« មរ៉ូណៃ ៦ ៖ ការចូលរួម និងការបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ៦
ការចូលរួម និងការបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់
ក្នុងនាមជាសមាជិកដែលបានទទួលបុណ្យជ្រមុជទឹករួចហើយនៅក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទ យើងមានឱកាសចូលរួម និងបម្រើតាមវិធីផ្សេងៗគ្នាជាច្រើន ។ នៅក្នុង មរ៉ូណៃ ៦ មរ៉ូណៃបានបន្តការបង្រៀនរបស់លោក ដើម្បីជួយពង្រឹង និងស្ថាបនាសាសនាចក្រ ។ មេរៀននេះអាចជួយអ្នកឲ្យខិតខំបម្រើដល់អ្នកដទៃ ហើយធ្វើតាមព្រះអង្គសង្គ្រោះក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសចែកឲ្យផ្សេងៗគ្នាមួយសន្លឹក សូមគូសបន្ទាត់មួយដើម្បីពុះទំព័រនេះជាពីរ ។ នៅទំព័រមួយចំហៀងនៃក្រដាសពាក់កណ្តាលនោះ សូមគូរគ្រោងមនុស្សម្នាក់ ដែលតំណាងឲ្យសមាជិកនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ សូមគូរគ្រោងនោះឲ្យធំល្មម ដើម្បីអ្នកអាចសរសេរនៅខាងក្នុងគ្រោងនោះបាន ។ នៅក្នុងរូបភាពដែលអ្នកគូរ សូមសរសេររឿងពីរ ឬបីដែលអ្នកបានធ្វើ ឬរំពឹងថានឹងធ្វើ ដើម្បីរៀបចំខ្លួនសម្រាប់ពិធីជ្រមុជទឹកក្នុងសាសនាចក្រ ។ អ្នកប្រហែលជាចង់បន្តបន្ថែមទៅក្នុងបញ្ជីគំនូររបស់អ្នកពេញមេរៀនទាំងមូល ។
នៅក្នុង មរ៉ូណៃ ៦ មរ៉ូណៃបានបន្តការបង្រៀនរបស់លោកអំពីការស្ថាបនាសាសនាចក្រ និងការពង្រឹងសមាជិកសាសនាចក្រ ។ នៅក្នុងជំពូកនេះ យើងរៀនពីតួនាទី និងឱកាសមួយចំនួនរបស់យើងក្នុងការធ្វើកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងសាសនាចក្ររបស់ទ្រង់ ។
សូមអាន មរ៉ូណៃ ៦:១–៣ ដោយរកមើលអ្វីដែលមរ៉ូណៃបានបង្រៀនអំពីរបៀបដែលមនុស្សម្នាក់អាចបង្ហាញថា ពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់ពិធីជ្រមុជទឹកក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទ ។ សូមបន្ថែមអ្វីដែលអ្នករកឃើញទៅក្នុងបញ្ជីនៅក្នុងរូបភាពរបស់អ្នក ។
-
តើអ្នកគិតថា ទង្វើ និងអាកប្បកិរិយាទាំងនេះរៀបចំមនុស្សម្នាក់សម្រាប់ពិធីជ្រមុជទឹកដោយរបៀបណា ?
មរ៉ូណៃបានបង្រៀនថា នៅពេលដែលយើងទទួលពិធីជ្រមុជទឹក យើងត្រូវ « បានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ » ( មរ៉ូណៃ ៦:៤ ) ។ យើងក្លាយជាអ្នកចូលរួមក្នុងអង្គការសាសនាចក្រមួយ ដែលមានបំណងពង្រឹង និងស្ថាបនាយើងក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលអ្នកបន្តសិក្សា មរ៉ូណៃ ៦ សូមគិតអំពីរបៀបដែលអ្នកអាចបម្រើ និងពង្រឹងអ្នកដទៃក្នុងនាមជាសមាជិកដែលបានទទួលពិធីជ្រមុជទឹករួចហើយក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ឱកាស និងការទទួលខុសត្រូវ
នៅជុំវិញរូបភាពដែលអ្នកបានគូរពីមុន សូមសរសេរតម្រូវការ សេចក្តីសង្ឃឹម ឬសេចក្តីប្រាថ្នាមួយចំនួនរបស់សមាជិកសាសនាចក្រ ។
នៅលើក្រដាសមួយចំហៀងទៀត ឬទំព័រសៀវភៅកំណត់ហេតុរបស់អ្នក សូមសរសេរឃ្លានៃសេចក្តីពិតដែលមិនពេញលេញដូចតទៅនេះ ៖ ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ យើងអាចជួយ និងពង្រឹងគ្នាទៅវិញទៅមកបាន នៅពេលដែលយើង …
សូមសិក្សា មរ៉ូណៃ ៦:៤–៩ ដោយស្វែងរកវិធីជាច្រើន ដែលអ្នកអាចបំពេញឃ្លានៃសេចក្តីថ្លែងការណ៍នេះ ។ សូមសរសេរសេចក្តីថ្លែងការណ៍ផ្សេងៗរបស់អ្នកនៅលើក្រដាសរបស់អ្នក ។ វាអាចមានប្រយោជន៍ក្នុងការដឹងថា ចិញ្ចឹមបីបាច់ មានន័យថាគាំទ្រ ឬជំរុញឲ្យមានការលូតលាស់ ។
-
តើសកម្មភាពណាមួយក្នុងចំណោមសកម្មភាពទាំងនេះដែលមើលទៅហាក់ដូចជាកាន់តែងាយស្រួល ? តើមានអ្វីខ្លះដែលអាចជាបញ្ហាប្រឈម ? ហេតុអ្វី ?
-
តើសកម្មភាពទាំងនេះមើលទៅមានលក្ខណៈដូចម្តេចនៅក្នុងថ្នាក់រៀន ឬកូរ៉ុមរបស់អ្នក ?
-
តើការប្រព្រឹត្តតាមសេចក្ដីពិតទាំងនេះអាចជួយអ្នកឲ្យបំពេញតាមតម្រូវការរបស់អ្នកយ៉ាងដូចម្ដេច ?
ការផ្ដល់ឲ្យ និងការទទួល
ប្រធាន បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅបានសង្កេតឃើញ ៖
យើងពុំគ្រាន់តែជាអ្នកទទួល និងអ្នកយកនូវអ្វីដែលបានផ្ដល់ឲ្យនៅព្រះវិហារប៉ុណ្ណោះនោះទេ យើងចាំបាច់ត្រូវធ្វើជាអ្នកផ្ដល់ឲ្យ និងជាអ្នកផ្គត់ផ្គង់ផងដែរ ។ យុវនារី និងយុវជន ពេលអ្នកនៅ [ សកម្មភាពយុវវ័យ ] ជំនួសឲ្យការលើកទូរសព្ទអ្នកមកមើលថា មិត្តភក្ដិអ្នកកំពុងធ្វើអ្វី ចូរឈប់ ហើយមើលជុំវិញខ្លួន រួចសួរខ្លួនឯងថា « តើនរណាត្រូវការខ្ញុំនៅថ្ងៃនេះ ? » អ្នកអាចជាមនុស្សសំខាន់ដើម្បីឈោងទៅជួយ ហើយមានឥទ្ធិពលលើជីវិតរបស់មិត្តម្នាក់ ឬផ្ដល់ការលើកទឹកចិត្តដល់មិត្តម្នាក់ដែលកំពុងមានបញ្ហាស្ងាត់ៗនោះ ។
ចូរទូលសូមដល់ព្រះវរបិតាសួគ៌របស់អ្នកឲ្យបង្ហាញអ្នកអំពីអស់អ្នកដែលត្រូវការជំនួយរបស់អ្នក ហើយបំផុសគំនិតអ្នកអំពីរបៀបល្អបំផុតដើម្បីបម្រើពួកគេ ។ សូមចងចាំថា ព្រះអង្គសង្គ្រោះជាញឹកញាប់ បម្រើមនុស្សម្ដងម្នាក់ៗ ។ ( បូនី អិល អូស្ការសុន « សេចក្ដីត្រូវការនៅចំពោះយើង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៦ )
-
តើអ្នកគិតថា អ្វីទៅដែលសំខាន់ក្នុងការចងចាំពីការប្រឹក្សារបស់ស៊ីស្ទើរ អូស្ការសុន ហើយមូលហេតុអ្វីបានជាសំខាន់ ?
-
តើពេលណាដែលអ្នកបានឃើញសេចក្ដីពិតដែលមរ៉ូណៃបានបង្រៀននេះ កំពុងត្រូវបានអនុវត្ត ? តើការប្រព្រឹត្តតាមសេចក្ដីពិតទាំងនេះបានផ្តល់ផលវិជ្ជមានអ្វីខ្លះនៅក្នុងជីវិតរបស់អ្នកដទៃ ?
-
តើការធ្វើតាមដំបូន្មានរបស់មរ៉ូណៃអាចជួយអ្នកឲ្យប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សម្រាប់គំរូអំពីយុវនារីម្នាក់ ដែលបានអនុវត្តតាមដំបូន្មានរបស់មរ៉ូណៃ សូមមើលវីដេអូ « Eyes to See » ចាប់ពីនាទីទី ៤:៥៥ ដល់នាទីទី ៦:៥៥ នៅលើគេហទំព័រ ChurchofJesusChrist.org ។
ជំហានបន្ទាប់របស់ខ្ញុំ
សូមជញ្ជឹងគិតបន្តិចអំពីអ្វីដែលអ្នកបានរៀនសូត្រ និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ បន្ទាប់មក សូមស្រមៃថាបានដើរចូលក្នុងការប្រជុំ ឬសកម្មភាពក្នុងសាសនាចក្រលើកក្រោយរបស់អ្នក ។ តើអ្នកគិតថា ព្រះអង្គសង្គ្រោះនឹងឲ្យអ្នកធ្វើអ្វីខ្លះ ? សូមពិចារណាសរសេរកំណត់សម្គាល់ចូលនៅក្នុងសៀវភៅសិក្សារបស់អ្នក ដើម្បីជួយអ្នកឲ្យចងចាំពីការណែនាំ ដែលអ្នកបានទទួល ។
អ្នកក៏អាចអធិស្ឋានសូមជំនួយពីព្រះវរបិតាសួគ៌ដើម្បីដឹងថា តើនរណាដែលត្រូវការការយកចិត្តទុកដាក់ និងជំនួយរបស់អ្នកផងដែរ ។ សូមយាងទ្រង់ឲ្យជួយអ្នកដឹងពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីថែទាំសមាជិកសាសនាចក្រផ្សេងទៀត ដូចដែលព្រះអង្គសង្គ្រោះនឹងធ្វើ ។