ្រោះថ្នាក់ និងសម្ពាធនានា ក្នុងពេលខាងមុខ នោះវាចាំបាច់ណាស់ដែលយើងម្នាក់ៗត្រូវមានគ្រឹះ ដ៏រឹងមាំ ខាងវិញ្ញាណ ដែលសង់នៅលើគ្រឹះនៃព្រះអង្គសង្រ្គោះ ដែលជាព្រះយេស៊ូវគ្រីស្ទរបស់យើង ។
ដូច្នេះ ខ្ញុំសូមសួរទៅកាន់បងប្អូនម្នាក់ៗថា « តើគ្រឹះ របស់បងប្អូន រឹងមាំប៉ុណ្ណាដែរ ? តើត្រូវការការពង្រឹងទីបន្ទាល់ឡើងវិញ និងការយល់ដឹងពីដំណឹងល្អអ្វីខ្លះ ? » ( រ័សុល អិម ណិលសុន « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ ២០២១, ៩៣ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះមកពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន ?
សូមសញ្ជឹងគិតអំពីរបៀបដែលអ្នកអាចឆ្លើយតបទៅនឹងសំណួររបស់ប្រធាន ណិលសុន ដែលទាក់ទងទៅនឹងគ្រឹះខាងវិញ្ញាណរបស់អ្នក ។ សូមស្វែងរកឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ហើយសរសេរចម្លើយរបស់អ្នក ។
ហេលេមិនបានលើកទឹកចិត្តកូនប្រុសរបស់លោកឲ្យចងចាំ
នៅក្នុងកំឡុងឆ្នាំទី ៥៤ នៃរជ្ជកាលនៃពួកចៅក្រម សាសន៍នីហ្វៃជាច្រើនបានប្រែទៅជាពុករលួយ ហើយជ្រើសរើសធ្វើអំពើអាក្រក់ជំនួសឲ្យអំពើល្អ ។ ជាលទ្ធផល នីហ្វៃបានលាលែងពីតំណែងជាប្រធានមេចៅក្រម ហើយបានចូលរួមជាមួយនឹងបងប្រុសរបស់គាត់ លីហៃ នៅក្នុងការប្រកាសព្រះបន្ទូលនៃព្រះទៅដល់ប្រជាជន ( សូមមើល ហេលេមិន ៥:១–៤ ), ដូចជាជីតាទួតរបស់គាត់ , អាលម៉ាជាកូន បានធ្វើកាលពី ៦០ ឆ្នាំមុន ( អាលម៉ា ៤:១៥–២០20 ) ។ លីហៃ និង នីហ្វៃ អាចរក្សាភាពស្មោះត្រង់បាន ដោយសារពួកគេចងចាំការបង្រៀនរបស់ឪពុករបស់ពួកគេ ហេលេមិន ។
គ្រឺះដ៏ខ្ជាប់ខ្ជួនរបស់យើង
សូមអាន ហេលេមិន ៥:១២, ស្វែងរកការពិតបន្ថែម ដែល ហេលេមិនចង់ឲ្យកូនប្រុសរបស់គាត់ចងចាំ ។
-
តើសេចក្តីពិតអ្វីខ្លះដែលអ្នកបានរកឃើញនៅក្នុង ហេលេមិន ៥:១២ ?
សេចក្តីពិតសំខាន់ពីរដែលមាននៅក្នុង ហេលេមិន ៥:១២ គឺ ព្រះយេស៊ូវ គ្រីស្ទគឺជាគ្រឹះរបស់យើង និង បើយើងសង់គ្រឹះរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ នោះអារក្សនឹងគ្មានអំណាចនៅលើយើងឡើយ ។
-
តើព្រះយេស៊ូវគ្រីស្ទដូចជាថ្មដា និងជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយសម្រាប់ជីវិតរបស់យើងដោយរបៀបណា ?
-
តើការវាយប្រហាររបស់អារក្សមកលើជំនឿរបស់អ្នកមានអារម្មណ៍ថាដូចជាព្យុះ ឬខ្យល់កួចដោយរបៀបណា ?
ប្រសិនបើមាន សូមមើលវីដេអូ « ខ្យល់គួចខាងវិញ្ញាណ » ( ២:២៤ ) នៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីរៀនអំពីអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃសាវកដប់ពីរនាក់អំពីរបៀបដើម្បីយកឈ្នះលើខ្យល់កួចរបស់អារក្ស ។
-
តើមានរបៀបអ្វីខ្លះដែលយើងអាចសង់គ្រឹះខាងវិញ្ញាណរបស់យើងនៅលើ « សិលានៃព្រះដ៏ប្រោសលោះនៃយើង » ?
-
តើមានឧបសគ្គអ្វីខ្លះនៅក្នុងការសង់គ្រឹះរបស់យើងនៅលើព្រះអង្គសង្គ្រោះទៅតាមរបៀបទាំងនេះ ?
-
តើការធ្វើកិច្ចការទាំងនេះអាចរារាំងអារក្សមិនឲ្យមានអំណាចមកលើយើងដោយរបៀបណា ?
ការអនុវត្តផ្ទាល់ខ្លួន
សូមគិតអំពីព្យុះផ្ទាល់ខ្លួន ឬបញ្ហាប្រឈមមុខដែលអ្នកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ឬអាចប្រឈមមុខនាពេលអនាគត ។ សូមពិចារណាដោយការអធិស្ឋានអំពីរបៀបដែលការសង់ ឬពង្រឹងគ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ នឹងជួយអ្នកឲ្យស៊ូទ្រាំទៅនឹងឧបសគ្គទាំងនេះ ។
សូមគូររូបភាពដែលតំណាងឲ្យអ្នកឈរនៅលើគ្រឹះដ៏រឹងមាំមួយ ។ ដាក់ស្លាកគ្រឹះ « ព្រះយេស៊ូវគ្រីស្ទ » ។ សូមគូរព្រួញភ្លើងមួយចំនួន ( ដូចជាលំពែងភ្លើង ) ឬខ្យល់កួច ហើយដាក់ស្លាកព្រួញ ឬខ្យល់គួចនោះជាមួយការល្បួង ឬបញ្ហាប្រឈមមុខជាក់លាក់ដែលអ្នកកំពុងប្រឈមមុខ ។
នៅលើ ឬនៅជិតគ្រឹះនេះ សូមសរសេរអ្វីមួយជាក់លាក់ដែលអ្នកកំពុងធ្វើ ឬអាចចាប់ផ្តើមធ្វើ ដើម្បីសង់គ្រឹះរបស់អ្នកនៅលើព្រះយេស៊ូវគ្រីស្ទ ។
ឧទាហរណ៍ វាអាចជាគោលដៅផ្ទាល់ខ្លួនដើម្បីចំណាយពេលធ្វើកិច្ចការពង្សប្រវត្តិ ឬទៅព្រះវិហារបរិសុទ្ធ ។ វាអាចជាការសិក្សាដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជារៀងរាល់ថ្ងៃនៅក្នុងព្រះគម្ពីរ ឬក៏កាន់តែស្មោះត្រង់នៅក្នុងការអធិស្ឋានផ្ទាល់ខ្លួន ។ ការសិក្សាចំណេះចំណានខាងគោលលទ្ធិក៏អាចជួយអ្នកពង្រឹងមូលដ្ឋានគ្រឹះរបស់អ្នកបានផងដែរ ។
សូមគិតអំពីឧបសគ្គណាមួយដែលអ្នកប្រហែលជាត្រូវយកឈ្នះ ហើយសរសេរអ្វីដែលអ្នកនឹងធ្វើដើម្បីយកឈ្នះលើឧបសគ្គទាំងនោះ ។
ប្រសិនបើអាចធ្វើបាន សូមកំណត់ការរំឭកនៅក្នុងទូរសព្ទរបស់អ្នក ដើម្បីជួយអ្នកឲ្យធ្វើតាមការប្តេជ្ញាចិត្តដែលអ្នកបានដាក់នៅក្នុងអំឡុងពេលមេរៀននេះ ។ សូមពិចារណាចែកចាយការប្តេជ្ញាចិត្តរបស់អ្នកជាមួយសមាជិកគ្រួសារដែលគួរឲ្យទុកចិត្ត ថ្នាក់ដឹកនាំសាសនាចក្រ ឬមិត្តភក្តិ ហើយសុំឲ្យពួកគេជួយអ្នករក្សាការប្តេជ្ញាចិត្តនោះ ។