« ថ្ងៃទី ២៦ ខែ វិច្ឆិកា ។ តើខ្ញុំអាចជួយបុព្វការីជនរបស់ខ្ញុំឲ្យមកកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ពេត្រុស ទី១ និង ទី២ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៦ ខែ វិច្ឆិកា ។ តើខ្ញុំអាចជួយបុព្វការីជនរបស់ខ្ញុំឲ្យមកកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ២៦ ខែ វិច្ឆិកា
តើខ្ញុំអាចជួយបុព្វការីជនរបស់ខ្ញុំឲ្យមកកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ពេត្រុស ទី១ និង ទី២
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើប្រធានបទអ្វីដែលគណៈប៊ីស្សពបានពិភាក្សានៅក្នុងការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ ? តើយើងអាចធ្វើអ្វីខ្លះក្នុងនាមជាថ្នាក់ ឬកូរ៉ុមដោយផ្អែកលើការពិភាក្សាទាំងនោះ ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើយើងអាចជួយដល់មនុស្សតាមរបៀបដូចជាព្រះគ្រីស្ទ នៅពេលយើងមើលឃើញតម្រូវការមួយ ហើយមិនដឹងថាត្រូវនិយាយអ្វីយ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងបានរកឃើញអ្វីខ្លះនៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលនាំមកឲ្យយើងនូវអំណរ ? តើយើងអាចចែកចាយអំណរនោះជាមួយនឹងមនុស្សដទៃបានដោយរបៀបណា ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងធ្វើអ្វីខ្លះដើម្បីស្វែងរកឈ្មោះនៃបុព្វការីជនរបស់យើងដែលត្រូវការពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយអ្នកដទៃស្វែងរកឈ្មោះនៃបុព្វការីជនរបស់ពួកគេ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
តើមានអ្វីកើតឡើងចំពោះមនុស្សរាប់ពាន់លាននាក់ដែលស្លាប់ ដោយគ្មានឱកាសស្ដាប់ឮដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ឬទទួលពិធីបរិសុទ្ធនៃការសង្គ្រោះ ? យើងអាចស្វែងរកតម្រុយនៃចម្លើយនៅក្នុង ពេត្រុសទី១ ៣:១៨–២០; ៤:៦ ត្រង់កន្លែងដែលពេត្រុសបានថ្លែងពីដំណឹងល្អត្រូវបានប្រកាសដល់អ្នកស្លាប់ ។ បន្ទាប់មក គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨ បើកសម្ដែងនូវសេចក្ដីពិតពេញលេញ—គឺថាបុព្វការីជនរបស់យើងអាចមករកព្រះគ្រីស្ទយ៉ាងពេញលេញ ប្រសិនបើពួកគាត់មានសេចក្ដីជំនឿលើទ្រង់ និងទទួលយកដំណឹងល្អរបស់ទ្រង់ ហើយយើងធ្វើពិធីបរិសុទ្ធដែលមានឲ្យពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ពរជ័យនេះតម្រូវឲ្យយើង—ជាពូជពង្សរបស់ពួកលោកដែលមានដំណឹងល្អ—ស្រាវជ្រាវរកឈ្មោះរបស់ពួកលោក ទៅព្រះវិហារបរិសុទ្ធ ហើយទទួលពិធីបរិសុទ្ធនៃការសង្គ្រោះជំនួសឲ្យពួកលោក ។
តើបងប្អូនធ្លាប់មានបទពិសោធន៍អ្វីខ្លះ ដែលបានជួយបុព្វការីជនរបស់បងប្អូនឲ្យខិតកាន់តែជិតនឹងព្រះគ្រីស្ទ ? តើបងប្អូនអាចជួយដល់យុវវ័យដែលបងប្អូនបង្រៀនឲ្យមានចិត្តរំភើបកាន់តែខ្លាំង អំពីកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ហើយកាន់តែមានទំនុកចិត្តនៅក្នុងសមត្ថភាពរបស់ពួកគេ ដើម្បីធ្វើកិច្ចការនេះយ៉ាងដូចម្តេច ? នៅពេលបងប្អូនរៀបចំខ្លួន បងប្អូនអាចអានសារលិខិតរបស់អែលឌើរ ឌេល ជី រិនឡាន់ « Family History and Temple Work: Sealing and Healing » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៦–៤៩ ) ។
រៀនជាមួយគ្នា
តើសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូននឹងឆ្លើយតបដោយរបៀបណាទៅ កាន់មនុស្សម្នាក់ដែលងឿងឆ្ងល់ ពីរបៀបដែលមនុស្សល្អៗដែលពុំមានឱកាសទទួលដំណឹងល្អអាចត្រូវបានសង្គ្រោះ ? តើពួកគេរកឃើញអ្វីខ្លះនៅក្នុង ពេត្រុសទី១ ៣:១៨-២០; ៤:៦ ដើម្បីជួយឆ្លើយនឹងសំណួរនេះ ? នៅក្នុងវីដេអូ « Will I Do My Part? » អែលឌើរ អ៊ីនរីហ្គ អរ ហ្វែឡាបែលឡាផ្ដល់នូវការយល់ដឹងបន្ថែម ។ បងប្អូនអាចបន្តការពិភាក្សារបស់បងប្អូនជាមួយនឹងសកម្មភាពមួយ ឬច្រើនដូចខាងក្រោមនេះ ។
-
គោលលទ្ធិនៃការប្រោសលោះមនុស្សស្លាប់គឺមានភាពវិសេសចំពោះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមអញ្ជើញសមាជិកថ្នាក់ ឬកូរ៉ូមឲ្យសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២៥–៣៩ ដោយផ្ទាល់ខ្លួន ឬជាក្រុម ហើយចែកចាយអ្វីដែលពួកគេបានរៀន ( សូមមើល « ធនធានគាំទ្រ » សម្រាប់បទគម្ពីរបន្ថែមអំពីប្រធានបទនេះ ) ។ តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះ អំពីវិធីដែលព្រះវរបិតាសួគ៌មានព្រះទ័យចំពោះបុត្រាបុត្រីគ្រប់រូបរបស់ទ្រង់ ? តើពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកស្លាប់ជួយបុព្វការីជនរបស់យើង ឲ្យកាន់តែខិតជិតនឹងព្រះគ្រីស្ទដោយរបៀបណា ? តើវាជួយយើងឲ្យខិតកាន់តែជិតព្រះគ្រីស្ទ ហើយបង្កើនសេចក្ដីជំនឿរបស់យើងលើទ្រង់ដោយរបៀបណា ?
-
តើអ្វីទៅដែលអាចនឹងបំផុសគំនិតយុវវ័យ ឲ្យចូលរួមចំណែកកាន់តែច្រើននៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ? ប្រហែលជាពួកអាចមើលវីដេអូមួយ ឬពីរដែលមាននៅក្នុង« ធនធានគាំទ្រ » ហើយរកមើលវិធី ដែលកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចផ្ដល់ពរជ័យដល់ពួកគេ ។ ពួកគេក៏អាចរកមើលពរជ័យដែលបានសន្យានៅក្នុងបញ្ជីចំណុចនៃសារលិខិតរបស់អែលឌើរ ឌេល ជី រិនឡាន់« Family History and Temple Work: Sealing and Healing » ។ សូមអញ្ជើញពួកគេឲ្យចែកចាយពរជ័យណាមួយដែលមានអត្ថន័យចំពោះពួកគេ និងហេតុផល ។ បងប្អូនក៏អាចពិភាក្សាពីឧបសគ្គមួយចំនួន ដែលអាចរារាំងយើងមិនឲ្យចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិផងដែរ ។ តើព្រះអង្គសង្គ្រោះអាចជួយយើងឲ្យយកឈ្នះលើឧបសគ្គទាំងនេះដោយរបៀបណា ?
-
ប្រសិនបើសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនមានឧបករណ៍ឌីជីថលមួយ បងប្អូនអាចចំណាយពេលខ្លះដើម្បី បង្ហាញពួកគេពីរបៀបដែលព្រះអម្ចាស់បាន ធ្វើឲ្យវាមានភាពងាយស្រួលជាងពេលណាៗទាំងអស់ ដើម្បីស្វែងរកបុព្វការីជនដែលត្រូវការពិធីបរិសុទ្ធនៃការសង្គ្រោះ ( សូមមើល « ធនធានគាំទ្រ » ) ។ បងប្អូនអាចអញ្ជើញអ្នកប្រឹក្សាយោបល់ផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ដើម្បីជួយយុវវ័យឲ្យយល់ដឹងពីធនធានទាំងនេះ ។ បងប្អូនក៏អាចលើកទឹកចិត្តយុវវ័យ ឲ្យដាក់ផែនការរុករកធនធានទាំងនេះនៅផ្ទះ ហើយត្រឡប់មកវិញរាយការណ៍ក្នុងការប្រជុំលើកក្រោយ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ម៉ាឡាគី ៤:៥–៦; ម៉ាថាយ ១៦:១៨–១៩; យ៉ូហាន ៥:២៥; កូរិនថូសទី១ ១៥;២៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:៧–៩ ( គោលលទ្ធិនៃការប្រោសលោះមនុស្សស្លាប់ )
-
( វីដេអូ ) « The Promised Blessings of Family History 1 » និង « The Promised Blessings of Family History 2 » នៅលើគេហទំព័រ ChurchofJesusChrist.org
-
កម្មវិធីមែកធាងគ្រួសារ ( តម្រូវឲ្យយុវវ័យចូលដោយប្រើគណនីសាសនាចក្ររបស់ពួកគេ )
-
RootsTech ( យុវវ័យអាចរុករកការប្រជុំមកពីសន្និសីទតាមអនឡាញ ) ។
-
FamilySearch.org ( បងប្អូនអាចចូលទៅគេហទំព័រ FamilySearch.org/discovery ហើយរុករកសកម្មភាពទាំងនេះរួមគ្នា ) ។