« ថ្ងៃទី ១២ ខែ កុម្ភៈ ។ តើខ្ញុំអាចកែលម្អការថ្វាយបង្គំព្រះរបស់ខ្ញុំយ៉ាងដូចម្តេច ? យ៉ូហាន ២–៤ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១២ ខែ កុម្ភៈ ។ តើខ្ញុំអាចកែលម្អការថ្វាយបង្គំព្រះរបស់ខ្ញុំយ៉ាងដូចម្តេច ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ១២ ខែ កុម្ភៈ
តើខ្ញុំអាចកែលម្អការថ្វាយបង្គំព្រះរបស់ខ្ញុំយ៉ាងដូចម្តេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើបងប្អូនកាន់តែខិតជិតព្រះអង្គសង្គ្រោះដោយរបៀបណា ? តើយើងព្យាយាមប្រែក្លាយដូចជាទ្រង់យ៉ាងដូចម្តេច ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើនរណាដែលយើងគិតដល់នាពេលថ្មីៗនេះ ? តើយើងអាចជួយបុគ្គលទាំងនេះយ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចឆ្លើយសំណួរពីមិត្តភក្តិរបស់យើងអំពីសាសនាចក្រតាមរបៀបមួយដែលពង្រឹងសេចក្តីជំនឿរបស់យើងនៅលើព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើមានវិធីណាខ្លះដែលយើងអាចភ្ជាប់ទំនាក់ទំនងបានប្រសើរជាមួយសាច់ញាតិដូចជាជីដូនជីតា និងបងប្អូនជីដូនមួយ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ស្រ្តីសាសន៍សាម៉ារីដែលបានពិពណ៌នានៅក្នុង យ៉ូហាន ៤ ប្រហែលជាទៅអណ្តូងទឹកដើម្បីដងទឹកជាញឹកញាប់ ។ ប៉ុន្តែពេលនេះខុសពីមុន ។ នាងបានជួបនឹងបុរសសាសន៍យូដាម្នាក់ដែលសូមទឹកនាងផឹក ។ នោះជារឿងមិនធម្មតាទេ ព្រោះជាទូទៅសាសន៍យូដាមិនទំនាក់ទំនងនឹងសាសន៍សាម៉ារីទេ ។ ប៉ុន្តែមានអ្វីផ្សេងទៀតដែលមិនប្រក្រតីចំពោះបុរសរូបនេះ ។ ដោយយល់ឃើញថាទ្រង់ប្រហែលជាព្យាការី នោះនាងបានសួរទ្រង់នូវសំណួរជាច្រើនអំពីការថ្វាយបង្គំព្រះ ។ តើការថ្វាយបង្គំព្រះនៅសាម៉ារីអាចទទួលយកបានទេ ? ឬប្រជាជនត្រូវតែថ្វាយបង្គំនៅឯយេរូសាឡិម ដូចជាពួកយូដាបានប្រកាស ? ( សូមមើល យ៉ូហាន ៤:១៩–២០ ) ។ បុរសរូបនោះបានពន្យល់ថា កន្លែងដែលយើង ថ្វាយបង្គំ មិនសំខាន់ដូចជារបៀបដែលយើងថ្វាយបង្គំនោះទេ ៖ « ថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យបានថ្វាយបង្គំទ្រង់ » ( យ៉ូហាន ៤:២៣ ) ។ បន្ទាប់មកបុរសរូបនោះបានប្រាប់នាងថាទ្រង់គឺជា—ទ្រង់គឺជាព្រះគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះនៃពិភពលោកនេះ ( សូមមើល យ៉ូហាន ៤:២៥–២៦ ) ។
តើយុវវ័យដែលបងប្អូនបង្រៀនយល់អំពីអត្ថន័យនៃការថ្វាយបង្គំព្រះវរបិតាសួគ៌ដែរឬទេ ? ជាការបន្ថែមទៅលើការថ្វាយបង្គំនៅក្នុងព្រះវិហារ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥៩:៩–១០ ) តើពួកគេមានឱកាសផ្សេងទៀតអ្វីខ្លះដើម្បីថ្វាយបង្គំទ្រង់ ដោយរួមទាំងអ្វីៗដែលពួកគេពុំបានដឹងថាជាការថ្វាយបង្គំផងដែរនោះ ? ធនធានខាងក្រោមនេះអាចជួយបងប្អូនរៀបចំដើម្បីបង្រៀនពួកគេអំពីរបៀបដើម្បីកែលម្អការថ្វាយបង្គំព្រះរបស់ពួកគេបាន ៖ ទំនុកដំកើង ៩៥:១–៧; ម៉ាថាយ ៤:៨–១០; អាលម៉ា ៣២:៤–១១; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១៧–១៩; ៩៣:១៩–២០ និងសារលិខិតរបស់ប៊ីស្សព ឌីន អិម ដេវីស « The Blessings of Worship » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៣–៩៥ ) ។
រៀនជាមួយគ្នា
ដើម្បីចាប់ផ្តើមការពិភាក្សាអំពីការកែលម្អការថ្វាយបង្គំ នោះបងប្អូនអាចអញ្ជើញសមាជិកថ្នាក់ ឬកូរ៉ុមឲ្យរំឭកឡើងវិញ យ៉ូហាន ៤:១៩–២៦ រៀងៗខ្លួន ហើយសរសេរចម្លើយចំពោះសំណួរដូចជា ៖ ហេតុអ្វីខ្ញុំថ្វាយបង្គំព្រះ ? តើការថ្វាយបង្គំព្រះមានអត្ថន័យយ៉ាងណា ? វាក៏អាចមានសារៈប្រយោជន៍ផងដែរដើម្បីមើលជាមួយគ្នានូវអត្ថន័យក្រោម « ថ្វាយបង្គំ, ការថ្វាយបង្គំ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ បន្ទាប់ពួកគេមានពេលដើម្បីសញ្ជឹងគិតពីសំណួរទាំងនេះ សូមអញ្ជើញពួកគេឲ្យចែកចាយគំនិតរបស់ពួកគេ ។ សកម្មភាពខាងក្រោមនេះអាចជួយពួកគេទទួលការបំផុសគំនិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ។
-
សមាជិកនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូននឹងមានការយល់ដឹងដ៏មានតម្លៃអំពីអត្ថន័យនៃការថ្វាយបង្គំព្រះ ។ បងប្អូនអាចសូមឲ្យពួកគេចែកចាយពីបទពិសោធន៍មួយនៅពេលដែលពួកគេទទួលអារម្មណ៍ថាពួកគេកំពុងថ្វាយបង្គំព្រះ ។ វគ្គបទគម្ពីរដូចខាងក្រោមនេះអាចបន្ថែមទៅនឹងការយល់ដឹងរបស់ពួកគេ និងផ្តល់ជាគំនិតដល់ពួកគេអំពីរបៀបដើម្បីធ្វើឲ្យការថ្វាយបង្គំព្រះរបស់ពួកគេកាន់តែមានអត្ថន័យ ៖ ទំនុកដំកើង ៩៥:១–៧; ម៉ាថាយ ៤:៨–១០; អាលម៉ា ៣២:៤–១១; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១៧–១៩; ៩៣:១៩–២០ ។ ពួកគេក៏អាចពិភាក្សាសេចក្តីថ្លែងការណ៍ដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៅក្នុង « ធនធានគាំទ្រ » ។
-
ដើម្បីជួយយុវវ័យកែលម្អការថ្វាយបង្គំព្រះរបស់ពួកគេ សូមពិចារណាការសរសេរចំណងជើងទាំងនេះនៅលើក្តារខៀន ៖ នរណា ហេតុអ្វី កន្លែងណា និង ដោយរបៀបណា ។ សូមស្នើឲ្យពួកគេរំឭកឡើងវិញខគម្ពីរដែលមានសរសេរនៅក្នុង « ថ្វាយបង្គំ, ការថ្វាយបង្គំ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ដោយរកមើលខគម្ពីរដែលជួយពួកគេយល់ពី នរណា ហេតុអ្វី កន្លែងណា និងដោយរបៀបណាដែលយើងគួរថ្វាយបង្គំ ។ កាលដែលពួកគេស្វែងរកខគម្ពីរដែលទាក់ទង សូមអញ្ជើញពួកគេឲ្យពិភាក្សាវាជាមួយថ្នាក់ ឬកូរ៉ុម ហើយសរសេរសេចក្តីយោងនៅក្រោមចំណងជើងដែលត្រឹមត្រូវ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយបទពិសោធន៍នៅពេលដែលពួកគេបានទទួលអារម្មណ៍ជិតស្និទ្ធនឹងព្រះតាមរយៈការថ្វាយបង្គំ ។
-
សារលិខិតរបស់ប៊ីស្សព ឌីន អិម ដេវីស « ពរជ័យនៃការថ្វាយបង្គំ » មាននូវគំរូជាច្រើននៃបុគ្គលដែលថ្វាយបង្គំព្រះ ។ ប្រហែលជាបងប្អូនអាចអានជាមួយគ្នានូវផ្នែក « តើការថ្វាយបង្គំជាអ្វី ? » បន្ទាប់មក ពួកគេម្នាក់ៗអាចរំឭកឡើងវិញនូវគំរូមួយនៃបុគ្គលដែលកំពុងថ្វាយបង្គំដែលមាននៅក្នុងផ្នែកបីបន្ទាប់នៃសារលិខិតនេះ ។ តើគំរូនីមួយៗបង្រៀនយើងអំពីការថ្វាយបង្គំព្រះអ្វីខ្លះ ? តើផ្នែកចុងក្រោយនៃសារលិខិតនេះបង្រៀនអំពីពរជ័យដែលមកពីការថ្វាយបង្គំទ្រង់ដោយភក្ដីភាព ? តើយើងទទួលបានការបំផុសគំនិតឲ្យកែលម្អការថ្វាយបង្គំព្រះរបស់យើងអ្វីខ្លះ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
« Elements of Worship » Teachings of Presidents of the Church: David O. McKay ( ឆ្នាំ ២០០៣ ) ទំព័រ ២៩–៣៧
-
រីដូណល អិល ហលស្ត្រម « The Conversion of the Children of God » ( ការចាក់ផ្សាយពីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ ) នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org
-
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បានបង្រៀន ៖ សេចក្តីពិត និងការថ្វាយបង្គំដ៏ឥតខ្ចោះ រួមមានការធ្វើតាមជំហាននានានៃព្រះរាជបុត្រានៃព្រះ វាមាននៅក្នុងការរក្សាព្រះបញ្ញត្តិ ព្រមទាំងការគោរពតាមព្រះទ័យនៃព្រះវរបិតាដល់កម្រិតនោះ ដែលយើងរីកចម្រើនពីព្រះគុណថែមលើព្រះគុណ រហូតដល់យើងបានសិរីរុងរឿងនៅក្នុងព្រះគ្រីស្ទ ដូចដែលទ្រង់នៅក្នុងព្រះវរបិតាទ្រង់ដែរ ។ វាលើសពីការគ្រាន់តែការអធិស្ឋាន និងទេសនកថា ព្រមទាំងចម្រៀងទៅទៀត ។ វាគឺជាការរស់នៅតាម ហើយធ្វើតាម និងគោរពតាម ។ វាគឺជាការប្រឹងធ្វើតាមជីវិតនៃអង្គជាគំរូដ៏អស្ចារ្យ » ( « How to Worship » Ensign ខែ ធ្នូ ឆ្នាំ ១៩៧១ ទំព័រ ១៣០ ការធ្វើទំនើបកម្មអក្សរធំ ) ។