« ថ្ងៃទី ២៣ ខែ មករា ។ តើព្រះអម្ចាស់ជួយខ្ញុំឲ្យធ្វើការបម្រើកាន់តែស្មោះត្រង់យ៉ាងដូចម្តេច ? លោកុប្បត្តិ ៥; ម៉ូសេ ៦ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៣ ខែ មករា ។ តើព្រះអម្ចាស់ជួយខ្ញុំឲ្យធ្វើការបម្រើកាន់តែស្មោះត្រង់យ៉ាងដូចម្តេច ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ២៣ ខែ មករា
តើព្រះអម្ចាស់ជួយខ្ញុំឲ្យធ្វើការបម្រើកាន់តែស្មោះត្រង់យ៉ាងដូចម្តេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបានពង្រឹងទីបន្ទាល់របស់យើង ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើមាននរណាម្នាក់ត្រូវការជំនួយ និងការអធិស្ឋានរបស់យើងដែរឬទេ ? តើយើងមានចំណាប់អារម្មណ៍ដើម្បីជួយពួកគេយ៉ាងណា ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចក្លាយជាពន្លឺបំភ្លឺដល់សមាជិកគ្រួសារ ឬមិត្តភក្តិដែលពុំមានសេចក្តីជំនឿដូចយើងយ៉ាងដូចម្តេច ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ និងការគាំទ្រកាន់តែច្រើនចំពោះក្រុមគ្រួសាររបស់យើង និងធ្វើឲ្យមានភាពខុសប្លែកដ៏វិជ្ជមាននៅក្នុងផ្ទះយើងយ៉ាងដូចម្តេច ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
នៅពេលហេណុក បានទទួលការហៅឲ្យបម្រើព្រះអម្ចាស់ លោកមានអារម្មណ៍ថាពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ឡើយ ( សូមមើល ម៉ូសេ ៦:៣១ ) ។ ប៉ុន្តែព្រះអម្ចាស់មិនត្រឹមតែបញ្ជូន ហេណុក ទៅធ្វើកិច្ចការរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងបានសន្យា ហេណុក ថាទ្រង់នឹងជួយការពារលោក ( សូមមើល ម៉ូសេ ៦:៣២–៣៤ ) ។
ប្រហែលជាបងប្អូនអាចប្រៀបធៀបអារម្មណ៍នៃភាពមិនគ្រប់គ្រាន់របស់ ហេណុក នៅក្នុងកិច្ចខិតខំរបស់បងប្អូនដើម្បីបម្រើ ។ ការបម្រើរបស់យើងមួយចំនួនធ្វើឡើងតាមរយៈការហៅបម្រើក្នុងសាសនាចក្រ ។ នៅពេលផ្សេងទៀតយើងមើលឃើញពីតម្រូវការយ៉ាងងាយ និងទទួលអារម្មណ៍បំផុសដោយព្រះវិញ្ញាណដើម្បីបង្ហាញសេចក្ដីស្រឡាញ់ និងការគាំទ្ររបស់យើង ។ ទោះយ៉ាងណាឱកាសកើតមានឡើង យើងអាចមានភាពក្លាហានដូចជា ហេណុក ដោយដឹងថាព្រះអម្ចាស់នឹងជួយយើងនៅពេលយើងទទួលយកការអញ្ជើញរបស់ទ្រង់ឲ្យ « ដើរជាមួយនឹងយើង » ( ម៉ូសេ ៦:៣៤ ) ។
កាលបងប្អូនរៀបចំបង្រៀនអំពីជំនួយដែលយើងអាចទទួលបានមកពីព្រះអម្ចាស់នៅពេលយើងបម្រើអ្នកដទៃ សូមមើល ម៉ូសេ ៦ និងគិតអំពីបទពិសោធន៍ដែលបងប្អូនមានមកពីការបម្រើដល់អ្នកដទៃ ។ តើព្រះអម្ចាស់ជួយបងប្អូននៅក្នុងកិច្ចខិតខំរបស់បងប្អូនយ៉ាងដូចម្តេច ? តើបងប្អូនសង្ឃឹមថាសមាជិកថ្នាក់ ឬកូរ៉ុមនឹងរៀនចេញពីគំរូរបស់ហេណុក និងអ្នកដទៃទៀតអ្វីខ្លះ ? បងប្អូនក៏អាចអានសារលិខិតមួយដែលថ្លែងដោយប្រធាន ហិនរី ប៊ី អាវរីង ៖ « Walk with Me » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨២–៨៥ ) ឬ « Covenant Women in Partnership with God » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧០–៧៣ ) ។
រៀនជាមួយគ្នា
ការបម្រើអ្នកដទៃផ្តល់ឱកាសមួយដល់យើងឲ្យ « ដើរជាមួយ [ ព្រះ ] » ហើយយើងនឹងទទួលជំនួយរបស់ទ្រង់កាលដែលយើងបម្រើ ( ម៉ូសេ ៦:៣៤ ) ។ ដើម្បីជួយសមាជិកថ្នាក់ ឬកូរ៉ុមឲ្យចាប់ផ្តើមការពិភាក្សានេះ បងប្អូនអាចសូមឲ្យពួកគេរកមើលនៅក្នុង ម៉ូសេ ៦:៣២–៣៩ ពីរបៀបដែលព្រះអម្ចាស់នៅជាមួយ ហេណុក នៅក្នុងការបម្រើរបស់លោក ។ តើព្រះអម្ចាស់ជួយយើងនៅពេលយើងបម្រើទ្រង់ដោយរបៀបណា ? គំនិតខាងក្រោមនេះ អាចជួយបងប្អូនដឹកនាំការពិភាក្សាមួយអំពីជំនួយដ៏ទេវភាពដែលយើងអាចទទួលកាលដែលយើងបម្រើអ្នកដទៃ ?
-
បទគម្ពីរទាំងឡាយគឺសម្បូរទៅដោយការបង្រៀនអំពីការបម្រើ ( សូមមើលឧទាហរណ៍នៅ ម៉ាថាយ ២៥:៣១–៤០; លូកា ១០:២៥–៣៧; ម៉ូសាយ ២:១៧ ) ។ សូមពិចារណាអញ្ជើញអស់អ្នកដែលបងប្អូនបង្រៀនឲ្យចែកចាយវគ្គបទគម្ពីរដែលបំផុសពួកគេឲ្យបម្រើដល់អ្នកដទៃ ។ បងប្អូនអាចប្រាប់ពួកគេជាមុនឲ្យរៀបចំខ្លួនចែកចាយវគ្គបទគម្ពីរអំពីការបម្រើ ឬគំរូនៃការបម្រើ ។ ប្រសិនបើពួកគេត្រូវការជំនួយ សូមលើកទឹកចិត្តពួកគេឲ្យរកមើលនៅខាងក្រោម « ការបម្រើ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រscriptures.ChurchofJesusChrist.org ) ។ តើយើងមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ចេញមកពីអ្វីដែលយើងអាន ?
-
ព្រះអង្គសង្គ្រោះបានបម្រើអ្នកដទៃនៅទូទាំងការងារបម្រើរបស់ទ្រង់ ។ តើយើងអាចរៀនអ្វីខ្លះមកពីគំរូរបស់ទ្រង់ដែលអាចជួយយើងកាលដែលយើងបម្រើអ្នកដទៃ ? ដើម្បីឆ្លើយសំណួរនេះ សមាជិកថ្នាក់ ឬកូរ៉ុមម្នាក់ៗអាចអានបទគម្ពីរមួយដូចតទៅនេះ ដោយរកមើលអ្វីមួយដែលបទគម្ពីរទាំងនេះបង្រៀនអំពីគំរូនៃការបម្រើរបស់ព្រះអង្គសង្រ្គោះ ៖ ម៉ាថាយ ១៤:១៣–២១; យ៉ូហាន ៩:១–១១, ៣៥–៣៨; ១៣:៤–៥, ១២–១៧; នីហ្វៃទី៣ ១៧:៥–៩ ។ សូមអញ្ជើញសមាជិកគ្រប់គ្នាចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សូមផ្តល់ពេលវេលាឲ្យសមាជិកគ្រប់គ្នាគិតពីនរណាម្នាក់ដែលពួកគេអាចបម្រើ និងរបៀបដែលពួកគេនឹងធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះនៅក្នុងការបម្រើរបស់ពួកគេ ។
-
នៅពេលខ្លះយើងគិតថាការបម្រើមានន័យថា ការធ្វើអ្វីមួយធំដុំ និងចំណាយពេលច្រើន ។ នោះប្រហែលជាមូលហេតុមួយដែលពួកយើងមួយចំនួនពុំសូវធ្វើការបម្រើច្រើនតាមដែលយើងអាចធ្វើបាន ។ បងប្អូនអាចចង្អុលបង្ហាញថា ជាញឹកញាប់ព្រះអង្គសង្រ្គោះបានបម្រើប្រជាជនដែលទ្រង់បានជួបនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ( សូមមើលសម្រាប់ឧទាហរណ៍នេះនៅ ម៉ាថាយ ១២:៩–១៣; ម៉ាកុស ៥:២១–៣៤; លូកា ១៩:១–១០; យ៉ូហាន ៤:៣–២៦ ) ។ ដើម្បីជួយសមាជិកថ្នាក់ ឬកូរ៉ុមឲ្យគិតពីវិធីងាយៗដែលពួកគេអាចបម្រើអ្នកដទៃនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ នោះបងប្អូនអាចបង្ហាញវីដេអូដូចតទៅនេះមួយ ៖ « When Ye Are in the Service—YM » ឬ « When Ye Are in the Service—YW » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ សូមឲ្យយុវវ័យចែកចាយគំនិតរបស់ពួកគេ ។ តើទង្វើតូចៗនៃការបម្រើអ្វីខ្លះដែលយើងបានឃើញអ្នកដទៃកំពុងធ្វើ ? តើយើងទទួលបានការបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ? សូមអញ្ជើញសិស្សម្នាក់ៗឲ្យសរសេរវិធីទាំងឡាយដើម្បីបំពេញសេចក្តីថ្លែងការណ៍ដូចតទៅនេះ ៖ « ខ្ញុំអាចបម្រើអ្នកដទៃតាមរយៈ … » និង « ខ្ញុំនឹងស្វែងរកជំនួយរបស់ព្រះអម្ចាស់នៅក្នុងការខិតខំបម្រើរបស់ខ្ញុំតាមរយៈ… » បន្ទាប់មកសួរសមាជិកពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
« Opportunities to Do Good » « Teachings of Thomas S. Monson: Rescuing Those in Need » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
-
បូនី អិល អូស្ការសុន « The Needs before Us » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៥–២៧ )