« ថ្ងៃទី ១៩–២៥ ៖ ‹ ឱ ផែនការនៃព្រះរបស់យើងធំណាស់ហ្ន៎ › ។ នីហ្វៃទី២ ៦–១០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ១៩–២៥ ខែ កុម្ភៈ ។ នីហ្វៃទី២ ៦–១០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ១៩–២៥ ៖ « ឱ ផែនការនៃព្រះរបស់យើងធំណាស់ហ្ន៎ »
នីហ្វៃទី២ ៦–១០
វាមានរយៈពេលយ៉ាងហោចណាស់ ៤០ ឆ្នាំ ចាប់តាំងពីគ្រួសាររបស់លីហៃចាកចេញពីទីក្រុងយេរូសាឡិម ។ ពួកគេនៅលើទឹកដីថ្មីមួយដែលមានចម្ងាយមួយចំហៀងផែនដីពីក្រុងយេរូសាឡិម ។ លីហៃបានស្លាប់ ហើយគ្រួសាររបស់លោកបានចាប់ផ្ដើមមានជម្លោះរាប់សតវត្សរ៍រវាងពួកសាសន៍នីហ្វៃ—« ដែលជឿទៅលើការព្រមាន និងវិវរណៈនៃព្រះ »—និងពួកសាសន៍លេមិនដែលពុំជឿនោះទេ ( នីហ្វៃទី២ ៥:៦ ) ។ យ៉ាកុបដែលជាប្អូនប្រុសរបស់នីហ្វៃ ហើយឥឡូវត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្រៀនដល់ពួកសាសន៍នីហ្វៃ លោកចង់ឲ្យរាស្ត្រនៃសេចក្ដីសញ្ញាដឹងថា ព្រះពុំដែលបំភ្លេចពួកគេទេ ដូច្នេះពួកគេមិនត្រូវបំភ្លេចទ្រង់ឡើយ ។ នេះគឺជាសារលិខិតដែលយើងត្រូវការយ៉ាងពិតប្រាកដនៅសព្វថ្ងៃនេះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៥–១៦ ) ។ « ចូរយើងនឹកចាំដល់ទ្រង់ …ដ្បិតយើងមិនត្រូវបានបោះបង់ចោលទេ ។ … ពាក្យសន្យាទាំងឡាយរបស់ព្រះធំណាស់ហ្ន៎ » ( នីហ្វៃទី២ ១០:២០–២១ ) ។ នៅក្នុងចំណោមការសន្យាទាំងនេះ ពុំមានការសន្យាណាមហិមាជាងការសន្យានៃ « ដង្វាយធួនដ៏និរន្ដរ៍ » ដើម្បីយកឈ្នះលើសេចក្ដីស្លាប់ និងស្ថាននរកនោះទេ ( នីហ្វៃទី២ ៩:៧ ) ។ យ៉ាកុបបានបញ្ចប់ថា « ហេតុដូច្នោះហើយ ចូររីករាយក្នុងចិត្តឡើង » ! ( នីហ្វៃទី២ ១០:២៣ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ព្រះអម្ចាស់មានសេចក្តីមេត្តាករុណាដល់រាស្ត្រទ្រង់ ហើយនឹងបំពេញតាមការសន្យារបស់ទ្រង់ ។
ដើម្បីជួយរាស្ត្ររបស់លោកឲ្យយល់ថា ពួកគេជាផ្នែកមួយនៃវង្សអ៊ីស្រាអែល ហើយអាចទុកចិត្តលើព្រះ និងការសន្យារបស់ទ្រង់បាន នោះយ៉ាកុបបានដកស្រង់ពាក្យព្យាកររបស់លោកអេសាយ ដែលបានកត់ត្រានៅក្នុង នីហ្វៃទី២ ៦–៨ ។ សារលិខិតនោះក៏សម្រាប់បងប្អូនដែរ ពីព្រោះពួកបរិសុទ្ធថ្ងៃចុងក្រោយក៏ជាផ្នែកនៃរាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះផងដែរ ។ នៅពេលបងប្អូនអានជំពូកទាំងនេះ សូមគិតអំពីសំណួរដូចខាងក្រោម ៖
-
តើខ្ញុំរៀនអ្វីខ្លះអំពីសេចក្ដីស្រឡាញ់ដ៏ប្រោសលោះរបស់ព្រះអង្គសង្គ្រោះចំពោះខ្ញុំ ? តើពាក្យ ឬឃ្លាអ្វីខ្លះដែលបង្ហាញពីសេចក្ដីស្រឡាញ់នេះបានល្អជាពិសេស ?
-
តើព្រះអង្គសង្គ្រោះបានប្រទានអ្វីខ្លះដល់ មនុស្សដែលស្វែងរកទ្រង់ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីកាន់តែ « រង់ចាំ » ដោយស្មោះត្រង់ចំពោះព្រះអង្គសង្គ្រោះ និងពរជ័យដែលបានសន្យារបស់ទ្រង់ ?
ព្រះយេស៊ូវគ្រីស្ទសង្គ្រោះខ្ញុំពីអំពើបាប និងសេចក្តីស្លាប់ ។
វិធីមួយដើម្បីធ្វើឲ្យការដឹងគុណរបស់បងប្អូនចំពោះព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅគឺ ការគិតអំពីអ្វីដែលនឹងកើតឡើងចំពោះយើងប្រសិនបើគ្មានទ្រង់ ។ នៅពេលបងប្អូនអាន នីហ្វៃទី២ ៩:១–២៦ សូមពិចារណាធ្វើជាបញ្ជី ឬគូសចំណាំជាពណ៌មួយអំពីអ្វីដែលនឹងកើតឡើងចំពោះយើងប្រសិនបើគ្មានដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទទេនោះ ។ បន្ទាប់មក បងប្អូនអាចប្រើបញ្ជី ឬពណ៌មួយទៀតដើម្បីកំណត់សម្គាល់នូវអ្វីដែលយើងអាចទទួលបានតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ដោយផ្អែកទៅលើអ្វីដែលបងប្អូនបានអាន តើបងប្អូននឹងពន្យល់យ៉ាងណាអំពីមូលហេតុដែលយើងត្រូវការដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ? តើបងប្អូនបានរកឃើញអ្វីខ្លះ ដែលបំផុសគំនិតបងប្អូនឲ្យសរសើរដល់ « ប្រាជ្ញានៃព្រះ សេចក្ដីមេត្តាករុណា និងព្រះគុណព្រះ » ? ( នីហ្វៃទី២ ៩:៨ ) ។
បន្ថែមពីលើការបង្រៀនអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះយើង យ៉ាកុបក៏បានផ្តល់ការយល់ដឹងអំពីរបៀបដែលទ្រង់បានសង្គ្រោះយើងផងដែរ ។ សូមពិចារណាកត់ត្រាអ្វីដែលបងប្អូនបានរកឃើញនៅក្នុង នីហ្វៃទី២ ៩:១១–១៥, ២០–២៤ ។
យ៉ាកុបស្ញប់ស្ញែងនឹងផែនការនៃសេចក្ដីប្រោសលោះរបស់ព្រះជាខ្លាំង ទើបលោកបានប្រកាសថា « ឱ ផែនការនៃព្រះរបស់យើងធំណាស់ហ្ន៎ » ។ សូមរកមើលការប្រកាសនេះនៅក្នុង នីហ្វៃទី២ ៩ ( ភាគច្រើនមាននៅក្នុង ខទី ៨–២០ ) ។ តើបងប្អូនរៀនអ្វីខ្លះចេញមកពីខគម្ពីរទាំងនេះអំពីផែនការរបស់ព្រះ ? តើបទពិសោធន៍អ្វីខ្លះដែលបានជួយបងប្អូនឲ្យទទួលអារម្មណ៍ខ្លះៗពីអារម្មណ៍របស់យ៉ាកុប ? ជាផ្នែកមួយនៃការថ្វាយបង្គំ និងការសិក្សារបស់បងប្អូន សូមពិចារណាស្វែងរកទំនុកតម្កើង ដែលអាចបង្ហាញពីអារម្មណ៍របស់បងប្អូនចំពោះទ្រង់ ដូចជាបទ « តើទ្រង់ធំប៉ុនណា » ( ទំនុកតម្កើង ល.រ. ៣៨ ) ។
សូមមើលផងដែរ « Where Justice, Love, and Mercy Meet » និង « Jacob Teaches of the Resurrection » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ, Gospel Topics « Atonement of Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺនិរន្តរ៍ ។
តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីយល់កាន់តែច្បាស់អំពី « ដង្វាយធួនដ៏និរន្តរ៍ » របស់ព្រះយេស៊ូវគ្រីស្ទ ? ( នីហ្វៃទី២ ៩:៧ ) ។ ប្រហែលជាបងប្អូនអាចរកមើល ឬគិតអំពីរឿងដែលហាក់ដូចជាមានចំនួនដ៏និរន្ដរ៍—ពន្លកស្មៅនៅទីវាល គ្រាប់ខ្សាច់នៅលើឆ្នេរខ្សាច់ ឬដួងតារានៅលើមេឃ ។ តើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះជានិរន្ដរ៍យ៉ាងដូចម្ដេច ? តើវាមានលក្ខណៈផ្ទាល់ខ្លួនដោយរបៀបណា ? តើឃ្លាណាខ្លះនៅក្នុង នីហ្វៃទី២ ៩ ដែលជួយបងប្អូនឲ្យមានអំណរគុណចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់បងប្អូន ?
ខ្ញុំអាចមករកព្រះគ្រីស្ទ ហើយធ្វើតាមផែនការរបស់ព្រះ ។
នៅក្នុង នីហ្វៃទី២ ៩ យ៉ាកុបបានប្រើឃ្លាដ៏មានអានុភាព និងផ្ទុយគ្នាពីរ ៖ « ផែនការនៃការប្រោសប្រណីរបស់ព្រះបង្កបង្កើតដ៏ធំ » និង « ផែនការដែលប្រកបដោយឧបាយកលរបស់អ្នកអាក្រក់ » ( នីហ្វៃទី២ ៩:៦, ២៨ ) ។ ប្រហែលជាបងប្អូនអាចគូររូបផ្លូវមួយ និងសរសេរចំណងជើងថា ផែនការរបស់ព្រះវរបិតាសួគ៌ ។ បន្ទាប់មក សូមស្រាវជ្រាវក្នុង នីហ្វៃទី២ ៩:២៧–៥២ ។ សូមរកមើលការព្រមាន និងការអញ្ជើញដែលយ៉ាកុបបានផ្តល់ឲ្យដើម្បីជួយយើងធ្វើតាមផែនការនេះ ។ សូមសរសេរអ្វីដែលបងប្អូនបានរកឃើញក្រៅពីផ្លូវនេះ ។ តើសាតាំងព្យាយាមនាំយើងចេញពីផែនការរបស់ព្រះយ៉ាងដូចម្ដេច ? តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ជាការឆ្លើយតបទៅនឹងការព្រមាន និងការអញ្ជើញរបស់យ៉ាកុប ?
ពលិកម្មរបស់ព្រះយេស៊ូវគ្រីស្ទអាចនាំសេចក្ដីអំណរមកដល់ខ្ញុំបាន ។
សារលិខិតរបស់យ៉ាកុបគឺជាសារលិខិតនៃសេចក្តីអំណរមួយ ។ លោកបានថ្លែងថា « ខ្ញុំពោលការណ៍ទាំងអស់ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចបានត្រេកអរ ហើយងើយក្បាលអ្នកឡើងជាដរាប » ( នីហ្វៃទី២ ៩:៣ ) ។ នៅពេលបងប្អូនអាន នីហ្វៃទី២ ១០:២០, ២៣–២៥ តើបងប្អូនរកឃើញអ្វីខ្លះដែលផ្ដល់សេចក្តីរីករាយដល់ដួងចិត្តរបស់បងប្អូន ? តើបងប្អូននឹងធ្វើអ្វីខ្លះដើម្បីចងចាំរឿងទាំងនេះ នៅពេលបងប្អូនមានអារម្មណ៍បាក់ទឹកចិត្ត ?
សូមមើលផងដែរ យ៉ូហាន ១៦:៣៣; ឌី ថត គ្រីស្តូហ្វឺសិន « The Joy of the Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨; « Jacob Encourages the Nephites to Be Reconciled with God » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
-
តើបងប្អូននឹងជួយកូនៗរបស់បងប្អូនឲ្យយល់ និងមានអារម្មណ៍ថា ពួកគេត្រូវការព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ទំព័រសកម្មភាពសប្ដាហ៍នេះអាចជួយបាន ។ វាប្រើភាពស្រដៀងគ្នាសាមញ្ញៗនៃរណ្តៅ និងជណ្ដើរ ។ សូមពិចារណាប្រើប្រាស់ នីហ្វៃទី២ ៩:២១–២២ ដើម្បីនិយាយជាមួយកូនៗរបស់បងប្អូនអំពីមូលហេតុដែលបងប្អូនមានអំណរគុណចំពោះព្រះយេស៊ូវគ្រីស្ទ ។
-
របៀបមួយដើម្បីជួយកូនៗរបស់បងប្អូនឲ្យយល់អំពីមូលហេតុដែលយើងត្រូវការព្រះអង្គសង្គ្រោះគឺបង្រៀនពួកគេអំពីការធ្លាក់ ។ បងប្អូនអាចបង្ហាញរូបភាពរបស់លោកអ័ដាម និងនាងអេវ៉ា ដូចជា Leaving the Garden of Eden [ ការចាកចេញពីសួនច្បារអេដែន ] ( បណ្ណាល័យដំណឹងល្អ ) និងរូបភាពព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង ។ សូមពិចារណាសុំឲ្យពួកគេពិពណ៌នានូវអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពនីមួយៗ ។ តើយើងដូចជាលោកអ័ដាម និងនាងអេវ៉ាដោយរបៀបណា ? ប្រហែលជា នីហ្វៃទី២ ៩:៦–១០ អាចជួយពួកគេឲ្យមើលឃើញពីអ្វីដែលព្រះយេស៊ូវគ្រីស្ទធ្វើសម្រាប់យើង ។ សូមពិចារណាអញ្ជើញកូនៗឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ បទចម្រៀងដូចជាបទ « ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះសង្រ្គោះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤២–៤៣ ) អាចជួយបាន ។
នីហ្វៃទី២ ៩:២០, ២៨–២៩, ៤២–៤៣, ៤៩
« ចិត្តខ្ញុំត្រេកអរនឹងអំពើសុចរិត » ។
-
ដើម្បីលើកទឹកចិត្តកូនៗរបស់បងប្អូនឲ្យ « [ ត្រេកអរ ] នឹងអំពើសុចរិត » ឬត្រេកអរនឹងគោរពតាមព្រះអម្ចាស់ ( នីហ្វៃទី២ ៩:៤៩ ) ប្រហែលជាបងប្អូនអាចចែកចាយឧទាហរណ៍ទាំងឡាយដែលកូនម្នាក់អាចធ្វើការជ្រើសរើសត្រឹមត្រូវ ឬការជ្រើសរើសខុស ។ សូមអញ្ជើញកូនៗឲ្យក្រោកឈរនៅពេលជម្រើសនាំមកនូវសុភមង្គល ហើយអង្គុយចុះនៅពេលដែលជម្រើសនាំមកនូវទុក្ខសោក ។ តើពេលណាដែលយើងមានអារម្មណ៍រីករាយ ដោយសារយើងបានសម្រេចចិត្តដើរតាមព្រះយេស៊ូវគ្រីស្ទ ?
-
កូនៗរបស់បងប្អូនភាគច្រើននឹងមានទំនាក់ទំនងជាមួយមនុស្ស ( ប្រសិនបើពួកគេមិនទាន់មានទេ ) ដែលគិតថា បទបញ្ញត្តិរបស់ព្រះអម្ចាស់គឺល្ងីល្ងើ ឬហួសសម័យ ។ ប្រហែលជាបងប្អូន និងកូនៗរបស់បងប្អូនអាចនិយាយអំពីរបៀបពន្យល់ពីមូលហេតុដែលយើងរីករាយក្នុងការរក្សាបទបញ្ញត្តិទាំងឡាយ ។ ហេតុអ្វីបានជាវាសំខាន់ក្នុងការទុកចិត្តលើព្រះឱវាទរបស់ព្រះ ទោះជាយើងមិនយល់ទាំងស្រុងក្តី ? បងប្អូនអាចលើកទឹកចិត្តពួកគេឲ្យរកមើលនៅក្នុង នីហ្វៃទី២ ៩:២០, ២៨–២៩, ៤២–៤៣ ដើម្បីជួយឲ្យគិត និងពិភាក្សាអំពីសំណួរទាំងនេះ ។