ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១០ ខែ ធ្នូ ។ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដំណើរការ​ទៅបាន​ដោយ​របៀបណា ? វិវរណៈ ១–៥


« ថ្ងៃទី ១០ ខែ ធ្នូ ។ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដំណើរការ​ទៅបាន​ដោយ​របៀបណា ? វិវរណៈ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១០ ខែ ធ្នូ ។ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដំណើរការ​ទៅបាន​ដោយ​របៀបណា ? » ចូរមកតាមខ្ញុំ — សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

រូបសំណាក​ព្រះគ្រីស្ទ

ថ្ងៃទី ១០ ខែ ធ្នូ

តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដំណើរការ​ទៅបាន​ដោយ​របៀបណា ?

វិវរណៈ ១–៥

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២ ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • ការរស់នៅ​តាមដំណឹងល្អ ។ តើ​យើង​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង​តាម​របៀបណា ?

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ តើ​យើង​អាច​គាំទ្រ​គ្នាទៅវិញ​ទៅ​មក​នៅ​ក្នុង​រឿង​ដែល​យើង​នឹង​ឆ្លងកាត់​យ៉ាង​ដូចម្តេច ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​អាច​ប្រើ​បច្ចេកវិទ្យា​ឲ្យបាន​ល្អប្រសើរ​ដើម្បី​ជា​ឧបករណ៍​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ​តាម​របៀបណា ?

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

នៅក្នុង​ទស្សននិមិត្ត យ៉ូហាន​ជា​អ្នក​ទទួល​វិវរណៈ​បាន​ឃើញ​ក្រាំង​មួយ​ដែល « គ្មាន​អ្នក​ណា​នៅ​ស្ថានសួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី » ដែលមាន​ភាព​ស័ក្តិសម​ដើម្បី​បើក ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​លោក​ទួញយំ ( សូមមើល វិវរណ់ៈ ៥:៣–៤ ) ។ ក្រាំង​នេះ​តំណាង​ឲ្យ « កិច្ចការ​ទាំងឡាយ​នៃ​ព្រះ » រួមទាំង​ផែនការ​របស់​ទ្រង់​សម្រាប់​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូមមើល គោលលទ្ធិ និងសេចក្តី​សញ្ញា ៧៧:៦; ម៉ូសេ ១:៣៩ ) ។ ប៉ុន្តែ​បន្ទាប់មក​នៅក្នុង​វិវរណៈ​របស់​យ៉ូហាន កូនចៀម​ត្រូវ​​បាន​ឃើញ​ថា « ​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​និង​បក​ត្រា​ផង » ( វិវរណៈ ៥:៩ ) ។ ដំណឹង​ដ៏​រុងរឿង​នេះ​បាន​នាំ​ឲ្យ​ទេវតា « ទាំងម៉ឺន​ទាំង​សែន ហើយ​ទាំងពាន់​រាប់​ជា​ពាន់ » ច្រៀង និង​ហ៊ោ​ដោយ​អំណរ ( វិវរណៈ ៥:១១ ) ។ ព្រះ​យេស៊ូវគ្រីស្ទ​ជា​កូនចៀម​នៃ​ព្រះ « បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះលោហិត [ របស់​ទ្រង់ ] » ( វិវរណៈ ៥:៩ ) ហើយ​បានធ្វើ​ឲ្យ​មាន​ពរជ័យ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។

សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​បងប្អូន ។ តើ​បងប្អូន​ដែល​ធ្លាប់​មានអារម្មណ៍ ដូច​អស់​អ្នក​ដែល​នៅក្នុង​ការនិមិត្ត​របស់​យ៉ូហាន​ដែល « ទម្លាក់ខ្លួន​ក្រាបចុះ​ថ្វាយបង្គំ​ទ្រង់ » ដែរ​ឬ​ទេ ? ( វិវរណៈ ៥:១៤ ) ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​ឲ្យ​យល់​បាន​ច្បាស់ ពី​តួនាទី​ដ៏​សំខាន់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា ។ ជា​ការបន្ថែម​ទៅលើ វិវរណៈ ១–៥ បងប្អូន​ក៏​អាច​អាន នីហ្វៃទី ២ ៩; « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​របស់​ពួកសាវក » ( ChurchofJesusChrist.org ) និង​សារលិខិត​របស់​អែលឌើរ អូលីសេស សូរ៉េស « Jesus Christ: The Caregiver of Our Soul » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨២–៨៤ ) ។

រៀន​ជាមួយគ្នា

សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​អាច​រីករាយ​នឹង​ការ​សម្តែង ធ្វើ​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត ដែល​ត្រូវបាន​សុំ​ឲ្យ​ផលិត​វីដេអូ​អំពី​ការនិមិត្ត​របស់​យ៉ូហាន នៅក្នុង វិវរណៈ ៥ ។ សូម​ផ្ដល់​ពេល​ពីរ​បី​នាទី​ឲ្យ​ពួកគេ​រំឭក​ពី​ជំពូក​នេះ និង​កំណត់ថា តើ​ឆុតឆាក​ណា​ដែល​ពួកគេ​ចង់​ថត ។ តើ​ពួកគេ​មាន​អារម្មណ៍​ថា អ្វីទៅជា​គ្រា​ដ៏​មាន​អានុភាព​បំផុត ? តើ​ខ្សែ​ភាពយន្ត​នេះ​នឹង​ជួយ​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? ដើម្បី​បន្ត​ជួយ​ដល់​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​រៀន​អំពី​តួនាទី​របស់​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ នេះ​ជា​យោបល់​មួយ​ចំនួន ៖

  • បងប្អូន​អាច​សរសេរ​ពាក្យ​​ដូចតទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ជីវិត​មុន​ឆាក​ជីវិតនេះ ជីវិត​រមែង​ស្លាប់ និង ជីវិត​ក្រោយ​ពីស្លាប់ ។ សូម​អញ្ជើញ​យុវវ័យ​ឲ្យ​រំឭក​ឡើងវិញ​នូវ​វគ្គបទគម្ពីរ​នៅក្រោម « ធនធាន​គាំទ្រ » ដើម្បី​រៀន​ពី​របៀប ដែល​បេសកកម្ម​របស់​ព្រះអង្គ​សង្រ្គោះ​នៅអំឡុង​ព្រះជន្ម​មុន​ឆាក​ជីវិតនេះ​របស់ទ្រង់ អំឡុង​ព្រះជន្ម​រមែង​ស្លាប់​របស់ទ្រង់ និង​បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់ទ្រង់ ធ្វើ​ឲ្យ​​ផែនការ​របស់​ព្រះវរបិតា​ដំណើរការ​ទៅបាន ។ ពួកគេ​អាច​សង្ខេប​អ្វី​ដែល​ពួកគេ​រៀន​ក្រោម​ចំណងជើង​នេះ​នៅលើ​ក្ដារខៀន ។ សូម​ផ្តល់​ឱកាស​ដល់​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ដើម្បី​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ អំពី​អ្វី​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

  • ដើម្បី​ជួយ​យុវវ័យ​ដែល​បងប្អូន​បង្រៀន​យល់​ឲ្យ​កាន់តែ​ច្បាស់ ពី​អ្វី​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដំណើរការ​ទៅបាន នោះ​សូម​គូរ​ផ្លូវ​មួយ​នៅលើ​ក្ដារខៀន ដែល​តំណាង​ឲ្យ​ការធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។ សូម​គូរ​ឧបសគ្គ​នៅលើ​ផ្លូវ​ដោយ​សរសេរ​ពាក្យ សេចក្តីស្លាប់​ខាង​សាច់ឈាម និង សេចក្តីស្លាប់​ខាង​វិញ្ញាណ ។ ( ប្រសិនបើ​ចាំបាច់ យុវវ័យ​អាច​អាន​និយមន័យ​នៅក្រោម « សេចក្តី​ស្លាប់​ខាងសាច់​ឈាម » និង « សេចក្តី​ស្លាប់​ខាងវិញ្ញាណ » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ [ scriptures.ChurchofJesusChrist.org ] ) ។ តើ​ព្រះ​អង្គសង្រ្គោះ​ធ្វើ​ឲ្យ​យើង​អាច​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ​យ៉ាង​ដូចម្តេច ? ( សូមមើល នីហ្វៃទី ២ ៩:៧–១០ ) ។ យុវវ័យ​អាច​រំឭក​ឡើងវិញ​នូវ​សារលិខិត​របស់​អែលឌើរ អូលីសេស សូរ៉េស « ព្រះយេស៊ូវគ្រីស្ទ ៖ អង្គមើលថែ​នៃ​ព្រលឹង​របស់​យើង » ហើយ​សូម​សរសេរ​ប្រយោគ​ចេញពី​សារលិខិត​នេះ នៅជិត​ផ្លូវ​ដែល​បងប្អូន​បាន​គូរ ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះ​យេស៊ូវ​ជួយ​យើង​ត្រឡប់​ទៅ​រក​ព្រះ​វិញ ។

  • នៅពេល​អ្នក​ផ្សេង​ទៀត​សួរ​យើង​អំពី​ជំនឿ​របស់​យើង និង​ជម្រើស​ដែល​យើង​ធ្វើ នោះ​យើង​អាច​ឆ្លៀត​ឱកាស​ចែកចាយ​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​សំខាន់​ចំពោះ​យើង ។ របៀប​មួយ​ដើម្បី​រៀបចំ​យុវវ័យ​ឲ្យ​មាន​ឱកាស​បែបនោះ គឺ​ត្រូវ​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ឡើងវិញ​នូវ​សារលិខិត​របស់​អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ « មើល​ចុះ មនុស្ស​នេះ​ហើយ ! » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៧–១០ ) សូម​រកមើល​សេចក្តីពិត​ដើម្បី ចែកចាយ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ បងប្អូន​អាច​សរសេរ​សេចក្តីពិត​ទាំងនេះ​​នៅលើ​ក្ដារខៀន ។ បងប្អូន​អាច​ផ្តល់​ពេលវេលា​ឲ្យ​យុវវ័យ​ហាត់​ពន្យល់​ទៅគ្នា​ទៅវិញ​ទៅមក នូវ​មូលហេតុ​ដែល​យើង​ត្រូវការ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​របៀប​ដែល​ជីវិត​របស់​ពួកគេ​បាន​ទទួល​ពរ ដោយសារ​ពួកគេ​បាន​ស្គាល់ព្រះអង្គសង្រ្គោះ ។

ការឆ្កាង​ព្រះគ្រីស្ទ ដោយ លូអីស ផាកកឺ

ការឆ្កាង​ព្រះគ្រីស្ទ ដោយ លូអីស ផាកកឺ

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

បុគ្គល​ម្នាក់ៗ​នៅក្នុង​ថ្នាក់​របស់​អ្នក គឺជា​ធនធាន​ដ៏​បរិបូរ​មួយ​នៃ​ទីបន្ទាល់ គំនិត​យោបល់ និង​បទពិសោធន៍​ជាមួយ​នឹង​ការ​រស់នៅ​តាម​ដំណឹងល្អ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ និង​លើក​តម្កើង​គ្នា​ឡើង ។