« ថ្ងៃទី ១០ ខែតុលា ។ តើខ្ញុំអាចប្រែចិត្តជឿលើព្រះអម្ចាស់កាន់តែពេញលេញដោយរបៀបណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ១១១–១១៤ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១០ ខែតុលា ។ តើខ្ញុំអាចប្រែចិត្តជឿលើព្រះអម្ចាស់កាន់តែពេញលេញដោយរបៀបណា ?ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ១០ ខែតុលា
តើខ្ញុំអាចប្រែចិត្តជឿលើព្រះអម្ចាស់កាន់តែពេញលេញដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ បន្ថែមលើការប្រឹក្សាជាមួយគ្នាអំពីតម្រូវការក្នុងកូរ៉ុម ឬថ្នាក់ជាក់លាក់នានា បងប្អូនអាចពិភាក្សាពីចំណាប់អារម្មណ៍ និងបាវចនាមកពីសន្និសីទទូទៅបាន ។ សំណួរខាងក្រោមនេះអាចនឹងជួយបាន ។
-
តើយើងចាប់អារម្មណ៍លើបាវចនា ឬ សារលិខិតអ្វីខ្លះ ?
-
តើយើងមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលយើងបានរៀន ឬទទួលអារម្មណ៍នេះ ?
-
តើយើងត្រូវធ្វើអ្វីខ្លះក្នុងនាមជាកូរ៉ូម ឬថ្នាក់មួយ ដើម្បីធ្វើតាមការប្រឹក្សាដែលយើងស្ដាប់ឮនៅក្នុងសន្និសីទទូទៅ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងពេលនៃការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ដើម្បីកាន់តែប្រែចិត្តជឿពេញលេញលើព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែទុកចិត្តលើទ្រង់ ហើយគោរពតាមបទបញ្ញត្តិរបស់ទ្រង់—ទោះជាមានឧបសគ្គលំបាកៗសាកល្បងការប្រែចិត្តជឿរបស់យើងក្ដី ។ នៅឆ្នាំ ១៨៣៧ សមាជិកមួយចំនួននៃសាសនាចក្រ រួមទាំងសមាជិកមួយចំនួនក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបាត់បង់ទីបន្ទាល់របស់ពួកគេ ហើយបានងាកទៅប្រឆាំងនឹងព្យាការី យ៉ូសែប ស៊្មីធ ។ ថូម៉ាស ប៊ី ម៉ាស គឺជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅពេលនោះ ។ កាលបងប្អូន និងគ្រួសារបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ នៅសប្ដាហ៍នេះ បងប្អូនអាចសម្គាល់ឃើញការទូន្មានដែលព្រះអម្ចាស់បានប្រទានដើម្បីជួយ ថូម៉ាស ប៊ីស ម៉ាស ឲ្យពង្រឹងការប្រែចិត្តជឿរបស់គាត់ ( សូមមើលជាពិសេស ខទី ១០–២៦ ) ។ តើការទូន្មាននេះបង្រៀនបងប្អូនអ្វីខ្លះ អំពីការកាន់តែប្រែចិត្តជឿលើព្រះអង្គសង្គ្រោះ ?
តើបងប្អូនអាចជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យទទួលបានការសន្យារបស់ព្រះអង្គសង្គ្រោះថា « ពួកគេនឹងត្រូវបានប្រែចិត្តជឿ ហើយយើងនឹងប្រោសពួកគេឲ្យបានជា » ដោយរបៀបណា ? ( គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១៣ ) ។ តើបងប្អូនអាចចែកចាយបទពិសោធន៍អ្វីខ្លះ ? កាលបងប្អូនគិតអំពីសំណួរទាំងនេះ សូមពិចារណារំឭកសារលិខិតរបស់ប្រធាន បូនី អេច ខ័រដុន « Trust in the Lord and Lean Not » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦–៩ ) និង « ការផ្លាស់គំនិត » នៅក្នុងសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ( [ ឆ្នាំ ២០០៤ ] ទំព័រ ៣៥–៣៧ ) ។
បទគម្ពីរគឺជាកម្លាំងដ៏អស្ចារ្យមួយ នៅពេលដែលយើងខិតខំក្លាយជាអ្នកប្រែចិត្តជឿកាន់តែពេញលេញ ។
រៀនជាមួយគ្នា
តើសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនដឹងពីអត្ថន័យនៃការប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទឬទេ ? តើពួកគេដឹងពីរបៀបក្លាយជាអ្នកប្រែចិត្តជឿកាន់តែពេញលេញដែរឬទេ ? សូមអញ្ជើញពួកគេឲ្យគិតពីសំណួរទាំងនេះ ពេលពួកគេរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១០–២៦ ។ តើយើងអាចបន្ដប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ ទោះស្ថិតក្នុងកាលៈទេសៈពិបាកដោយរបៀបណា ? បងប្អូនអាចប្រើសកម្មភាពមួយ ឬច្រើនខាងក្រោមនេះដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យពង្រឹងការប្រែចិត្តជឿរបស់ពួកគេលើព្រះអង្គសង្គ្រោះ ។
-
អាលម៉ា ៣២:២៧–៤៣ អាចជួយអស់អ្នកដែលបងប្អូនបង្រៀនឲ្យយល់ពីរបៀបពង្រឹងសេចក្ដីជំនឿរបស់ពួកគេ ហើយកាន់តែប្រែចិត្តជឿពេញលេញលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រហែលបងប្អូនអាចបំបែកសមាជិកកូរ៉ុម ឬថ្នាក់ទៅជាក្រុម ហើយចាត់ឲ្យក្រុមនីមួយៗអានខគម្ពីរទាំងនេះ និងពិភាក្សាពីអ្វីដែលវាបង្រៀនអំពីសេចក្ដីជំនឿ និងការប្រែចិត្តជឿ ។ សូមឲ្យក្រុមនីមួយៗចែកចាយនូវអ្វីដែលពួកគេបានរៀន ។ បងប្អូនអាចលើកទឹកចិត្តឲ្យមានការពិភាក្សា តាមរយៈការសួរសំណួរដូចតទៅនេះ ៖ ហេតុអ្វីគ្រាប់ពូជមួយធំទៅជាដើមឈើមួយ ជាការរៀបរាប់ដ៏ល្អអំពីការប្រែចិត្តជឿ ? តើ « ការពិសោធន៍ដល់ពាក្យសម្ដី [ របស់ព្រះ ] » មានន័យដូចម្ដេច ? ( ខទី ២៧ ) ។ តើការ « ថែទាំដើម » មានន័យដូចម្ដេច ? ( ខទី ៤១ ) ។ តើយើងអាចប្រាប់ថា គ្រាប់ពូជនៃការប្រែចិត្តជឿ « បានរីកឡើង និងពន្លក ហើយចាប់ផ្ដើមដុះ » នៅក្នុងយើងដោយរបៀបណា ? ( ខទី ៣០ ) ។ សូមផ្តល់ពេលវេលាឲ្យសមាជិកកូរ៉ុម ឬថ្នាក់សញ្ជឹងគិតអំពីអ្វីដែលពួកគេត្រូវធ្វើដើម្បីថែទាំការប្រែចិត្តជឿផ្ទាល់ខ្លួនរបស់គេលើព្រះយេស៊ូវគ្រីស្ទ ។
-
មានកត្ដាជាច្រើនក្នុងពិភពលោកនេះ ដែលប្រឆាំងនឹងការប្រែចិត្តជឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ ការអាន ហេលេមិន ៥:១២ អាចបង្រៀនសមាជិកកូរ៉ុម ឬថ្នាក់ពីរបៀបបន្ដរឹងមាំថ្វីបើមានការផ្ទុយក្ដី ។ តើវាមានន័យយ៉ាងណាដែលត្រូវ « សង់គ្រឹះរបស់កូន » នៅលើសិលានៃព្រះយេស៊ូវគ្រីស្ទ ? បងប្អូនអាចចាត់ឲ្យបុគ្គលម្នាក់ៗអានសារលិខិតរបស់អែលឌើរ ឃ្វិនថិន អិល ឃុក មួយផ្នែក « Foundations of Faith » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១២៧–៣១ ) ហើយសូមឲ្យពួកគេស្រាវជ្រាវរកឧទាហរណ៍ និងការទូន្មានដែលជួយពួកគេឲ្យសង់គ្រឹះរបស់ពួកគេនៅលើព្រះអង្គសង្គ្រោះ ។
-
តើបងប្អូនអាចគិតដល់របៀបដ៏ច្នៃប្រឌិតមួយដើម្បីបង្ហាញគោលការណ៍ ដែលបានបង្រៀនដោយប្រធាន បូនី អេច ខ័រដុន នៅក្នុងសារលិខិតរបស់គាត់ « Trust in the Lord and Lean Not » ដែរឬទេ ? ឧទាហរណ៍ បងប្អូនអាចបំបែកកូរ៉ុម ឬថ្នាក់របស់បងប្អូនទៅជាក្រុម ហើយឲ្យក្រុមនីមួយៗប្រកួតគ្នាសង់សំណង់ដ៏ខ្ពស់បំផុតនៅលើផ្ទៃរាងទេរដោយប្រើដុំឥដ្ឋ ឬវត្ថុផ្សេងទៀត ។ បន្ទាប់មក សូមពិភាក្សាពីរបៀបដែលការណ៍នេះទាក់ទងទៅនឹងសារលិខិតរបស់ប្រធានខ័រដុន ។ រួចហើយសមាជិកកូរ៉ុម ឬថ្នាក់អាចសិក្សាសារលិខិតរកមើលយោបល់ស្ដីពីរបៀបធ្វើឲ្យជីវិតរបស់យើងផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទ ។ តើយើងអាចចែកចាយបទពិសោធន៍អ្វីខ្លះ នៅពេលយើងពឹងផ្អែកលើការយល់ដឹងរបស់យើងផ្ទាល់ ឬនៅពេលយើងទុកចិត្តលើព្រះអង្គសង្គ្រោះ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
អាលម៉ា ៥ ( អាលម៉ាបង្រៀនអំពីការប្រែចិត្តជឿ )
-
ដេវីឌ អេ បែដណា « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–១០៩
-
Richard J. Maynes « The Joy of Living a Christ-Centered Life » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២៧–៣០
-
ប៊េគី ក្រេវិន « Careful versus Casual » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៩–១១
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
ព្រះយេស៊ូវមានព្រះបន្ទូលថា « សេចក្តីដែលខ្ញុំបង្រៀននេះមិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ » ( យ៉ូហាន ៧:១៦ ) ។ ទ្រង់បានបង្រៀនគោលលទ្ធិ ដែលទ្រង់បានរៀនពីព្រះវរបិតារបស់ទ្រង់ ។ តើបងប្អូនអាចធ្វើឲ្យប្រាកដថា បងប្អូនកំពុងបង្រៀនគោលលទ្ធិពិតដោយរបៀបណា ? ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ២០–២១ ) ៕