« មរមន ៣–៦ ៖ ការធ្លាក់នៃជាតិសាសន៍នីហ្វៃ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរមន ៣–៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរមន ៣–៦
ការធ្លាក់នៃជាតិសាសន៍នីហ្វៃ
តើអ្នកធ្លាប់ព្រួយបារម្ភពីនរណាម្នាក់ដែលអ្នកស្រឡាញ់ដែរឬទេ ? ថែ្លងទៅកាន់មនុស្សដែលនៅជុំវិញលោក មរមនបានមានប្រសាសន៏ថា « ខ្ញុំបានដឹកនាំពួកគេ … ហើយបានស្រឡាញ់ពួកគេ … ដោយអស់ពីដួងចិត្ត » ( មរមន ៣:១២ ) ។ ទោះជាយ៉ាងណា មរមនបានព្រួយបារម្ភ និងកាន់ទុក្ខចំពោះប្រជាជនរបស់លោក នៅពេលពួកគេបានប្តូរទៅរកសេចក្តីបំផ្លិចបំផ្លាញ ដោយសារពួកគេបានបដិសេធមិនត្រឡប់មកសុំជំនួយពីព្រះ ។ មេរៀននេះអាចជួយឲ្យអ្នកដឹងក្នុងចិត្តអំពីសារៈសំខាន់នៃត្រឡប់មករកព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងធ្វើអ្វីខ្លះ ?
អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី នៃពួកចិតសិបនាក់ បានប្រាប់អំពីសាច់រឿងរបស់បុរសម្នាក់ឈ្មោះ មួររ៉េ លីង ដែលកំពុងបើកឡានឆ្លងស្ពាននៅពេលយប់ កាលដែលគាត់ឃើញឡានដែលនៅខាងមុខគាត់នោះបានបាត់ចេញទៅណាភ្លាមៗ ។ ស្ពានមួយកំណាត់់ធំដែលនៅពីមុខគាត់បានបាក់ ។ មួររ៉េបានជាន់ហ្រ្វាំងបញ្ឈប់ឡានទាន់ពេលវេលា ។
-
ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពរបស់ មួររ៉េ វិញ តើអ្នកនឹងត្រូវធ្វើអ្វីមុនគេបង្អស់ក្រោយពេលបញ្ឈប់ឡានរបស់អ្នករួចហើយនោះ ?
សូមអានអំពីដំណើររឿងខាងក្រោមនេះអំពីអ្វីដែល មួររ៉េ បានជ្រើសរើសធ្វើ ។ អ្នកគួរមើលវីដេអូ « Prophets Warning » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទី ទី ពី ០:០០ ដល់ ០:៥៨ ។
មួររ៉េ … បានចាប់ផ្តើមព្រមានប្រាប់ដល់រថយន្តដែលបានធ្វើ៍ចរាចរណ៍មកខាងក្រោយៗអំពីគ្រោះថ្នាក់ដែលមាននៅខាងមុខ ។ នៅខណៈពេលដែលគាត់កំពុងគ្រវីដៃរបស់គាត់ទាំងភ័យញ័រផងនោះ ក៏មានរថយន្តមួយគ្រឿងទៀត « បានបត់ឆែវនៅជិតគាត់ ហើយក៏បានធ្លាក់ចូលទៅក្នុងអន្លង់ជ្រៅ » ( ស្តេហ្វិន ចន សុន « នៅជាប់នឹងគែម ! » Reader’s Digest ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ១២៨ ) ។ រថយន្តទីពីរបានបញ្ឈប់ទាន់ពេល ប៉ុន្តែរថយន្តទីបីមិនបានមើលឃើញសញ្ញាប្រាប់ឲ្យបន្ថយល្បឿន ហើយក៏បានទៅបុកនឹងរថយន្តរបស់លីង ដែលនៅជាប់នឹងគែមស្ពាន ។
រំពេចនោះ ស្រាប់តែមានរថយន្តក្រុងដឹកអ្នកដំណើរពេញមួយគ្រឿងបានបោះពួយឆ្ពោះទៅ មួររ៉េ ដោយមិនបានមើលឃើញគាត់កំពុងគ្រវីដៃឲ្យជាសញ្ញានោះទេ ។ ( ស្ពែនស៊ើរ ជេ ខនឌី « A Mighty Change of Heart » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ១៧ )
-
ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពរបស់ មួររ៉េ តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលមនុស្សធ្វើមិនអើពើនឹងអ្នកបែបនេះ ? តើអ្នកនឹងបោះបង់ចោលការខិតខំព្យាយាមជួយសង្គ្រោះដល់ពួកគេដែរឬទេ ? ហេតុអ្វីបោះបង់ចោល ឬហេតុអ្វីមិនបោះបង់ចោល ?
ដូចជា មួររ៉េ លីង ដែរ មរមនបានមើលឃើញថា ប្រជាជនរបស់លោកកំពុងឆ្ពោះទៅរកការបំផ្លិចបំផ្លាញ ។ ក្នុងនាមជាអ្នកដឹកនាំរបស់កងទ័ពពួកសាសន៍នីហ្វៃ និងក្នុងនាមជាព្យាការីរបស់ព្រះ មរមនបានធ្វើអ្វីៗគ្រប់យ៉ាងដែលលោកអាចធ្វើបាន ដើម្បីព្រមានប្រាប់ដល់ពួកគេ ការពារពួកគេ និងបង្រៀនពួកគេអំពីព្រះអង្គសង្គ្រោះរបស់ពួកគេ ។ តែគួរឲ្យសោកស្តាយ ប្រជាជនរបស់លោកភាគច្រើនបំផុតមិនបានអើពើ ឬបដិសេធទៅលើការងារខិតខំប្រឹងប្រែងរបស់មរមន ។
គ្រោះថ្នាក់មាននៅចំពោះមុខប្រជាជនរបស់មរមន
ដោយមានការញាណដឹងមុនរបស់ទ្រង់ ព្រះបានព្រមានដល់ពួកសាសន៍នីហ្វៃអស់រយៈពេលរាប់រយឆ្នាំអំពីអ្វីដែលនឹងកើតឡើង ប្រសិនបើពួកគេនៅតែបន្តបះបោរប្រឆាំងនឹងទ្រង់ ។
ចូរមើលពីឧទាហរណ៍មួយ សូមអាន ហេលេមិន ១៣:៨–១០ ដោយរកមើលអំពីការព្យាករណ៍មួយ ដែលព្រះបានធ្វើតាមរយៈសាំយូអែលជាសាសន៍លេមិន អស់រយៈពេលប្រហែលជាង ៣០០ ឆ្នាំ មុនពេលដែលមរមនកើត ។ នៅពេលដែលអ្នកអាន សូមកត់សម្គាល់ថាតើពេលណាដែលការព្យាករណ៏នោះនឹងត្រូវបានបំពេញ ។ ( សូមមើល នីហ្វៃទី ១ ១២:៦, ១១–១៩ និង នីហ្វៃទី ៣ ២៧:៣០–៣២ ដែលមានឧទាហរណ៍បន្ថែមទៀតអំពីការញាណដឹង និងការព្រមានប្រាប់របស់ព្រះ ដែលនឹងត្រូវបំពេញនៅក្នុងជំនាន់របស់មរមន ) ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះនឹងប្រាប់ឲ្យដឹងអំពីការណ៏នេះដែលនឹងកើតឡើងជាមុន ?
-
មរ៉ូណៃ ៩:៣–៥, ១៨–២២ ( មរ៉ូណៃបានចែកចាយលិខិតមួយ ដែលឪពុករបស់គាត់ មរមន បានសរសេរ ) ។
-
តើអ្នកមើលឃើញពីភាពស្រដៀងគ្នារវាងការខិតខំព្យាយាម និងសេចក្តីប្រាថ្នារបស់មរមន និងការខិតខំព្យាយាមរបស់ព្រះអង្គសង្គ្រោះមានអ្វីខ្លះ ?
ការអំពាវនាវដល់ព្រះ
-
« នៅសព្វថ្ងៃនេះ ក្មេងជំទង់ជាច្រើនកំពុងជួបបញ្ហាលំបាកជាមួយនឹង » ។
មរមនបានចែកចាយអំពីមូលហេតុមួយដែលពួកសាសន៍នីហ្វៃកំពុងជួបបញ្ហាលំបាកយ៉ាងខ្លាំងរបស់ពួកគេ ។ សូមអាន មរមន ៥:២ ដោយរកមើលពីអ្វីដែលពួកសាសន៍នីហ្វៃមិនបានធ្វើ នៅពេលដែលពួកគេកំពុងជួបបញ្ហាលំបាក ។
-
តើអ្វីដែលមរមនបានចែកចាយនៅក្នុង ខទី ២ អាចអនុវត្តចំពោះមនុស្សជាច្រើននាពេលសព្វថ្ងៃនេះដោយរបៀបណា ?
-
« នៅសព្វថ្ងៃនេះ ក្មេងជំទង់ជាច្រើនកំពុងជួបបញ្ហាលំបាកដោយមិន បានសុំជំនួយពីព្រះ ។ »
ការបំផ្លិចបំផ្លាញរបស់ពួកសាសន៍នីហ្វៃ
បន្ទាប់ពីការបង្ហាត់បង្រៀន និងការដឹកនាំកងទ័ពសាសន៍នីហ្វៃពេញដោយក្តីស្រឡាញ់អស់ជាច្រើនទសវត្សរ៍ មរមនបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងការប្រយុទ្ធចុងក្រោយជាមួយនឹងពួកសាសន៍លេមិន ។ គាត់បានមើលពីលើកំពូលភ្នំមួយនូវអ្វីដែលនៅសេសសល់របស់ជាតិសាសន៍នីហ្វៃ ។ មានតែពួកទាហានសាសន៍នីហ្វៃចំនួន ២៤ នាក់ប៉ុណ្ណោះ ដែលបានរស់រានមានជីវិតពីការកាប់សម្លាប់ ដែលរួមមានមរមន និងកូនប្រុសរបស់លោក មរ៉ូណៃ ផងដែរ ( សូមមើល មរមន ៦:៩–១៥ ) ។
នៅក្នុង មរមន ទី ៦ មរមនបានកត់ត្រាអំពី « ការតស៊ូចុងក្រោយបំផុតរបស់ប្រជាជន [ របស់លោក ] » ( មរមន ៦:៦ ) ។ សូមអាន មរមន ៦:៧, ១០–១៥ ដោយរកមើលពីអ្វីដែលបានកើតឡើងចំពោះពួកសាសន៍នីហ្វៃនៅក្នុងសមរភូមិចុងក្រោយនេះ ។
សូមស្រមៃថា អ្នកកំពុងស្ថិតនៅក្នុងតួនាទីរបស់មរមនដោយកំពុងធ្វើការកាន់ទុក្ខចំពោះការបាត់បង់មនុស្សដែលអ្នកស្រឡាញ់ ប៉ុន្តែដឹងថាអ្នកនៅតែអាចបន្សល់ទុកសារដ៏ខ្លីមួយសម្រាប់មនុស្សជំនាន់ក្រោយ ។ តើអ្នកចង់ឲ្យមនុស្សនៅជំនាន់ក្រោយដឹងពីអ្វីខ្លះ ?
សូមអាន មរមន ៥:១០–១១, ១៦–១៨; ៦:១៦–២០ ដើម្បីដឹងអំពីសារលិខិតមួយចំនួនរបស់មរមន ដែលបានបំផុសគំនិតដើម្បីចារទុកសម្រាប់យើង ។ អ្នកប្រហែលជាចង់គូសចំណាំឃ្លាដែលអ្នកគិតថា មនុស្សនៅសម័យរបស់យើងនេះ ត្រូវការស្តាប់ជាចាំបាច់បំផុត ។
សេចក្ដីពិតមួយដែលមរមនបានបង្រៀនគឺថា ព្រះយេស៊ូវគ្រីស្ទបានឈរលាតព្រះហស្ត ដើម្បីចាំទទួលអ្នកដែលជ្រើសរើសប្រែចិត្ត និងចូលទៅរកទ្រង់ ( សូមមើល មរមន ៦:១៧ ) ។
សូមពិចារណាបិទភ្នែករបស់អ្នកមួយភ្លែត ហើយស្រមៃថាព្រះយេស៊ូវកំពុងឈរ ហើយសម្លឹងមើលមកអ្នកដោយលាតព្រះពាហុ ។ សូមសរសេរចូលនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នកអំពីគំនិត អារម្មណ៍ និងចំណាប់អារម្មណ៍របស់អ្នកអំពីអត្ថន័យនៅក្នុងជីវិតរបស់អ្នក ដែលព្រះយេស៊ូវឈរលាតព្រះពាហុចាំទទួលអ្នក ។
-
តើការបង្រៀនរបស់មរមនមួយណា ដែលអ្នកត្រូវការជាងគេបំផុតនៅក្នុងជីវិតរបស់អ្នក ? ហេតុអ្វី ?
-
តើមរមនចង់ឲ្យអ្នកយល់ដឹងពីអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកគិតថា ពិភពលោករបស់យើងនឹងមានភាពខុសគ្នាយ៉ាងដូចម្តេច ប្រសិនមនុស្សកាន់តែច្រើនមានជំនឿជឿលើអ្វីដែលមរមនបានសរសេរ ?