« ថ្ងៃទី ១១ ខែ មេសា ។ តើខ្ញុំអាចអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទដោយរបៀបណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ៣០–៣៦ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១១ ខែ មេសា ។ តើខ្ញុំអាចអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទដោយរបៀបណា ?ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ១១ ខែ មេសា
តើខ្ញុំអាចអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ បន្ថែមលើការប្រឹក្សាជាមួយគ្នាអំពីតម្រូវការក្នុងកូរ៉ុម ឬថ្នាក់ជាក់លាក់នានា បងប្អូនអាចពិភាក្សាពីចំណាប់អារម្មណ៍ និងបាវចនាមកពីសន្និសីទទូទៅបាន ។ សំណួរខាងក្រោមនេះអាចនឹងជួយបាន ។
-
តើយើងចាប់អារម្មណ៍លើបាវចនា ឬ សារលិខិតអ្វីខ្លះ ?
-
តើយើងមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលយើងបានរៀន ឬទទួលអារម្មណ៍នេះ ?
-
តើយើងត្រូវធ្វើអ្វីខ្លះក្នុងនាមជាកូរ៉ូម ឬថ្នាក់មួយ ដើម្បីធ្វើតាមការប្រឹក្សាដែលយើងស្ដាប់ឮនៅក្នុងសន្និសីទទូទៅ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ទើបតែប៉ុន្មានខែក្រោយពីសាសនាចក្រដែលបានស្ដារឡើងវិញត្រូវបានរៀបចំនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ នៅក្រុងហ្វាយ៉ែត រដ្ឋនូវយ៉ក នោះព្រះអម្ចាស់បានចាប់ផ្ដើមហៅអ្នកផ្សព្វផ្សាយសាសនាឲ្យប្រមូលផ្តំ « ពួកដែលយើងរើសតាំងពីទិសទាំងបួននៃផែនដី » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៦ ) ។ អ្វីដែលបានចាប់ផ្ដើមជាកិច្ចខំប្រឹងរបស់អ្នកប្រែចិត្តជឿថ្មីតែប៉ុន្មាននាក់ក្នុងតំបន់ភូមិសាស្ដ្រតូចមួយ បានរីកធំទៅជាកងទ័ពផ្សព្វផ្សាយសាសនាមួយ ដែលប្រកាសដំណឹងល្អទៅទូទាំងពិភពលោក ។ ប៉ុន្ដែកិច្ចការផ្សព្វផ្សាយសាសនាមិនកម្រិតតែលើអស់អ្នកដែលបម្រើបេសកកម្មពេញម៉ោងនោះទេ ។ ព្រះអម្ចាស់មានព្រះទ័យឲ្យយើងម្នាក់ៗអញ្ជើញអស់អ្នកដែលនៅជុំវិញខ្លួនយើងឲ្យមករកទ្រង់ ។
តើបងប្អូនបានមានបទពិសោធន៍អ្វីខ្លះ ក្នុងការអញ្ជើញមនុស្សដទៃឲ្យរៀនអំពីដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ? តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីបំផុសគំនិតសមាជិកកូរ៉ុម ឬថ្នាក់ឲ្យបំពេញកាតព្វកិច្ចរបស់ពួកគេដើម្បីនាំព្រលឹងទាំងនោះមកកាន់ព្រះយេស៊ូវគ្រីស្ទ ? កាលបងប្អូនរៀបចំខ្លួនបង្រៀន សូមពិចារណាពិនិត្យមើល « តើអ្វីទៅដែលជាគោលបំណងរបស់ខ្ញុំក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាមួយរូប ? » នៅក្នុងសៀវភៅប្រកាសដំណឹងល្អរបស់យើង ( [ ឆ្នាំ ២០១៩ ] ទំព័រ ១–១៦ ) និងសារលិខិតរបស់អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨ ) ។
តាមរយៈការអញ្ជើញមិត្តរបស់យើងឲ្យមកការប្រជុំក្នុងព្រះវិហារ ឬសកម្មភាពនានា នោះយើងជួយពួកគេឲ្យរៀនអំពីព្រះគ្រីស្ទ ។
រៀនជាមួយគ្នា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០–៣៦ លើកឡើងពីឈ្មោះមនុស្សបីបួននាក់ ដែលត្រូវបានហៅឲ្យបម្រើបេសកកម្មនៅក្នុងសាសនាចក្រជំនាន់ដើម ។ ពីរបីថ្ងៃមុនពេលការប្រជុំរបស់បងប្អូន បងប្អូនអាចផ្ដល់ឈ្មោះទាំងនេះដល់សមាជិកកូរ៉ុម ឬថ្នាក់ម្នាក់ៗ ( សូមមើលក្បាលកណ្ឌនៃ កណ្ឌទី ៣០–៣៦ ) ហើយអញ្ជើញពួកគេឲ្យរៀនពីដំបូន្មានដែលព្រះអម្ចាស់បានប្រទានមក ដើម្បីជួយបុគ្គលនោះឲ្យចែកចាយដំណឹងល្អ ។ តើយើងអាចអនុវត្តការទូន្មាននោះចំពោះខ្លួនយើងបានយ៉ាងដូចម្តេច ? យោបល់ខាងក្រោមនេះអាចបន្ដបំផុសគំនិតដល់អ្នកដែលបងប្អូនបង្រៀន ឲ្យអញ្ជើញអ្នកជុំវិញខ្លួនពួកគេឲ្យមករកព្រះគ្រីស្ទ ។
-
តើអស់អ្នកដែលបងប្អូនបង្រៀនយល់ពីអត្ថន័យនៃការមករកព្រះគ្រីស្ទដែរឬទេ ? បងប្អូនអាចសូមឲ្យពួកគេចែកចាយគំនិតរបស់ពួកគេ ។ ប្រសិនបើវាមានអត្ថប្រយោជន៍ បងប្អូនអាចចែកចាយការពន្យល់នេះបាន ៖ « ដើម្បីមកឯព្រះអង្គសង្រ្គោះ មនុស្សត្រូវតែមានសេចក្ដីជំនឿលើទ្រង់ ដែលនាំទៅរកការប្រែចិត្ត—ធ្វើឲ្យមានការផ្លាស់ប្ដូរចាំបាច់នានាដើម្បីនាំជីវិតរបស់ពួកគេឲ្យស្របតាមការបង្រៀនរបស់ទ្រង់ » ( ប្រកាសដំណឹងល្អរបស់យើង ទំព័រ ២ ) ។ សមាជិកកូរ៉ុម ឬថ្នាក់ក៏អាចអានបទគម្ពីរដែលរួមមានឃ្លាដូចជា « មករកយើង » ឬ « មករកព្រះគ្រីស្ទ » ដើម្បីជួយឆ្លើយនឹងសំណួរនេះ—ឧទាហរណ៍ ម៉ាថាយ ១១:២៨–៣០; អោមណៃ ១:២៦; មរ៉ូណៃ ១០:៣២; គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៩ ។ ហេតុអ្វីយើងចង់ឲ្យមនុស្សដទៃមករកព្រះគ្រីស្ទ ? តើយើងអាចធ្វើរឿងសាមញ្ញណាខ្លះដើម្បីជួយពួកគេ ? សមាជិកកូរ៉ុម ឬថ្នាក់អាចដាក់ផែនការដើម្បីអញ្ជើញនរណាម្នាក់ ដែលពួកគេស្គាល់ឲ្យមកកាន់តែជិតព្រះគ្រីស្ទ ។
-
ការរៀនអំពីរបៀបដែលមនុស្សដទៃបានចែកចាយដំណឹងល្អ គឺជារបៀបដ៏អស្ចារ្យមួយដើម្បីបំផុសគំនិតដល់អ្នកដែលបងប្អូនបង្រៀន ។ បងប្អូនអាចបង្ហាញវីដេអូមួយ ឬច្រើនដែលមាននៅក្រោម « ធនធានគាំទ្រ » ឬអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យអានការប្រឹក្សា និងឧទាហរណ៍នៅក្នុងសារលិខិតរបស់ស៊ិស្ទើរ គ្រីស្ទីនណា ប៊ី ហ្វ្រានកូ « Finding Joy in Sharing the Gospel » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៨៣–៨៦ ) ។ តើយើងបានរៀនអ្វីខ្លះមកពីឧទាហរណ៍ទាំងនេះ ? សូមពិភាក្សាជាមួយគ្នាអំពីអ្វីដែលសមាជិកក្នុងកូរ៉ុម ឬថ្នាក់របស់បងប្អូនអាចធ្វើដើម្បីអញ្ជើញមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ ។
-
ពេលដល់រឿងចែកចាយដំណឹងល្អ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានថ្លែងថា ពួកយើងមួយចំនួនអាច « មានអារម្មណ៍មិនប្រាកដពីរបៀបធ្វើវា ។ ឬ យើងអាចមានអារម្មណ៍ខ្លាចញញើតនឹងចេញទៅខាងក្រៅតំបន់សុខស្រួលរបស់យើង » ( « Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៦ ) ។ ប្រសិនបើសមាជិកក្នុងកូរ៉ុម ឬថ្នាក់មានអារម្មណ៍ដូចនេះ សំណើសាមញ្ញចំនួនប្រាំដែលអើលឌើរ អុជដូហ្វបានផ្ដល់ក្នុងសារលិខិតរបស់លោកអាចជួយពួកគេបាន ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ម្នាក់ៗឲ្យអានសំណើរបស់លោកមួយ ហើយចែកចាយអ្វីដែលពួកគេបានរៀន ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
ធីម៉ូថេ ទី១ ៤:១២ ( ចូរធ្វើជាគំរូដល់ពួកអ្នកជឿ )
-
អាលម៉ា ១៧:២–៤ ( ពួកបុត្រារបស់ម៉ូសាយបានរៀបចំខ្លួនទ្រង់ដើម្បីចែកចាយដំណឹងល្អ )
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦–៧ ( ផ្សាយដំណឹងល្អដោយអំណាចនៃព្រះវិញ្ញាណ )
-
ប្រធាន រ័សុល អិម ណិលសុន និង វិនឌី ណិលសុន « ក្តីសង្ឃឹមនៃអ៊ីស្រាអែល » ( ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) បន្ថែមទៅនឹង New Era និង Ensign នៅលើគេហទំព័រ HopeofIsrael.ChurchofJesusChrist.org
-
« Inviting All to Come unto Christ: Sharing the Gospel » « Inviting Others to ‘Come and See’ » « Inviting Others to ‘Come and Help’ » « Inviting Others to ‘Come and Stay’ » ( វីដេអូ ) នៅលើគេហទំព័រChurchofJesusChrist.org
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
ព្រះអង្គសង្គ្រោះបានអញ្ជើញមនុស្សដទៃឲ្យថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដើម្បីព្រះវិញ្ញាណអាចប៉ះដួងចិត្តរបស់ពួកគេ ។ ទ្រង់មានព្រះបន្ទូលសួរថា « ចុះឯអ្នករាល់គ្នាវិញតើថាខ្ញុំជាអ្នកណា ? » ហើយពេត្រុសបានទូលឆ្លើយ ទីបន្ទាល់របស់លោកត្រូវបានពង្រឹង ៖ « ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ( ម៉ាថាយ ១៦:១៥–១៦ ) ។ តើការចែកចាយដំណឹងល្អអាចពង្រឹងទីបន្ទាល់របស់សមាជិកកូរ៉ុម ឬថ្នាក់ដោយរបៀបណា ?