ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​៣ ១២:៤៨—« យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃ​ទី​៣ ១២:៤៨—‹ យើង​ចង់​ឲ្យអ្នករាល់​គ្នាបាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី​៣ ១២:៤៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃ​ទី​៣ ១២:៤៨

« យើង​ចង់​ឲ្យ​អ្នករាល់គ្នា​បាន​ល្អ​ឥតខ្ចោះ​ដូចជា​យើង ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ »

យុវនារី​កំពុង​សញ្ជឹងគិត

នៅ​ក្នុង​ការសិក្សា​របស់​អ្នក​អំពី នីហ្វៃ​ទី​៣ ១២ អ្នក​បាន​រៀន​អំពី​ការ​បាន​ល្អ​ឥតខ្ចោះ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌ ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តី​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃ​ទី​៣ ១២:៤៨ ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ និង​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិតៗ ។

ការបង្កើត​បរិយាកាស​រៀនសូត្រ​ដ៏​សកម្ម ។នៅ​ខណៈពេល​ដែល​កំពុង​រៀបចំ​មេរៀន និង​មាន​ទំនាក់ទំនង​ជាមួយនឹង​សិស្ស សូម​រកមើល​របៀប​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ចូលរួម​យ៉ាង​សកម្ម ។ ឧទាហរណ៍​រួមមាន​ការអញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន បង្ហាញ​អ្វី​ដែល​ពួកគេ​រៀន​ទៅដល់​សិស្ស​ក្នុងថ្នាក់ ឬ​ជ្រើសរើស​ចេញពី​ជម្រើស​សិក្សា​ផ្សេងៗទៀត ។ ការធ្វើ​ដូច្នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ចូលរួម​នៅក្នុង​ការសិក្សា ហើយ​ជួយ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ នីហ្វៃទី​៣ ១២:៤៨ មុនពេល​មក​ដល់​ថ្នាក់រៀន ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អនុវត្ត​ការសូត្រ​ព្រះគម្ពីរ ចេញពី​ការចងចាំ​ទៅកាន់​សមាជិក​ក្នុង​ថ្នាក់​ផ្សេង​ទៀត ខណៈពេល​ដែល​បាន​ចូល​មក​ដល់​ក្នុង​ថ្នាក់ មិនថា​ក្នុង​ថ្នាក់រៀន​ដែល​មាន​មនុស្ស​ចូលរួម​ផ្ទាល់ តាមរយៈ​ការផ្ញើសារ ឬ​តាម​វិធី​ផ្សេង​ទៀត​នោះទេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្រៀន​បន្ទាប់ពី​មេរៀន « នីហ្វៃទី​៣ ១២:១៧–៤៨ » ដែលជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ នីហ្វៃទី​៣ ១២:៤៨ ។ ប្រសិនបើ​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវ​ប្តូរទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដថា​មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផង​ដែរ ។

ពន្យល់ ​និង​ទន្ទេញ

នៅក្នុង​អំឡុងពេល​សិក្សា​មេរៀន​មុន អ្នក​បាន​រៀនអំពី​សេចក្តីពិត​ខាងក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​ចង់​ឲ្យ​ពួកយើង​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ទ្រង់ និង​ព្រះវរបិតា​របស់យើង​ដែល​គង់នៅ​ស្ថានសួគ៌ ។

សូម​គិត​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​ជឿ​ថា ព្រះ​មិនមាន​សេចក្តីរំពឹង​ទុក​ពី​ពួកយើង​លើស​ពី​ការ​ល្អ​និង​ការគោរព​អ្នកដទៃ​នោះទេ ។

  • តើ​អ្នក​នឹង​ពន្យល់ នីហ្វៃ​ទី​៣ ១២:៤៨ តាម​របៀប​ដែល​អាច​ជួយ​បន្ថែម​ដល់​ការយល់ដឹង​របស់​មិត្ត​អ្នក​យ៉ាងដូចម្តេច ?

សូម​ពិចារណា​ផ្តល់​ពេលវេលា​ដល់​សិស្ស ដើម្បី​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មុន ។ នៅពេល​ដែល​ពួកគេ​បញ្ចប់​រួចហើយ សូម​អញ្ជើញ​អ្នកស្ម័គ្រចិត្ត​ពីរបីនាក់​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់រៀន​នូវ​អ្វីដែល​ពួកគេ​បាន​សរសេរ សម្តែង​តាម​ការសន្ទនា ឬ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​ដៃគូ ។ នៅពេល​សិស្ស​ឆ្លើយ សូម​ប្រាកដ​ថា ពួកគេ​យល់ថា​ព្រះវរ​បិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ រំពឹងថា យើង​ខិតខំ​ប្រែង​ក្លាយ​ឲ្យ​ដូចជា​ទ្រង់​ទាំងទ្វេ ភាពល្អឥតខ្ចោះ នោះ​អាច​ធ្វើទៅ​បានតែ​តាមរយៈ​ជំនួយ​របស់​ព្រះអង្គសង្គ្រោះ ហើយថា​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើឲ្យ​មាន​ភាពល្អ​ឥតខ្ចោះ​អាច​កើត​មាន​នា​ពេល​អនាគត ទោះបីជា​យើង​មាន​អំពើបាប​និង​កំហុស​ក៏ដោយ ។

ឃ្លា​បទគម្ពីរ​គន្លឺះ​នេះ​សម្រាប់ នីហ្វៃ​ទី​៣ ១២:៤៨ គឺ « យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។ សូម​ប្រើ​វិធីសាស្រ្ត​ខាងក្រោម ឬ​វិធីសាស្រ្ត​ផ្សេងទៀត​ដែល​អ្នក​ជ្រើសរើស ដើម្បី​ជួយ​ឲ្យ​អ្នក​ទន្ទេញ​សេចក្ដីយោង និង​ឃ្លាបទ​គម្ពីរ​គន្លឹះ ។

សូម​ជ្រើសរើស​វិធីសាស្រ្ត​ណាមួយ ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​ទន្ទេញ​ឃ្លា​គន្លឹះ និង​ឯកសារយោង​សម្រាប់​វគ្គ​នេះ ។ សកម្មភាព​ខាងក្រោម គឺជា​ឧទាហរណ៍​អំពី​វិធី​មួយ​ដែល​អ្នក​អាច​ធ្វើ​វា​បាន ៖

សម្រាប់​សកម្មភាព សូម​ឲ្យ​ក្រដាស​ពាក់កណ្តាល​សន្លឹក​ទៅ​សិស្ស​ម្នាក់ៗ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​ឃ្លា​ទាងឡាយ​នៅតាម​ជ្រុង​ផ្សេងៗ​នៃ​ក្រដាស​របស់​ពួកគេ ។ នៅពេល​ដែល​ពួកគេ​សរសេរ​ចប់​នៅលើ​ក្រដាស​របស់​ពួកគេ​រៀងៗ​ខ្លួន​ហើយ ពួកគេ​អាច​ប្តូរ​ក្រដាស​ជាមួយនឹង​សិស្ស​ផ្សេងទៀត ហើយ​ធ្វើ​សកម្មភាព​នេះ​ម្តងទៀត ។

សូម​សរសេរ « នីហ្វៃ​ទី ៣ ១២:៤៨ » នៅ​ចំ​កណ្តាល​ក្រដាស​មួយ​សន្លឹក ។ នៅ​ជ្រុង​មួយ​នៃ​ទំព័រ សូម​សរសេរ​ពាក្យ « បាន​ល្អ​ឥតខ្ចោះ » ។ នៅ​ជ្រុង​មួយ​ទៀត សូម​សរសេរ​ថា « ដូចជា​យើង » ។ នៅ​ជ្រុង​មួយ​ទៀត សូម​សរសេរ​ថា « ឬ​ដូចជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ » ។ នៅ​ជ្រុង​ចុងក្រោយ សូម​សរសេរ​ថា « ល្អ​ឥតខ្ចោះ » ។ សូម​ព្យាយាម​ទន្ទេញ​ឲ្យ​ចាំនូវ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឺះ ដោយ​ប៉ះ​ជាមួយ​ខ្មៅដៃ ឬ​ម្រាមដៃ​របស់អ្នក​ទៅលើ​ឃ្លា​នីមួយៗ​តាម​លំដាប់លំដោយ ដោយ​ការចាប់ផ្តើម​ជាមួយនឹង​សេចក្តីយោងប​ទគម្ពី​នៅ​ចំកណ្តាល ។ វា​អាច​ជួយ​អ្នក​បាន​ដោយ​ការនិយាយ​ពាក្យ​ទាំងនោះ​ឲ្យ​ឮៗ នៅ​ពេល​អ្នក​ប៉ះ​ពាក្យ​ទាំងនោះ ។ បន្ទាប់ពី​ការធ្វើ​ដូចនេះ​បាន​ពីរបី​ដង​ហើយ សូម​ព្យាយាម​និយាយ​ឡើង​វិញ​នូវ​សេចក្តីយោង និង​ឃ្លា​ទាំងមូល​ចេញពី​ការចងចាំ​នោះ ។

ការរៀន​អនុវត្ត

សូម​បែងចែក​សិស្ស​ជា​ក្រុមៗ​ដែល​នៅក្នុង​មួយ​ក្រុមៗ​មាន​គ្នា​បីនាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​គោលការណ៍​មួយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ( សូម​មើល ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាងគោលលទ្ធិ [ ឆ្នាំ ២០២៣ ] « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » កថាខណ្ឌ​ទី ៥–១២ ) ។ សូម​ឲ្យ​សិស្ស​ពិនិត្យ​គោលការណ៍​នេះ​ដោយ​សង្ខេប ហើយ​បន្ទាប់មក​ពន្យល់​វា​ទៅកាន់​ក្រុម​របស់​ពួកគេ ។

សូម​ប្រើប្រាស់​សាច់រឿង​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​អនុវត្ត​ការបង្រៀន​របស់​ព្រះអង្គសង្រ្គោះ​នៅក្នុង នីហ្វៃ​ទី៣ ១២:៤៨ និង​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវវិញ្ញាណ ។

សូម​ផ្លាស់ប្តូរ​ឈ្មោះ ឬ​ផ្លាស់ប្តូរ​សាច់រឿង​ដោយ​សេរី ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​សិស្ស​របស់អ្នក ។

យ៉ូហាន​ជា​យុវជន​ម្នាក់​ដែល​ជឿ​នៅលើ​ព្រះ ។ ប៉ុន្តែ មាន​ទិដ្ឋភាព​មួយ​ចំនួន​នៃ​ដំណឹង​ល្អ ដែល​គាត់​មិន​ចូលចិត្ត​គិត​អំពី ។ ទិដ្ឋភាព​មួយ​ក្នុងចំណោម​ចំណុច​ទាំងនោះ គឺជា​ការដាស់តឿន​របស់​ព្រះអង្គសង្រ្គោះ​ដើម្បី​បាន​ល្អ​ឥតខ្ចោះ ។ គាត់​បាន​ខិតខំ​ព្យាយាម​ផ្លាស់ប្តូរ ហើយ​ប្រែក្លាយ​ឲ្យ​មាន​បុគ្គលិកលក្ខណៈ​កាន់តែ​ដូច​ព្រះគ្រីស្ទ ប៉ុន្តែ​គាត់​នៅតែ​មិនអាច​ធ្វើ​បាន ។ គាត់​មាន​អារម្មណ៍​ថា គាត់​បរាជ័យ​រួច​ទៅ​ហើយ ដូច្នេះ​ភាព​ល្អឥតខ្ចោះ​សម្រាប់​គាត់ គឺ​មិន​អាច​ទៅ​រួច​នោះទេ ។

ដើម្បី​បន្ថែម​ភាពចម្រុះ​ទៅក្នុង​សកម្មភាព​ខាង​ក្រោម សូម​ពិចារណា​សិក្សា​ផ្នែក « ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ » នៃ​មេរៀន​នេះ​នៅក្នុង​ថ្នាក់ និង​ផ្នែក​ផ្សេង​ទៀត​ជា​ក្រុម​តូចៗ ឬ​ជាមួយ​ដៃគូ ។ បន្ទាប់​មក សិស្ស​អាច​ឆ្លើយ​សំណួរ​ចុង​ក្រោយ​ជា​លក្ខណៈ​បុគ្គល ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សនៈ​អស់​កល្ប​ជានិច្ច

ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ បង្រៀនថា នៅពេល​ដោះស្រាយ​បញ្ហា​ដែល​ពិបាក នោះ​យើង​អាច « កំណត់​សំណួរ​ឡើងវិញ ( ដើម្បី​មើល​សំណួរ​តាម​បែប​ខុសគ្នា ) និង​ពិនិត្យ​មើល​គំនិត​ដោយ​ផ្អែកទៅលើ​បទដ្ឋាន​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់ ជាជាង​ការទទួល​យក​បរិវេណ ឬ​ការសន្មត​របស់​ពិភពលោក » ( ទំព័រ ៣ ) ។ សំណួរ​ខាងក្រោម​អាច​ជួយ​ដល់​ដំណើរការ​នេះ​បាន ។

  • តើ​អ្នក​គិត​ថា ព្រះអម្ចាស់​មាន​ទស្សនៈ​អំពី​ភាពល្អ​ឥតខ្ចោះ​ខុស​ពី​មនុស្ស​ជា​ច្រើន​នៅក្នុង​ពិភពលោក​ដោយ​របៀបណា ?

  • តើ​ចំណេះដឹង​របស់យើង​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បង្រៀន​នៅក្នុង នីហ្វៃទី​៣ ១២:៤៨ ដោយ​របៀប​ណា ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​អ្នក​អាច​ប្រើប្រាស់​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង នីហ្វៃទី​៣ ១២:៤៨ អំពី​ភាពល្អ​ឥតខ្ចោះ​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីកង្វល់​របស់ យ៉ូហាន ដោយ​របៀបណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​មកពី​ថ្នាក់​ដឹកនាំសាសនាចក្រ ដែល​អាច​ជួយ​យ៉ូហាន​យល់​កាន់តែ​ច្បាស់​អំពី​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង នីហ្វៃទី​៣ ១២:៤៨ ។ ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​ណែនាំ​បទគម្ពីរ​មួយ​ចំនួន​ខាងក្រោម​បាន ។

ក៏​មាន​សុន្ទរកថា​សន្និសីទ​នៅក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » ដែល​អាច​មាន​ប្រយោជន៍​ផងដែរ ។

  • តើ​ការ​យល់ដឹង​ដែល​អ្នក​រក​ឃើញ​អាច​ជួយ​ដល់​យ៉ូហាន ចំពោះ​បញ្ហា​បារម្ភ​របស់គាត់​បាន​ដោយ​របៀបណា ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូមអាន កថាខណ្ឌ​ទី ៥–៧ នៅក្នុង​ផ្នែក « ការ​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​រកមើល​អ្វីដែល យ៉ូហាន អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​បាន ។

  • តើ​ការ​បង្រៀន​មួយណា​ដែល​អ្នក​គិត​ថា អាច​ជួយ​ដល់​យ៉ូហាន​បាន ? ហេតុអ្វី ?

  • តើ​យ៉ូហាន​អាច​អធិស្ឋាន​អំពី​អ្វីខ្លះ​ដែល​នឹង​ជួយ​ដល់​ស្ថានភាព​របស់គាត់​បាន ?

  • តើ​អ្នក​នឹង​ផ្ដល់​យោបល់​អ្វីខ្លះ​ដែល​យ៉ូហាន​ធ្វើ​ដើម្បី « រស់នៅ​ដោយ​សេចក្ដីជំនឿ » រហូតដល់​គាត់​មាន​ការ​យល់ដឹង​បន្ថែម​ទៀត​អំពី​សក្ដានុពល​របស់គាត់​ដើម្បី​បាន​ល្អ​ឥតខ្ចោះ ?

    សូម​ពិចារណា​ឲ្យ​សិស្ស​ឆ្លើយ​សំណួរ​ខាងក្រោម​ដោយ​ផ្ទាល់ខ្លួន​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្វីខ្លះដែល​អ្នក​បាន​រៀន​នៅក្នុង នីហ្វៃទី​៣ ១២:៤៨ អំពី​ភាពល្អ​ឥតខ្ចោះមាន​ឥទ្ធិពល​ទៅលើ​អារម្មណ៍ និង​សកម្មភាព​ផ្ទាល់ខ្លួន​របស់អ្នក​ដោយ​របៀបណា ?

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ

សូម​ពិចារណា​គូរជា​ក្រដាស​មួយ​សន្លឹក​នៅ​លើ​ក្ដារខៀន នីហ្វៃទី​៣ ១២:៤៨ នៅ​ចំ​កណ្តាល ហើយ​ឃ្លា​នៅ​ជ្រុង​នីមួយៗ ដូចជា​សកម្មភាព​ទន្ទេញ​ចាំមាត់​នៅ​ក្នុង​មេរៀន​នេះ ក្រោម​ចំណងជើង « ការពន្យល់ និង​ទន្ទេញ » ។ ចង្អុល​ទៅ​កាន់​ឃ្លា​នីមួយៗ​តាម​លំដាប់លំដោយ ហើយ​ឲ្យ​សិស្ស​និយាយ​ឃ្លា​ដោយ​ព្រមៗគ្នា​ឡើងវិញ ។ លុប​ឃ្លា​មួយ ហើយ​ធ្វើ​សកម្មភាព​នេះ​ម្តង​ទៀត ។ សូម​បន្ត​លុប​ហើយ​ធ្វើ​ដដែលៗ​រហូត​ដល់​ឃ្លា និង​សេចក្ដីយោង​បទគម្ពីរ​ទាំងអស់​បាន​លុប​អស់ ។