« ថ្ងៃទី ១៨–២៤ ខែ មីនា ៖ ‹ នេះគឺជាផ្លូវ › ។ នីហ្វៃទី២ ៣១–៣៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ១៨–២៤ ខែ មីនា ។ នីហ្វៃទី២ ៣១–៣៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ១៨–២៤ ខែ មីនា ៖ « នេះគឺជាផ្លូវ »
នីហ្វៃទី២ ៣១–៣៣
នៅក្នុងចំណោមពាក្យដែលបានកត់ត្រាចុងក្រោយរបស់នីហ្វៃ ពួកយើងរកឃើញការប្រកាសនេះ ៖ « ទ្រង់បានបញ្ជាខ្ញុំថាដូច្នេះ ហើយខ្ញុំត្រូវតែគោរពធ្វើតាម » ( នីហ្វៃទី២ ៣៣:១៥ ) ។ នេះគឺជាសេចក្តីសង្ខេបដ៏ល្អអំពីជីវិតរបស់នីហ្វៃ ។ លោកព្យាយាមយល់ព្រះទ័យរបស់ព្រះអម្ចាស់ ហើយបានព្យាយាមគោរពតាមយ៉ាងអង់អាច—មិនថាលោកត្រូវប្រថុយជីវិតដើម្បីទៅយកផ្ទាំងលង្ហិនមកពីឡាបាន់ សង់សំពៅ និងធ្វើដំណើរឆ្លងកាត់សមុទ្រ ឬត្រូវបង្រៀនគោលលទ្ធិនៃព្រះគ្រីស្ទដោយភាពច្បាស់លាស់ និងអានុភាពយ៉ាងស្មោះត្រង់នោះទេ ។ នីហ្វៃអាចនិយាយបញ្ចុះបញ្ចូលអំពីតម្រូវការដើម្បី « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ក្នុងការដើរតាម « ផ្លូវតូច ហើយចង្អៀតនោះ ដែលនាំទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី២ ៣១:២០, ១៨ ) ដោយសារនោះគឺជាផ្លូវតែមួយគត់ដែលលោកត្រូវដើរតាម ។ លោកដឹងតាមបទពិសោធន៍ថា ផ្លូវនេះ ទោះជាទាមទារពេលវេលាក្ដី ក៏វាប្រកបដោយអំណរដែរ ហើយថា « គ្មានផ្លូវឯណាទៀតទេ ឬក៏ឈ្មោះណាទៀតនៅក្រោមមេឃនេះ ដែលមនុស្សអាចបានសង្គ្រោះនៅក្នុងនគរនៃព្រះឡើយ » ( នីហ្វៃទី២ ៣១:២១ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់គឺជាមាគ៌ាតែមួយគត់ទៅកាន់ជីវិតដ៏អស់កល្បជានិច្ច ។
បើសិនជាបងប្អូនត្រូវសង្ខេបអំពីមាគ៌ាទៅកាន់ជីវិតអស់កល្បជានិច្ចត្រឹមតែជាពាក្យពីរបីម៉ាត់ តើបងប្អូននឹងនិយាយអ្វីខ្លះ ? សូមកត់សម្គាល់ពីរបៀបដែលនីហ្វៃបានពិពណ៌នានៅក្នុង នីហ្វៃទី២ ៣១ ។ សូមពិចារណាគូររូបផ្លូវមួយ ហើយសរសេរគោលការណ៍ ឬជំហានមួយចំនួននៅលើផ្លូវនោះ ដែលបងប្អូនរកឃើញក្នុងជំពូកទាំងនេះ ។ បងប្អូនអាចបន្ថែមសេចក្ដីសង្ខេបផ្ទាល់ខ្លួនរបស់បងប្អូនអំពីអ្វីដែលនីហ្វៃបានបង្រៀនអំពីគោលការណ៍នីមួយៗទៅក្នុងរូបគំនូររបស់បងប្អូនបាន ។
កាលបងប្អូនអាន នីហ្វៃទី២ ៣១:១៨–២០ សូមវាយតម្លៃការខិតខំផ្ទាល់ខ្លួនរបស់បងប្អូនដើម្បី « ឈានទៅមុខ » នៅលើផ្លូវនៃដំណឹងល្អនេះ ។
សូមមើលផងដែរ « ពួកបរិសុទ្ធឆ្ពោះទៅមុខ » ទំនុកតម្កើង ល.រ. ៣៣ ។
ព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូដ៏ល្អឥតខ្ចោះនៃការគោរពប្រតិបត្តិ នៅពេលទ្រង់បានទទួលពិធីបុណ្យជ្រមុជទឹក ។
មិនថាពិធីបុណ្យជ្រមុជទឹករបស់បងប្អូនបានធ្វើឡើងកាលពីម្សិលមិញ ឬកាលពី ៨០ ឆ្នាំមុននោះទេ វាគឺជាពេលវេលាដ៏សំខាន់មួយ ។ បងប្អូនបានចុះសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ចដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។ ចូរគិតអំពីពិធីបុណ្យជ្រមុជទឹករបស់បងប្អូន នៅពេលបងប្អូនអានអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី២ ៣១:៤–១៣ ។ ការឆ្លើយសំណួរបែបនេះអាចជួយបាន ៖
-
ហេតុអ្វីបានជាព្រះគ្រីស្ទបានទទួលពិធីបុណ្យជ្រមុជទឹក ? ហេតុអ្វីខ្ញុំបានជ្រើសរើសទទួលពិធីបុណ្យជ្រមុជទឹក ?
-
តើខ្ញុំបានសន្យាអ្វីខ្លះ ពេលខ្ញុំទទួលពិធីបុណ្យជ្រមុជទឹក ? តើព្រះអម្ចាស់សន្យាអ្វីត្រឡប់មកវិញ ? ( សូមមើល ខទី ១២–១៣; សូមមើលផងដែរ ម៉ូសាយ ១៨:១០, ១៣ ) ។
-
តើខ្ញុំអាចបង្ហាញថា ខ្ញុំនៅតែប្តេជ្ញាចិត្តធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
« អ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះនឹងត្រូវបានសង្គ្រោះ » ។
កាលបងប្អូនអាន នីហ្វៃទី២ ៣១:១៥–២០ សូមសួរខ្លួនឯងថា « តើខ្ញុំដឹងថា ខ្ញុំស៊ូទ្រាំរហូតដល់ទីបញ្ចប់ដោយរបៀបណា ? » តើបងប្អូនរៀនអ្វីខ្លះពីនីហ្វៃ ដែលជួយបងប្អូនឲ្យឆ្លើយសំណួរទាំងនេះ ?
អែលឌើរ ឌែល ជី រិនឡាន់ បានបង្រៀនថា « ការស៊ូទ្រាំដល់ចុងបំផុតមិនមែនជាជំហានដាច់ដោយឡែកមួយនៅក្នុងគោលលទ្ធិនៃព្រះគ្រីស្ទនោះទេ មិនមែនថាយើងបញ្ចប់ជំហានទាំងបួនដំបូងហើយ បន្ទាប់មកចំកោងខ្លួនចុះ សង្កៀតធ្មេញ ហើយដេកចាំថ្ងៃស្លាប់នោះទេ ។ មិនមែនទេ ការស៊ូទ្រាំដល់ចុងបំផុតគឺជាការដើរតាមជំហានក្នុងគោលលទ្ធិនៃព្រះគ្រីស្ទដដែលៗឡើងវិញយ៉ាងសកម្ម និងដោយមានចេតនា » ( « Lifelong Conversion » [ Brigham Young University devotional ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ ] ទំព័រ ២ នៅលើគេហទំព័រ speeches.byu.edu ) ។ តើបងប្អូនអាចធ្វើតាមជំហានទាំងនេះឡើងវិញនៅក្នុងគោលលទ្ធិនៃព្រះគ្រីស្ទ ( សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ ) ដោយរបៀបណា ?
តាមរយៈព្រះបន្ទូលនៃព្រះគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ព្រះនឹងបង្ហាញខ្ញុំពីអ្វីដែលត្រូវធ្វើ ។
តើបងប្អូនធ្លាប់មានអារម្មណ៍មិនច្បាស់លាស់អំពីអ្វីដែលត្រូវធ្វើក្នុងជីវិតរបស់បងប្អូនដែរឬទេ ? ប្រជាជននីហ្វៃមានកង្វល់ស្រដៀងគ្នានេះដែរ ( សូមមើល នីហ្វៃទី២ ៣២:១ ) ។ សូមរកមើលចម្លើយរបស់នីហ្វៃនៅក្នុង នីហ្វៃទី២ ៣២:២–៩ ។ តើបងប្អូននឹងថ្លែងជាពាក្យពេចន៍របស់បងប្អូនផ្ទាល់អំពីអ្វីដែលនីហ្វៃបានបង្រៀនដោយរបៀបណា ? តើបទពិសោធន៍អ្វីខ្លះដែលបានបង្រៀនបងប្អូនថា ពាក្យសម្តីរបស់នីហ្វៃគឺពិត ?
សូមពិចារណាធ្វើបញ្ជីមួយពីការសម្រេចចិត្ត ឬស្ថានភាព ( ឥឡូវនេះ និងពេលអនាគត ) ដែលបងប្អូនត្រូវការការណែនាំពីព្រះ ។ តើបងប្អូនអាចរៀនអ្វីមកពី នីហ្វៃទី២ ៣២ ដែលនឹងជួយបងប្អូនឲ្យទទួលជោគជ័យក្នុងការទទួលបានការបំផុសគំនិតពីទ្រង់ ? តើអ្វីដែលអាចដឹកនាំមនុស្សឲ្យមាន « ចិត្តរឹងរូសទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ » ? ( នីហ្វៃទី២ ៣៣:២ ) ។
នៅពេលបងប្អូនសញ្ជឹងគិតពីដំបូន្មានរបស់នីហ្វៃ សូមគិតអំពីរបៀបដែលបងប្អូនសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ។ តើបងប្អូននឹងពិពណ៌នាបទពិសោធន៍នេះថាជាការទទួលទានអាហារសម្រន់ ការទទួលទានអាហារ ឬការទទួលទាននៅពិធីជប់លៀងធំៗ ? តើក្នុងទស្សនៈរបស់បងប្អូនវាខុសគ្នាអ្វីខ្លះ ? សូមពិចារណាពីរបៀបដែលបងប្អូនអាចធ្វើឲ្យបទពិសោធន៍របស់បងប្អូនជាមួយព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះកាន់តែដូចជាពិធីជប់លៀងធំៗ ។ ប្រហែលជាបងប្អូនអាចទទួលបានគំនិតពីមិត្តភក្តិ ឬសមាជិកគ្រួសារ ។
តើបងប្អូនយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាដៃគូដ៏ខ្ជាប់ខ្ជួនក្នុងជីវិតរបស់បងប្អូន ជាជាងជាភ្ញៀវដែលយាងអញ្ជើញមកម្តងម្កាលដោយរបៀបណា ? សូមអានការណែនាំបីយ៉ាងរបស់ ដេវីឌ អេ បែដណា ដើម្បីធ្វើឲ្យភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធជា « ការពិតដែលបន្តទៅមុខ » នៅក្នុង « Receive the Holy Ghost » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៤–៩៧ ) ។ តើបងប្អូននឹងអនុវត្តតាមដំបូន្មានរបស់លោកដោយរបៀបណា ?
សូមមើលផងដែរ Gospel Topics « Revelation » នៅលើបណ្ណាល័យដំណឹងល្អ; « Daily Bread: Pattern » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ព្រះគម្ពីរមរមនបញ្ចុះបញ្ចូលយើងទាំងអស់គ្នាឲ្យជឿលើព្រះគ្រីស្ទ ។
នៅក្នុង នីហ្វៃទី២ ៣៣ នៅពេលនីហ្វៃបញ្ចប់សំណេររបស់លោក នោះលោកបានពន្យល់អំពីមូលហេតុដែលលោកសរសេរដូច្នេះតាំងពីដំបូងមក ។ តើមានមូលហេតុអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុងជំពូកនេះ ? សូមសញ្ជឹងគិតពីដំណើររឿង និងការបង្រៀនទាំងឡាយដែលបងប្អូនបានអានកន្លងមកនៅក្នុង នីហ្វៃទី ១ និង នីហ្វៃទី ២ ។ តើមួយណាដែលមានឥទ្ធិពលលើបងប្អូន និងសេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះគ្រីស្ទច្រើនជាងគេ ?
សូមមើលផងដែរ « Nephi Records His Final Testimony » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
គំនិតសម្រាប់បង្រៀនកុមារ
នៅពេលខ្ញុំបានទទួលពិធីបុណ្យជ្រមុជទឹក ខ្ញុំកំពុងដើរតាមព្រះយេស៊ូវគ្រីស្ទ ។
-
មានរូបរបស់ព្រះយេស៊ូវកំពុងទទួលពិធីបុណ្យជ្រមុជទឹកនៅចុងបញ្ចប់នៃមេររៀននេះ ។ ប្រហែលជាកូនៗរបស់បងប្អូនអាចប្រើវាដើម្បីប្រាប់បងប្អូនពីអ្វីដែលពួកគេដឹងអំពីព្រឹត្តិការណ៍នេះ ( សូមមើលផងដែរ ម៉ាថាយ ៣:១៣–១៧ ) ។ ហេតុអ្វីបានជាព្រះយេស៊ូវចង់ឲ្យយើងទទួលពិធីបុណ្យជ្រមុជទឹកដូចទ្រង់ ? កូនៗរបស់បងប្អូនអាចស្តាប់រកមូលហេតុ នៅពេលបងប្អូនអានផ្នែកខ្លះនៃ នីហ្វៃទី២ ៣១:៤–១៣ ។ វាអាចមានប្រយោជន៍ បើនរណាម្នាក់ដែលបានទទួលពិធីបុណ្យជ្រមុជទឹកនាពេលថ្មីៗនេះ អាចចែកចាយបទពិសោធន៍របស់គាត់ ឬនាងបាន ។
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនខ្ញុំអំពីរបៀបត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យមើលឃើញពីការបង្រៀននេះនៅក្នុង នីហ្វៃទី២ ៣១ ពួកគេអាចគូររូបផ្លូវមួយដែលមានរូបព្រះយេស៊ូវគ្រីស្ទនៅឯចុងផ្លូវ ។ បងប្អូនអាចជួយពួកគេរក ឬគូររូបភាពដែលតំណាងឲ្យជំហានទាំងឡាយនៅលើផ្លូវនោះ ដូចជាសេចក្តីជំនឿលើព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ ពួកគេអាចចង្អុលទៅរូបភាពនៅពេលបងប្អូនអាន នីហ្វៃទី២ ៣១:១៧–២០ ជាមួយគ្នា ។
ខ្ញុំអាចទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ។
-
ដើម្បីបង្រៀនអំពី « ការទទួលទាន » ព្រះបន្ទូលនៃព្រះគ្រីស្ទ បងប្អូនអាចសុំឲ្យកូនៗរបស់បងប្អូនធ្វើពីរបៀបដែលពួកគេនឹងទទួលទានអាហារដែលពួកគេចូលចិត្ត ។ នៅក្នុង នីហ្វៃទី២ ៣២:៣ តើនីហ្វៃនិយាយថាយើងគួរទទួលទានអ្វី ? តើការទទួលទាននៃព្រះបន្ទូលរបស់ព្រះខុសពីការគ្រាន់តែ អាន ព្រះបន្ទូលដោយរបៀបណា ? ប្រហែលជាកូនៗរបស់បងប្អូនអាចអនុវត្តតាមភាពខុសគ្នាទាំងនេះបាន ។ សូមចែកចាយជាមួយពួកគេនូវពរជ័យដែលបងប្អូនបានទទួល នៅពេលបងប្អូនបានទទួលទានបទគម្ពីរ ។
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំអធិស្ឋានជានិច្ច ។
-
បន្ទាប់ពីអំណាន នីហ្វៃទី២ ៣២:៨–៩ សូមនិយាយជាមួយកូនៗរបស់បងប្អូនអំពីមូលហេតុដែលសាតាំងមិនចង់ឲ្យយើងអធិស្ឋាន ។ ហេតុអ្វីបានជាព្រះចង់ឲ្យយើង « អធិស្ឋានជានិច្ច » ? កូនៗរបស់បងប្អូនអាចធ្វើបញ្ជីមួយ ឬគូររូបពីស្ថានភាពដែលពួកគេអាចអធិស្ឋាន ។ បន្ទាប់មក បងប្អូនអាចច្រៀងចម្រៀងមួយបទដែលបង្រៀនអំពីការអធិស្ឋាន ដូចជាបទ « តើបានអធិស្ឋានទេ ? » ( ទំនុកតម្កើង ល.រ. ៧៩ ) ។ បងប្អូនអាចជំនួសពាក្យពេចន៍មួយចំនួននៅក្នុងបទចម្រៀងនោះជាមួយពាក្យពេចន៍មកពីបញ្ជីរបស់ពួកគេ ។ តើព្រះប្រទានពរដល់យើង នៅពេលយើងអធិស្ឋានជានិច្ចដោយរបៀបណា ?