« ថ្ងៃទី ២៤ ខែតុលា ។ តើខ្ញុំអាចមាន ‹ អំណាចនៃស្ថានសួគ៌ › ក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ? » គោលលទ្ធិ និង សេចក្តីសញ្ញា ១២១–១២៣ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៤ ខែតុលា ។ តើខ្ញុំអាចមាន ‹ អំណាចនៃស្ថានសួគ៌ › ក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២៤ ខែតុលា
តើខ្ញុំអាចមាន « អំណាចនៃស្ថានសួគ៌ » ក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើនរណាថ្មីនៅក្នុងវួដរបស់យើង ហើយតើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ទទួលស្វាគមន៍ដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពេលវេលារបស់យើងនៅក្នុងការប្រជុំកូរ៉ុម ឬថ្នាក់កាន់តែមានអត្ថន័យ ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងមានកាតព្វកិច្ច និងទំនួលខុសត្រូវណាខ្លះក្នុងនាមជាយុវជន និងយុវនារី ? តើយើងអាចបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវនោះឲ្យកាន់តែប្រសើរដោយរបៀបណា ?
-
ជីវិតរបស់យើង ។ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើង ? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់យើងឲ្យមករកទ្រង់ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
សិទ្ធិអំណាច និងអំណាចបព្វជិតភាពមិនមែនជារឿងដូចគ្នានោះទេ ។ បុគ្គលម្នាក់អាចទទួលបានសិទ្ធិអំណាចបព្វជិតភាពតាមរយៈការដាក់ដៃលើក្បាល—បុរសអាចត្រូវបានតែងតាំងឲ្យមានតំណែងបព្វជិតភាព ហើយទាំងបុរស និងស្ដ្រីអាចត្រូវបានញែកចេញសម្រាប់ការហៅបម្រើមួយ ។ ប៉ុន្ដែអំណាចបព្វជិតភាព—ដែលជាអំណាចរបស់ព្រះ ឬ « អំណាចនៃស្ថានសួគ៌ »—អាចប្រើបានតែ « ដោយគោលការណ៍នៃសេចក្ដីសុចរិតប៉ុណ្ណោះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦ ) ហើយទាំងបុរស និងស្ដ្រីអាចប្រើអំណាចនេះបាន ។ ប្រសិនបើយើងចង់ឲ្យការបម្រើរបស់យើងដល់មនុស្សដទៃមានអានុភាព និងអាចផ្លាស់ប្ដូរជីវិតបាន នោះយើងត្រូវតែមានភាពស័ក្ដិសមដើម្បីអំពាវនាវរកអំណាចនៃស្ថានសួគ៌ ។
តើសមាជិកក្នុងកូរ៉ុម ឬថ្នាក់របស់បងប្អូនដឹងពីរបៀបទទួលបានអំណាចនៃស្ថានសួគ៌ដែរឬទេ ? តើជីវិតរបស់ពួកគេ និងការបម្រើរបស់ពួកគេអាចខុសគ្នាយ៉ាងណា ប្រសិនបើពួកគេមានការយល់ដឹងនោះ ? សូមសញ្ជឹងគិតពីសំណួរទាំងនេះ នៅពេលបងប្អូនសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១ ។ វាក៏ជាការល្អដែរដើម្បីសិក្សាសារលិខិតពីរមកពីប្រធាន រ័សុល អិម ណិលសុន ។ ទីមួយថ្លែងទៅកាន់អ្នកកាន់បព្វជិតភាព—« The Price of Priesthood Power » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៦–៦៩ ) ។ ទីពីរថ្លែងទៅកាន់បងប្អូនស្ដ្រី— « Spiritual Treasures » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩ ) ។
រៀនជាមួយគ្នា
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីអំណាចបព្វជិតភាព បងប្អូនអាចសូមសមាជិកកូរ៉ុម ឬថ្នាក់ឲ្យចែកចាយនូវអ្វីមួយ ដែលពួកគេបានរៀនអំពីអំណាចនេះចេញពីការអានរបស់ពួកគេនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១ នៅសប្ដាហ៍នេះ ។ ប្រសិនបើវាមានអត្ថប្រយោជន៍ បងប្អូនអាចផ្ដល់យោបល់ឲ្យពួកគេអានត្រួសៗក្នុង ខទី ៣៤–៤៦ ដើម្បីរកមើលពាក្យអំណាចនៅគ្រប់កន្លែងដែលគេប្រើពាក្យនេះ រួចហើយចែកចាយអ្វីដែលពួកគេបានរៀន ។ បងប្អូនអាចប្រើសកម្មភាពខាងក្រោមនេះដើម្បីជួយសមាជិកក្នុងកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យយល់កាន់តែច្បាស់ ពីរបៀបដែលពួកគេអាចមានអំណាចបព្វជិតភាពរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ ។
-
វាអាចមានអត្ថប្រយោជន៍ដើម្បីប្រៀបធៀបពីរបៀបដែល « អំណាច » និង « ឥទ្ធិពល » មាននៅក្នុងពិភពលោកនេះ ជាមួយនឹងរបៀបដែលព្រះអម្ចាស់បានបង្រៀននៅក្នុង កណ្ឌទី ១២១ អំពីរបៀបដែលអំណាចបព្វជិតភាពត្រូវបានរក្សាទុក ។ បងប្អូនអាចគូរតារាងដែលមានជួរឈរពីរនៅលើក្ដារខៀន ដោយដាក់ចំណងជើងថា អំណាចខាងលោកិយ និង អំណាចនៃស្ថានសួគ៌ ។ សមាជិកកូរ៉ុម ឬថ្នាក់អាចបំពេញក្នុងតារាងដោយពាក្យ និងឃ្លាចេញពីគោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤–៤៦ ។ តើការយល់ពីខគម្ពីរទាំងនេះអាចមានឥទ្ធិពលលើរបៀបដែលយើងខិតខំដើម្បីមានឥទ្ធិពលលើមនុស្សដទៃសម្រាប់ការល្អ រួមទាំងមិត្តរបស់យើង សមាជិកគ្រួសារ និងអស់អ្នកដែលយើងបម្រើ និងផ្ដល់ការងារបម្រើដោយរបៀបណា ? យោងតាមខគម្ពីរទាំងនេះ តើព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យមានឥទ្ធិពលលើមនុស្សដទៃដោយសុចរិតភាពតាមរបៀបណា ?
-
ដើម្បីជួយអ្នកកាន់បព្វជិតភាពអើរ៉ុនឲ្យរៀនពីរបៀបនាំអំណាចមកក្នុងការបម្រើបព្វជិតភាពរបស់ពួកគេ បងប្អូនអាចបង្ហាញវត្ថុផ្សេងៗ ហើយសូមឲ្យសមាជិកកូរ៉ុមទាយថា តើវត្ថុនីមួយៗមានតម្លៃប៉ុន្មាន ។ ហេតុអ្វីវត្ថុខ្លះមានតម្លៃជាងវត្ថុផ្សេងទៀត ? តើវត្ថុអ្វីខ្លះដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់យើង ហើយតើយើងមានតម្លៃអ្វីដើម្បី « បង់ » សម្រាប់វា ? រួចហើយសមាជិកកូរ៉ុមអាចសិក្សាសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « The Price of Priesthood Power » ហើយរកមើលតម្លៃដែលលោកបាននិយាយថា យើងត្រូវតែបង់ដើម្បីទទួលបានអំណាចបព្វជិតភាព ។ តើជីវិតរបស់យើង និងជីវិតរបស់មនុស្សដទៃរងឥទ្ធិពលយ៉ាងដូចម្ដេច នៅពេលយើងបម្រើដោយមានអំណាចរបស់ព្រះអង្គសង្គ្រោះកាន់តែខ្លាំងនោះ ?
-
ដើម្បីជួយយុវនារីឲ្យយល់ពីរបៀបដែលពួកគេអាចមានអំណាចបព្វជិតភាព បងប្អូនអាចសូមឲ្យពួកគេគិតអំពីគ្រាដែលពួកគេបានមានអារម្មណ៍ពីអំណាចនៃព្រះនៅក្នុងជីវិតរបស់ពួកគេ ។ សូមពន្យល់ថា អំណាចបព្វជិតភាពគឺជាអំណាចរបស់ព្រះ ។ ពួកគេអាចស្រាវជ្រាវសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « Spiritual Treasures » រកមើលសេចក្ដីពិតអំពីស្ដ្រី និងអំណាចបព្វជិតភាព ។ តើប្រធានណិលសុនបានសុំឲ្យស្ដ្រីនៃសាសនាចក្រធ្វើអ្វីខ្លះ ដើម្បី « ទាញយកអំណាចរបស់ព្រះអង្គសង្គ្រោះដោយសេរី » ? ( ទំព័រ ៧៧, សូមមើលជាពិសេសកថាខណ្ឌបួនដែលចាប់ផ្ដើមដោយ « បុរស និងស្ដ្រីគ្រប់រូប » ) ។ តើនៅពេលណាដែលយើងទាញយកអំណាចនេះមកផ្ដល់ពរជ័យដល់ជីវិតរបស់យើង និងជីវិតរបស់មនុស្សដទៃទៀត ? តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៩–៤៣ បង្រៀនយើងអ្វីខ្លះអំពីរបៀបធ្វើសកម្មភាពដោយមានអំណាចរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រានូវអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងទៅនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២
-
ដេវីឌ អេ បែដណា « The Powers of Heaven » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៤៨–៥១