ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៥–៣១ ខែ មីនា ៖ « ទ្រង់​នឹង​មាន​ព្រះជន្ម​រស់​ឡើងវិញ​ដោយ … ប្រោស​ឲ្យជា​នៅក្នុង​ចំអេង​ស្លាប​ទ្រង់ » ។ បុណ្យ​អ៊ីស្ទើរ


« ថ្ងៃទី ២៥–៣១ ខែ មីនា ៖ ‹ ទ្រង់​នឹង​មាន​ព្រះជន្ម​រស់​ឡើងវិញ​ដោយ … ប្រោស​ឲ្យជា​នៅក្នុង​ចំអេង​ស្លាប​ទ្រង់ › ។ បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២៥–៣១ ខែ មីនា ។ បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​គង់​នៅ​ជាមួយ​ពួកសាវក​របស់​ទ្រង់

Christ and the Apostles [ ព្រះគ្រីស្ទ និង​ពួក​សាវក ] ដោយ ឌេល ផាសិន

ថ្ងៃទី ២៥–៣១ ខែ មីនា ៖ « ទ្រង់​នឹង​មាន​ព្រះជន្ម​រស់​ឡើងវិញ​ដោយ … ប្រោស​ឲ្យជា​នៅក្នុង​ចំអេង​ស្លាប​ទ្រង់ »

បុណ្យ​អ៊ីស្ទើរ

ពួក​សាវក​ពី​បុរាណ​មាន​ភាព​មុតមាំ​នៅ​ក្នុង​ការថ្លែង​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការរស់​ឡើងវិញ​របស់​ទ្រង់ ( សូមមើល កិច្ចការ ៤:៣៣ ) ។ មនុស្ស​រាប់​លាន​នាក់​ជឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ព្យាយាម​ដើម្បី​ធ្វើ​តាម​ទ្រង់ តាម​រយៈ​ពាក្យសម្ដី​របស់​ពួកលោក​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ ប៉ុន្តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​អាច​នឹង​ងឿង​ឆ្ងល់​ថា បើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​ទាំងមូល​ពិត​មែន ហេតុអ្វី​សាក្សី​របស់​ទ្រង់​មាន​កំណត់​ឲ្យ​មាន​មនុស្ស​តែ​មួយ​ចំនួន​តូច​នៅ​ក្នុង​តំបន់​តូច​មួយ​ដូច្នេះ ?

ព្រះគម្ពីរ​មរមន​គឺ​ជា​សាក្សី​បន្ថែម​មួយ​ទៀត ដែល​កំពុង​ផ្លាស់ប្តូរ​មនុស្ស​ឲ្យ​ជឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក « ដែល​បាន​សម្ដែង​រូប​អង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ » ( ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន ) ហើយ​ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​ទៅ​ដល់​មនុស្ស​ទាំងអស់​ដែល​មក​រក​ទ្រង់ ។ បន្ថែម​ពី​លើ​នោះ សាក្សី​ទីពីរ​នេះ​ក៏​បញ្ជាក់​អំពី​អត្ថន័យ​នៃ​សេចក្ដី​សង្គ្រោះ​ផងដែរ ។ នេះ​គឺ​ជា​មូលហេតុ​ដែល នីហ្វៃ យ៉ាកុប មរមន និង​ពួកព្យាការី​ទាំងអស់​ធ្វើការ​យ៉ាង​ខ្នះខ្នែង « ខំ​ព្យាយាម​ដើម្បី​ឆ្លាក់​ពាក្យ​ទាំង​នេះ​នៅ​លើ​ផ្ទាំង »— ដើម្បី​ប្រកាស​ដល់​ជំនាន់​ទាំងឡាយ​នា​ពេល​អនាគត​ថា ពួកលោក​ក៏​បាន « ដឹង​អំពី​ព្រះគ្រីស្ទ ហើយ​… បាន​សង្ឃឹម​ដល់​សិរីល្អ​របស់​ទ្រង់ » ដែរ ( យ៉ាកុប ៤:៣–៤ ) ។ នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ សូម​សញ្ជឹង​គិត​អំពី​ទីបន្ទាល់​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​ថា ព្រះចេស្ដា​របស់​ព្រះអង្គ​សង្រ្គោះ​គឺ​មាន​ទាំង​ជា​សាកល និង​ជា​បុគ្គល​—ដែល​ប្រោសលោះ​ពិភពលោក​ទាំងមូល ព្រម​ទាំង​ប្រោសលោះ​ដល់​បងប្អូន​ផងដែរ ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​នឹង​រស់ឡើងវិញ​ម្តងទៀត ។

វា​គឺ​ជា​ទំនៀមទម្លាប់​នៅ​បុណ្យ​អ៊ីស្ទើរ​ដើម្បី​ពិចារណា​អំពី​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប៉ុន្តែ​តើ​ការរស់​ឡើងវិញ​មានន័យ​យ៉ាងណា​ឲ្យ​ប្រាកដ​ទៅ ? តើ​ព្រះគម្ពីរ​មរមន​ផ្ដល់​គំនិត​អ្វីខ្លះ​អំពី​ការរស់​ឡើងវិញ ? ប្រហែល​នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ បងប្អូន​អាច​ធ្វើ​បញ្ជី​សេចក្តីពិត​អំពី​ការរស់​ឡើងវិញ​ដែល​បងប្អូន​ឃើញ​មាន​នៅ​ក្នុង នីហ្វៃទី ២ ៩:៦–១៥, ២២; អាលម៉ា ១១:៤២–៤៥; ៤០:២១–២៥ និង នីហ្វៃទី ៣ ២៦:៤–៥ ។

បងប្អូន​ក៏​អាច​កត់ត្រា​អំពី​របៀប​ដែល​សេចក្តី​ពិត​ទាំងនេះ​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ មាន​ឥទ្ធិពល​លើ​ទង្វើ​របស់​បងប្អូន និង​របៀប​រស់នៅ​របស់​បងប្អូន​ផងដែរ ។ ជាឧទាហរណ៍ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​នឹង​បំពេញ​ប្រយោគ​ទាំងនេះ ៖ ប្រសិនបើ​ខ្ញុំ​មិន​ដឹង​រឿង​ទាំងនេះ​ទេ … និង ដោយសារ​ខ្ញុំ​ដឹង​រឿង​ទាំងនេះ ។ …

ទំនុក​តម្កើង​ដូចជា​បទ « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ » ( ទំនុក​តម្កើង ល.រ. ៧៦ ) អាច​ជួយ​បងប្អូន​ឲ្យ​គិត​អំពី​មូលហេតុ​ដែល​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​សារៈ​សំខាន់​ចំពោះ​បងប្អូន ។ នៅ​ពេល​បងប្អូន​ច្រៀង ស្តាប់ ឬ​អាន​ទំនុក​តម្កើង បងប្អូន​អាច​សួរ​ខ្លួន​ឯង​ថា « តើ​ជីវិត​របស់​ខ្ញុំ​ខុសគ្នា​ដោយ​របៀប​ណា​ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ ? »

នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​មាន​វីដេអូ​អំពី​បុណ្យ​អ៊ីស្ទើរ ដែល​អាច​ជា​ផ្នែក​មួយ​ដ៏​មាន​អត្ថន័យ​សម្រាប់​ការសិក្សា​របស់​បងប្អូន ។ ប្រហែល​ជា​បងប្អូន​អាច​មើល​វីដេអូ​ទាំងនេះ​មួយ ឬ​ច្រើន ហើយ​ពិចារណា​អំពី​អ្វី​ដែល​វា​បន្ថែម​ដល់​ការយល់ដឹង ឬ​ការដឹងគុណ​របស់​បងប្អូន​ចំពោះ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ ។

សូមមើល​ផងដែរ លូកា ២៤:៣៦–៤៣; កិច្ចការ ២៤:១៥; កូរិនថូសទី១ ១៥:១២–២៣ រ៉េណា អ៊ី អាប៊ើតូ « ផ្នូរ​គ្មាន​ជ័យ​ជម្នះ​លើ​ឡើយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៥–៨៦; Gospel Topics « Resurrection » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « Death, Grieving, and Loss » នៅក្នុង​កម្រង « ជួយ​ដល់​ជីវិត » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប ការឈឺចាប់ និង​ជំងឺ​របស់​ខ្ញុំ ។

ព្រះគម្ពីរ​ប៊ីប​បង្រៀន​យ៉ាង​ច្បាស់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើបាប​របស់​យើង ។ ព្រះគម្ពីរ​មរមន​បាន​ពង្រីក​ការយល់​ដឹង​របស់​យើង​អំពី​ដង្វាយធួន និង​ការរងទុក្ខ​របស់​ព្រះគ្រីស្ទ​តាម​របៀប​ដ៏សំខាន់​ជាច្រើន ។ បងប្អូន​អាច​ស្វែងរក​ការបង្រៀន​ទាំងនេះ​នៅក្នុង ម៉ូសាយ ៣:៧; ១៥:៥–៩; អាលម៉ា ៧:១១–១៣ ។ បន្ទាប់​ពី​បងប្អូន​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​ហើយ សូម​ពិចារណា​ធ្វើ​ការ​កត់ត្រា​នូវ​អ្វី​ដែល​បងប្អូន​បាន​រកឃើញ​ទៅ​ក្នុង​តារាង​មួយ​ដូច​ជា​តារាង​មួយ​នេះ ៖

តើ​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​អ្វី​ខ្លះ ?

តើ​ហេតុអ្វី​បាន​ជា​ទ្រង់​រងទុក្ខ ?

តើ​ការណ៍​នេះ​មាន​ន័យ​យ៉ាងដូច​ម្តេច​ចំពោះ​ខ្ញុំ ?

នេះ​គឺជា​របៀប​មួយទៀត​ដើម្បី​សិក្សា​វគ្គបទគម្ពីរ​ទាំងនេះ ៖ សូម​រកមើល​ទំនុកតម្កើង​ដែល​បងប្អូន​មាន​អារម្មណ៍​ថា ត្រូវគ្នា​នឹង​សារលិខិត​ដែល​ពួកលោក​បង្រៀន ។ លិបិក្រម « ព្រះគម្ពីរ » នៅ​ពីក្រោយ​សៀវភៅ​ទំនុក​តម្កើង​អាច​ជួយ​បាន ។ តើ​ឃ្លា​អ្វី​ខ្លះ​មកពី​ទំនុកតម្កើង​ទាំងនេះ និង​ព្រះគម្ពីរ​ដែល​ជួយ​បងប្អូន​ឲ្យ​ដឹងគុណ​ចំពោះ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ជ្រាលជ្រៅ ?

សូមមើល​ផងដែរ អេសាយ ៥៣; ហេព្រើរ ៤:១៤–១៦; ហ្គែរ៉ល កូសសេ « A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៨–៤០ ។

ព្រះយេស៊ូវគ្រីស្ទ​អាច​សម្អាត​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ ។

វា​អាច​និយាយ​បាន​ថា ព្រះគម្ពីរ​មរមន​គឺជា​ដំណើរ​រឿង​របស់​មនុស្ស​ដែល​បាន​ផ្លាស់ប្ដូរ​ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​អាច​អាន​បទពិសោធន៍​ទាំងនេះ​នៅក្នុង ម៉ូសាយ ៥:១–២; ២៧:៨–២៨; អាលម៉ា ១៥:៣–១២; ២៤:៧–១៩ ។ បងប្អូន​ប្រហែល​ជា​គិត​អំពី​ឧទាហរណ៍​ផ្សេងទៀត​ដើម្បី​សិក្សា​ផងដែរ ។ តើ​បងប្អូន​សម្គាល់​ឃើញ​ថា បទពិសោធន៍​ទាំងនេះ​មាន​ភាពស្រដៀងគ្នា​អ្វីខ្លះ ? តើ​បងប្អូន​សម្គាល់​ឃើញ​មាន​ភាពខុសគ្នា​អ្វីខ្លះ ? តើ​បទពិសោធន៍​ទាំង​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ផ្លាស់ប្តូរ​បងប្អូន​បាន ?

សូមមើល​ផងដែរ អាលម៉ា ៥:៦–១៤; ១៣:១១–១២; ១៩:១–១៦; ២២:១–២៦; ៣៦:១៦–២១; អេធើរ ១២:២៧; មរ៉ូណៃ ១០:៣២–៣៣ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ពីព្រោះ​ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃអាទិត្យ​ទី៥ នៃ​ខែនេះ គ្រូបង្រៀន​អង្គការ​បឋមសិក្សា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យប្រើប្រាស់​សកម្មភាព​រៀន​នៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ។

ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ នោះ​ខ្ញុំ​ក៏​នឹង​រស់​ឡើងវិញ​ផងដែរ ។

  • បងប្អូន​អាច​ប្រើ « ជំពូក​ទី ៥៣ ៖ ព្រះយេស៊ូវ​ត្រូវ​គេ​ឆ្កាង » និង « ជំពូកទី ៥៤ ៖ ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់ឡើងវិញ » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១៣៦–៣៨, ១៣៩–៤៤ ) ដើម្បី​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ឬ​អនុញ្ញាត​ឲ្យ​កូនៗ​របស់​បងប្អូន​ប្រាប់​បងប្អូន​អំពី​ដំណើររឿង​នោះ ដោយ​ប្រើ​រូបភាព​នៅក្នុង​ជំពូក​ទាំងនោះ ។

  • ការយាងទៅ​ទ្វីប​អាមេរិក​របស់​ព្រះអង្គ​សង្រ្គោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ គឺជា​សាក្សី​ដ៏​មាន​អានុភាព​អំពី​ការមាន​ព្រះជន្ម​ឡើងវិញ​របស់​ទ្រង់ ។ សូម​ពិចារណា​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​ដំណើររឿង​នេះ ដោយ​ប្រើ នីហ្វៃទី ៣ ១១១៧; បទចម្រៀង « Easter Hosanna » ឬ​ឃ្លា​ចុងក្រោយ​នៃ​បទ « រឿង​និទាន​ក្នុង​គម្ពីរ​មរមន » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៦៨–៦៩, ៦២ ) ។ សូម​លើក​ទឹកចិត្ត​កូនៗ​របស់​បងប្អូន​ឲ្យ​នឹក​ស្រមៃ​ថា តើ​វា​នឹង​មាន​អារម្មណ៍​យ៉ាងណា​ដើម្បី​បាន​ពាល់​ស្នាម​របួស​របស់​ទ្រង់ ( សូមមើល នីហ្វៃទី ៣ ១១:១៤–១៥ ) ឬ​ធ្វើ​ជា​កុមារ​ម្នាក់​ដែល​ទ្រង់​បាន​ប្រទានពរ​ឲ្យ ( សូមមើល នីហ្វៃទី ៣ ១៧:២១ ) ។ សូម​ចែកចាយ​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់​ជាមួយ​គ្នា​ទៅវិញ​ទៅ​មក ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​រកឃើញ​នូវ​អ្វី​ដែល​ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​ការរស់​ឡើងវិញ នោះ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង​ថា បងប្អូន​មិន​ដឹង​អ្វី​ទាំងអស់​អំពី​ការរស់​ឡើងវិញ​ទេ ហើយ​សុំ​ឲ្យ​ពួកគេ​ពន្យល់​វា​ដល់​បងប្អូន ។ សូម​ជួយ​ពួកគេ​ឲ្យ​រកមើល​នៅក្នុង នីហ្វៃទី​២ ៩:១០–១៥; អាលម៉ា ១១:៤១–៤៥ និង អាលម៉ា ៤០:២១–២៣ សម្រាប់​ចម្លើយ​ចំពោះ​សំណួរ​ដូច​នេះ ៖ តើ​ការរស់​ឡើង​វិញ​មាន​អត្ថន័យ​យ៉ាង​ណា ? តើ​នរណា​ខ្លះ​ដែល​នឹង​ត្រូវបាន​រស់​ឡើង​វិញ ? សូម​អញ្ជើញ​ពួកគេ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ជា​ផ្នែក​មួយ​នៃ​ចម្លើយ​របស់​ពួកគេ​ផង​ដែរ ។

ព្រះយេស៊ូវ​គ្រីស្ទ​ញាណ​ដឹង​អំពី​របៀប​លួងលោម​ចិត្ត​ខ្ញុំ ។

  • ម៉ូសាយ ៣:៧ និង អាលម៉ា ៧:១១ ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លងកាត់​ជា​ផ្នែក​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ បងប្អូន​អាច​អាន​ខគម្ពីរ​មួយ​ទាំងនេះ​ដល់​កូនៗ​របស់​បងប្អូន ហើយ​សុំ​ឲ្យ​ពួកគេ​ស្តាប់​ពាក្យ​ដែល​ប្រាប់​ពួកគេ​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​រងទុក្ខ​សម្រាប់​យើង ។ បន្ទាប់មក បងប្អូន​អាច​អាន អាលម៉ា ៧:១២ ដើម្បី​ស្វែងយល់​អំពី​មូលហេតុ​ដែល​ទ្រង់​បាន​រងទុក្ខ ។ សូម​ថ្លែងទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ទទួល​អារម្មណ៍​នៃ​ការឈឺចាប់ និង​ជំងឺ​របស់​យើង ដើម្បី​ទ្រង់​អាច​សម្រាល​ទុក្ខ​យើង​បាន ។

  • តើ​កូនៗ​របស់​បងប្អូន​មាន​ទំនុក​តម្កើង ឬ​ចម្រៀង​ដែល​ចូលចិត្ត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់​ដែរ​ឬ​ទេ ? បងប្អូន​អាច​ច្រៀង​វា​ជាមួយគ្នា​បាន—ឬ​រៀន​បទ​ថ្មី​មួយ ។ សូម​និយាយ​អំពី​ពាក្យ ឬ​ឃ្លា​នៅក្នុង​ទំនុក​បទ​នោះ ដែល​បង្រៀន​បងប្អូន​អំពី​ការលួងលោម និង​សេចក្តី​សុខសាន្ត​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង ។

ព្រះគ្រីស្ទ​កំពុង​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

Gethsemane [ សួន​ច្បារ​គែតសេម៉ានី ] ដោយ ម៉ៃឃើល ធី ម៉ម

ព្រះយេស៊ូវ​គ្រីស្ទ​អាច​លាងសម្អាត​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ផ្លាស់ប្តូរ​បាន ។

  • ព្រះគម្ពីរ​មរមន​ផ្តល់​គំរូ​ជាច្រើន​អំពី​មនុស្ស​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​ជ្រើសរើស​បុគ្គល​មួយ​រូប​ដើម្បី​រៀន​អំពី ដូចជា អេណុស ( សូមមើល អេណុស ១:២–៨ ) អាលម៉ា​ជា​កូន ( សូមមើល ម៉ូសាយ ២៧:៨–២៤ ) ឬ អាន់តៃ–នីហ្វៃ–លីហៃ ( សូមមើល អាលម៉ា ២៤:៧–១៩ ) ។ តើ​មនុស្ស ឬ​ក្រុម​នេះ​បាន​ផ្លាស់ប្តូរ​ដោយ​របៀបណា ដោយសារ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ពួកគេ​ដោយ​របៀប​ណា ?

  • បងប្អូន និង​កូនៗ​របស់​បងប្អូន​ក៏​អាច​ប្រៀបធៀប​អ្វី​ដែល​ស្អាត និង​អ្វី​ដែល​កខ្វក់ ហើយ​និយាយ​អំពី​របៀប​ដែល​របស់​កខ្វក់​ត្រូវ​បាន​លាងសម្អាត​ផងដែរ ។ សូម​អាន​ជាមួយ​គ្នា​នូវ អាលម៉ា ១៣:១១–១៣ ។ តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​លាង​សម្អាត​ពី​អំពើបាប​របស់​យើង ? តើ​ការណ៍នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អំពើបាប ? តើ​វា​ធ្វើ​ឲ្យ​យើង​មានអារម្មណ៍​យ៉ាងណា​ចំពោះ​ព្រះអង្គ​សង្គ្រោះ ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រស់នៅ​ឲ្យ​ស័ក្ដិសម​ដើម្បី​ទទួល​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ។ ព្រះវិញ្ញាណ​គឺ​ជា​គ្រូបង្រៀន​ដ៏​ពិត ។ នៅពេល​បងប្អូន​ស្វែងរក​ការណែនាំ​របស់ទ្រង់ ហើយ​រស់នៅ​ដោយ​ភាពស័ក្តិសម នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រទាន​គំនិត និង​ចំណាប់​អារម្មណ៍​ដល់​បងប្អូន​ឲ្យ​ដឹង​អំពី​របៀប​ដែល​ត្រូវ​បំពេញ​តាម​តម្រូវការ​របស់​មនុស្ស ដែល​បងប្អូន​បង្រៀន​នោះ ។

ព្រះគ្រីស្ទ​បាន​យាង​មក​ជួប​ពួកសាសន៍​នីហ្វៃ

រូបភាព​របស់​ព្រះគ្រីស្ទ​ជាមួយ​នឹង​ពួកសាសន៍​នីហ្វៃ ដោយ បែន សូវើតស៍