« ថ្ងៃទី ១៣ ខែ វិច្ឆិកា ។ តើខ្ញុំអាចទទួលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្រោចមកយ៉ាងដូចម្តេច ? ហូសេ ១–៦; ១០–១៤; យ៉ូអែល » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៣ ខែ វិច្ឆិកា ។ តើខ្ញុំអាចទទួលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្រោចមកយ៉ាងដូចម្តេច ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ១៣ ខែ វិច្ឆិកា
តើខ្ញុំអាចទទួលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្រោចមកយ៉ាងដូចម្តេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបានពង្រឹងទីបន្ទាល់របស់យើង ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើមាននរណាម្នាក់ត្រូវការជំនួយ និងការអធិស្ឋានរបស់យើងដែរឬទេ ? តើយើងមានចំណាប់អារម្មណ៍ដើម្បីជួយពួកគេយ៉ាងណា ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចក្លាយជាពន្លឺបំភ្លឺដល់សមាជិកគ្រួសារ ឬមិត្តភក្តិដែលពុំមានសេចក្តីជំនឿដូចយើងយ៉ាងដូចម្តេច ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ និងការគាំទ្រកាន់តែច្រើនចំពោះក្រុមគ្រួសាររបស់យើង និងធ្វើឲ្យមានភាពខុសប្លែកដ៏វិជ្ជមាននៅក្នុងផ្ទះយើងយ៉ាងដូចម្តេច ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ប្រាកដណាស់ យើងរស់នៅក្នុងគ្រានៃភាពមិនច្បាស់លាស់ និងភាពភ័យខ្លាច ។ ព្យាការី យ៉ូអែលក្នុងព្រះគម្ពីរសញ្ញាចាស់បានរៀបរាប់ពីជំនាន់របស់យើង—« ថ្ងៃនៃព្រះ យេហូវ៉ា »—ជា« ថ្ងៃងងឹត ហើយមីរស្រទំ » និង « ធំក្រៃលែង ហើយគួរស្ញែងខ្លាចណាស់ » ( យ៉ូអែល ២:១–២, ១១ ) ។ ប៉ុន្តែរឿងនោះពុំមែនមានន័យថា ជំនាន់របស់យើងមានតែភាពអស់សង្ឃឹមនោះទេ ។ សូមពិចារណាពីការសន្យាមកពីអែលឌើរ ឌៀថើរ អេស្វ អុជដូហ្វថា « ទោះជាពេលខ្លះយើងមានអារម្មណ៍ថាដូចជាត្រូវបានកប់យ៉ាងជ្រៅដោយការសាកល្បងក្នុងជីវិត ឬហ៊ុមព័ទ្ធដោយសេចក្ដីងងឹតខាងផ្លូវចិត្តយ៉ាងណាក្ដី ក៏សេចក្ដីស្រឡាញ់របស់ព្រះ និងពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនឹងនាំឲ្យកើតនូវរឿងមួយដែលនឹកស្មានមិនដល់ដែរ »( «នៅក្នុងគេហទំព័រGod Will Do Something Unimaginable » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥២ ) ។
ដូច្នេះនៅពេលបងប្អូនកត់សម្គាល់ពីភាពងងឹត និងមីរស្រទំនៃជំនាន់របស់យើង សូមចងចាំថា ព្រះអម្ចាស់ក៏បានសន្យានូវពរជ័យដ៏អស្ចារ្យ—ដែលនឹកស្មានមិនដល់—ថា « អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ » ( យ៉ូអែល ២:២៨; សូមមើលផងដែរ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤១ ) ។ សូមកំណត់ចំណាំពីពរជ័យជាក់លាក់ដែលព្រះវិញ្ញាណរបស់ព្រះនឹងចាក់ស្រោចមកលើយុវជន និងយុវនារី ។ ហេតុអ្វីបងប្អូនមានអារម្មណ៍វាគឺជារឿងដ៏សំខាន់ថាអស់អ្នកដែលបងប្អូនបង្រៀនយល់ពីរឿងនោះ ? សូមសញ្ជឹងគិតពីសំណួរនេះ នៅពេលបងប្អូនអាន យ៉ូអែល ២ និងសារលិខិតរបស់អែលឌើរ អុជដូហ្វ នៅក្នុងការរៀបចំខ្លួនបង្រៀនរបស់បងប្អូន ។
រៀនជាមួយគ្នា
ដើម្បីជួយអស់អ្នកដែលបងប្អូនបង្រៀនឲ្យយល់កាន់តែច្បាស់ពី យ៉ូអែល ២:២៨–២៩ បងប្អូនអាចដាក់វត្ថុមួយនៅក្នុងចានគោម ហើយឲ្យយុវវ័យម្នាក់ចាក់ទឹកលើវា ។ តើការណ៍នេះជួយយើងយល់ពីអត្ថន័យដែលព្រះអម្ចាស់នឹង « ចាត់វិញ្ញាណ[ របស់ទ្រង់ ] ទៅលើគ្រប់ទាំងមនុស្ស » ដោយរបៀបណា ? តើការព្យាករនៅក្នុង យ៉ូអែល ២:២៨–២៩ ត្រូវបានបំពេញយ៉ាងដូចម្តេច ? ខាងក្រោមនេះគឺជាគំនិតមួយចំនួនដែលអាចជួយយុវវ័យឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលព្រះអម្ចាស់កំពុងចាក់ស្រោចព្រះវិញ្ញាណរបស់ទ្រង់នៅសព្វថ្ងៃនេះ ។
-
បទគម្ពីរកត់ត្រាឧទាហរណ៍ជាច្រើនពេលដែលព្រះអម្ចាស់បានចាក់ស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើរាស្ត្ររបស់ទ្រង់ ។ ការរំឭកបទគម្ពីរទាំងនេះមួយចំនួនអាចជួយយុវវ័យយល់កាន់តែច្បាស់អំពីរបៀបទទួលយកការចាក់ស្រោចនៃព្រះវិញ្ញាណរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ ។ សូមពិចារណាគូររូបក្អមធំមួយកំពុងចាក់ទឹកនៅលើក្ដារខៀន ហើយសុំឲ្យយុវវ័យម្នាក់ៗ ឬក្រុមតូចៗអានវគ្គបទគម្ពីរមួយ ឬច្រើននៅក្នុង « ធនធានគាំទ្រ » ។ ពួកគេអាចសរសេរនៅលើក្ដារខៀនជុំវិញក្អមនោះនូវអ្វីដែលប្រជាជននៅក្នុងវគ្គបទគម្ពីររបស់ពួកគេបានធ្វើ ដើម្បីព្រះអម្ចាស់អាចចាក់ស្រោចព្រះវិញ្ញាណរបស់ទ្រង់មក និងពរជ័យដែលកើតមានតាមក្រោយផងដែរ ។ តើយើងធ្លាប់ទទួលអារម្មណ៍ថាព្រះវិញ្ញាណបានលួងលោម ដឹកនាំ ឬលាងសម្អាតយើងនៅពេលណា ?
-
បងប្អូនអាចសរសេរពាក្យទាំងនេះមកពីអែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ នៅលើក្ដារខៀន ៖ « ព្រះនឹងធ្វើរឿងមួយដែលនឹកស្មានមិនដល់សម្រាប់បងប្អូនផ្ទាល់ និងសាសនាចក្រទាំងមូល—ជាការអស្ចារ្យ ហើយចម្លែក »( « God Will Do Something Unimaginable » ទំព័រ ៥៣ ) ។ សូមពិចារណាសុំឲ្យយុវវ័យរកមើលនៅក្នុងសារលិខិតរបស់អែលឌើរ អុជដូហ្វចំពោះពរជ័យដែលនឹកស្មានមិនដល់ដែលព្រះបានប្រទានដល់ប្រជាជននៅក្នុងបទគម្ពីរ បន្ទាប់ពីគ្រាលំបាក ។ តើអែលឌើរ អុជដូហ្វ បានបង្រៀនឲ្យយើងធ្វើអ្វីខ្លះដើម្បីយើងអាចធ្វើការសម្រេចចិត្តដ៏ល្អនៅពេលយើងប្រឈមនឹងការលំបាក ? សូមអញ្ជើញយុវវ័យឲ្យធ្វើបញ្ជីនៃរឿង « ដែលនឹកស្មានមិនដល់ » ដែលព្រះអាចធ្វើសម្រាប់យើង ។ សូមអញ្ជើញយុវវ័យដែលបងប្អូនបង្រៀនឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេនឹងយល់ព្រមធ្វើដើម្បីទទួលបានពរជ័យទាំងនេះ ។
-
សូមពិចារណាបង្ហាញវីដេអូ « President Nelson: Hear Him—Personal Revelation » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ សុំឲ្យយុវវ័យស្ដាប់រកការយល់ដឹងអំពីរបៀបដែលព្រះវិញ្ញាណមានបន្ទូលមកកាន់យើង និងរបៀបដែលទ្រង់ប្រទានពរដល់ជីវិតយើង ។ ពួកគេក៏អាចរំឭកសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦ ) ។ សុំឲ្យពួកគេរកមើលចម្លើយចំពោះសំណួរដូចតទៅនេះ ៖ តើប្រធានណិលសុនបានស្វែងរក ហើយទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណដោយរបៀបណា ? តើយើងរៀនអ្វីខ្លះមកពី យ៉ូសែប ស្ម៊ីធ អំពីព្រះទ័យរបស់ព្រះដើម្បីមានបន្ទូលទៅកាន់បុត្រាបុត្រីរបស់ទ្រង់ ? តើប្រធាន ណិលសុន បានលើកទឹកចិត្តយើងឲ្យធ្វើអ្វីខ្លះ ? សូមប្រាប់យុវវ័យអំពីគ្រាមួយដែលបងប្អូនបានទទួលអារម្មណ៍ថាព្រះអម្ចាស់បានចាក់ស្រោចព្រះវិញ្ញាណរបស់ទ្រង់ ។ សូមអញ្ជើញពួកគេឲ្យសញ្ជឹងគិតពីបទពិសោធន៍ដែលពួកគេមាន ហើយចែកចាយវា ប្រសិនបើពួកគេចង់ធ្វើវា ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។