ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី៣ ១១:១០–១១—« យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក »


ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី៣ ១១:១០–១១—‹ យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី៣ ១១:១០–១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី៣ ១១:១០–១១

« យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក »

ព្រះគ្រីស្ទ​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ពួកសាសន៍​នីហ្វៃ

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី នីហ្វៃ​ទី៣ ១១ អ្នក​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​បង្ហាញ​ព្រះអង្គ​ទ្រង់​ទៅដល់​ពួកសាសន៍​នីហ្វៃ ។ ទ្រង់​បាន​ប្រាប់​ទៅដល់​ពួកគេ​ថា ទ្រង់​បាន​សម្រេច​ព្រះរាជ​បំណងប្រាថ្នា​របស់​ព្រះវរបិតាសួគ៌​ដោយបាន​ទទួល​យក​អំពើ​បាប​ទាំងឡាយ​របស់​មនុស្សលោក​មកដាក់​លើ​ព្រះអង្គ​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃ​ទី ៣ ១១:១០–១១ សូម​ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិត ។

ការផ្តល់​ឱកាស​សម្រាប់​សិស្ស​ដើម្បី​ថ្លែង​ទីបន្ទាល់ ។សូម​ប្រាកដ​ថា សិស្ស​ដឹង​ថា​ទីបន្ទាល់​មិន​ចាំបាច់​ទាល់​តែ​មានការ​ចាប់ផ្ដើម​ដោយ​ប្រើ​ពាក្យពេចន៍​ជាក់លាក់ ឬ​ត្រូវបាន​ចែកចាយ​តែ​នៅក្នុង​ការរៀបចំ​ជាផ្លូវការ​ប៉ុណ្ណោះ​នោះទេ ។ សូម​ជួយ​ឲ្យ​ពួកគេ​ដឹង​ថា​ពួកគេ​កំពុង​ថ្លែង​ទីបន្ទាល់ នៅពេល​ដែល​ពួកគេ​ចែកចាយ​អំពី​គំនិត​ដ៏​សាមញ្ញ និង​ស្មោះត្រង់​ទៅលើ​អ្វីដែល​ពួកគេ​ជឿថា ជា​សេចក្តីពិត ។

ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​សាកសួរ​សមាជិក​គ្រួសារ ឬ​អ្នកដឹកនាំ​សាសនាចក្រ​ឲ្យ​ពន្យល់​ពួកគេ អំពី​មូលហេតុ​អ្វី​បានជា​ពួកគាត់​បាន​ជ្រើសរើស​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្រៀន​បន្ទាប់ពី​មេរៀន « នីហ្វៃ​ទី ៣ ១១:១–១១ » ដែល​ជា​មេរៀន​បរិបទ​សម្រាប់​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ នីហ្វៃ​ទី ៣ ១១:១០–១១ ។ ប្រសិនបើ​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវ​ប្តូរទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដថា​មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផង​ដែរ ។

ទន្ទេញ និង​ពន្យល់

ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃ​ទី ៣ ១១:១០–១១ គឺ « យើង​បាន​ធ្វើការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​ចំពោះ​គ្រប់ការណ៍​ទាំងអស់ ចាប់តាំង​ពី​ដើម​ដំបូង​មក » ។ អ្នក​អាច​គូស​ចំណាំ​ផ្នែក​នេះ​នៃ ខទី ១១ តាម​របៀប​មួយ​ពិសេស​ដើម្បី​ធ្វើ​ងាយ​ចាប់​អារម្មណ៍​ជាង​ខគម្ពីរ​ផ្សេងៗ​ទៀត ។

សូម​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃ​ទី ៣ ១១: ១០-១១ ។ មាន​របៀប​មួយ​ដើម្បី​ធ្វើ​បែបនេះ​បាន គឺការ​បង្ហាញ​រូបភាព​ដូចខាងក្រោម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​បំពេញ​ព្រះទ័យ​របស់​ព្រះវរបិតា ដោយ​ទទួល​យក​អំពើបាប​របស់​យើង​មក​ដាក់លើ​ព្រះអង្គ​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ​សេចក្ដីយោង​ខគម្ពីរ និង​ឃ្លា​បទគម្ពីរ​សំខាន់ៗ​ជា​ច្រើន​ដង ។ នៅពេល​សិស្ស​ទន្ទេញ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិនិត្យមើល​មិន​ត្រឹមតែ​ពាក្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មើល​រូបភាព​ដែល​បាន​បង្ហាញ​នោះ​ផងដែរ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​អត្ថន័យ​នៃ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ដែល​ពួកគេ​កំពុង​ទន្ទេញ ។

ព្រះគ្រីស្ទ​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​ព្រះគ្រីស្ទ​នៅលើ​ឈើឆ្កាង

នៅក្នុង​មេរៀន​មុន អ្នក​បាន​ពិភាក្សា​អំពី​សេចក្តីពិត​ដែលបាន​រកឃើញ​ដែលមាន​នៅក្នុង នីហ្វៃ​ទី ៣ ១១:១១ ដែល ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ដោយ​ទទួល​យក​អំពើបាប​នៃ​ពិភពលោក​មក​ដាក់លើ​ព្រះអង្គ​ទ្រង់ ។

សូម​ស្រមៃ​មើល​ថា មាន​នរណា​ដែល​ដឹង​តិចតួច​អំពី​ព្រះយេស៊ូវ​គ្រីស្ទ បាន​សុំឲ្យ​អ្នក​បង្រៀន​នូវ​អ្វី​ដែល​អ្នក​ដឹង​អំពី​ទ្រង់ ។

  • ដោយ​ប្រើប្រាស់​សេចក្ដីថ្លែង​ការណ៍​អំពី​សេចក្ដីពិត និង​ឃ្លា​បទគម្ពីរ​គន្លឺះ តើ​អ្នក​នឹង​ពន្យល់​អំពី​អ្វីដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកយើង​យ៉ាងដូចម្ដេច ហើយ​តើ​មូលហេតុ​អ្វី​បានជា​វាមាន​សារៈសំខាន់ ?

ការរៀន​អនុវត្ត

សូម​រំឭក​ដោយ​សង្ខេប​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង កថាខណ្ឌទី ៥–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

សូម​ផ្តល់​ឱកាស​ដល់​សិស្ស​ធ្វើ​ការបង្ហាញ​អំពី​ការយល់ដឹង​របស់​ពួកគេ អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ របៀប​មួយ​ដើម្បី​ធ្វើ​ដូចនេះ គឺ​ការបង្ហាញ​គោលការណ៍​ទាំងបី​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​បីបួន​នាក់​ឲ្យ​សរសេរ ឬ​ពន្យល់​អំពី​គោលការណ៍​នៅក្នុង​ប្រយោគមួយ ។

ដំណើរ​រឿង​ខាងក្រោមនេះ អាច​ជួយដល់​សិស្ស​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង នីហ្វៃ​ទី ៣ ១១:១០–១១ បាន ។ សូម​ពិចារណា​ដោយ​ធ្វើការ​បង្ហាញ​ដំណើរ​រឿង​នេះ ដើម្បី​ឲ្យ​សិស្ស​អាចយោង​ទៅលើ​ដំណើរ​រឿង​នេះ​នៅក្នុង​មេរៀន​ទាំងមូល​ដែល​នៅសល់​ទាំងអស់ ។

ចេស៊ីកា​បាន​ចាប់ផ្ដើម​ចំណាយពេល​ជាមួយ​ក្រុម​មិត្តភក្តិ​ថ្មី​កាន់តែ​ច្រើន​ថែម​ទៀត ។ មិត្ដភក្ដិ​ទាំងនេះ​មិន​បានដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ប៉ុន្តែ​នាង​សម្គាល់​ឃើញថា​ពួកគេ​ហាក់​ដូចជា​មាន​ភាពសប្បាយ​រីករាយ ដោយ​មិនបាន​ទទួល​ស្គាល់ថា​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ឡើយ ។ ចេស៊ីកា ទទួល​បាន​ការបង្រៀន​ឲ្យជឿ ហើយ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ នាង​តែងតែ​បាន​ភ្ជាប់​សុភមង្គល​ជាមួយនឹង​ការគោរព​ប្រតិបត្តិ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ប៉ុន្តែ​នាង​ចាប់ផ្តើម​ឆ្ងល់​ថា តើ​វា​មាន​ភាព​ចាំបាច់​កម្រិតណា​នៅក្នុង​ការដើរ​តាមទ្រង់ ។

គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ អាច​មាន​ប្រយោជន៍​នៅក្នុង​ស្ថានភាព​ដូច ចេស៊ីកា ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សនៈ​អស់​កល្ប​ជានិច្ច

ដើម្បី​ជួយ​ឲ្យ​អ្នកដឹង​អំពី​របៀប ​ដែល​ចេស៊ីកា​អាច​ពិនិត្យ​មើល​អំពី​សេចក្តីកង្វល់​របស់​នាង​ដោយ​ទស្សន​ដ៏​អស់កល្ប​មួយ សូម​កត់ចម្លង​តារាង​ខាង​ក្រោម​ចូល​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។ បន្ទាប់មក​បំពេញ​តារាង​ដោយ​រាយបញ្ជី​អំពី​មូលហេតុ និង​លទ្ធផល​ទាំងអស់​ដែល​អ្នកអាច​គិតឃើញ​សម្រាប់​ជួរឈរ​ទាំងពីរ​នោះ ។ ត្រូវ​ប្រាកដថា ដាក់​បញ្ចូល​គំនិត​មកពី នីហ្វៃ​ទី ៣ ១១:១០–១១ នៅពេល​អ្នក​បំពេញ​ជួរឈរ​នៅ​ខាងស្តាំ ។

សិស្ស​អាច​ធ្វើការ​ជាមួយគ្នា​ជា​ក្រុមតូចៗ ដើម្បី​បំពេញ​តារាង​ខាង​ក្រោម​នេះ ឬ​អ្នក​អាច​បំពេញ​តារាង​នេះ​រួមគ្នា​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់​ទាំងអស់​ក៏បាន ។

ជួយ​សិស្ស​ឲ្យ​ទទួល​បាន​អារម្មណ៍​សុវត្ថិភាព​នៅក្នុង​ការបញ្ចេញ​ទស្សនៈ​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​នៅក្នុង​ការបំពេញ​តារាង​នេះ អ្នក​អាច​សួរ​សំណួរ​ជាក់លាក់​បន្ថែម​ទៀត ដូចជា​សំណួរ​ខាងក្រោម​នេះ ៖ តើ​ចេស៊ីកា​អាចមាន​មូលហេតុ​អ្វីខ្លះ​សម្រាប់​ការចង់​រស់នៅ​ឲ្យដូចជា​ក្រុម​មិត្តថ្មី​របស់នាង ? តើ​លទ្ធផល​រយៈពេល​ខ្លី និង​រយៈពេល​វែង​នៃ​ជម្រើស​នេះ​មាន​អ្វីខ្លះ ? តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នឹង​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​តម្លៃ​ដើម្បី​ដើរតាម​ទ្រង់ ? តើ​ពរជ័យ​អ្វីខ្លះ​ដែល​ចេស៊ីកា​អាច​ទទួល​បាន​តាម​រយៈ​ការជ្រើសរើស​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ?

ការធ្វើ​តាម​អ្នកដទៃ

ការដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ

ហេតុផល ៖

ការធ្វើ​តាម​អ្នកដទៃ

ការដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ

លទ្ធផល ៖

ការធ្វើ​តាម​អ្នកដទៃ

ការដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ

បន្ទាប់ពី​សិស្ស​បាន​បញ្ចប់​តារាង​នេះ​ហើយ សូម​ស្នើសុំ​ឲ្យ​ពួកគេ​ចែកចាយ​អំពី​អ្វីដែល​ពួកគេ​បាន​រៀន ។ សំណួរ​ខាងក្រោម​នេះ​អាច​យកមក​ប្រើប្រាស់​ធ្វើជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ​បាន ៖

  • តើ​វា​មាន​ប្រយោជន៍​នៅក្នុង​ការគិត​អំពី​ជម្រើស​របស់​ចេស៊ីកា​ ទៅតាម​របៀប​នេះ​បាន​ដោយ​របៀបណា ?

    សំណួរ​ខាង​ក្រោម​នេះ​អាច​ជួយ​ដល់​សិស្ស​ឲ្យដឹង​អំពីរបៀប ​ដែល​គោលការណ៍​ផ្សេងៗទៀត​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ក៏​អាច​មាន​ប្រយោជន៍​នៅក្នុង​ស្ថានភាព​របស់​ចេស៊ីកា​បាន​ផងដែរ ។

  • បន្ថែម​ពីលើ នីហ្វៃ​ទី ៣ ១១: ១០–១១ តើ​មាន​ប្រភព​ដែលត្រូវ​បាន​តែង​តាំង​ដ៏​ទេវភាព​ផ្សេង​ទៀត​អ្វីខ្លះ​ដែល​អាច​ជួយ​ដល់​ចេស៊ីកា ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ?

    នៅពេល​ដែល​សិស្ស​ពិភាក្សា​អំពី​សំណួរ​មុនៗ នោះ​ពួកគេ​អាច​បន្ថែមការ​យល់ដឹង​ថ្មីៗ​របស់​ពួកគេ ចូលទៅ​ក្នុង​ផ្នែក​សមស្រប​នៃ​ជួរឈរ​ទីពីរ​នៃ​តារាង​របស់​ពួកគេ​បាន ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​នៅក្នុង​ការស្វែងរក​ប្រភព ដែល​ត្រូវបាន​តែងតាំង​ដ៏ទេវភាពដែល​ទាក់ទង នោះ​អ្នក​អាច​ដឹកនាំ​ពួកគេ​ទៅកាន់​បទគម្ពីរ​ដូចជា យ៉ូហាន ១៤:៦; កិច្ចការ ៤:១២និង នីហ្វៃ​ទី ២ ២៥:២០ ។

  • តើ​ចេស៊ីកា​អាច​ធ្វើ​អ្វីខ្លះ​បាន​ដើម្បី​បង្កើន​សេចក្តីជំនឿ​របស់​នាង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​កាន់តែ​ស្ម័គ្រចិត្ត​ធ្វើ​តាម​ទ្រង់​ថែម​ទៀត ?

សូម​គិត​អំពី​របៀប​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ ដែល​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់អ្នក ឬ​ជីវិត​របស់​មនុស្ស​ដែល​អ្នកស្គាល់​ផងដែរ ។ ធ្វើ​តាម​ការបំផុស​គំនិត​ខាងវិញ្ញាណ​ដែល​អ្នក​អាច​ទទួល​បាន​នៅក្នុង​អំឡុង​ពេល​សិក្សា​មេរៀន ។

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ

នៅក្នុង​អំឡុងពេល​សិក្សា​មេរៀន​នា​ពេល​ខាងមុខ សូម​បង្ហាញ​រូបភាព​មួយ ឬ​ពីរ​នៃ​ការយាង​មកវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​ពួកសាសន៍​នីហ្វៃ ។ សុំ​ឲ្យ​សិស្ស​សូត្រ​សេចក្ដី​យោង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឺះ​ដែល​ទាក់ទង​ទៅនឹង​ការ​ពិពណ៌នា​នេះ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ សូម​សរសេរ​ព័ត៌មាន​ខ្លះៗ​នៅលើ​ក្ដារខៀន ដើម្បី​ជួយ​ដល់​ការចងចាំ​របស់​ពួកគេ ។ ឧទាហរណ៍​អ្នក​អាច​សរសេរ​នីហ្វៃ​ទី ៣ _______ ១១:១០– ____ ៖ « យើង​បាន​ធ្វើការ​នេះ _______________ តាម​ព្រះហឫទ័យ​នៃ _____________គ្រប់ _____ ទាំងអស់ ចាប់តាំង​ពី​________________ » ។