« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៨ ៖ នីហ្វៃទី ៣ ៨–មរមន ៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការសិក្សារបស់អ្នកទី ៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៨
សូមពិចារណា និងវាយតម្លៃលើការរៀនសូត្រខាងវិញ្ញាណរបស់អ្នក អាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះបាន ។ មេរៀននេះមានគោលបំណងជួយឲ្យអ្នកវាយតម្លៃគោលដៅដែលអ្នកបានដាក់ និងការរីកចម្រើនដែលអ្នកបានដកពិសោធន៍ក្នុងអំឡុងពេលការសិក្សាថ្មីៗរបស់អ្នកអំពី នីហ្វៃទី ៣ ៨ ទៅដល់ មរមន ៦ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការពិនិត្យមើលពីមុនការហោះហើរ
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតគណៈប្រធានទីមួយបានចែកចាយមេរៀនដ៏សំខាន់មួយ ដែលលោកបានរៀនកាលពីជំនាន់របស់លោកក្នុងនាមជាអ្នកបើកយន្តហោះ ៖
ក្នុងការបើកយន្តហោះ អ្នករៀនយ៉ាងឆាប់រហ័សពីផ្លូវហោះហើររបស់អ្នក ពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលអ្នកគ្រប់គ្រងឥទ្ធិពលឧបសគ្គពីខាងក្រៅ ដែលមានដូចជាខ្យល់ និងអាកាសធាតុ ។ ទោះជាយ៉ាងនេះក្តី អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការសម្រេចចិត្តក្នុងការឆ្លើយតបទៅនឹងឥទ្ធិពលខាងក្រៅទាំងនោះ ។ … ដើម្បីជួយដល់ការសម្រេចចិត្តទាំងនោះឲ្យបានត្រឹមត្រូវ គឺត្រូវដឹងអំពីទីតាំងពិតប្រាកដរបស់បងប្អូន ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « As You Embark upon This New Era » BYU Speeches ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០០៩ ទំព័រ ៤ )
-
ហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់អ្នកបើកយន្តហោះក្នុងការដឹងអំពីទីតាំងពិតរបស់ខ្លួនឯងមុនធ្វើការសម្រេចចិត្តណាមួយនោះ ?
-
តើគំរូរបស់អ្នកបើកយន្តហោះដែលស្គាល់ទីតាំងពិតប្រាកដរបស់គាត់ ឬនាងទាក់ទងទៅនឹងការកែលម្អខ្លួនរបស់អ្នកខាងវិញ្ញាណឲ្យបានប្រសើរឡើងដោយរបៀបណា ?
មុនពេលពិនិត្យមើលប្រធានបទជាក់លាក់ដែលអ្នកបានរៀនសូត្រនៅក្នុងថ្នាក់សិក្ខាសាលា សូមពិចារណាគិតអំពីអ្វីដែលជាទូទៅធ្វើឲ្យអ្នកមានចំណាប់អារម្មណ៍ខ្លាំងថែមទៀត ។ សំណួរខាងក្រោមនេះអាចជួយបាន ។ សូមពិចារណាកត់ត្រាចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកបានរៀនអ្វីខ្លះមកពីការសិក្សានាពេលថ្មីៗនេះរបស់អ្នក ដែលមានផ្តល់ផលវិជ្ជមានបំផុត ?
-
តើអ្នកបានសង្កេតឃើញការប្រែប្រួលអ្វីខ្លះក្នុងអារម្មណ៍ និងអាកប្បកិរិយារបស់អ្នកកាលពីពេលថ្មីៗនេះ ?
-
តើមានរបៀបណាខ្លះដែលអ្នកបានអនុវត្តនូវអ្វីដែលអ្នកកំពុងរៀន ?
ការពន្យល់អំពីគោលលទ្ធិនៃព្រះគ្រីស្ទ
អ្នកប្រហែលជាចាំបានថា នៅរយៈពេលមិនយូរប៉ុន្មានក្រោយពេលដែលព្រះអង្គសង្គ្រោះមានព្រះជន្មរស់ឡើងវិញ បានបង្ហាញអង្គទ្រង់ទៅដល់ពួកសាសន៍នីហ្វៃជាលើកដំបូង ទ្រង់បានចែកចាយសេចក្ដីពិតសំខាន់ៗអំពីអ្វីដែលយើងត្រូវធ្វើ ដើម្បីទទួលបានពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល នីហ្វៃទី ៣ ១១:៣១–៣៩ និង នីហ្វៃទី ៣ ២៧:១៣–២២ ) ។ ជាញឹកញាប់ យើងច្រើនតែយោងទៅលើការបង្រៀនទាំងនេះថាជា « គោលលទ្ធិនៃព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣១:២១ ) ។ អ្នកនឹងមានឱកាសពន្យល់អំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដោយគំនិតផ្ទាល់ខ្លួនរបស់អ្នកដោយប្រើសាច់រឿងខាងក្រោម ៖
សូមស្រមៃថា អ្នកមានមិត្តម្នាក់ឈ្មោះ ចូស ដែលបានចាប់អារម្មណ៍នឹងសាសនាចក្រ ។ ទោះជាគាត់មានអារម្មណ៍ល្អអំពីអ្វីដែលគាត់កំពុងរៀនក៏ដោយ តែគាត់មិនយល់ឃើញថា គាត់ចាំបាច់ត្រូវទទួលការជ្រមុជទឹកនោះទេ ។
-
តើខគម្ពីរមួយណាមកពីព្រះគម្ពីរមរមន ដែលអ្នកអាចនឹងប្រើដើម្បីជួយដល់ ចូស ឲ្យយល់អំពីគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទ ? ( ប្រសិនបើអ្នកមិនដឹងប្រាកដថា ត្រូវចាប់ផ្តើមពីចំណុចណានោះទេ អ្នកអាចមើលទៅ នីហ្វៃទី ៣ ១១:៣១–៣៩ ឬ នីហ្វៃទី ៣ ២៧:១៣–២២ បាន ) ។
-
តើអ្នកគិតថា ការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះអាចជួយដោះស្រាយបញ្ហាបារម្ភរបស់ ចូស បានដោយរបៀបណា ?
សូមពិចារណាពីអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ
ព្រះគម្ពីរ គឺជាធនធានដ៏មានតម្លៃសម្រាប់យើងក្នុងការស្វែងយល់បន្ថែមអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងមេរៀនជាច្រើនដែលចាប់ផ្តើមពី នីហ្វៃទី ៣ ៨–១០ អ្នកត្រូវបានអញ្ជើញឲ្យធ្វើបញ្ជីអំពីអ្វីដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ នៅខណៈពេលដែលទ្រង់បានបម្រើដល់ពួកសាសន៍នីហ្វៃ បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ អ្នកក៏ប្រហែលជាទទួលបានបទពិសោធន៍ខ្លះរួចហើយផងដែរ នៅពេលដែលអ្នកបានស្រមៃថាអ្នកស្ថិតនៅក្នុងស្ថានភាព ដែលព្រះអង្គសង្គ្រោះកំពុងបម្រើដល់ពួកសាសន៍នីហ្វៃ ។ ការពិចារណាអំពីកំណត់ចំណាំរបស់អ្នក ឬអំពីគ្រាខ្លះៗដែលអ្នកបាននឹកគិតក្នុងចិត្ត ដែលអាចជួយអ្នកឲ្យទទួលអារម្មណ៍នៃក្តីស្រឡាញ់ចំពោះ និងមកពីព្រះអង្គសង្រ្គោះ ។
សូមចំណាយពេលពីរបីនាទី ដើម្បីពិនិត្យបញ្ជីរបស់អ្នកឡើងវិញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយរកមើលអ្វីដែលអ្នកបានរៀនអំពីព្រះគ្រីស្ទ ដែលប្រហែលជាអាចជះឥទ្ធិពលទៅលើអារម្មណ៍របស់អ្នកអំពីទ្រង់ ។ ជម្រើសមួយទៀត អ្នកអាចមើលក្បាលជំពូក ឬបទគម្ពីរដែលអ្នកបានគូសចំណាំនៅក្នុងការសិក្សារបស់អ្នកអំពី នីហ្វៃទី ៣ ដោយមានការគិតដូចគ្នា ។
-
តើមានចំណុចសំខាន់បំផុតអ្វីខ្លះដែលអ្នកបានរៀនសូត្រ ឬមានអារម្មណ៍គិតអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលដែលអ្នកសិក្សាការបម្រើរបស់ទ្រង់ទៅដល់ពួកសាសន៍នីហ្វៃ ? ហេតុអ្វី ?
ការចូលរួមក្នុងការប្រមូលសាសន៍អ៊ីស្រាអែល
នៅពេលអ្នកបានសិក្សានៅ នីហ្វៃទី ៣ ១៥–១៦; ២០–២២ និង ២៥ អ្នកបានរៀនសូត្រអំពីសេក្តីប្រាថ្នារបស់ព្រះអម្ចាស់ក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ។ អ្នកប្រហែលជាបានធ្វើផែនការដើម្បីជួយដល់នរណាម្នាក់ ឲ្យចូលមកជិតព្រះយេស៊ូវគ្រីស្ទ ហើយចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធនិងពង្សប្រវត្តិ ។
សូមចំណាយពេលបន្តិចដើម្បីពិនិត្យមើលផែនការ ដែលអ្នកប្រហែលជាបានធ្វើនាពេលថ្មីៗនេះឡើងវិញ ដើម្បីជួយដល់ការចូលរួមនៅក្នុងការប្រមូលសាសាន៍អ៊ីស្រាអែល ។
សូមប្រើប្រាស់សំណួរមួយចំនួន ឬទាំងអស់ខាងក្រោម ដើម្បីជួយវាយតម្លៃពីភាពរីកចម្រើនរបស់អ្នកជាមួយនឹងផែនការរបស់អ្នក ៖
-
តើអ្នកបានធ្វើអ្វីខ្លះដើម្បីអនុវត្តផែនការរបស់អ្នក ?
-
តើអ្នកបានរៀនសូត្រអ្វីខ្លះពីការអនុវត្តផែនការរបស់អ្នក ? តើអ្នកទទួលបានការរីកចម្រើនដោយរបៀបណា ?
-
តើមានអ្វីខ្លះដែលអ្នកនៅតែចង់ធ្វើដើម្បីចូលរួមក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ?