« ថ្ងៃទី ១២–១៨ ខែ កុម្ភៈ ៖ ‹ ពួកយើងបានរស់នៅតាមរបៀបនៃសុភមង្គល › ។ នីហ្វៃទី២ ៣–៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ១២–១៨ ខែ កុម្ភៈ ។ នីហ្វៃទី២ ៣–៥ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ១២–១៨ ខែ កុម្ភៈ ៖ « ពួកយើងបានរស់នៅតាមរបៀបនៃសុភមង្គល »
នីហ្វៃទី២ ៣–៥
ពេលអាននៅក្នុង នីហ្វៃទី១ បងប្អូនអាចទទួលបានចំណាប់អារម្មណ៍ថា នីហ្វៃមានភាពទាក់ទាញណាស់ ។ « មាឌធំមាំមួន » ទាំងខាងរូបកាយ និងខាងវិញ្ញាណ ( នីហ្វៃទី១ ២:១៦ ) ហាក់ដូចជាបញ្ហាដែលលោកប្រឈមមុខ មិនអាចធ្វើឲ្យលោករង្គោះរង្គើឡើយ ។ ឬយ៉ាងហោចណាស់ នោះជាអ្វីដែលយើងអាចសន្មតបាន ។ ខណៈពេលដែលសេចក្ដីជំនឿរបស់នីហ្វៃអស្ចារ្យនោះ ពាក្យសម្ដីដ៏ទន់ភ្លន់របស់លោកនៅក្នុង នីហ្វៃទី២ ៤ បង្ហាញថាសូម្បីតែមនុស្សស្មោះត្រង់បំផុតពេលខ្លះក៏មានអារម្មណ៍ « វេទនា » និង « រំខានដោយងាយ » ដោយការល្បួងដែរ ។ ត្រង់នេះ យើងឃើញមនុស្សម្នាក់ដែលកំពុងព្យាយាម ដែលចង់មានអំណរ ប៉ុន្តែ « ចិត្តថ្ងូរទៅវិញ ព្រោះតែអំពើបាបទាំងឡាយ [ របស់ខ្លួន ] » ។ យើងអាចយល់រឿងនេះបាន ហើយយល់ពីការបេ្ដជ្ញាចិត្តដែលពោរពេញដោយក្ដីសង្ឃឹមដូចតទៅនេះបាន ៖ « ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំស្គាល់អ្នកដែលខ្ញុំទុកចិត្ត » ( សូមមើល នីហ្វៃទី២ ៤:១៥–១៩ ) ។
ខណៈពេលដែលនីហ្វៃ និងប្រជាជនរបស់លោកបានរៀនរស់នៅ « តាមរបៀបនៃសុភមង្គល » ( នីហ្វៃទី២ ៥:២៧ ) ពួកគេក៏បានរៀនផងដែរថា សុភមង្គលមិនកើតមកដោយងាយៗ ឬគ្មានអំឡុងពេលនៃសេចក្តីទុក្ខព្រួយនោះទេ ។ ពិតណាស់ វាកើតឡើងមកពីការទុកចិត្តលើព្រះអម្ចាស់ ដែលជា « ថ្មនៃសេចក្តីសុចរិត [ របស់យើង ] » ( នីហ្វៃទី២ ៤:៣៥ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
យ៉ូសែប ស៊្មីធ ត្រូវបានជ្រើសរើសដោយព្រះដើម្បីស្ដារដំណឹងល្អឡើងវិញ ។
លីហៃបានចែកចាយជាមួយកូនប្រុសរបស់លោក យ៉ូសែប នូវការព្យាករដែលបានផ្តល់ដោយយ៉ូសែប នៃស្រុកអេស៊ីព្ទ ។ ការព្យាករនេះគឺអំពីយ៉ូសែប ស្ម៊ីធ នាពេលអនាគត ជា « អ្នកមើលឆុតម្នាក់ដ៏ជម្រើស » ។ តើ ខទី ៦–២៤ ថ្លែងថា យ៉ូសែប ស៊្មីធ នឹងធ្វើអ្វីខ្លះដើម្បីផ្តល់ពរដល់ប្រជារាស្ត្ររបស់ព្រះ ? សូមពិចារណាពីរបៀបដែលកិច្ចការរបស់យ៉ូសែប ស្ម៊ីធ បានធ្វើដែលមាន « តម្លៃដ៏មហិមា » ចំពោះបងប្អូន ។ បងប្អូនអាចទទួលបានគំនិតមួយចំនួនមកពីវីដេអូនេះអំពីយ៉ូសែប ស្ម៊ីធ នៅក្នុងកម្រង « Prophets of the Restoration » ក្នុងបណ្ណាល័យដំណឹងល្អ ។ សូមគិតអំពីសំណួរដូចនេះ ហើយសូមពិចារណាកត់ត្រាចម្លើយរបស់បងប្អូន ៖
-
តើបងប្អូនដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយសារអ្វីដែលយ៉ូសែប ស្ម៊ីធ បានបង្រៀន ?
-
តើជីវិតរបស់បងប្អូននឹងខុសគ្នាយ៉ាងណា ដោយសារអ្វីដែលព្រះអម្ចាស់បានស្ដារឡើងវិញតាមរយៈយ៉ូសែប ស្ម៊ីធ ?
-
តើជីវិតរបស់បងប្អូននឹងទៅជាយ៉ាងណា ប្រសិនបើការស្ដារឡើងវិញមិនបានកើតឡើងទេនោះ ?
ផ្នែកមួយនៃបេសកកម្មដ៏សំខាន់របស់ យ៉ូសែប ស្ម៊ីធ គឺដើម្បីនាំមកនូវព្រះគម្ពីរមរមន ។ តើបងប្អូនរៀនអ្វីខ្លះមកពីជំពូកនេះ អំពីមូលហេតុដែលព្រះគម្ពីរមរមនមានសារៈសំខាន់ ? ជាពិសេស បងប្អូនអាចរកមើលហេតុផលនានានៅក្នុង ខទី ៧, ១១–១៣, ១៨–២៤ បាន ។
សូមមើលផងដែរ ការបកប្រែដោយ យ៉ូសែប ស្មីធ លោកុប្បត្តិ ៥០:២៤–៣៨ ( នៅក្នុងជំនួយការសិក្សា ); Gospel Topics « Joseph Smith » បណ្ណាល័យដំណឹងល្អ; « សរសើរដល់លោក » ទំនុកតម្កើង ល.រ. ១៦ ។
« ឱព្រះអម្ចាស់អើយ ទូលបង្គំបានទុកចិត្តទៅលើព្រះអង្គ » ។
នីហ្វៃបានមានប្រសាសន៍ថា លោកនឹង « សរសេរអំពីរឿងទាំងឡាយនៃព្រលឹងខ្ញុំ » ( ខទី ១៥ ) ។ កាលបងប្អូនអានអ្វីដែលលោកបានសរសេរនៅក្នុង នីហ្វៃទី២ ៤:១៥–៣៥ សូមសួរខ្លួនឯងថា « តើអ្វីជារឿងទាំងឡាយនៃព្រលឹង ខ្ញុំ ? » សូមពិចារណាសរសេរវាទុក ដូចជានីហ្វៃបានធ្វើដែរ ហើយចែកចាយវាជាមួយមនុស្សដែលបងប្អូនស្រឡាញ់ ។
ការមើលឃើញពីរបៀបដែលនីហ្វៃបានរកឃើញការលួងលោមនៅពេលលោកមានអារម្មណ៍ក្តុកក្តួលចិត្ត និងថប់បារម្ភ អាចជួយដល់បងប្អូនបាន នៅពេលបងប្អូនមានអារម្មណ៍ស្រដៀងគ្នានេះ ។ សូមមើលក្នុង ខទី ១៥–៣៥ រកមើលវគ្គបទគម្ពីរដែលនាំឲ្យបងប្អូនទទួលបានការលួងលោម ។ តើបងប្អូនស្គាល់អ្នកផ្សេងទៀតដែលអាចនឹងទទួលបានការលួងលោមនៅក្នុងវគ្គបទគម្ពីរទាំងនេះដែរឬទេ ?
សូមមើលផងដែរ រ៉ូណល អេ រ៉ាសបាន « រឿងទាំងឡាយនៃព្រលឹងរបស់ខ្ញុំ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៩–៤១ ។
ខ្ញុំអាចរកឃើញសុភមង្គលនៅក្នុងការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
តើបងប្អូនគិតថា ភាពសប្បាយរីករាយមានន័យយ៉ាងណា ? នីហ្វៃបានសរសេរថា ប្រជាជនរបស់លោកបានរស់នៅតាម « របៀបនៃសុភមង្គល » ( នីហ្វៃទី២ ៥:២៧ ) ។ បងប្អូនអាចស្វែងរកជម្រើសដែលនីហ្វៃ និងប្រជាជនរបស់លោកបានធ្វើ ដែលបានជួយពួកគេឲ្យមានភាពសប្បាយរីករាយ ( សូមមើលឧទាហរណ៍ នីហ្វៃទី២ ៥:៦, ១០–១៧ ) ។ តើអ្វីដែលអាចជួយបងប្អូនឲ្យស្ថាបនាជីវិតមួយដែលមានសុភមង្គលដូចប្រជាជននីហ្វៃ ?
តើមានបណ្ដាសាអ្វីខ្លះដែលកើតមានឡើងចំពោះពួកសាសន៍លេមិន ?
នៅក្នុងជំនាន់នីហ្វៃ បណ្តាសារបស់សាសន៍លេមិនគឺថា ពួកគេនឹងត្រូវ « បានកាត់ចេញពីវត្តមាន [ របស់ព្រះ ] … ដោយព្រោះសេចក្តីទុច្ចរិតរបស់ពួកគេ » ( នីហ្វៃទី២ ៥: ២០–២១ ) ។ ការណ៍នេះមានន័យថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ត្រូវបានដកចេញពីជីវិតរបស់ពួកគេ ។ ក្រោយមក នៅពេលដែលសាសន៍លេមិនឱបក្រសោបយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះ « ពាក្យបណ្តាសានៃព្រះក៏ឈប់តាមពួកគេតទៅទៀតដែរ » ( អាលម៉ា ២៣:១៨ ) ។
ព្រះគម្ពីរមរមនក៏បានថ្លែងផងដែរថា សញ្ញាសម្គាល់ស្បែកខ្មៅបានធ្លាក់មកលើពួកសាសន៍លេមិន បន្ទាប់ពីពួកសាសន៍នីហ្វៃបានបែកចេញពីពួកគេ ។ សញ្ញាសម្គាល់ពីធម្មជាតិ និងរូបរាងនេះ គឺមិនត្រូវបានយល់ទាំងស្រុងនោះទេ ។ សញ្ញាសម្គាល់នេះពីដំបូងគឺគ្រាន់តែបែងចែកពួកសាសន៍លេមិន ពីពួកសាសន៍នីហ្វៃប៉ុណ្ណោះ ។ ក្រោយមក នៅពេលដែលសាសន៍នីហ្វៃ និងសាសន៍លេមិននីមួយៗបានឆ្លងកាត់អំឡុងពេលនៃភាពទុច្ចរិត និងសុចរិត សញ្ញាសម្គាល់នោះប្រែជាមិនទាក់ទងគ្នាទៅវិញ ។
ព្យាការីបានអះអាងនៅក្នុងជំនាន់របស់យើងថា ស្បែកខ្មៅគឺមិនមែនជាសញ្ញាសម្គាល់នៃការមិនគាប់ព្រះទ័យ ឬបណ្តាសារបស់ទ្រង់ឡើយ ។ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា ៖ « ខ្ញុំសូមបញ្ជាក់ដល់បងប្អូនថា ជំហររបស់បងប្អូនចំពោះព្រះភ័ក្រ្តព្រះគឺមិនត្រូវបានកំណត់ដោយពណ៌សម្បុររបស់បងប្អូននោះឡើយ ។ ព្រះសព្វព្រះទ័យ ឬមិនសព្វព្រះទ័យគឺអាស្រ័យទៅលើការលះបង់របស់បងប្អូនចំពោះព្រះ និងបទបញ្ញត្តិរបស់ទ្រង់ ហើយមិនមែនដោយសារពណ៌សម្បុររបស់បងប្អូននោះឡើយ » ( « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ ) ។
ដូចជានីហ្វៃបានបង្រៀន ព្រះអម្ចាស់ « ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ គឺទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី … មនុស្សទាំងអស់ ទាំងពួកសាសន៍យូដា និងពួកសាសន៍ដទៃ ក៏ដូចគ្នានៅចំពោះព្រះដែរ » ( នីហ្វៃទី ២ ២៦:៣៣ ) ។
សូមមើលផងដែរ « Till We All Come in the Unity of the Faith » ( វីដេអូ ) បណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
យ៉ូសែប ស៊្មីធ គឺជាព្យាការី ។
-
សូមពិចារណាអំពីរបៀបដែលបងប្អូនអាចបង្រៀនកូនៗរបស់បងប្អូនអំពីកិច្ចការដ៏អស្ចារ្យដែលព្រះបានសម្រេចតាមរយៈយ៉ូសែប ស្ម៊ីធ ។ ដើម្បីចាប់ផ្តើម បងប្អូនអាចជួយកូនៗរបស់បងប្អូនឲ្យស្វែងរកពាក្យ « អ្នកមើលឆុត » នៅក្នុង នីហ្វៃទី២ ៣:៦ និងពន្យល់ថា ព្យាការីទាំងឡាយគឺត្រូវបានហៅថាជាអ្នកមើលឆុត ដោយសារព្រះវរបិតាសួគ៌ជួយពួកលោកឲ្យមើលឃើញអ្វីដែលពួកយើងមិនអាចមើលឃើញ ។ សូមចែកចាយមូលហេតុដែលបងប្អូនមានអំណរគុណក្នុងការមានអ្នកមើលឆុតដែលកំពុងដឹកនាំសាសនាចក្រ ។
-
សៀវភៅរូបភាពដំណឹងល្អ មានរូបភាពជាច្រើនដែលបងប្អូនអាចប្រើបាន ដើម្បីបង្រៀនអំពីកិច្ចការរបស់ព្រះដែលបានធ្វើឡើងតាមរយៈយ៉ូសែប ស្ម៊ីធ ( សូមមើល រូបភាព ៨៩–៩៥ ) ។ សូមឲ្យកូនៗរបស់បងប្អូនចែកចាយអ្វីដែលពួកគេដឹងអំពីរូបភាពនេះ ។ ហេតុអ្វី យ៉ូសែប ស្ម៊ីធ ត្រូវបានហៅថាជា « អ្នកមើលឆុតម្នាក់ដ៏ជម្រើស » ? តើយ៉ូសែប ស្ម៊ីធ បានធ្វើអ្វីខ្លះដែលមាន « តម្លៃដ៏មហិមា » ? ( ខទី ៧ ) ។
ខ្ញុំចូលចិត្ត « ការណ៍ទាំងឡាយនៃព្រះអម្ចាស់ » ។
-
តើអ្វីដែលធ្វើឲ្យយើងសប្បាយចិត្ត ? សូមពិចារណាអានខគម្ពីរជាមួយគ្នាមកពី នីហ្វៃទី២ ៤ ដើម្បីរកមើលអ្វីដែលនីហ្វៃរីករាយ ឬធ្វើឲ្យលោកសប្បាយចិត្ត ( សូមមើល ខទី ១៥–១៦, ២០–២៥, ៣៤–៣៥ ) ។ នៅក្នុងសារលិខិតរបស់លោក « រឿងទាំងឡាយនៃព្រលឹងខ្ញុំ » អែលឌើរ រ៉ូណល អេ រ៉ាសបាន បានចែកចាយ « ការណ៍ទាំងឡាយនៃព្រះអម្ចាស់ » ចំនួនប្រាំពីរយ៉ាង ដែលមានតម្លៃចំពោះលោក ( លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៩–៤១ ) ។ ប្រហែលជាបងប្អូនអាចមើលបញ្ជីរបស់លោកជាមួយគ្នា ហើយពិភាក្សាអំពី « ការណ៍ទាំងឡាយនៃព្រះអម្ចាស់ » ដែលមានតម្លៃចំពោះបងប្អូន ។
-
នីហ្វៃទី២ ៥ ក៏ពិពណ៌នាផងដែរអំពីការណ៍ទាំងឡាយដែលបានជួយនីហ្វៃឲ្យរស់នៅ « តាមរបៀបនៃសុភមង្គល » ( ខទី ២៧ ) ។ បងប្អូនអាចផ្តល់នូវពាក្យ ឬរូបភាពមួយចំនួនដែលតំណាងឲ្យការណ៍ទាំងនេះ ហើយជួយកូនៗរបស់បងប្អូនឲ្យផ្គូផ្គងវាទៅនឹងខគម្ពីរនៅក្នុង ជំពូកទី ៥ ។ ឧទាហរណ៍មួយចំនួនរួមមានគ្រួសារ ( ខទី ៦ ) ព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ( ខទី ១០ ) បទគម្ពីរ ( ខទី ១២ ) កិច្ចការ ( ខទី ១៥ និង ១៧ ) ព្រះវិហារបរិសុទ្ធ ( ខទី ១៦ ) និងការហៅបម្រើក្នុងសាសនាចក្រ ( ខទី ២៦ ) ។ តើការណ៍ទាំងនេះនាំយើងឲ្យមានសុភមង្គលដោយរបៀបណា ?
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។
-
នៅពេលបងប្អូនអាន នីហ្វៃទី២ ៥:១៥–១៦ ឲ្យកូនៗរបស់បងប្អូនស្តាប់ នោះពួកគេអាចធ្វើជាកំពុងជួយនីហ្វៃសាងសង់ព្រះវិហារបរិសុទ្ធ ។ បងប្អូនក៏អាចបង្ហាញរូបភាពអគារខុសៗគ្នាដល់ពួកគេ ដោយរួមទាំងព្រះវិហារបរិសុទ្ធផងដែរ ។ តើព្រះវិហារបរិសុទ្ធខុសពីអគារផ្សេងទៀតដោយរបៀបណា ? សូមចែកចាយជាមួយគ្នាពីមូលហេតុដែលព្រះវិហារបរិសុទ្ធមានសារៈសំខាន់ចំពោះបងប្អូន ( សូមមើលផងដែរ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ ) ។