« ថ្ងៃទី ៥–១១ ខែ កុម្ភៈ ៖ ‹ មានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះជាអ្នកសង្រួបសង្រួមដ៏ធំ › ។ នីហ្វៃទី២ ១–២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ៥–១១ ខែ កុម្ភៈ ។ នីហ្វៃទី២ ១–២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ៥–១១ ខែ កុម្ភៈ ៖ « មានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះជាអ្នកសង្រួបសង្រួមដ៏ធំ »
នីហ្វៃទី២ ១–២
បើសិនជាបងប្អូនបានដឹងថា ជីវិតរបស់បងប្អូននឹងចូលមកដល់ទីបញ្ចប់ តើសារចុងក្រោយអ្វីខ្លះដែលបងប្អូនចង់ចែកចាយជាមួយមនុស្សដែលបងប្អូនស្រឡាញ់បំផុត ? នៅពេលព្យាការីលីហៃបានដឹងថា លោកហៀបនឹងចូលដល់ទីបញ្ចប់នៃជីវិតរបស់លោក នោះលោកបានប្រមូលគ្រួសាររបស់លោកមកជួបជុំគ្នាជាលើកចុងក្រោយ ។ លោកបានចែកចាយជាមួយពួកគេនូវអ្វីដែលព្រះវរបិតាសួគ៌បានបើកសម្តែងដល់លោក ។ លោកបានថ្លែងទីបន្ទាល់របស់លោកអំពីព្រះមែស៊ី ។ លោកបានបង្រៀនសេចក្ដីពិតនៃដំណឹងល្អដែលលោកស្រឡាញ់ជាទីបំផុត ទៅដល់មនុស្សដែលលោកស្រឡាញ់ជាទីបំផុត ។ លោកបានមានប្រសាសន៍អំពីសេរីភាព ការគោរពប្រតិបត្តិ ការធ្លាក់ចុះរបស់អ័ដាម និងនាងអេវ៉ា ការប្រោសលោះតាមរយៈព្រះយេស៊ូវគ្រីស្ទ និងអំណរ ។ មិនមែនកូនៗរបស់លោកទាំងអស់ជ្រើសរើសរស់នៅតាមអ្វីដែលលោកបានបង្រៀននោះទេ—គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងទាំងអស់គ្នាអាចធ្វើការជ្រើសរើសទាំងនេះសម្រាប់មនុស្សជាទីស្រឡាញ់របស់យើងបានឡើយ ។ ប៉ុន្តែយើងអាចបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះប្រោសលោះ ដែលបានធ្វើឲ្យយើង « មានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » បាន ( នីហ្វៃទី២ ២:២៦–២៧ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ខ្ញុំអាច « ភ្ញាក់ឡើង ហើយងើបពីធូលីដី » ។
នៅក្នុង នីហ្វៃទី២ ១:១៣–២៩ សូមកត់សម្គាល់ពាក្យដែលលីហៃ បានប្រើដើម្បីពិពណ៌នាអំពីស្ថានភាពខាងវិញ្ញាណរបស់លេមិន និងលេមយួល ។ តើអ្វីដែលជួយបងប្អូនឲ្យភ្ញាក់ពី « ដំណេកដ៏លង់លក់ » ខាងវិញ្ញាណ ? តើអ្វីខ្លះដែលជួយបងប្អូនឲ្យរលាស់ចោល « ច្រវាក់ » ខាងវិញ្ញាណនៅក្នុងជីវិតរបស់បងប្អូន ? សូមគិតអំពីទីបន្ទាល់របស់លីហៃនៅក្នុង ខទី ១៥ និងការអញ្ជើញរបស់លោកនៅក្នុង ខទី ២៣ ។ តើព្រះវរបិតាសួគ៌មានសារអ្វីខ្លះសម្រាប់បងប្អូននៅក្នុងខគម្ពីរទាំងនេះ ?
ដោយសារព្រះយេស៊ូវគ្រីស្ទ ខ្ញុំមាន « សិទ្ធនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ។
គ្រួសាររបស់លីហៃ ឥឡូវនេះបាននៅលើដែនដីថ្មី ដែលពោរពេញទៅដោយការរីកចម្រើនថ្មីជាច្រើន ។ ជម្រើសដែលពួកលោកបានធ្វើនៅកន្លែងថ្មីនេះនឹងមានសារៈសំខាន់សម្រាប់ភាពជោគជ័យ និងសុភមង្គលរបស់ពួកលោក ។ ការណ៍នេះអាចជាមូលហេតុដែលលីហៃបានបង្រៀនដល់យ៉ាកុបជាកូនប្រុសរបស់លោកអំពីសិទ្ធិជ្រើសរើស ឬសមត្ថភាពក្នុងការធ្វើការជ្រើសរើស នៅក្នុង នីហ្វៃទី២ ២ ។ នៅពេលបងប្អូនសិក្សា ខទី ១១–៣០ សូមសរសេរចម្លើយដែលអាចមានចំពោះសំណួរទាំងនេះ ៖
-
ហេតុអ្វីបានជាសិទ្ធិជ្រើសរើសមានសារៈសំខាន់ខ្លាំងចំពោះព្រះវរបិតាសួគ៌ ទោះបីជាមនុស្សខ្លះប្រើវាតាមរបៀបដែលធ្វើឲ្យឈឺចាប់ក៏ដោយ ?
-
តើមារសត្រូវព្យាយាមធ្វើឲ្យសិទ្ធិជ្រើសរើសរបស់បងប្អូនទន់ខ្សោយ ឬបំផ្លាញសិទ្ធិនោះដោយរបៀបណា ?
-
តើព្រះអង្គសង្រ្គោះជួយបងប្អូនឲ្យ « រើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ( ខទី ២៧ ) ដោយរបៀបណា ?
នេះគឺជារបៀបផ្សេងទៀតដើម្បីរៀនអំពីសិទ្ធិជ្រើសរើសនៅក្នុង នីហ្វៃទី២ ២ ៖ សូមរកមើលអ្វីខ្លះដែលចាំបាច់សម្រាប់យើង ដើម្បីមានសិទ្ធិជ្រើសរើស និងដើម្បីឈានទៅដល់សក្តានុពលដ៏ទេវភាពរបស់យើង ។ ឧទាហរណ៍ ៖
-
នីហ្វៃទី២ ២:៥ ៖ ការដឹងខុស និងត្រូវ, ក្រឹត្យវិន័យ
តើនឹងមានអ្វីកើតឡើងចំពោះសិទ្ធិសេរីភាពរបស់យើង ប្រសិនបើអ្វីៗទាំងនេះត្រូវបាត់បង់នោះ ?
នៅទាំងប្រាំមួយផ្នែកនៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស មាននូវ « ការអញ្ជើញ » និង« ពរជ័យដែលបានសន្យា » ។ សូមរកមើលផ្នែកមួយ ឬច្រើននៃផ្នែកទាំងនេះ ហើយជ្រើសរើសពរជ័យដែលបានសន្យាដែលបងប្អូនសង្ឃឹមទុកក្នុងជីវិតរបស់បងប្អូន ។ តើការអញ្ជើញអ្វីដែលបងប្អូនត្រូវធ្វើតាម ដើម្បីទទួលបានពរជ័យនេះ ? សូមពិចារណាចែកចាយជាមួយនរណាម្នាក់នូវពរជ័យដែលបងប្អូនបានទទួលពីការធ្វើតាមការអញ្ជើញទាំងនេះ ។
សូមមើលផងដែរ Gospel Topics « Agency and Accountability » នៅលើបណ្ណាល័យដំណឹងល្អ, « ចូរដឹងថាគ្រប់គ្នាមានសេរី » ទំនុកតម្កើង ល.រ. ១៤៩ ។
ព្រះអាចបង្វែរការសាកល្បងរបស់ខ្ញុំឲ្យទៅជាពរជ័យបាន ។
លីហៃបានដឹងថា កូនពៅរបស់លោក យ៉ាកុប ទទួលរង « ទុក្ខវេទនា » និង « ការសោកសៅដ៏ច្រើន » នៅក្នុងកុមារភាពរបស់លោក ( នីហ្វៃទី២ ២:១ ) ។ ហេតុអ្វីបងប្អូនគិតថា ទីបន្ទាល់របស់លីហៃនៅក្នុង នីហ្វៃទី២ ២:១–៣, ៦–២៥ អាចនឹងមានតម្លៃចំពោះយ៉ាកុប ? ហេតុអ្វីបានជាវាមានតម្លៃចំពោះបងប្អូន ? សូមរកមើលពាក្យ និងឃ្លាដែលបងប្អូនរកឃើញថាមានឥទ្ធិពលជាពិសេស ។ តើព្រះបានញែកទុក្ខលំបាកជាប្រយោជន៍ដល់បងប្អូនដោយរបៀបណា ? ( សូមមើល នីហ្វៃទី២ ២:២ ) ។
សូមមើលផងដែរ រ៉ូម ៨:២៨, អែលឌើរ ឌែល ជី រិនឡាន់ « កំហឹងចំពោះភាពអយុត្តិធម៌ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤១–៤៥ ។
ការធ្លាក់ចុះ និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ។
មនុស្សជាច្រើនជឿថា ការធ្លាក់គ្រាន់តែជាសោកនាដកម្មមួយ ហើយនាងអេវ៉ា និងលោកអ័ដាមបានធ្វើកំហុសដែលមានជាអចិន្ត្រៃយ៍ នៅពេលពួកលោកជ្រើសរើសបរិភោគផ្លែឈើនោះ ។ នៅក្នុង នីហ្វៃទី២ ២:១៥–២៨ លីហៃបង្រៀនសេចក្ដីពិតបន្ថែមទៀតអំពីការធ្លាក់—និងអំពីការប្រោសលោះតាមរយៈព្រះគ្រីស្ទ ។ នៅពេលបងប្អូនស្វែងរកខគម្ពីរទាំងនេះ សូមធ្វើបញ្ជីនៃសេចក្តីពិតអំពីអ្វីដែលបានកើតឡើងនៅក្នុងសួនច្បារអេដែន ។ សំណួរបែបនេះអាចជួយបាន ៖
-
ហេតុអ្វីបានជាការធ្លាក់មានសារៈសំខាន់ ?
-
តើព្រះយេស៊ូវគ្រីស្ទមានតួនាទីអ្វីខ្លះក្នុងការយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ ?
-
តើការយល់ដឹងដ៏ត្រឹមត្រូវអំពីការធ្លាក់ជួយយើងឲ្យយល់កាន់តែច្បាស់អំពីតម្រូវការរបស់យើងដើម្បីមានព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមមើលផងដែរ ដាល្លិន អេក អូក « The Great Plan of Happiness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៧២–៧៥ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះយេស៊ូវគ្រីស្ទជួយខ្ញុំយកឈ្នះលើឥទ្ធិពលនៃអំពើបាប ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យយល់ពីការអញ្ជើញរបស់លីហៃក្នុងការ « រលាស់ចោលនូវច្រវាក់ » នៃអំពើបាប ប្រហែលជាបងប្អូនអាចធ្វើច្រវាក់ក្រដាសជាមួយគ្នាបាន ។ នៅលើសន្លឹកក្រដាសនោះ កូនៗរបស់បងប្អូនអាចជួយបងប្អូនសរសេរដំណើររឿងមួយចំនួនដែលសាតាំងល្បួងយើងឲ្យធ្វើ ។ បន្ទាប់មក បងប្អូនអាចអានជាមួយគ្នាក្នុង នីហ្វៃទី២ ១:១៣, ១៥, ២៣ នៅពេលពួកគេសម្តែងតាមឃ្លាមួយចំនួននៅក្នុងខគម្ពីរទាំងនេះ—រួមទាំងការរលាស់ច្រវាក់ក្រដាសចោលផងដែរ ។ តើអំពើបាបដូចជាច្រវាក់យ៉ាងដូចម្តេច ? តើព្រះយេស៊ូវជួយយើងឲ្យ « រលាស់ចោលនូវច្រវាក់ » នៃអំពើបាបដោយរបៀបណា ?
ខ្ញុំមានពរ នៅពេលខ្ញុំគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ។
-
តើវានឹងជួយដល់កូនៗរបស់បងប្អូនដែរឬទេ ដើម្បីធ្វើការប្រៀបធៀបព្រះបញ្ញត្តិរបស់ព្រះទៅនឹងស្បែកជើង មួក ស្រោមដៃ ឬរបស់ផ្សេងៗទៀតដែលការពារយើង ? ប្រហែលជាបងប្អូនអាចអនុញ្ញាតឲ្យពួកគេសាកល្បង‑លរបស់ខ្លះៗ នៅពេលបងប្អូននិយាយអំពីរបៀបដែលបទបញ្ញត្តិការពារយើង ។ បន្ទាប់មក បងប្អូនអាចអាន នីហ្វៃទី២ ១:២០ ដោយបញ្ជាក់ថាយើង « ចម្រើនឡើង » ( គឺបានពរ ឬបានការការពារ ) កាលដែលយើងគោរពតាមបទបញ្ញត្តិទាំងឡាយ ។ សូមចែកចាយបទពិសោធន៍មួយ នៅពេលបងប្អូនត្រូវបានប្រទានពរ ឬត្រូវបានការពារដោយការធ្វើតាមព្រះបញ្ញត្តិទាំងឡាយ ។
-
ដើម្បីបង្ហាញពីភាពខុសគ្នារវាងការចម្រើនឡើង និងការកាត់ចេញពីព្រះ ( សូមមើល នីហ្វៃទី២ ១:២០ ) បងប្អូន និងកូនៗរបស់បងប្អូនអាចមើលរុក្ខជាតិដែលលូតលាស់ល្អ និងស្លឹក ឬមែកមួយដែលត្រូវបានកាត់ចេញពីដើម ។ បន្ទាប់មក កូនៗរបស់បងប្អូនអាចពិនិត្យឡើងវិញនូវជម្រើសដែលនីហ្វៃ និងបងប្អូនរបស់លោកបានធ្វើ ( សូមមើល នីហ្វៃទី១ ២:១១–១៦; ៣:៥–៧; ១៨:៩–១១ ) ។ តើអ្វីខ្លះជាលទ្ធផលនៃជម្រើសទាំងនេះ ? តើជម្រើសអ្វីខ្លះដែលជួយយើងឲ្យនៅជាប់នឹងព្រះ ?
ព្រះបានប្រទានសេរីភាពក្នុងការជ្រើសរើសដល់ខ្ញុំ ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យយល់ពីអ្វីដែលលីហៃបានបង្រៀនអំពីការផ្ទុយ និងការធ្វើការសម្រេចចិត្ត នោះបងប្អូនអាចលេងល្បែងដែលបងប្អូននិយាយពាក្យមួយ ( ដូចជា ពន្លឺ ) និងកូនៗរបស់បងប្អូននិយាយពាក្យផ្ទុយដូចជាពាក្យ ( ងងឹត ) ។ សូមជួយពួកគេឲ្យរៀនពីមូលហេតុដែលការផ្ទុយគឺជាផ្នែកមួយនៃផែនការរបស់ព្រះ នៅពេលបងប្អូនអានជាមួយគ្នាក្នុង នីហ្វៃទី២:១១, ១៦ ។ បន្ទាប់មក បងប្អូនអាចចែកចាយដំណើររឿងអំពីកុមារម្នាក់ដែលត្រូវបានល្បួងឲ្យធ្វើការជ្រើសរើសខុស ។ កូនៗរបស់បងប្អូនអាចចែកចាយអ្វីដែលផ្ទុយពីជម្រើសខុស ហើយសម្តែងតាមបាន ។
-
ដើម្បីរៀនអំពីភាពខុសគ្នារវាង « ឥស្សរភាព » និង « ការជាប់ឃុំឃាំង » ( នីហ្វៃទី២ ២:២៧ ) កូនៗរបស់បងប្អូនអាចគូររូបសត្វនៅក្នុងទ្រុង និងសត្វនៅក្នុងបរិយាកាសធម្មជាតិធម្មតា ។ តើសត្វមួយណាមានសេរីភាព ? សូមអញ្ជើញកុមារឲ្យចង្អុលទៅរូបភាពដែលត្រឹមត្រូវ នៅពេលបងប្អូនអានពាក្យ « សេរីភាព» នៅក្នុង នីហ្វៃទី២ ២:២៧ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យយើងមានសេរីភាព ។
-
សូមច្រៀងជាមួយគ្នានូវបទដូចជា « ជ្រើសផ្លូវត្រូវ » ( ទំនុកតម្កើង ល.រ. ១៤៨ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពីបទចម្រៀងនេះអំពីការធ្វើការជ្រើសរើស ?