ហេលេមិន ៣; ៦ ៖ « ម្ល៉ោះហើយ យើងឃើញថា » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ៣; ៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ៣; ៦
ហេលេមិន ៣; ៦ ៖ « ម្ល៉ោះហើយ យើងឃើញថា »
សូមស្រមៃថាកំពុងសរសេរសំបុត្រដើម្បីជួយមនុស្សដែលនឹងរស់នៅរាប់រយឆ្នាំនាពេលអនាគត ។ ព្យាការីមរមនពិតជាបានសរសេរសំបុត្រយ៉ាងដូច្នោះមែន ។ នៅពេលដែលលោកបានសង្ខេបប្រវត្តិរបស់ពួកសាសន៍នីហ្វៃ ហើយបានឆ្លាក់វានៅលើផ្ទាំងមាសហើយ លោកបានគូសបញ្ជាក់អំពីសេចក្ដីពិតសំខាន់ៗដោយប្រើសេចក្តីថ្លែងការណ៍ដូចជា « ម្ល៉ោះហើយ យើងឃើញថា » ។ សេចក្ដីពិតដែលលោកបានលើកឡើងអាចជួយឲ្យយើងដោះស្រាយបញ្ហាដែលយើងប្រឈមមុខនៅពេលបច្ចុប្បន្ននេះបាន ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់សេចក្ដីពិតមកពីព្រះគម្ពីរទាំងឡាយ និងវិភាគអំពីរបៀបដែលសេចក្ដីពិតទាំងនោះអាចមានឥទ្ធិពលនៅក្នុងជីវិតអ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
មគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិត
-
ប្រសិនបើគេសុំអ្នកឲ្យសរសេរមគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិតរបស់សាលាសម្រាប់ក្មេងអាយុ ១២ និង ១៣ ឆ្នាំ តើអ្នកនឹងសរសេរបញ្ចូលអ្វីខ្លះ ?
សូមអាននូវអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍អំពីការដឹកនាំដ៏រស់រវើកសម្រាប់ជីវិតរបស់អ្នក ៖
ព្យាការី [ ព្រះគម្ពីរមរមន ] ដោយបានបំផុសគំនិតដោយព្រះអម្ចាស់ បានមើលឃើញជំនាន់របស់យើង ហើយបានជ្រើសរើសគោលលទ្ធិ និងសេចក្ដីពិតដែលនឹងជួយ យើង បំផុត ។ ព្រះគម្ពីរមរមន គឺជា ការដឹកនាំដ៏រស់រវើកនៅ ថ្ងៃចុងក្រោយ របស់យើង ។ ( រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )
-
តើគោលលទ្ធិ និងសេចក្ដីពិតដែលអ្នករកឃើញនៅក្នុងព្រះគម្ពីរជួយឲ្យអ្នករស់រានមានជីវិតខាងវិញ្ញាណយ៉ាងដូចម្ដេច ? តើអ្នកអាចគិតអំពីឧទាហរណ៍ថ្មីៗទាំងនេះណាមួយបានទេ ?
នៅពេលដែលអ្នកសិក្សា ហេលេមិន ៣ និង ហេលេមិន ៦ អ្នកនឹងមានឱកាសអនុវត្តការស្វែងយល់គោលលទ្ធិ និងគោលការណ៍នានាចេញពីព្រះគម្ពីរ ។ ការណ៍នេះអាចជួយអ្នកឲ្យទទួលបានការសិក្សាព្រះគម្ពីរដែលមានន័យជាងមុន ហើយនាំអ្នក និងក្រុមគ្រួសាររបស់អ្នកឲ្យចូលទៅកាន់តែជិតនឹងព្រះគ្រីស្ទថែមទៀតផង ។
« ម្ល៉ោះហើយ យើងឃើញថា … »
នៅក្នុងចំណោមការទាស់ទែងគ្នាទាំងអស់ដែលបានកត់ត្រានៅក្នុង ហេលេមិន ១–៦ គឺមានសេចក្តីសុខសាន្តបណ្ដោះអាសន្នមួយគ្រា ។ នៅក្នុង ហេលេមិន ៣ មានមនុស្សរាប់ពាន់ម៉ឺននាក់បានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រ ហើយសាសនាចក្រក៏បានរីកចម្រើនឡើង ។ នៅក្នុង ហេលេមិន ៦ បន្ទាប់ពីការប្រែចិត្តជឿរបស់ពួកសាសន៍លេមិនជាច្រើន នោះពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនបានរស់នៅដោយមានសាមគ្គីភាពកាលដែលក្រុមទាំងពីរងាកទៅរកព្រះអម្ចាស់ ។ នៅក្នុងជំពូកទាំងពីរនេះ មរមនបានផ្អាកការពិពណ៌នារបស់លោកអំពីប្រវត្តិសាស្ត្ររបស់សាសន៍នីហ្វៃ ដើម្បីគូសបញ្ជាក់អំពីគោលលទ្ធិ និងគោលការណ៍សំខាន់ៗនៃសេចក្ដីពិត ។ លោកបានធ្វើយ៉ាងដូច្នេះដោយការប្រើសេចក្តីថ្លែងការណ៍ថា ៖ « ម្ល៉ោះហើយ យើងឃើញថា » ។
សូមអាន ហេលេមិន ៣:២៧–៣០; ៦:៣៤–៣៦ ដើម្បីស្វែងយល់សេចក្តីថ្លែងការណ៍នៃសេចក្តីពិត « ម្ល៉ោះហើយ យើងឃើញថា » ។ សូមពិចារណាគូសចំណាំសេចក្ដីពិតទាំងនោះនៅក្នុងព្រះគម្ពីររបស់អ្នក ហើយកត់ត្រាវាជាពាក្យពេចន៍ផ្ទាល់ខ្លួនរបស់អ្នកទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
បន្ទាប់មក សូមជ្រើសរើសសេចក្ដីពិតមួយដែលអ្នកបានរកឃើញ ហើយរាយបញ្ជីអំពីគ្រោះថ្នាក់ខាងវិញ្ញាណ បញ្ហាប្រឈមមុខ ឬការវាយប្រហារទៅលើសេចក្ដីជំនឿមួយចំនួនដែលសេចក្ដីពិតនេះអាចជួយអ្នកឲ្យរស់រានមានជីវិតបាន ។ ឧទាហរណ៍ ប្រសិនបើអ្នកបានប្រើសេចក្តីពិត ប្រសិនបើយើងជ្រើសរើសជឿដោយស្ម័គ្រចិត្តទៅលើព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះទ្រង់នឹងស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើយើង ( សូមមើល ហេលេមិន ៦:៣៦ ) អ្នកអាចរាយបញ្ជីគ្រោះថ្នាក់ដូចជា ត្រូវការភស្តុតាងវិទ្យាសាស្រ្ត មុនពេលជឿទៅលើព្រះគម្ពីរ ជឿលើអ្នកជំនាញខាងលោកិយច្រើនជាងការជឿលើព្យាការី ឬទុកចិត្តលើតក្កវិជ្ជាជាជាងលើការចាប់អារម្មណ៍ខាងវិញ្ញាណ ។
សូមរំឭកអំពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន នៅខាងដើមមេរៀននេះអំពីព្រះគម្ពីរមរមន គឺជាការដឹកនាំដ៏រស់រវើកនៅថ្ងៃចុងក្រោយរបស់យើង ។
នៅលើក្រដាសមួយសន្លឹកសរសេរថា ៖ « របៀបដើម្បីរស់រានមានជីវិត … » ហើយបញ្ចប់សេចក្តីថ្លែងការណ៍ដោយដាក់គ្រោះថ្នាក់ បញ្ហាប្រឈមមុខ ឬការវាយប្រហារមួយដែលអ្នកបានរាយបញ្ជី ។ ឧទាហរណ៍ បើអ្នកបានប្រើសេចក្តីពិតដែលបានរកឃើញពីមុន នោះអ្នកអាចសរសេរ « របៀបដើម្បីរស់រានមានជីវិត ពេលមានការវាយប្រហារចំណាប់អារម្មណ៍ខាងវិញ្ញាណ » ។ សូមប្រើសេចក្តីពិតដែលអ្នកបានជ្រើសរើសដើម្បីបង្កើតមគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិតដែលមានមួយទំព័រ ។ សូមពន្យល់តាមគំនូរ ឬពាក្យសម្តីអំពីរបៀបដែលសេចក្ដីពិតនេះអាចជួយក្មេងជំទង់ម្នាក់ឲ្យរស់រានមានជីវិតខាងវិញ្ញាណបាន ។ សូមដាក់បញ្ចូលគំនិតទាំងនេះយ៉ាងហោចណាស់ពីរទៅក្នុងមគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិតរបស់អ្នក ។
-
ហេតុអ្វីបានជាសេចក្ដីពិតនេះអាចជួយនរណាម្នាក់ខាងវិញ្ញាណឲ្យរួចផុតអំពីការលំបាកដែលអ្នកបានរាយបញ្ជី
-
បទគម្ពីរផ្សេងៗទៀតដែលទាក់ទងទៅនឹងសេចក្ដីពិតនេះ ឬជួយដល់ការលំបាកដែលអ្នកបានរាយបញ្ជី
-
របៀបដែលសេចក្ដីពិតនេះនាំឲ្យអ្នក ឬអ្នកដទៃទៅរកព្រះយេស៊ូវគ្រីស្ទ ឬជួយអ្នកឲ្យទទួលបានកម្លាំងរបស់ទ្រង់
-
តើអ្វីអាចនឹងកើតមានឡើងចំពោះមនុស្ស ប្រសិនបើមិនបានដឹង ឬធ្វើតាមសេចក្តីពិតនេះទេនោះ
-
របៀបដែលពិភពលោកនឹងផ្លាស់ប្តូរ ប្រសិនបើមនុស្សគ្រប់ៗគ្នាបានជ្រើសរើសយកការរស់នៅតាមសេចក្ដីពិតនេះ