គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៨ ខែ មីនា ។ ហេតុអ្វី​ខ្ញុំ​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? គោលលទ្ធិ និង សេចក្តីសញ្ញា ២៩


« ថ្ងៃទី ២៨ ខែ មីនា ។ ហេតុអ្វី​ខ្ញុំ​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៨ ខែ មីនា ។ ហេតុអ្វី​ខ្ញុំ​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១

ព្រះគ្រីស្ទ​កំពុង​អធិស្ឋាន

ព្រះគ្រីស្ទ​នៅ​សួន​គេតសេម៉ានី ដោយ ហែនរិច ហូហ្វម៉ាន់

ថ្ងៃទី ២៨ ខែ មីនា

ហេតុអ្វី​ខ្ញុំ​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​ថ្នាក់ រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុនបាវចនា​ក្រុម​យុវនារី ។ រួច​ហើយ សូម​ដឹកនាំ​ការពិភាក្សា​អំពី​ចំណុច​ដូច​ខាងក្រោម​នេះ ហើយ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ( បងប្អូន​អាច​សម្រេច​ចិត្ត​នៅក្នុង​ការប្រជុំ​គណៈប្រធាន​ថា ចំណុច​មួយ​ណា​ដែល​ត្រូវ​ពិភាក្សា ) ៖

  • កូរ៉ុម ឬ​ថ្នាក់​របស់​យើង ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្កើន​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​កូរ៉ុម ឬ​ថ្នាក់ ? តើ​​គោលដៅ​អ្វី​ដែល​យើង​ចង់​ធ្វើការ​រួមគ្នា​ ?

  • កាតព្វកិច្ច ឬ​ទំនួល​ខុសត្រូវ​របស់​យើង ។ តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ ដើម្បី​ចែកចាយ​ដំណឹងល្អ ? តើ​យើង​បាន​មាន​បទពិសោធន៍​អ្វីខ្លះ​មក​ពី​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ?

  • ជីវិត​របស់​យើង ។ តើ​យើង​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង​តាម​របៀបណា ? តើ​អ្វី​ទៅ​ដែល​បាន​បំផុស​គំនិត​យើង​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​នា​សប្ដាហ៍​នេះ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​ដូច​ខាងក្រោម​នេះ​តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុងពេល​នៃ​​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​យុវវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន ៖ « គឺ​ដូចជា​បុរស​ម្នាក់​ដែល​មិន​សូវ​ចង់​បរិភោគ​អាហារ រហូត​ទាល់តែ​គាត់​ឃ្លាន​ដែរ នោះ​គាត់​មិន​ចង់​បាន​សេចក្ដី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ​ទេ រហូត​ដល់​គាត់​ដឹង​ពី​មូលហេតុ​ដែល​គាត់​ត្រូវការ​ព្រះគ្រីស្ទ​សិន ។ គ្មាន​នរណា​ម្នាក់​ដឹង​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ពី​មូលហេតុ​ដែល​គាត់​ត្រូវការ​ព្រះគ្រីស្ទ​នោះ​ទេ រហូតដល់​គាត់​យល់ និង​ទទួល​យក​គោលលទ្ធិ​នៃ​ការធ្លាក់ និង​ឥទ្ធិពល​របស់​វា​មកលើ​មនុស្ស​ជាតិ​ទាំងអស់ » ( « The Book of Mormon and the Doctrine and Covenants » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៨៥ ) ។ កាល​បងប្អូន​សិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ២៩ នៅ​សប្ដាហ៍​នេះ បងប្អូន​អាច​កត់​សម្គាល់​ពី​ការពិពណ៌នា​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការធ្លាក់ និង​របៀប​ដែល​យើង​ត្រូវបាន​ប្រោសលោះ​ចេញពី​វា ។ តើ​បងប្អូន​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ក្នុង​នាម​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោស​លោះ​របស់​បងប្អូន​ដោយ​របៀប​ណា ? សូម​គិត​ថា តើ​ការពង្រឹង​ទីបន្ទាល់​របស់​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អំពី​ទ្រង់ នឹង​ផ្លាស់ប្ដូរ​ពួកគេ​យ៉ាង​ណា​ទៅ ។ កាល​បងប្អូន​រៀបចំ​ខ្លួន សូម​ពិចារណា​សិក្សា « សេរីភាព និង​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា » « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » និង « បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង​ជំពូក​ទី ៣ នៃ​សៀវភៅ​ប្រកាស​ដំណឹងល្អ​របស់​យើង ( [ ឆ្នាំ ២០១៩ ] ទំព័រ ៤៩–៥២, ៦១–៦២ ) ។

យុវនារី​នៅ​ក្នុង​ថ្នាក់រៀន

ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រោសលោះ​យើង​ចេញពី​ការធ្លាក់ នោះ​យើង​អាច​រកឃើញ​សេចក្ដី​អំណរ ។

រៀន​ជាមួយគ្នា

ដើម្បី​ណែនាំ​ការពិភាក្សា​នៅ​ថ្ងៃនេះ បងប្អូន​អាច​អញ្ជើញ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​អំពី​អ្វីៗ ដែល​ពួកគេ​ដឹង​អំពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។ ឧទាហរណ៍ តើ​ពួកគេ​រៀន​បាន​អ្វី​ខ្លះ​អំពី​ការធ្លាក់​ចេញ​មក​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៦–៥០ ? តើ​យើង​ឃើញ​មាន​ភស្ដុតាង​អ្វីខ្លះ​អំពី​ការធ្លាក់​នៅ​ជុំវិញ​ខ្លួន​យើង ? សកម្មភាព​ខាងក្រោម​នេះ​នឹង​ជួយ​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​ឲ្យ​រកឃើញ​ពី​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ ។

  • ដើម្បី​យល់​ពី​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​កាន់តែ​ច្បាស់ នោះ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​អាន « ការធ្លាក់ » នៅក្នុង​សៀវភៅ ពិត​ចំពោះ​សេចក្ដី​ជំនឿ ( ទំព័រ ១៨–២០ ) ឬ « សេរីភាព និង​ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា » នៅក្នុង​ជំពូក​ទី ៣ នៃ​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ៤៩–៥០ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា មាន​មិត្ត​ម្នាក់​បាន​សួរ​ថា « ហេតុអ្វី​ខ្ញុំ​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ ? » សូម​អញ្ជើញ​ពួកគេ​ឲ្យ​បង្រៀន​គ្នា​ជា​ដៃគូ ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​នោះ ដោយ​ផ្អែកទៅ​លើ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ការអាន​របស់​ពួកគេ ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​រៀន​មកពី​បទគម្ពីរ នូវ​មូលហេតុ​ដែល​ពួកគេ​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? របៀប​មួយ​គឺ​ត្រូវ​សរសេរ​សេចក្ដីយោង​បទគម្ពីរ​មួយ​ចំនួន​មកពី « ធនធាន​គាំទ្រ » ដាក់​លើ​ក្ដារខៀន រួច​ហើយ​សរសេរ​ប្រយោគ​សង្ខេប​សម្រាប់​សេចក្ដីយោង​ទាំងនោះ​នៅលើ​ចម្រៀក​ក្រដាស ។ សូម​ចែក​ចម្រៀក​ក្រដាស​មួយ​ឲ្យ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ម្នាក់ៗ ។ សូម​ឲ្យ​ពួកគេ​អាន​សេចក្ដីយោង​បទគម្ពីរ​ដែល​សរសេរ​នៅលើ​ក្ដារខៀន ហើយ​រកមើល​សេចក្ដីយោង​មួយ​ដែល​ត្រូវ​នឹង​ប្រយោគ​សង្ខេប​របស់​ពួកគេ ។ ( ប្រយោគ​មួយ​ចំនួន​អាច​សំដៅ​ទៅ​បទគម្ពីរ​លើស​ពី​មួយ ) ។ សូម​អញ្ជើញ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ម្នាក់ៗ​ឲ្យ​អាន​វគ្គ​បទគម្ពីរ ដែល​ត្រូវ​នឹង​ប្រយោគ​របស់​ពួកគេឲ្យ​​ឮៗ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​មូលហេតុ​ដែល​យើង​ត្រូវការ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

  • សូម​អញ្ជើញ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ដូច​តទៅ​នេះ​រៀងៗ​ខ្លួន ៖ តើ​ខ្ញុំ​មាន​ពរជ័យ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? តើ​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​ខ្ញុំ​ផ្លាស់ប្ដូរ​អ្វីខ្លះ ដើម្បី​ខ្ញុំ​អាច​ទទួល​បាន​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់​​កាន់តែ​ពេញលេញ ? រួច​ហើយ សូម​ឲ្យ​ពួកគេ​ពិភាក្សា​សំណួរ​ទីមួយ​រួមគ្នា ។ ពួកគេ​អាច​រំឭក « ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » និង « បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង​ជំពូក​ទី ៣ នៃ​សៀវភៅ​ប្រកាស​ដំណឹងល្អ​របស់​យើង ( ទំព័រ ៥១–៥២, ៦១–៦២ ) និង​វីដេអូ​មួយ ឬ​ច្រើន​នៅក្នុង​វគ្គ « ធនធាន​គាំទ្រ » ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ប្រព្រឹត្ត​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ តើ​មេរៀន​ថ្ងៃនេះ​ទាក់ទង​នឹង​គោលដៅ​ផ្ទាល់ខ្លួន ដែល​ពួកគេ​បាន​ដាក់​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​ពួកគេ​ចង់ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ។

ធនធាន​​គាំទ្រ

  • គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:១៦–១៩ ( ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង ដើម្បី​កុំ​ឲ្យ​យើង​រងទុក្ខ ប្រសិនបើ​យើង​ប្រែចិត្ត )

  • នីហ្វៃ​ទី​២ ៩:៦–១៦; អាលម៉ា ៤២:៦–៩ ( ព្រះយេស៊ូវ​គ្រីស្ទ​សង្គ្រោះ​យើង​ចេញពី​សេចក្ដី​ស្លាប់ និង​ស្ថាន​នរក )

  • នីហ្វៃ​ទី​២ ២:៥–១០; ហេលេមិន ១៤:១៥–១៧ ( មានតែ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ទើប​យើង​អាច​ត្រឡប់​ទៅកាន់​ព្រះ​វិញ​បាន )

  • ម៉ូសាយ ៣:៧; អាលម៉ា ៧:១១–១៣ ( ដោយសារ​ព្រះគ្រីស្ទ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​ទុក្ខ​លំបាក និង​អំពើបាប​របស់​យើង នោះ​ទ្រង់​ជ្រាប​ពី​របៀប​ជួយ​យើង )

  • ម៉ូសេ ៥:១០–១២ ( ដោយសារ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រោសលោះ​យើង​ចេញពី​ការធ្លាក់ នោះ​យើង​អាច​រកឃើញ​សេចក្ដី​អំណរ )

  • Walter F. González « The Savior’s Touch » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩០–៩២

  • « Where Justice, Love, and Mercy Meet » « Why We Need a Savior » « The Atonement Enables Us » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​បាន​អធិស្ឋាន​សម្រាប់​ពួកសិស្ស​របស់​ទ្រង់ ហើយ​បាន​បន្ដ​បម្រើ​ពួកគេ ។ ទ្រង់​បាន​ស្វែងរក​ឱកាស​ដើម្បី​គង់​នៅ​ជាមួយ​ពួកគេ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ តើ​បងប្អូន​មាន​ឱកាស​អ្វីខ្លះ ដើម្បី​ធ្វើ​ការណ៍​ដូចគ្នា​នេះ​ជាមួយ​អ្នក​ដែល​បងប្អូន​បង្រៀន ? ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ  ) ៕