ថ្នាក់​សិក្ខាសាលា
នីហ្វៃទី​៣ ១៥–១៦ ៖ « នោះ​នឹង​មាន​ក្រោល​តែមួយ និង​អ្នក​គង្វាល​តែមួយ​វិញ »


« នីហ្វៃទី៣ ១៥–១៦ ៖ ‹ នោះ​នឹង​មាន​ក្រោល​តែមួយ និង​អ្នក​គង្វាល​តែមួយ​វិញ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី​៣ ១៥–១៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី​៣ ១៥–១៦

« នោះ​នឹង​មាន​ក្រោល​តែមួយ និង​អ្នក​គង្វាល​តែមួយ​វិញ »

ព្រះគ្រីស្ទ​ត្រកងបី​កូន​ចៀម​យ៉ាង​ទន់ភ្លន់

ដូច​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ប្រជាជន​នៅ​ដែនដី​បរិបូរណ៍ ទ្រង់​បាន​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​បុគ្គល​គ្រប់ៗរូប ។ មនុស្ស​ម្នាក់ៗ​ទទួល​បាន​ការអញ្ជើញ​ឲ្យ​មក​ទទួល​បទពិសោធន៍​ពី​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្លួន​របស់​ពួកគេ​ផ្ទាល់ ( សូមមើល នីហ្វៃទី​៣ ១១ ) ។ បន្ទាប់មក ទ្រង់​បាន​ជួយ​ពួកគេ​ឲ្យ​យល់ថា ទ្រង់​មាន​ហឫទ័យ​ស្រឡាញ់​ចំពោះ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះអង្គ​ដូចៗគ្នា ។ ទ្រង់​សព្វ​ព្រះហឫទ័យ​ចង់​ឲ្យ​មនុស្ស​គ្រប់រូប​ នៅ​គ្រប់ទីកន្លែង​បាន​រាប់បញ្ចូល​ទៅក្នុង​ចំណោម​ហ្វូង​ចៀម​របស់​ទ្រង់ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​មាន​យល់​អំពី​ព្រះរាជ​បំណង​របស់​ព្រះអង្គសង្គ្រោះ នៅក្នុង​ការប្រមូលផ្តុំ​អ្នក​និង​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ទ្រង់ ។

ការជំរុញ​ឲ្យ​មាន​បរិយាកាស​នៃ​ការទទួល​យក​និង​ការគោរព ។ សូម​ព្យាយាម​សិក្សា​អំពី​ប្រវត្តិ​និង​កាលៈទេសៈ​របស់​សិស្ស​ម្នាក់ៗ ។ អ្នក​អាច​ជួយ​ដល់​សិស្ស​ឲ្យ​មាន​អារម្មណ៍ថា ពួកគេ​មាន​ចំណែក​បាន​ផងដែរ​ដោយ​តាមរយៈ​ការអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី​គំនិតផ្សេងៗ​របស់​ពួកគេ ហើយ​ប្រាប់​ពួកគេ​ថា ការរួមចំណែក​របស់​ពួកគេ​គឺ​មាន​តម្លៃ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិតអំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរនេះ ៖ « តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​បានឃើញ​ថា ព្រះអង្គ​សង្គ្រោះ​ចង់​ប្រមូល​មនុស្ស​គ្រប់គ្នា​ឲ្យត្រឡប់​មក​រក​ទ្រង់​វិញ ? »

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ព្រះនាម​និង​ព្រះបរមងារ​របស់​ព្រះគ្រីស្ទ

សូម​ពិចារណា​ដាក់​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ចំកណ្តាល​ក្ដារខៀន​នេះ ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុមតូចៗ ដើម្បី​ដឹងថា​តើ​មាន​ព្រះនាម​និង​ព្រះបរមងារ​ខុសៗ​គ្នា​ប៉ុន្មាន​សម្រាប់​ទ្រង់ ដែល​ពួកគេ​អាច​ចងចាំ ឬ​រកឃើញ​នៅក្នុង​រយៈពេល​ពីរ​ទៅ​បីនាទី ។ បន្ទាប់មក សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ជ្រើសរើស​ព្រះនាម​និង​ព្រះបរមងារ​របស់​ទ្រង់​មួយ ដែល​ពួកគេ​ចង់ចែកចាយ​ជាមួយនឹង​សិស្ស​នៅក្នុង​ថ្នាក់រៀន ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយចំនួន​ដែល​ចេញ​មកពី​ព្រះគម្ពីរ​មរមន ។

ចំណាំ ៖ ប្រសិនបើ​សិស្ស​របស់អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​មកពី​ការចូលរួម​សកម្ម​នេះ សូមមើល « ការចាប់ផ្ដើម​មេរៀន​តាម​វិធី​ផ្សេង​ជំនួសវិញ » នៅក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » ។

  • តើ​ព្រះនាម និង​ព្រះបរមងារ​មួយណា​ដែល​អ្នក​ពេញចិត្ត​សម្រាប់​ទ្រង់ ? តើ​ព្រះនាម និង​ព្រះបរមងារ​នោះ​បង្រៀន​អ្នក​អំពី​ទ្រង់​អ្វីខ្លះ ?

ចៀម​របស់​ព្រះអង្គសង្គ្រោះ

នៅក្នុង នីហ្វៃទី​៣ ១៥–១៦ ព្រះយេស៊ូវ​បាន​បន្ត​បង្រៀន​ប្រជាជន​នៅ​ជិត​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរណ៍ ។ បន្ទាប់ពី​ការពន្យល់​ថា​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ត្រូវ​បាន​បំពេញ​នៅក្នុង​ទ្រង់ នោះ​ទ្រង់​បាន​ចែកចាយ​ព្រះ​បរមងារ​សម្រាប់​ទ្រង់​ផ្ទាល់ ដែល​អាច​ជួយ​ឲ្យ​យើង​យល់​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ទ្រង់ ។

សូមអាន នីហ្វៃទី​៣ ១៥:១៧ ហើយ​ពិចារណា​អំពី​ការគូសចំណាំ​ព្រះបរមងារ ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​សម្រាប់​ទ្រង់​ផ្ទាល់​ព្រះអង្គ ។

សូម​ពិចារណា​អំពី​ការជំនួស​រូបភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ក្ដារខៀន​ដោយ​រូបភាព​ទ្រង់​ជា​អ្នកគង្វាល ដូចជា​រូប​នៅ​ខាងដើម​មេរៀន​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ដោយ​ស្ងៀមស្ងាត់​អំពី​តួនាទី​របស់​ទ្រង់​នៅក្នុង​នាមជា​អ្នកគង្វាល​របស់​យើង ដោយ​ប្រើ​ការបំផុសគំនិត​ដូចជា​កថាខណ្ឌ​ខាងក្រោមនេះ ។

យើង​ជាញឹកញាប់​ច្រើន​តែ​បាន​ប្រៀបធៀប​ទៅនឹង​ចៀម​ដែល​ឧស្សាហ៍​វង្វេង​ចេញពី​ព្រះយេស៊ូវ ហើយ​វង្វេង​និង​ត្រូវបាន​ខ្ចាត់ខ្ចាយ ។ សូម​សញ្ជឹងគិត​មួយភ្លែត ប្រសិនបើ​ការប្រៀបធៀប​នោះ​មាន​ភាពត្រឹមត្រូវ​នៅពេល​ខ្លះ​នៅក្នុង​ជីវិត​របស់អ្នក ។ តើ​មាន​ពេលខ្លះ​ដែល​អ្នក​បាន​វង្វេង​ចេញពី​អ្នកគង្វាល​របស់​អ្នក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរឬទេ ឬ​តើ​អ្នក​មាន​មនុស្ស​ជាទីស្រឡាញ់​ដែល​បាន​វង្វេង​ចេញ​ដែរឬទេ ?

  • តើ​ការយល់​ដឹង​អំពី​អារម្មណ៍​របស់​ព្រះយេស៊ូវ​ចំពោះ​សត្វចៀម​ដែល​ខ្ចាត់ខ្ចាយ​របស់​ទ្រង់ អាច​មាន​ឥទ្ធិពល​លើ​សេចក្តីសង្ឃឹម​របស់​នរណា​ម្នាក់​នៅក្នុង​ការត្រឡប់​ទៅរក​ទ្រង់​វិញ​ដោយ​របៀបណា ?

«ចៀម​ឯទៀត»

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោមនេះ ដើម្បី​ជួយ​សិស្ស​ឲ្យមើល​ឃើញ​អំពី « ក្រោល » ។

ចៀម​នៅក្នុង​ក្រោលចៀម

អ្នកគង្វាល​នៅក្នុង​សម័យ​របស់​ព្រះអង្គសង្គ្រោះ ជារឿយៗ​បាន​ធ្វើ « ក្រោល » ដែល​មាន​ដាក់​បង្ខាំង ដូចជា​នៅក្នុង​រូបភាព​នេះ​អ៊ីចឹង ដើម្បី​ការពារ​ចៀម​របស់​ពួកគេ​ឲ្យមាន​សុវត្ថិភាព​ពី​សត្វ​ដែលស៊ី​សត្វដទៃ​ជាអាហារ និង​គ្រោះថ្នាក់​ផ្សេងៗ ។ សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ គឺជា​គំរូមួយ​អំពី​ក្រោល ដែល​ទ្រង់​ការពារ​យើង​ពី​គ្រោះថ្នាក់​ទាំងឡាយ​នៅក្នុង​ពិភពលោក​នេះ ។

សូម​ពិចារណា​អំពី​ការបង្ហាញ​បទគម្ពីរ​យោង​ចំនួន​ពីរ​ខាងក្រោម និង​សំណួរ​ដែល​ធ្វើ​តាម​លំនាំ​នីមួយៗ ។ អ្នក​អាច​បំបែក​សិស្ស​ទៅជា​ដៃគូ ដើម្បី​អាន​វគ្គបទគម្ពីរ​និង​ពិភាក្សា​សំណួរ​ដែល​ទាក់ទង ។

យ៉ូហាន ១០:១៤–១៦ ( ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅកាន់ « ចៀម » របស់ទ្រង់​នៅ​អ៊ីស្រាអែល​ពីបុរាណ )

  • តើ​អ្នក​គិតថា​វា​មាន​ន័យ​យ៉ាងណា ដែល​ថា​ព្រះយេស៊ូវ​ស្គាល់​ចៀម​របស់​ទ្រង់ ហើយ​ចៀម​របស់​ទ្រង់​ក៏​បាន​ស្គាល់​ទ្រង់ដែរ ?

នីហ្វៃ​ទី​៣ ១៥:១៣–១៧, ២១ ( ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ « ចៀម » របស់​ទ្រង់​នៅក្នុង​ទ្វីប​អាមេរិក​ពីបុរាណ )

បន្ទាប់ពី​សិស្ស​បាន​ពិភាក្សា​អំពី​សំណួរ​មុន​រួចហើយ នោះអ្នក​អាច​បំបែក​ពួកគេ​ឲ្យទៅ​ចាប់​ដៃគូ​គ្នា​ដើម្បី​ធ្វើការសម្តែង ។ ពួកគេ​អាច​ស្រមៃ​ថា​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​ទៅដល់​មិត្តភក្តិ​ដែល​មាន​សេចក្តីជំនឿ​ផ្សេង​ម្នាក់ ដែល​ស្ម័គ្រ​ទទួល​យក​ព្រះគម្ពីរ​នោះ ប្រសិនបើ​ពួកគេ​អាច​បង្ហាញ​ថា​ព្រះគម្ពីរ​មរមន​មាន​លើក​ឡើង​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ សិស្ស​អាច​ប្រើ យ៉ូហាន ១០:១៦ និង នីហ្វៃ​ទី​៣ ១៥:២១ ដើម្បី​ពន្យល់ថា ព្រះយេស៊ូវ​បាន​និយាយ​សំដៅ​ទៅលើ​ប្រជាជន​នៃ​ព្រះគម្ពីរ​មរមន នៅពេល​ទ្រង់​បាន​បង្រៀន​ពួកសិស្ស​របស់ទ្រង់​នៅ​ទីក្រុង​យេរូសាឡិម ។ សូម​ស្តាប់​ការពន្យល់​ទាំងឡាយ​របស់​សិស្ស ហើយ​ជួយ​ពួកគេ​តាម​ការចាំបាច់ ។

បន្ទាប់មក​បង្ហាញ​ឯកសារយោង និង​សំណួរ​ខាងក្រោម​សម្រាប់​ដៃគូ​ពិភាក្សា ។

នីហ្វៃ​ទី​៣ ១៦:១–៣ ( « ចៀម » ទាំងនេះ​រួមមាន « ពួក​ពូជ​អំបូរ​ដែល​បាត់​នៃ​សាសន៍​អ៊ីស្រាអែល » [ នីហ្វៃ​ទី​៣ ១៧:៤ ] ) ។

  • តើ​បទបញ្ញត្តិ​របស់​ព្រះវរបិតាសួគ៌ នៅ​ក្នុង​ខ​គម្ពីរ​ទាំងនេះ​​បង្រៀន​អ្នក​អំពី​ទ្រង់​អ្វីខ្លះ ?

អ្នក​គង្វាល​ល្អ

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​មកពី​ជំពូក​ទាំងនេះ​បាន គឺថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ ​មាន​ព្រះហឫទ័យ​ចង់​ប្រមូល​មនុស្ស​គ្រប់រូប​ឲ្យ​ទៅក្នុង​ក្រោល​របស់​ព្រះអង្គសង្គ្រោះ ។

  • តើ​គ្រោះថ្នាក់​ទំនើប​អ្វីខ្លះ ដែល​ព្រះយេស៊ូវ​ការពារ​យើង​ដោយ​ការនៅ​ក្នុង​ក្រោល​របស់ទ្រង់ ?

អ្នក​អាច​សរសេរ​នៅ​លើ​ក្តារខៀន​អំពី​គ្រោះថ្នាក់​មួយចំនួន ដែល​សិស្ស​លើកឡើង ។

សូមអាន នីហ្វៃ​ទី​១ ២២:២៥ ,២៨ និង នីហ្វៃ​ទី​៣ ១៦:១១–១៣ ដោយ​ការរកមើល​ការពិពណ៌នា​អំពី​ការងារ​របស់​អ្នកគង្វាល​របស់​យើង​ពី​ការប្រមូលនៅ​សម័យ​របស់យើង ។

  • តើ​ពាក្យ​និង​ឃ្លា​អ្វីខ្លះ​ដែល​ពិពណ៌នា​អំពី​អ្នកណា ដែល​អ្នកគង្វាល​របស់​យើង​ចង់​ប្រមូល ? តើ​យើង​ត្រូវការ​អ្វីខ្លះ ដើម្បី​ទទួល​យក​ការអញ្ជើញ​ដោយ​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ?

ការប្រមូល​ចូល​ទៅកាន់​ក្រោល​របស់​ព្រះអង្គសង្គ្រោះ

ពេល​អ្នក​សិក្សា​ផ្នែក​នេះ នោះ​អ្នក​អាច​គិត​អំពី​មិត្ត​ម្នាក់​នៅក្នុង​ចិត្ត​ដែល​បច្ចុប្បន្ននេះ​មិន​រីករាយ​នឹង​ពរជ័យ​ពេញលេញ ​​ដែល​ព្រះអង្គសង្គ្រោះ​ប្រទាន​ដល់​អស់អ្នក​ទាំងឡាយ​ដែល​នៅក្នុង​ក្រោល​របស់​ទ្រង់ ( សាសនាចក្រ ) ។ ពួកគេ​ប្រហែលជា​បាន​វង្វេង​ចេញពី​សាសនាចក្រ​របស់ទ្រង់ ឬ​ពួកគេ​ប្រហែលជា​មិន​ទាន់​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅឡើយ​ទេ ។

សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម និង​សេចក្ដីថ្លែងការណ៍​ដោយ​អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ឬ​អ្នក​អាច​មើល​វីដេអូ «°អ្នក​គង្វាល​ល្អ​របស់​យើង°» ដែល​មាននៅ​លើ​គេហទំព័រ ChurchofJesusChrist.org​ចាប់ពី​នាទីទី ៣:១៣ ទៅដល់​នាទី​ទី ៤:៤៤ ។ សូម​រកមើល​អ្វី​ដែល​អ្នក​ចង់​ឲ្យ​មិត្តភក្តិ​របស់អ្នក​ដឹង​អំពី​អ្នកគង្វាល​របស់យើង ។

15:21

នៅក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ ព្រះយេស៊ូវ​គ្រីស្ទ​ទត​មើល​ជំងឺ​ដែល​មាន​នៅក្នុង​ចៀម​របស់​ទ្រង់​ថា ជា​លក្ខខណ្ឌ​មួយ​ដែល​ត្រូវ​ការ​ការព្យាបាល ថែទាំ និង​ផ្តល់​សេចក្តី​អាណិត​មេត្តា ។ អ្នកគង្វាល​នេះ​គឺ​អ្នកគង្វាល​ល្អ​របស់​យើង ស្វែងរក​អំណរ​នៅ​ក្នុង​ការទត​មើល​ឃើញ​ចៀម​ដែលមាន​ជំងឺ​របស់ទ្រង់​រីកចម្រើន​ឡើង​ទៅរក​ការជាសះស្បើយ ។…

ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ត្រូវ​បានបង្ហាញ​យ៉ាង​ច្បាស់​តាមរយៈ​សេចក្ដី​ស្រឡាញ់ សេចក្តី​អាណិត​មេត្តា និង​ការ​យល់​ចិត្ត​ថ្លើម​គ្នា ។ ទ្រង់​ពុំ​បាន​យាង​តាម​ផ្លូវ​លំ​នៃ​ស្រុក​កាលីឡេ និង​ស្រុក​យូដា​ដោយ​ប្រមាថ​មើល​ងាយ ដោយ​គេច​ចេញ​ពុំ​មើល​អ្នក​មាន​បាប​ឡើយ ។ ទ្រង់​ពុំ​បាន​ចៀស​ចេញ​ពី​ពួកគេ​ដោយ​ក្តី​តក់ស្លុត​ដែល​អស់​សង្ឃឹម​ឡើយ ។ អត់ទេ ទ្រង់​បាន​សោយ​អាហារ​ជាមួយ​ពួកគេ ។ ទ្រង់​បាន​ជួយ​ហើយ​ប្រទាន​ពរ លើក​ស្ទួយ​និង​ស្អាង​គេ​ឡើង ហើយ​ប្រទាន​ក្តីសង្ឃឹម​និង​អំណរ​ជំនួស​ឲ្យ​ភាព​ភ័យ​ខ្លាច​និង​ក្តី​អស់សង្ឃឹម ។ ដូចជា​អ្នកគង្វាលពិត ទ្រង់​ស្វែង​រកយើង​ហើយ​ជួប​យើង​ដើម្បី​ផ្តល់​ការ​ធូរ​ស្បើយ និង​សេចក្តី​សង្ឃឹម ។ ( ឌែល ជី រិនឡាន់ « Our Good Shepherd » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣០ )

  • តើ​អ្នក​ចង់​ឲ្យ​មិត្តភក្តិ​របស់អ្នក​ដឹង​អ្វីខ្លះ​អំពី​អ្នកគង្វាល​របស់យើង​ចេញ​មកពី​វគ្គបទគម្ពីរ​ទាំងនេះ និង​អំពី​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ រិនឡាន់ ? ហេតុអ្វី ?

  • តើ​មាន​គំរូ​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រមូល​មនុស្ស​ឲ្យ​មក​រកទ្រង់ ? ( នេះ​អាច​រួមមាន​មនុស្ស​ណាម្នាក់​ដែល​អ្នក​ស្គាល់​ដោយ​ផ្ទាល់ មនុស្ស​ដែល​យក​ចេញពី​ព្រះគម្ពីរ ឬ​សូម្បីតែ​ខ្លួន​អ្នក ) ។

សូម​ពិចារណា​អំពី​ការបញ្ចប់​ការបង្រៀន​ដោយ​ការច្រៀង ស្តាប់ ឬ​អាន​ទំនុកតម្កើង « បណ្តូលចិត្ត​របស់​អ្នក​គង្វាល » ( ទំនុកតម្កើង ល.រ. ១៣៦ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អារម្មណ៍​របស់​ព្រះអង្គសង្គ្រោះ​មាន​ចំពោះ​ពួកគេ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​ដឹងថា ទំនុក​ច្រៀង​នៃ​ទំនុកតម្កើង​នេះ​បង្រៀន​ពី​សេចក្ដីពិត ( ដោយ​បានផ្អែក​ទៅលើ​អ្វី​ដែល​ពួកគេ​ទទួល​បាន​អារម្មណ៍ បានឃើញ ឬ​បាន​មាន​បទពិសោធន៍ ) ។

សូម​ធ្វើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះរាជ​បំណង​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការប្រមូល​មនុស្ស​គ្រប់រូប​ឲ្យ​មកកាន់​ទ្រង់ ។