« នីហ្វៃទី ៣ ១១:១២–១៧ ៖ ‹ មករកយើងចុះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១១:១២–១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ១១:១២–១៧
« មករកយើងចុះ »
បន្ទាប់ពីទ្រង់បានណែនាំអង្គទ្រង់ថាជាបុត្រាស្ងួនភ្ញារបស់ព្រះវរបិតាសួគ៌ នោះព្រះយេស៊ូវគ្រីស្ទបានអញ្ជើញប្រជាជនឲ្យធ្វើជាសាក្សីផ្ទាល់ខ្លួន ដែលបញ្ជាក់ថាទ្រង់ត្រូវបានគេធ្វើគត់ដោយសារតែអំពើបាបនៃពិភពលោក ។ ពួកគេបានចូលមកជិតទ្រង់ម្តងម្នាក់ៗ និងបានស្ទាបស្នាមរបួស និងស្នាមដែកគោលដែលមាននៅលើព្រះហស្ត និងព្រះបាទារបស់ទ្រង់ ។ មេរៀននេះអាចជួយដល់អ្នកឲ្យទទួលបាន ឬពង្រឹងទីបន្ទាល់របស់អ្នកថា ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ និងសុគតជំនួសអ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទទួលខុសត្រូវនៅលើទីបន្ទាល់របស់អ្នក
សូមគិតអំពីរបៀបការអញ្ជើញខាងក្រោមនេះមកពីប្រធានរ័សុល អិម ណិលសុន អនុវត្តចំពោះអ្នក ។
ខ្ញុំសូមអង្វរក្មួយៗឲ្យចេះទទួលខុសត្រូវនៅលើទីបន្ទាល់របស់ក្មួយៗ ។ សូមខិតខំដើម្បីមានទីបន្ទាល់នោះ ។ សូមមានវាផ្ទាល់ខ្លួន ។ សូមថែទាំវា ។ សូមចិញ្ចឹមបីបាច់វា ដើម្បីឲ្យវាលូតលាស់ ។ សូមពង្រឹងវាដោយសេចក្ដីពិត ។ សូមកុំបំពុលទីបន្ទាល់ដោយទស្សនវិជ្ជាខុសឆ្គងរបស់បុរស និងស្រ្តីដែលមិនជឿ ហើយក្រោយមកងឿងឆ្ងល់ថាហេតុអ្វីបានជាទីបន្ទាល់របស់ក្មួយៗមានភាពសោះកក្រោះនោះឡើយ ។ ( រ័សុល អិម ណិលសុន « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់ យុវមជ្ឈិមវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
-
តើហេតុអ្វីបានជាអ្នកគិតថា វាមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗដើម្បី « ទទួលខុសត្រូវ » នៅលើទីបន្ទាល់របស់ពួកគេ ?
សេចក្តីពិតដ៏សំខាន់បំផុតមួយដែលយើងអាចមានទីបន្ទាល់ គឺថាព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្គ្រោះនៃពិភពលោក ។ សូមពិចារណាអំពីមូលហេតុដែលមនុស្សត្រូវដឹងអំពីទ្រង់ ។ អ្នកអាចសិក្សា យ៉ូហាន ១៤: ៦ និងម៉ូសាយ ៣: ១៧ ដើម្បីជួយអ្នកដឹងអំពីហេតុផលមួយចំនួននេះ ។
-
តើអ្នកមានអារម្មណ៍ថា អ្នកមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ថាជាបុត្រានៃព្រះ និងជាព្រះអង្គសង្គ្រោះនៃពិភពលោកដែរឬទេ ?
-
តើមានចំណុចរួមចំណែកអ្វីខ្លះដែលធ្វើឲ្យអ្នកទទួលបាននូវអារម្មណ៍ដែលអ្នកមានអំពីព្រះអង្គសង្គ្រោះ ?
នៅថ្ងៃនេះ អ្នកនឹងសិក្សាអំពីការប្រាស្រ័យទាក់ទងដ៏ពិសិដ្ឋមួយដែលព្រះយេស៊ូវគ្រីស្ទមានជាមួយនឹងពួកសាសន៍នីហ្វៃ ។ នៅពេលអ្នកសិក្សា សូមគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទទួល ឬពង្រឹងទីបន្ទាល់របស់អ្នកឲ្យកាន់តែរឹងមាំអំពីព្រះយេស៊ូវគ្រីស្ទ ។
ព្រះយេស៊ូវគ្រីស្ទអញ្ជើញពួកសាសន៍នីហ្វៃឲ្យស្ទាបស្នាមរបួសរបស់ទ្រង់
សូមរំឭកឡើងវិញថា នៅខណៈពេលដែលពួកសាសន៍នីហ្វៃមួយក្រុមបានប្រមូលផ្តុំគ្នានៅលើដែនដីបរិបូរណ៍ ព្រះអម្ចាស់ដែលបានមានព្រះជន្មរស់ឡើងវិញបានយាងចុះពីស្ថានសួគ៌ ។ ទ្រង់បានប្រកាសថា ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ ហើយថា ទ្រង់បានលើកតម្កើងព្រះបិតា ដោយការរងទុក្ខជំនួសអំពើបាបនៃពិភពលោក ( សូមមើល នីហ្វៃទី៣ ១១:១–១១ ) ។ ហ្វូងមនុស្សមានបុរស ស្ត្រី និងកុមារ ដែលមានចំនួនប្រហែល ២,៥០០ នាក់ ( សូមមើល នីហ្វៃទី៣ ១៧:២៥ ) ។
សូមអាន នីហ្វៃទី៣ ១១:១២–១៥ ដោយរកមើលការអញ្ជើញជាលើកទីមួយរបស់ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញទៅដល់ប្រជាជននេះ ។ អ្នកក៏អាចមើលនៅ « Jesus Christ Appears in the Ancient Americas » មាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១៣:២៩ ដល់នាទីទី ១៦:០៣ ។
នៅពេលអ្នកសិក្សា សូមព្យាយាមស្រមៃថាអ្នកបាននៅក្នុងចំណោមហ្វូងមនុស្សទាំងនោះ ។ ការគិតស្រមៃអំពីព្រឹត្តិការណ៍ ឬគំនិតទាំងឡាយចេញពីព្រះគម្ពីរអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យយាងមកគង់នៅក្នុងការសិក្សារបស់អ្នកបាន ។ សូមកត់ត្រានូវរាល់គំនិត ឬអារម្មណ៍ណាមួយដែលអ្នកទទួលបាននៅខណៈពេលដែលអ្នកកំពុងសិក្សា សញ្ជឹងគិត និងនឹកគិតនៅក្នុងចិត្ត ។
-
តើអ្នកគិតថា ប្រជាជនមានអារម្មណ៍បែបណា នៅពេលដែលពួកគេបានឃើញព្រះអង្គសង្គ្រោះ ហើយមានប្រាស្រ័យទាក់ទងជាមួយនឹងទ្រង់ « ម្តងម្នាក់ៗ » ? ( នីហ្វៃទី៣ ១១: ១៥ ) ។
-
តើដំណើររឿងនេះផ្នែកណាខ្លះ ដែលអ្នកបានជ្រើសរើសដើម្បនឹកគិតនៅក្នុងចិត្ត ? តើអ្នកមានគំនិត និងអារម្មណ៍អ្វីខ្លះនៅពេលដែលអ្នកបានធ្វើដូច្នេះ ?
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះទ័យរបស់ព្រះអង្គសង្គ្រោះសម្រាប់យើងម្នាក់ៗ ?
ខាងក្រោមនេះ គឺជាគោលការណ៍មួយដែលយើងអាចរៀនអំពីដំណើររឿងដ៏ពិសិដ្ឋនេះ ៖ ព្រះយេស៊ូវគ្រីស្ទអញ្ជើញខ្ញុំឲ្យទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនថា ទ្រង់គឺជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ។ សូមគិតពិចារណាកត់ត្រានូវគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់អ្នក ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
និយាយអំពីការអញ្ជើញរបស់ព្រះអង្គផ្ទាល់ និងការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណោមពួកសាសន៍នីហ្វៃ ប៊ីស្សព ហ្គែរ៉ល កូសសែ នៃគណៈប៊ីស្សពជាអធិបតី បានបង្រៀនថា ៖
ឈុតឆាកដ៍ពិសេសនេះគឺជាឆុតដ៏សំខាន់បំផុតនៃព្រះគម្ពីរមរមន ។ « ដំណឹងល្អ » ទាំងស្រុងនៃដំណឹងល្អមាននៅក្នុងរូបភាពដែលព្រះអង្គសង្រ្កោះលាត « ព្រះពាហុនៃសេចក្ដីមេត្តាករុណា » [ អាលម៉ា ៥:៣ ] របស់ទ្រង់ដោយទន់ភ្លន់ ដើម្បីអញ្ជើញបុគ្គលម្នាក់ៗ ឲ្យមករកទ្រង់ ហើយទទួលពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។…
… ដូចព្រះយេស៊ូវបានអញ្ជើញសិស្សសាសន៍នីហ្វៃម្នាក់ៗឲ្យមកស្ទាបស្នាមរបួសរបស់ទ្រង់ ទ្រង់បានសុគតសម្រាប់យើងម្នាក់ៗដោយផ្ទាល់ ប្រៀបដូចជាបងប្អូន ឬខ្ញុំជាមនុស្សតែម្នាក់គត់នៅលើផែនដីនេះ ។ ទ្រង់បានអញ្ជើញយើងដោយផ្ទាល់ឲ្យមករកទ្រង់ ហើយទទួលបានពរជ័យដ៍អស្ចារ្យនៃដង្វាយធួនរបស់ទ្រង់ ។ ( ហ្គែរ៉ល កូសសែ « A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៩–៤០ )
-
តើយើងអាចទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោកបានដោយរបៀបណា ?
« ហូសាណា ! »
ពួកសាសន៍នីហ្វៃទទួលបានឥទ្ធិពលយ៉ាងខ្លាំងមកពីការប្រាស័យទាក់ទងផ្ទាល់របស់ពួកគេជាមួយនឹងព្រះអង្គសង្គ្រោះ ។
សូមអាន នីហ្វៃទី៣ ១១:១៦–១៧ ដើម្បីស្វែងរកការឆ្លើយតបរបស់ហ្វូងមនុស្សបន្ទាប់ពីបទពិសោធន៍របស់ពួកគេជាមួយនឹងព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញ ។
វាប្រហែលជួយបានដើម្បីដឹងថា ហូសាណា គឺជាពាក្យភាសាហេព្រើរដែលមានន័យថា « សង្គ្រោះឥឡូវនេះ » ឬ « សូមជួយសង្គ្រោះយើងខ្ញុំផង » ។ វាត្រូវបានប្រើប្រាស់នៅទូទាំងព្រះគម្ពីរ ជាការបង្ហាញអំពីការសរសើរ និងការទូលអង្វរ ហើយបានក្លាយជាពិធីបុណ្យនៃព្រះមែស៊ីនៅគ្រប់សម័យកាល ( សូមមើល Bible Dictionary « ហូសាណា » សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « Hosanna » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
ខាងក្រោមនេះនឹងជួយដល់អ្នកចំណាយពេលបង្ហាញអំពីអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ឬសិក្សាអំពីអ្នកផ្សេងទៀតដែលបានចែកចាយទីបន្ទាល់របស់ពួកគេអំពីទ្រង់ ។
-
សូមចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ដោយសរសេរសំបុត្រទៅកាន់នរណាម្នាក់ ដែលអ្នកមានអារម្មណ៍ថា អាចមានអត្ថប្រយោជន៍មកពីទីបន្ទាល់នេះ ។
-
សូមជ្រើសរើសខគម្ពីរមួយនៅក្នុងព្រះគម្ពីរនេះ ឬទំនុកតម្កើងដែលពិពណ៌នាអំពីអារម្មណ៍របស់អ្នកថាតើព្រះយេស៊ូវគ្រីស្ទជានរណា និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។ សូមសរសេរអំពីសេចក្តីពន្យល់ខ្លីៗអំពីមូលហេតុដែលខគម្ពីរ ឬទំនុកតម្កើងនេះមានអត្ថន័យចំពោះអ្នក ។
-
សូមសរសេរកំណាព្យ ឬទំនុកច្រៀងដែលពិពណ៌នាអំពីអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សូមសិក្សាទីបន្ទាល់របស់អ្នកផ្សេងទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមសង្ខេបអំពីអ្វីដែលអ្នកបានសិក្សា និងរបៀបដែលដំណើររឿងនោះធ្វើឲ្យអ្នកមានអារម្មណ៍ ។ ឧទាហរណ៍អាចមានបញ្ចូល អាលម៉ា ២៦:១–១៦, ៣៥–៣៧ ឬ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក »( ChurchofJesusChrist.org ) ។